ការផ្សងព្រេងប្រថុយគ្រោះថ្នាក់ ក្នុងរបបប៉ុលពត
ការរៀបរាប់មកខាងលើជាការសង្ខេប តែសាច់រឿងមិនមែនធម្មតាឡើយ ខ្ញុំឈ្មោះ គួន ផេង (ឈ្មោះក្នុងបញ្ចីជាតិ សម័យមុនពេល កើតសង្រ្គាមគឺ ឡេង អ៊ាម ផេង ឈ្មោះហៅក្រៅនៅភូមិខ្ញុំគឺ ហ៊ុងស្រ៊ុន) កើតឆ្នាំ ១៩៥០ ជាកូន កសិករ នៅ ភូមិគរ (ជួនកាលគេហៅភូមិកណ្តាល) ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយជំនាន់ឥស្សរៈ ឪពុក ម្តាយខ្ញុំរួមជាមួយអ្នកភូមិ ត្រូវបានជន្លៀស មកនៅភូមិក្បាលអូរ មួយរយៈ ដល់ស្រុកសន្តិភាព រាជការស្រុក បាន បង្កើតភូមិថ្មី ចម្ងាយប្រមាណ១គីឡូម៉ែត្រ នៅខាងជើងភូមិក្បាលអូរ ឪពុកម្តាយខ្ញុំ ព្រមទាំងអ្នកភូមិ ដទៃទៀត មួយចំនួន បានមកនៅភូមិថ្មីនោះ ឈ្មោះ "ទេព្វនិម្មិត្ត" ហើយអ្នកភូមិមួយចំនួន បានវិលទៅនៅភូមិកណ្តាល វិញ ។
ដំបូងខ្ញុំរៀននៅសាលាបឋមសិក្សាភូមិទេព្វនិម្មិត្ត ក្រោយមកដោយសារ ឪពុកខ្ញុំមានទំនាស់ ជាមួយគ្រូ បង្រៀន ឈ្មោះ ឯក សាផន ដែលគេបានធ្វើបាបកូន ឲ្យលុតជង្គង់លើគ្រួសក្រហម មុខដងទងជាតិ កណ្តាល ថ្ងៃក្តៅ ដោយ សារមករៀន យឺតពេលបន្តិច (ព្រោះរវល់ឪពុកប្រើឲ្យស្រោចដំណាំ) ខ្ញុំ និង បងប្រុសរបស់ខ្ញុំ ត្រូវបានឪពុកម្តាយ បញ្ជូនឲ្យទៅរៀននៅវត្តគរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លុះដល់អាយុបាន ១៤ឆ្នាំ ខ្ញុំត្រូវបានបំបួសជាសង្ឈ សាមនេ នៅវត្តគរ ហើយឆ្នាំ ១៩៦៥ បានចេញទៅសិក្សាសាលាបាលីរងថ្នាក់ទី១ នៅវត្តខ្នារ ឃុំស្រឡប់ នៃស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៦៦ ដោយវត្តខ្នារគ្មានថ្នាក់ទី២ ខ្ញុំបានទៅ រៀននៅវត្តភ្នំដិល ឃុំតាំងក្រាំង ស្រុក ជើងព្រៃ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៦៧ បានទៅរៀនថ្នាក់ទី៣ នៅវត្ត ស្រែវាល ឃុំស្រែវាល ស្រុក ចំការលើ ខេត្ត កំពង់ចាម នៅពាក់កណ្តាលឆ្នាំ ១៩៦៧ ខ្ញុំបានប្រឡងជាប់ចូល រៀន នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត្យភ្នំពេញ ឆ្នាំ១៩៧១ បានប្រឡងជាប់សញ្ញាប័ត្រ ពុទ្ធិកវិទ្យាល័យបឋម ភូមិ (ឌីប្លូមសាលាបាលី) ហើយនៅឆ្នាំដដែលខ្ញុំបាន លាចាកសិក្ខាបទ (សឹក) ទៅរៀននៅវិទ្យាល័យកំពង់ចាម ថ្នាក់ ទី២ (សឺហ្គុង Second) នៅឆ្នាំ១៩៧២-១៩៧៣ រៀន នៅវិទ្យាល័យភ្នំដូនពេញ ក្រុងភ្នំពេញថ្នាក់ទី១ ហើយបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិកំរិត១ (បាក់អង)។ ឆ្នាំ១៩៧៤ ប្រឡង់ជាប់ធ្វើជាបុគ្គលិក ក្រសួងអភិវឌ្ឍ សហគមន៍ ហើយបានទៅធ្វើការនៅទីរួមខេត្តកំពង់ធំ ។ នៅ ធ្វើការទីនោះ ដើរចែកអំណោយមុស្សធ៌ម របស់អង្គការ Care, World Vision, SCS ដល់ជនភៀសខ្លួនមកពី តំបន់ ត្រួតត្រាដោយខ្មែរក្រហម មិត្តរួមការងារមកពីភ្នំពេញ ធ្វើការក្នុងតំបន់ខុសៗគ្នា ខ្ញុំធ្វើការនៅភូមិព្រៃបន្លិច ខាងជើង ទីរួមខេត្ត ប្រធានក្រុម ការងារខ្ញុំ ឈ្មោះលោក ហៀក លីឃាង ។
នៅឆ្នាំ១៩៧៤ដដែលខ្ញុំបានចុះឈ្មោះប្រឡង ជាបេក្ខជនស្វ័យរិន និងបានប្រឡងជាប់បាក់ឌុប ក្នុងអារម្មណ៍របស់ ខ្ញុំ នៅតែចង់បន្តការសិក្សា ថ្នាក់បរិញ្ញាតទៅទៀត ឆ្លៀតពេលទំនេរ ខ្ញុំតែងតែអានសៀវភៅថ្នាក់បរិញ្ញា ដើម្បីមាន ចំណេះដឹង ស្រួលបន្តការសិក្សា នៅភ្នំពេញ ខ្ញុំបានដាក់ពាក្យសុំផ្លាស់ ពីខេត្តកំពង់ធំ ទៅធ្វើការ នៅទីក្រុងភ្នំពេញ ប៉ុន្តែនាយបេសកកម្មរបស់ខ្ញុំ លោកមិនទាន់បាន សម្រេចយ៉ាងណានៅឡើយទេ មានថ្ងៃមួយ ខ្ញុំបានរួមដំណើរជាមួយលោកគ្រូ គឹម សួរ នាយផ្នែករដ្ឋបាល ព្រមទាំងមិត្តភក្តិមួយចំនួន ដើរកំសាន្តជាយក្រុងពេលនោះ លោកគ្រូ សួរ បានសួរខ្ញុំថា ហេតុអ្វីបានជាចង់ទៅធ្វើការនៅភ្នំពេញ? ខ្ញុំបានជម្រាប គាត់ថា មូលហេតុគឺខ្ញុំចង់រៀន បន្តយក សញ្ញាប័ត្រលីសង់(បរិញ្ញា) គាត់ថានៅធ្វើការទីនេះហើយ, រៀនខ្លួនឯងប្រឡង ជាបេក្ខជនស្វាយរិន, បើធុញទ្រាន់ ខ្លាំងរកប្រពន្ធមួយទៅ ខ្ញុំក៏បានឆ្លើយថា បើអញ្ចឹងសូមលោកគ្រូ ជួយរក ឲ្យខ្ញុំមួយផង ។
គាត់ក៏បាននាំខ្ញុំ ទៅមើលកូនក្រមុំគេ នៅផ្ទះក្បែរ កន្លែងខ្ញុំស្នាក់នៅ នាងស្អាតដែរតែរាងធាត់ ខ្ញុំក៏នៅស្ងៀមមិន អើពើ គាត់ក៏ប្រាប់ខ្ញុំ ឲ្យទៅមើលកូនគេម្នាក់ទៀត ម្តងនេះគាត់គ្រាន់តែ ប្រាប់តំរុយផ្លូវ មិនជូនទៅទេ, នៅពេលថ្ងៃ ទំនេរ ខ្ញុំបានដើរតាមតំរុយដែលគាត់ប្រាប់ គឺទៅផ្ទះឪពុកម្តាយលោកគ្រូ ហៀក លីឃាង ដោយមិនទាំងជឿខ្លួនឯង ថាលោក គ្រូ ឃាង មានប្អូនក្រមុំឡើយ (ប្អូនស្រីគាត់ទើបនឹងមកពីភ្នំពេញ) ធ្វើការជាមួយគាត់ រាល់ថ្ងៃមិនដែល ឃើញប្អូនគាត់សោះ, លុះពេលទៅជិតដល់ផ្ទះកូនក្រមុំ ខ្ញុំបានជួបមិត្ត ភក្តិ៤នាក់ ដែលបានជួលផ្ទះ នៅក្បែនោះ ពួកគេ សួរខ្ញុំថាហ្អែងមកទីនេះមានការអី? ខ្ញុំប្រាប់គេតាមត្រង់ថា មកមើលកូនក្រមុំគេ ត្រូវជាប្អូនបង្កើតលោកគ្រូ ឃាង ពួកគេ ដែលកំពុងលួចមើល ប្អូនលោកឃាងដែរ ក៏បាននិយាយថា អើប្អូនលោកគ្រូឃាងស្អាតមែន ហើយ ឧស្សាហ៍ណាស់ ពេលព្រឹកដងទឹកស្រោចដំណាំ ពេលល្ងាចដើរបេះដង្កូវចេញពីដើមថ្នាំជក់ មិនដែលទំនេរទេ ។
ពេលកំពុងតែនិយាយគ្នា ប្អូនលោកគ្រូឃាង ក៏ចេញមករានទឹកខាងក្រៅ លោកគ្រូ គង្គា និង សូ គីស្រូយ ដែលលួច មើលយូរហើយ ក៏ប្រាប់ថា នោះកូនក្រមុំចេញមកហើយ ខ្ញុំក៏ក្រឡេកមើលទៅនាងកំពុងតែដើរចូលផ្ទះវិញ ឃើញ តែពីក្រោយខ្នង មានរាងស្អាតមែន តែគួរឲ្យស្តាយឃើញតែពីក្រោយ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងនោះ គឺពួក ម៉ាក បានប្រាប់ខ្ញុំថា លោកគ្រូ ទុំ ជាម្ចាស់ផ្ទះជួល បម្រុងចូលស្តីដណ្តឹង ឲ្យកូនប្រុសរបស់គាត់ ហើយបើគេមិនចូល ដណ្តឹងក្នុងខែនេះទេ ពួកម៉ាកដែលកំពុងលួចមើលរាល់ថ្ងៃលោក សូ គីស្រូយ ពេលបើកលុយហើយ នឹងទៅប្រាប់ ឪពុកម្តាយនៅឯភ្មំពេញ សូមឲ្យមកចូលដណ្តឹងហើយ ។
គិតទៅមនុស្សប្រុស មិនថារូបខ្ញុំឬរូបគេ តែងតែចង់ប្រកួតប្រជែង ដំបូងខ្ញុំគិតថា ចេះតែមកមើល ឲ្យអស់ចិត្តទៅទេ បំណងធំរបស់ខ្ញុំ គឺទៅភ្នំពេញ ដើម្បីរៀនយប់បន្ត យកសញ្ញាប័ត្រលីសង់ តែដល់ឮថា មានគេបំរុងចូលស្តីដណ្តឹង ក៏មានកូនចិត្តមួយ ចង់ប្រកួតប្រជែង លុះពេលស្អែកឡើងលោកគ្រូ គឹម សួ បានសួរខ្ញុំថា គ្រូផេង យ៉ាងមេចទៅ ហើយពេញចិត្តទេ? ខ្ញុំក៏ឆ្លើយប្រាប់គាត់ថា បាទពេញចិត្ត លោកគ្រូឯងជួយសួរឲ្យខ្ញុំមើល? បានដូចចិត្ត លោកគ្រូ គឹម សួ ក៏បានទៅពិភាក្សាជាមួយលោកគ្រូ ឃាង ពីបញ្ហានេះ ចាប់ពីពេលនោះមក មិនដឹងជាយ៉ាងម៉េចទេ ខ្ញុំចាប់ ផ្តើមខ្មាស់លោកគ្រូឃាង មិនហ៊ានមើលមុខគាត់ឲ្យចំទេ ហើយចាប់ផ្តើមភ័យអរៗ, មិនដូចក្មេងឥឡូវទេ ឲ្យតែបាន ចូលស្តីដណ្តឹងគេហើយ ទៅមើលមុខគេព្រឹកល្ងាចៗ បើមិនបានឃើញមុខគេ ឃើញតែផ្ទះគេក៏បានដែរ មានអ្នក ខ្លះវេចទាំងខ្នើយកន្ទេល ទៅដេកមើលមុខគេទៀតផង ។
ចំពោះខ្ញុំវិញ គឺឥតដែលទៅមើលមុខគេទាល់តែសោះ បានឃើញកូនក្រមុំគេ ពីក្រោយខ្នងតែម្តងគត់ មិនដែលទៅ ជិតទីនោះទៀតទេ ព្រោះមានការខ្មាស់អៀនខ្លាំងណាស់។ រំលងមកបាន២ ថ្ងៃ លោកគ្រូ គឹម សួរ បានសុំថ្ងៃខែឆ្នាំ កំណើតរបស់ខ្ញុំ និងបានប្រាប់ខ្ញុំថា គេបើកភ្លើងខៀវហើយ ដំបូងខ្ញុំចង់លាក់ថ្ងៃខែឆ្នាំកំណើតពិតដែរ ព្រោះខ្ញុំកើត ឆ្នាំខាល(ខ្លា) ពាក្យចាស់ៗខ្មែរយើង ច្រើននិយាយថា មិនសូវល្អ គេមិនសូវចង់បានកូនប្រសារ កើតក្នុងឆ្នាំខាលទេ ព្រោះឆ្នាំនេះ កាចណាស់, តែដល់គិតសព្វៗទៅ មិនដឹងជាលាក់ធ្វើអី ខ្ញុំគិតខ្លីតាមធម៌ព្រះថា បើគូគង់តែបាន, តែ បើមិនបានក៏ហីទៅចុះ ខ្ញុំនឹងទៅធ្វើការនៅភ្នំពេញកុំឲ្យខ្មាស់គេ ស្អែកឡើងលោកគ្រូ សួ បានបា្រប់ខ្ញុំថា គេឲ្យហើយ ឆ្នាំលោកផេងឯង តាមក្បួនដំរាចិនគេថាល្អណាស់ ខ្ញុំ ឮដូច្នេះអរភឺត ហើយគិតថាអុញនោះ ឆ្នាំខាលតាមក្បួន ចិនល្អតើ! គ្រោះជានឹងលាក់ កុំអីស៊យធំហើយអញ។
អាពាហ៍ពិពារបស់ខ្ញុំ ឆាប់ណាស់ ចាប់ពីថ្ងៃដែលគេថាOK បានតែមួយសប្តាហ៍គឺការតែម្តង គឺនៅ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ១៩៧៥ គូស្រករទាំងពីរ បានរៀបការនៅខេត្តកំពង់ធំ ពេលកំពុងរៀបការ ខ្ញុំបាននឹកស្រណោះ ទៅដល់ឪពុក ម្តាយ នៅខេត្តកំពង់ចាម នៅក្នុងតំបន់រំដោះ របស់ខ្មែរក្រហម លោកមិនបានមកអង្គុយក្បាលកន្ទេល ឲ្យពរជ័យកូន ប្រុសកូនស្រីឡើយ ហើយក៏មិនអាច ផ្ញើដំណឹងនេះទៅតាមណាដែរ គិតសព្វៗ ទៅខ្ញុំលួចស្រក់ទឹកភ្នែកម្នាក់ឯង ឱ ជីវិតខ្ញុំហេតុអ្វីក៏កំសត់ម្ល៉េះ ឪពុកម្តាយបានខំ ផ្ចុងផ្តើមឲ្យបានរៀនសូត្រ ឥតមានលុយកាក់គ្រប់គ្រាន់ឲ្យកូនរៀននៅ សាលារដ្ឋ លោកបានបំបួសកូន ដើម្បីមានលទ្ធភាពរៀនបន្ត តាមផ្លូវពុទ្វចក្រពេលកូនបានរៀនចប់ មានការងារធ្វើ កូនក៏មិនបានសងគុណលោក ហើយពេលការ ថ្ងៃជ័យសេរីសួស្តី គាត់ក៏មិនបានមកធ្វើជាមេបាចាស់ទុំ បំពេញមុខ កូនទៀត ។
សូមជម្រាបថា ខ្ញុំបានលោកយាយនឹម ដែលខ្ញុំធ្លាប់ហូបបាយខែនៅផ្ទះគាត់ ធ្វើជាមេបាខាងខ្ញុំ (កូនកម្លោះ) ហើយ លោកគ្រូ គឺម សួរ (ដែលខ្ញុំអរគុណគាត់ទល់សព្វថ្ងៃ និងអស់មួយជីវិត) ជាអ្នកចាត់ចែងការងារទាំងអស់ ក្នុងពិធី មង្គលការ ជំនួសមុខឲ្យឪពុកម្តាយខាងប្រុស, នៅពេលនោះ ខ្ញុំអាយុ២៥ឆ្នាំ ឯប្រពន្ធខ្ញុំអាយុ១៥ឆ្នាំ បើប្រៀបធៀប មកពេលឥឡូវនេះគេថាខុសច្បាប់ មិនទាន់គ្រប់អាយុការ តែពេលនោះស្រុកកើតសង្រ្កាម អ្នកដែលមានកូនក្រមុំ ចង់ឲ្យតែបានរៀបការឆាប់ៗ ព្រោះខ្លាចទាហាន លន់ ណុល លួចចាប់ ។
ការហើយបាន២ខែតែប៉ុណ្ណោះ របបលន់ណុល ក៏ត្រូវបានបញ្ចប់ ដោយខ្មែរក្រហម វាយយកបានទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ក្រោយបុណ្យចូលឆ្នាំខ្មែរ១ថ្ងៃ, នៅកំពង់ធំដល់ថ្ងៃទី១៩ មេសា ទើបខ្មែរក្រហមចូល កាន់កាប់ ក្រោយពីលោកអភិបាលខេត្ត ទៀប បែន ជិះអេឡេកូរត់ទៅប្រទេសថៃជាមួយលោក ក្លូត សក្ខសទ្ធិសុខន
បន្តាប់មក អ្នកក្រុងកំពង់ធំទាំងអស់ ត្រូវបានជន្លៀចេញ ឲ្យទៅនៅតាមទីជនបទ ផ្លូវចេញមាន២ ខាងជើង និងខាង ត្បូង គ្រួសារខាងប្រពន្ធខ្ញុំ នៅភូមិបញ្ញាជ័យ ដូច្នេះត្រូវចេញតាមផ្លូវខាងត្បូង ពួកខ្មែរក្រហមប្រាប់ថា ទៅតែខ្លួនទទេ បានហើយ ចេញតែ៣ថ្ងៃ អង្គការឲ្យត្រឡប់មក លំនៅដ្ឋានវិញ ពួកប៉ុលពតបង្ខំ ឲ្យយើងប្រញាប់ ចេញពីផ្ទះឲ្យបាន ឆាប់ ពេលនោះយើងយកតែរបស់សំខាន់ៗដូចជាខោអាវ មុង កន្ទេល អង្ករនិងមាសប្រាក់ សម្រាប់ប្រើប្រាស់ និង ហូប តាមផ្លូវប៉ុណ្ណោះ អ្នកក្រុងចេញពីផ្ទះធ្វើដំណើរតាមផ្លូវ ដូចគេហែរកថិន ធ្វើដំណើរថ្មើរជើង១ថ្ងៃបានតែ១០គីឡូ ម៉ែត្រប៉ុណ្ណោះ ប្រពន្ធខ្ញុំ បានទៅតាមឪពុកម្តាយ ចំណែកខ្ញុំ និងបងថ្លៃខ្ញុំ លោក លីឃាង ដែលជាបុគ្គលិក អភិវឌ្ឍន៍ សហគម ព្រមទាំងពួកអ្នកធ្វើការរដ្ឋការ លន់ណុលទាំងអស់ ត្រូគេប្រមូលឲ្យទៅ នៅក្នុងវត្តក្តីសែន, នៅពេលយប់ ពួកវាដើរល្បាត ឃ្លាំមើលគ្រប់កន្លែងហើយប្រាប់ថា កុំឲ្យចេញក្រៅខ្លាចដើរជាន់មីន, ទីកន្លែងនេះហើយដែលពួក ប៉ុល ពត ប្រមូលអ្នកធំទាំងអស់ យកទៅសម្លាប់ ដោយប្រាប់ថា អង្គការឲ្យទៅនៅដីថ្មីបង្កើតភូមិថ្មី ពួកវាខ្លះពន្លយ ពាក្យថា អង្គការឲ្យទៅនៅផ្ទះដី ដេកមុងឈើ ពាក្យនេះយើងមិនដែលឮ និងមិនចាប់អារម្មណ៍អ្វី ទាល់តែសោះ ហើយពេលនោះ មានអ្នកតូចខ្លះ បានសុំអង្វរគេឲ្យបានទៅនៅដីថ្មីដែរ ។
ដើម្បីប្រមូលយកអ្នកធំៗបានទាំងអស់ ពួកប៉ុលពត ប្រើល្បិចហៅមន្ត្រីរដ្ឋការទាំងអស់គ្នាទៅ ប្រជុំនៅលើសាលា ឆាន់ វត្តក្តីសែន ហើយប្រាប់ថា មិត្តណាដែលបានធ្វើជាប្រធាន អង្គភាពមានដូចជា ចៅហ្វយខេត្ត ភូឈួយខេត្ត ចៅហ្វាយ ស្រុក ប្រធានការិយាល័យ ប្រធានក្រុម ប្រធានពួក សូមឡើងចាប់អារម្មណ៍ និងមានមតិចំពោះវីរៈភាព របស់អង្គការ ដែលបានរំដោះទឹកដី មាតុភូមិពីពួកចក្រពត្តិនិយម អាមេរិកកាំង និងឆ្កែបំរើវា ដើម្បីឲ្យមិត្តយើងនៅ ទីនេះបានស្តាប់ផង (ក្នុងរបបប៉ុលពតពាក្យ "មិត្ត" គេប្រើទូទាំងប្រទេស ដើម្បីប្រាស្រ័យទាក់ទងគ្នា ស្មើនឹងពាក្យ "លោក") ពេលនោះ អ្នកធំទាំងអស់ ឡើងមានមតិចាប់អារម្មណ៍ ជាបន្តបន្ទាប់ ពោលសរសើរស្មារតីវីរៈភាព ដ៏អង់ អាចក្លាហានរបស់អង្គការ អាពត មិនឃើញអ្នកណាម្នាក់ ហ៊ានរិះគន់ឡើយ ហើយពួកវាមានអ្នកចាំសួរ មានអ្នក ចាំកត់ វាបានសួរបញ្ជាក់អ្នកធំ ទាំងនោះថា មិត្តឯងឈ្មោះអី នៅឯណា ធ្វើការងារអី មានមត្តិជិតស្និតប៉ុន្មាននាក់ នៅឯណា (ស្រួលវាទៅប្រមូលមិត្ត ភក្តិជិតស្និត ទាំងនោះយកទៅសម្លាប់ឲ្យអស់) វាប្រជុំ២ថ្ងៃទើប កត់ស្រង់យក អ្នកធំអស់ ហើយវាប្រមូលទាំងគ្រួសារ គឺទាំងឪពុកម្តាយកូនចៅអ្នកធំ យកទៅជាមួយគ្នាទាំងអស់ សូម្បីកូនខ្ខី នៅក្នុងអង្រឹង ក៏ពួកវាមិនទុកដែរ ។
ចំណែកពួក អ្នកដែលបានស្តាប់ វិទ្យុអាមេរិកកាំង ទាំងប៉ុន្មាន ទោះជាអ្នកតូចតាចក៏ដោយ ក៏ត្រូវបានពួកអាពត ប្រមូល យកឲ្យទៅនៅដីថ្មីទាំងអស់ដែរ, ដោយដឹកតាមឡានទ្រុងជំនួយចិន ៣គ្រឿង ក្នុង១ឡានៗដឹកប្រហែល ៤០នាក់ ឈរប្រជ្រៀតគ្នាណែនក្តន់ ប្រមូលយកទៅនៅដីថ្មី(សម្លាប់)ចោលអស់, នៅពេលដែល មន្ត្រីរដ្ឋការធំៗ ព្រមទាំងគ្រូសារ ត្រូវបានប្រមូលយកទៅសម្លាប់អស់ហើយ ពួកវាបញ្ជូនមន្ត្រីតូចតាចដែលនៅសល់ ឲ្យទៅនៅ ក្នុងវត្តតាំងក្រសាំង ជិតភូមិ ជ៤ ដែលក្រុមគ្រួសារខាងប្រពន្ធខ្ញុំរស់នៅ ខ្ញុំជួបប្រពន្ធបាន៣ថ្ងៃ ក៏ត្រូវបែកគ្នាវិញ ដោយពួកវា បញ្ជូនបន្តឲ្យទៅនៅក្នុងមន្ទីរសន្តិសុខ (មន្ទីរឃុំឃាំង) តាពោ ជាកន្លែងលត់ដំ និងកាប់សម្លាប់ឆៅ ឥត ត្រាប្រណៃ, ពួកយើងត្រូវវាបង្ខំឲ្យធ្វើការគ្មានពេលសម្រាក កាប់គាស់រំលឺងដើមឈើធំៗ រានដឺធ្វើស្រែ, គ្នាយើង ម្នាក់ឈ្មោះលោកគ្រូ ផុន គ្រាន់តែតមាត់១ម៉ាត់ ត្រូវបានពួកវាសម្លាប់ ដោយលាក់ការស្ងាត់ឈឹង, នៅពេលនោះ ស្បៀងដែលយកតាមខ្លួន ជិតអស់ហើយ ការហូបចុកបានចាប់ផ្តើម លំបាកអាត់តាខាត់បណ្តើរៗហើយ នៅបាន ប្រហែល១ខែ វាបានបញ្ជូនពួកយើង ឲ្យទៅនៅ ភូមិជាំ ជិតព្រៃក្បាលដំរី ពេលនោះលោកគ្រូ គឹម សួ បាននិយាយ ជាមួយបងខ្ញុំលោកគ្រូ ឃាង ឲ្យទៅយកប្រពន្ធខ្ញុំ មកនៅជាមួយខ្ញុំ ព្រោះមានថ្ងៃមួយលោកគ្រូ គឹម សួ ឃើញខ្ញុំ ស្រងូតស្រងាត់ពេក គាត់ដើរមកជិតហើយសួរខ្ញុំថា ផេងឯង នឹកប្រពន្ធឬ? ខ្ញុំមិនឆ្លើយថាម៉េចទេ គ្រាន់តែនៅ ស្ងៀមធ្វើមុខស្ងួត, នៅភូមិជាំបានកន្លះខែ ពួកវាក៏បញ្ជូនពួកយើងបន្តទៀត ឲ្យទៅកាប់ព្រៃធ្វើផ្ទះនៅខ្លួនឯង ក្នុង ព្រៃធំកយាដងក្តារ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពួកយើងបានកាប់គាស់ រានដីថ្មី ធ្វើផ្ទះដោយខ្លូនឯង, ខ្ញុំ ប្រពន្ធខ្ញុំ និងបង ឃាង នៅខ្ទមជាមួយគ្នា ប្រពន្ធនិងកូនគាត់នៅជាមួយឪពុកម្តាយ ក្មេកខ្ញុំ ឯភូមិជ៤ឥតបានយកមករស់ នៅជាមួយទេ ។
រស់នៅក្នុងព្រៃជ្រៅ ប្រពន្ធខ្ញុំមានផ្ទៃពោះ៣ខែ ខ្លាមកលបរៀងរាល់យប់ កាលនៅតូចខ្ញុំឮម្តាយខ្ញុំនិយាយថាស្រីមាន ផ្ទៃពោះកូនដំបូង ធំក្លិន៧ស្នែង (ចម្ងាយផ្លុំស្នែងឮ៧ត) ទៅដល់ខ្លានៅព្រៃជ្រៅ ហើយពេលយប់ វាដើរហិតតាមក្លិន នោះដល់ផ្ទះ បើមិនប្រយ័ត្នវាហែកជញ្ជាំង លោតចូលផ្ទះ ខាំស្រីដែលមានផ្ទៃពោះ ស៊ីកូនដំបូងនោះ ខ្ញុំភ័យខ្លាច ព្រួយបារម្ភយ៉ាងខ្លាំង នៅពេលថ្ងៃ ដើរកាប់គាស់គល់ឈើ មកគរទុកក្រោមខ្ទម ដល់ពេលយប់ ដុតពពក់ភ្លើងជាប់ ទល់ភ្លឺ មិនដែលឲ្យដាច់យប់ណាទេ, ខ្លាវាដើរក្រឡឹងជុំវិញខ្ទម តែមិនហ៊ានចូលឡើយ ។
ពេលនោះការហូបចុក មានការលំបាកវេទនាទៅៗ ខ្ញុំ និងប្រពន្ធខ្ញុំ អាយុ១៦ឆ្នាំទម្ងន់បាន៣ខែ មានការស្រេកឃ្លាន អាហារយ៉ាងខ្លាំង យើងមានខោអាវបន្តិចបន្តួចយកទៅដូរអង្ករ គ្រាន់បានសំរន់ក្រពះ ពេលខ្លះក៏ដូរបានអង្ករ ពេល ខ្លះដើរដូរ តាំងពីព្រឹក រហូតដល់ល្ងាច បានតែអំពៅ ៣កំណាត់ប៉ុណ្ណោះ ។ ក្រៅពីនេះ ពួកយើងបានខិតខំដាំដំឡូង មី ដាំបន្លែ បង្ការ និងឆ្លៀតចូលព្រៃជ្រៅ មិនខ្លាចជូបខ្លា ឬដំរីឡើយ ដើរជីក ត្រពាំង, ដំឡូងឈើ, ដំឡូងទៀន, ក្តួច, ឡើងដើម ក្រឡាញ់ខ្ពស់ៗ ងើយមើលស្ទើរជ្រុះឆ្នួតក្បាល ដើម្បីកាប់មែកវាយកផ្លែហូប, អ្នកណាបានយកខោអាវសំ លៀកបំពាក់តាមខ្លួនបានច្រើន គេមិនចូលព្រៃទេ គឺគេចូលភូមិ ដោះដូរបានជាអង្ករ ស្ករ ដំឡូង អំពៅ, មានថ្ងៃមួយ ពេលប្រពន្ធខ្ញុំចេញពីផ្ទះទៅដូរអង្ករ, មានឆ្មារ១ ចូលមកផ្ទះខ្ញុំ ឃើញដូច្នោះ ខ្ញុំបានចាប់វាសម្លាប់ដោយច្រមុជក្បាល ក្នុងទឹក មិនហ៊ានអារកទេ ខ្លាចឈាម ឱពុទ្ធោ! ខ្មុំធ្លាប់បួសរៀន មិនដែលធ្លាប់ សម្លាប់សត្វ បានម្តងណាទេ តែឥឡូវ ហ៊ានសម្លាប់សត្វ ព្រោះតែក្រពះស្រេកឃ្លានខ្លាំងពេក ។ នៅថ្ងៃមួយ ខ្ញុំ បងថ្លៃខ្ញុំ និងពួកថ្មីមួយចំនួន ត្រូវបានចាត់ តាំងឲ្យទៅភូមិក្បាលដំរី ស្ថិតនៅក្នុងព្រៃជ្រៅ ដើម្បីជួយគាស់ដំឡូងមី របស់អ្នកភូមិនៅទីនោះ, ដើរតាមផ្លូវក្រោយ គេ ខ្ញុំ និងអ្នកថ្មីម្នាក់ទៀត បានឃើញ ឆ្កែ១ក្បាលរត់ពីក្រោយ ក៏បបួលគ្នាចាប់ឆ្កែនោះ សម្លាប់ពន្លាត់យកសាច់ញាត់ ក្នុង កាម៉ែល ធ្វើជាម្ហូបស៊ីតាមផ្លូវ ។
អ្វីដែលគួរឲ្យក្តៅក្រហាយនោះគឺ នៅពេលដែលដំឡូងមីចុះមើម ជិតបានដកយកមកបរិភោគហើយ គឺពួកវាបាន បណ្តេញ ពួកយើងឲ្យចេញពីភូមិថ្មីនេះ ហើយបញ្ជូនពួកយើង ឲ្យមកធ្វើខ្ទមនៅក្បែរភូមិជាំ ព្រឹកឡើងបងឃាង និង គ្រូសួ បានប្រាប់ខ្ញុំ ឲ្យទៅចាប់មាន់២ ក្នុងនោះមានមាន់គ្រូសួ១ ដែលរបួតរួចកាលពីពេលចេញដំណើរ, ហូបបបរ ព្រឹកហើយ ខ្ញុំដើរទៅភូមិថ្មីកយាដងក្តារ ថ្ងៃជិតត្រង់ទើបដល់ ខ្ញុំធ្វើអង្គុប២ នៅផ្ទះខ្ញុំ១ នៅផ្ទះលោកគ្រូសួ១ ដល់ថ្ងៃ រសៀលមាន់ជាប់អង្គុបបាន១ នៅចាំមាន់១ទៀត ថ្ងៃជិតលិចហើយ មិនព្រមចូលស៊ីអង្ករ ដាក់ក្បែរអង្គុបសោះ ខ្ញុំ កំពុងតែអង្គុយរងចាំ ស្រាប់តែក្រឡេកទៅក្រោយខ្នង ឃើញខ្លា១ដើរចូលមកក្នុងភូមិចម្ងាយពីខ្ញុំប្រហែល១០ម៉ែត្រ ខ្ញុំភ្ញាក់ស្រែកវ៉ាស វាក៏លោតប្រាវចូលទៅព្រៃវិញ សម្លេងឮតែ១ប្រាវ រួចក៏ស្ងាត់ឈឹង ខ្ញុំភ័យទន់ជង្គង់ ក្រឡេកទៅ ខ្ទមគ្រួសួរ ឃើញមាន់កំពុងជាប់អង្គុប ខ្ញុំក៏រត់ទៅដោះមាន់ពីអង្គប់ ហើយស្ពាយមាន់ទាំង២ ដើរយ៉ាងលឿនចេញ ពីទីនោះ, យប់ហើយដើរតាមផ្លូវក្នុងព្រៃ ភ័យខ្លាចយ៉ាងខ្លាំង បានមួយសន្ទុះធំមកដល់កន្លែងមួយ ម្ខាងព្រៃ ម្ខាង ទៀតវាលស្រែ ខ្ញុំក៏ដើរកាត់វាលស្រែ កាត់ទឹកកាត់បឹង តម្រង់មកខ្ទមជិតភូមិជាំ មិនហ៊ានដើរតាមព្រៃ ដែលមានផ្លូវ ស្រួលដើរទៀតទេ ខ្លាចជួបខ្លាទៀត ទំរាំមកដល់ខ្ទមយប់ប្រហែលម៉ោង៧ ។
មកនៅជិតភូមិជាំ ពេលនោះរដូវភ្លៀង មេឃធ្លាក់ភ្លៀងរលឹមរាល់ថ្ងៃ ខ្ទមធ្វើមិនទាន់ហើយ ពួកយើងរកេករកាក វេទនា ខ្លះទទូសំពត់កៅស៊ូ ខ្លះទទូកន្ទេល ខ្លះមានកូនយំរញ៉េរញ៉ៃពេញវាល លុះធ្វើខ្ទមជិតហើយ មិនទាន់ទាំង បាននៅ ស្រួលបួលផង វាដេញពួកយើងចេញពីទីនោះទៀត ឲ្យទៅនៅភូមិស្វាយជ្រុំ ជិតភ្នំសន្ទុក, ពេលមកតាមផ្លូវ កំបាំងភ្នែកពួកវា គ្នាយើងមួយចំនួនក៏ដើរបង្ហួសទៅស្រុកកំណើត ពួកវាឥតមានចាប់អារម្មណ៍ទេ វាគ្មានបញ្ជីស្នាម អីត្រឹមត្រូវទេ អ្នកដែលគ្មានជម្រើស ក៏មកនៅភូមិស្វាយជ្រុំនេះទៅ, គ្រូសួនិងប្រពន្ធកូន ទៅនៅជាមួយបងប្អូនឯ ស្រុកបារាយ, ប្រពន្ធខ្ញុំទម្ងន់៨ខែ បានទៅរង់ចាំឆ្លងទន្លេ(កើតកូន) នៅភូមិជ៤ ជាមួយឪពុកម្តាយ, ខ្ញុំនិងបងឃាង ក៏មកនៅភូមិស្វាយជ្រុំជាមួយគេជាមួយឯងដែលនៅសល់ទៅ ។
មេអាពតដែលមកគ្រប់គ្រង ភូមិស្វាយជ្រុំនេះគឺ មិត្ត "មិ" មកពីប្រធានសន្តិសុខតាពោ, ពួកយើងធ្លាប់ស្គាល់វាកាល នៅមន្ទីរសន្តិសុខ តាពោ, វាចាត់តាំងគ្នាយើងម្នាក់ ឲ្យធ្វើប្រធានភូមិ(ខ្ញុំភ្លេចឈ្មោះ) និងមួយ ចំនួនទៀត អោយជួយ មើលការងារក្នុងភូមិ, ខ្ញុំ និងបង ឃាង ព្រមទាំងអ្នក១៧មួយចំនួន ត្រូវបានចាត់តាំឲ្យទៅធ្វើ ទំនប់ទឹក នៅខាងលិច ភូមិចំងាយប្រហែល ជាង២គីឡូម៉ែត្រ, ដឹកនាំដោយគ្នាវាម្នាក់ឈ្មោះ ស៊ុន វាឲ្យពួកយើងធ្វើរោងស្នាក់នៅទីនោះ មិត្ត ស៊ុន និយាយថា យើងនាំគ្នាធ្វើទំនប់កណ្តាលបឹង ដូច្នេះទោះបីមេឃរាំង៨ឆ្នាំ ក៏យើងមិនខ្វះទឹក ស្រោចស្រូវប្រាំង ដែរ, ពេលនោះតាមខ្ញុំនឹកឃើញខ្លះៗ ពួកយើង ដំបូងហូបបាយផ្សេងគ្នា ខ្ញុំនិង បងឃាងហូបជាមួយគ្នា លុះហូប បានប្រហែលកន្លះខែ ពួកយើងខ្លះនៅអង្ករតិចតួច នាំគ្នាហូបបបរ ពេលនោះមិត្តស៊ុន ក៏ហៅគ្នាយើងប្រជុំឲ្យប្រមូល អង្ករដាក់រួមគ្នា ហើយក៏ទៅយកខ្ទះធំ១ និងឆ្នាំងធំ១ពីភូមិ ចាត់តាំង២នាក់ឲ្យធ្វើចុងភៅ មិត្តស៊ុន ហូបបាយមិនហូប បបរជាមួយពួកយើងទេ ដល់ពេលអស់អង្ករ មិត្តស៊ុន បានទៅស្នើសុំពីភូមិស្វាយជ្រុំ យកមកផ្គត់ផ្គងគ្នាយើង ក្នុង ការជីកទំនប់នេះ មិត្តស៊ុនចែកគ្នាយើងជា២ក្រុម អ្នកខ្ពស់ហើយ ចេះហែលទឹក១ក្រុម និងអ្នកទាបមិនចេះហែល ទឹក១ក្រុម ក្រុមអ្នកខ្ពស់ចេះមុជទឹកវាឲ្យទៅទឹកជ្រៅ បោះបង្គោលចំណាំ កន្លែងចាក់ដី ហើយមុជបារយកដីភក់ពី កណ្តាលបឹង មកដាក់តម្រៀបធ្វើទំនប់ក្នុងទឹក អ្នកទាបមិនចេះហែលទឹក មួយចំនួននៅលើគោក មួយចំនួនទៀត ឈរបន្តគ្នាជាជូរក្នុងទឹករាក់ អ្នកនៅលើគោកកាប់ដឺដាក់បង្គី ហុចឲ្យអ្នកនៅក្នុងទឹក ឯអ្នកនៅក្នុងទឹកហុចបន្តគ្នា យកដី ទៅចាក់លើទំនប់ក្នុងបឹង, ពួកយើងមានគ្នាប្រហែល២៥នាក់ នាំគ្នាជីកដី, មុជទឹកបារភក់, ធ្វើទំនប់ក្នុងទឹក ចំណាយពេលអស់ជិត ៣ខែ ទើបធ្វើទំនប់បានមួយ ទំហំប្រហែល ៤០ម៉ែត្រ ៤ជ្រុង នៅកណ្តាលបឹង ។
បន្ទាប់មកនៅដើមរដូវប្រាំង ទឹកនៅក្នុងបឹង ចាប់ផ្តើមរីងបន្តិចម្តងៗ លេចចេញដីភក់នៅជុំវិញមាត់បឹង ពេលនោះវា ប្រើពួកយើងឲ្យ ស្ទូងស្រូវប្រាំង ប្រដេញទឹក គ្នាយើង២នាក់ទៅដឹក កណ្តាប់សំណាប តាមរទេះគោពីភូមិស្វាយជ្រុំ យកមកនាំគ្នាស្ទូង ក្នុងដីភក់ជុំវិញមាត់បឹងនោះ លុះស្ទូងបណ្តើរៗជិតដល់ទំនប់ទឹក ដីដែលនៅមាត់បឹងខាងលើ ក៏ ចាប់ផ្តើមរីងស្ងួត បែកក្រហែងបណ្តើរដែរ ពេលនោះវាប្រើ ពួកយើងមួយចំនួនឲ្យ ទៅដងទឹកពីក្នុងទំនប់ កណ្តាល បឹង យកទៅស្រោចស្រូវនៅមាត់បឹងនោះ គ្នាយើងសល់ពីនោះ នៅស្ទូងស្រូវ ប្រដេញទឹកដដែល, នាថ្ងៃមួយ ពេល មិត្តស៊ុន ឡើងទៅប្រជុំនៅភូមិស្វាយជ្រុំ បានប្រាប់ពួកយើងថា ប្រហែលជាដេកនៅទីនោះហើយ ឮដូច្នោះពួកយើង បែកគំនិត ចង់ហូបបាយម្តង ព្រោះហូបបបរយូរហើយ មេចុងភៅក៏ប្រាប់ថា បើចង់ហូបបាយ ទាល់តែលាយត្រកួន ទើបហូបគ្រប់ហើយត្រកួននៅជិតៗនេះ យើងបេះយកមកស្លអស់ហើយ មានតែនៅឆ្ងាយៗ ពេលនោះប្រធានក្រុម ទាំង២ បានសុំអ្នកស្ម័គ្រចិត្ត៥នាក់ ទៅបេះត្រកួននៅកន្លែងឆ្ងាយ នៅពេលនោះបងឃាង បានប្រាប់ឲ្យខ្ញុំទៅជាមួយ អ្នកស្ម័គ្រចិត្ត ៤នាក់ទៀត គ្នាយើងទាំង៥នាក់ដើរបេះត្រកួន សន្សំឯណេះមួយដើម ឯណោះមួយទង ទំរាំនឹងបាន១ បេ ជិតដល់ពេលបាយល្មម ដើរមកដល់រោងបាយឃើញ មិត្ត ស៊ុន នៅអង្គុយចាំទីនោះ ហើយវាប្រើឲ្យប្រធានក្រុម ទាំង២ ចាប់ពួកយើងទាំង៥នាក់ចងស្លាបសេក ប្រហែលជាវាឥតដឹងថា ប្រធានក្រុមហ្នឹង ចាត់គ្នាយើងឲ្យទៅបេះ ត្រកួនទេ, ហើយវា និងប្រធានក្រុម២នាក់នោះ បណ្តើរពួកយើងយកទៅភូមិស្វាយជ្រុំ, ខ្ញុំគិតក្នុងចិត្តថា បើមិត្ត មិ ឃើញវាច្បាស់ជាយកទៅសម្លាប់ទាំងអស់គ្នាមិនខាន! លុះមកដល់ដើមត្នោត១ដើម ចៃដន្យពេលនោះ ឃើញគេកំ ពុងតែរែកទឹកត្នោត មេក្រុមទាំង២ក៏ហៅឲ្យឈប់ ហើយសុំដូរទឹកត្នោតនឹងថ្នាំជក់ (ពេលនោះពួកអ្នកមូលដ្ឋាន មិន ទាន់ស៊ីរួមទេនៅធម្មតាដូចពីដើម) យកមកឲ្យមិត្តស៊ុនផឹក ហើយនិយាយអង្វរថា សូមមិត្តអធ្យាស្រ័យ លើកលែង ទោសឲ្យពួកគេម្តងទៅ! ខ្ញុំទាំង២នាក់សូមធានាខុសត្រូវ នៅថ្ងៃក្រោយមិនឲ្យរឿងនេះកើតឡើងទៀតទេ មិត្តស៊ុន ក៏ទន់ចិត្តហើយនិយាយថា អើបើអញ្ចឹង ទៅស្រាយលែងពួកវាទៅ! ពួកយើងក៏បានរួចខ្លួន ផុតពីសេចក្តីស្លាប់ នា ពេលនោះ ។
លុះស្ទូងមកដល់មាត់ទំនប់ស្រូវមិនទាន់ទាំងបែកគុម្ពផង ទឹកក្នុងទំនប់រីងអស់រលីង ហើយនៅជុំវិញកន្លែងនោះគ្មាន ប្រភពទឹកទេ ធ្វើឲ្យស្រូវប្រាំង ដែលមិនទាន់ទាំងបែកគុម្ពផង ងាប់អស់គ្មានសល់, ពេលនោះខែកត្តឹក ធ្លាក់ខ្យល់ពី ជើង ខ្ញុំធ្លាក់ខ្លួនឈឺ មិត្តស៊ុន បានបញ្ជូនខ្ញុំ ឲ្យទៅដេកពេទ្យស្រុក នៅឯតាំងក្រសាំង ទៅដេកពេទ្យបាន៤ថ្ងៃ ខ្ញុំបាន យល់សប្តិ៍ ឃើញប្រពន្ធខ្ញុំកើតកូន ព្រឹកឡើងរាងមានកំលាំងបន្តិច ខ្ញុំសុំច្បាប់គេមកមើលប្រពន្ធនៅភូមិជ៤ ចម្ងាយ ពីពេទ្យប្រហែល២គីឡូមែត្រ មកឃើញប្រពន្ធ កើតកូនមែន បានកូនស្រីមួយ ខ្ញុំនៅដេកកំដរ ដុតអុសថែភ្លើងឲ្យ ប្រពន្ធអាំង ឆ្លៀតពេលថ្ងៃ ខ្ញុំទៅជីកគាស់រក កង្កែប ក្តាម ជាមួយអ្នកជិតខាង នៅតាមវាលស្រែ ក្បែរនោះ មុនដំបូង ខ្ញុំមិនដឹងថាកន្លែងណាមានរូងក្តាមទេ? អ្នកទៅជាមួយបានប្រាប់ខ្ញុំ ពីវិធីសង្កេតមើលរូងក្តាម៖ កន្លែងណាដែលមាន ដីសើមៗ ក្បែរគល់ឈើ ឬ គុម្ពោតព្រៃ មានអាចម៍ដីរាងដូចអាចម៍ជន្លេន កន្លែងនោះហើយ ជារូងក្តាម! ខ្ញុំចេះហើយ ជីកគាស់រកបាន កង្កែប ក្តាម ត្រីយកមកផ្ទះ (ក្នុងរន្ធក្តាម១ជួនមានក្តាម នៅជាមួយកង្កែប ជួននៅជាមួយត្រី ជួនក៏ មានពស់) នៅពេលយប់ខ្ញុំទៅជីក អន្លង់រកត្រី នៅមាត់បឹងក្បែរផ្ទះ ខ្ញុំចេះជីកអន្លង់ទាក់ត្រី ពីអ្នកនៅដេកពេទ្យក្បែរ គ្នា គឺត្រូវជីកអន្លង់នៅពីលើខ្យល់ បើខ្យល់បក់មកពីជើង ត្រូវជីកអន្លង់នៅខាងជើងបឹង ចំងាយពីមាត់បឹង ប្រហែល កន្លះម៉ែត្រ ឬ១ម៉ែត្រ ដើម្បីកុំឲ្យទឹកបឹងជ្រាបចូល ហើយជីកកូនប្រឡាយពីមាត់អន្លង់ចូលទៅក្នុងបឹង ដើម្បីឲ្យទឹក ហូរមកដល់មាត់អន្លង់ ទប់ដីនៅមាត់អន្លង់ ឲ្យខ្ពស់ជាងទឹកបន្តិច កុំឲ្យទឹកហូរចូល, សង្កត់ និងលុញដីក្នុងប្រឡាយ ឲ្យរាបស្មើល្អ ហើយទៅយកទឹក និងស្មៅឬកំផ្លោក ពីកន្លែងផ្សេង យកមកចាក់ក្នុងអន្លង់បន្តិច នឹងចាក់នៅតាម ប្រ ឡាយពីមាត់អន្លង់ ឲ្យហូរចូលទៅក្នុងបឹង, ពេលខ្យល់ធ្លាក់មកនាំក្លិនទឹក និងក្លិនស្មៅដែលយកមក ពីកន្លែងផ្សេង នោះ ចូលទៅក្នុងបឹង ធ្វើឲ្យត្រីនៅក្នុងបឹង ដឹងថាមានប្រភពទឹកមកពីកន្លែងផ្សេង ហើយនាំគ្នាហែល ទៅរកប្រភព ទឹកនោះ មកដល់មាត់អន្លង់ក៏លោកចូលក្នុងអន្លង់ទៅ! ខ្ញុំដាក់អន្លង់បានសុទ្ធតែត្រីអណ្តែង យកមកប្រោះទុកបាន ១ពាង, នៅបាន៣ថ្ងៃក៏ត្រឡប់ទៅមន្ទីរពេទ្យវិញ ទៅដល់ពេទ្យប្រាប់ ឲ្យខ្ញុំវិលទៅការដ្ឋានវិញ (ប្រហែលគេគិតថា ខ្ញុំជាហើយ) មកដល់ភូមិស្វាយជ្រុំ គេប្រាប់ថាឥឡូវអង្គការដកកម្លាំង ពីកន្លែងធ្វើស្រូវប្រាំង ឲ្យមកនៅជីកប្រឡាយ ចម្ងាយពីកន្លែងនោះ ប្រហែល៣គីឡូម៉ែត្រ ខ្ញុំក៏បានទៅជីកប្រឡាយនៅទីនោះទៅ ។
នៅការដ្ឋានជីកប្រឡាយ លែងឃើញមិត្តស៊ុន ទៀតហើយ អ្នកដែលមកគ្រប់គ្រងពួកយើងថ្មីនេះ ឈ្មោះមិត្ត រ៉េត តាមឮល្ហិចល្ហៀងថា មិត្តស៊ុន ត្រូវអាមិ យកទៅសម្លាប់ចោលហើយ ព្រោះដឹកនាំធ្វើស្រែប្រាំងមិនបានផល គិត ទៅពួកអាពត សូម្បីតែគ្នាវាក៏វាសម្លាប់ដែរ កំហុសនេះមកពីអាពត, ពេលនោះពួកអ្នកមូលដ្ឋានណា ដែលក្រជាង គេ ហើយឥតចេះអ្វីសោះ វាថាពួកនេះជាវណ្ណៈអធន (គ្មានទ្រព្យ) គឺជាវណ្ណៈដែលអង្គការអាពត យល់ឃើញថាជា វណ្ណៈបរិសុទ្ធស្លូតត្រង់ ត្រូវគេកេងប្រវ័ញ្ចមើលងាយជិះជាន់ វាបានឲ្យតម្លៃអ្នកក្រ ខ្លាំងណាស់ ហើយលើកកំពស់ ចាត់តាំងឲ្យ ធ្វើជាប្រធាន នៅគ្រប់ទីកន្លែង ទូទាំងប្រទេស ទោះបីមិនចេះអក្សរក៏ដោយ ឲ្យសងសឹកត្រូតត្រា អ្នក ជិះជាន់គេវិញម្តង, គ្នាដែលធ្លាប់ក្រីក្រពីដើមមក មិនដែលស្គាល់សាលារៀនផង ធ្វើម្តេចនឹងមានគំនិតប្រាជ្ញា ដឹកនាំ សង្គម ទៅរកការរីកចំរើនបាន? គឺដឹកនាំបានត្រឹមតែធ្វើឲ្យសង្គម ក្រីក្រលំបាកវេទនា ដូចកាលគ្នារស់នៅក្នុងសង្គម ពីដើមអញ្ចឹង, ដល់ពេលគ្នាមានកំហុស អាពតលែងថាគ្នាជាវណ្ណៈល្អទៀតហើយ គឺដឹងតែយកទៅ សម្លាប់ចោល មួយមុខប៉ុណ្ណោះ, ដូចករណីមិត្តស៊ុនអញ្ចឹង ឲ្យពួកយើងទៅបារភក់ធ្វើទំនប់កណ្តាលបឹងហើយអួតថា ទោះបីមេឃ រាំងភ្លៀង៨ឆ្នាំ ក៏ឥតខ្វះទឹកដែរ នេះមកពីគាត់ល្ងង់រៀនមិនបានជ្រៅជ្រះ ធ្វើអ្វីតាមតែគាត់ នឹកឃើញ អ្នកណាឲ្យ យោបល់ក៏មិនស្តាប់ដែរ (អញអង្គការ) មិនស្រួលយកអ្នក ឲ្យយោបល់នោះទៅសម្លាប់ទៀតផង (មនុស្សល្ងង់ចចេះ រឹងរូសណាស់) ដូច្នេះហើយជីវភាពរស់នៅរបស់សង្គមខ្មែរ ក្នុងរបបប៉ុលពត ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែយ៉ាប់ទៅ កាន់តែហិនហោចទៅ គ្មានថ្ងៃនឹងបានរុងរឿងប្រសើរថ្លៃថ្លាឡើយ ទីបំផុតរបបនេះ នឹងដួលរលំដោយមិនចាំបាច់ មានគេច្រាន ។
នៅជីកប្រឡាយកន្លែងថ្មីនេះ មានថ្ងៃមួយ មិត្តរ៉េតទៅភូមិស្វាយជ្រុំ១ថ្ងៃ លុះដល់ល្ងាចត្រឡប់មកវិញ បានយួរថ្លើម ១កូនដុំ មានឈាមក៏ក្លាក់ មកជាមួយផង ពួកយើងសួរថាមិត្តថ្លើមអីនឺង? វាថាថ្លើមគោ ហើយវាឲ្យចុងភៅ ឆាទុក ឲ្យវាហូប ដល់ពេលយប់ឡើង វាហៅពួកយើងប្រជុំ អួតពីអង្គការអាពត និងបានព្រមានពួកយើង កុំឲ្យធ្វើខុសវិន័យ អង្គការឲ្យសោះ ហើយវាប្រាប់ថា ថ្លើមឆាល្ងាចមេញនេះ ជាថ្លើមមនុស្ស នៅភូមិជាមួយយើង ឈ្មោះមិត្តហាប់ បាន លួយបាយអង្គការស៊ី ត្រូវពួកវាតាមទាន់ យកទៅសម្លាប់នៅក្បែរភូមិ ហើយពុះទ្រូងយកថ្លើម មកចែកគ្នាវាស៊ី ឮ ដូច្នោះចុងភៅដែលមិនត្តរ៉េតឲ្យឆាថ្លើម ហើយវាឲ្យហូប៤ដុំដែរនោះ ក្អួតចង្អោរវ៉កៗ តែក្អួតមិនចេញ ចំណែកឯមិត្ត រ៉េត ដែលធ្លាប់ស៊ីថ្លើមមនុស្ស ច្រើនដងហើយនោះ មិនចង្អោរក្អួតអ្វីទេ អង្គុយសើចធ្វើហី ចំណែកពួកយើងឯណេះ វិញ ភ័យញាក់សាច់គ្រប់គ្នា ហើយគិតក្នុងចិត្តថា ជាសំណាងហើយ ដែលមិនបានស៊ីសាច់មនុស្ស គិតទៅមនុស្ស សម័យអាពត អីក៏សហាវឃោរឃៅយង់ឃ្នងម្ល៉េះ! គ្នាគ្រាន់តែលួចបាយស៊ីសោះ ក៏យកទៅសម្លាប់ដែរ ពួកវាស៊ី សាច់មនុស្សគ្នាឯងដូចសត្វធាតុ ។
នៅបានប្រហែល២ខែប្រឡាយត្រូវបានជីកហើយទាំងស្រុង, ខ្ញុំ បងឃាង និងពួកអ្នក១៧ សរុប ១៥នាក់ ត្រូវបាន ពួកវា ចាត់តាំងឲ្យទៅ កាប់ព្រៃស្រើង ដើម្បីដាំស្រូវនៅទីនោះ ដឹកនាំដោយមិត្តរ៉េត និងគ្នាវាម្នាក់ទៀត ឈ្មោះមិត្ត ហុង ហើយកម្លាំងដែល នៅសល់ទៅរួមជាមួយគេ ជីកប្រឡាយនៅកន្លែងផ្សេង១ទៀត, ពួកខ្ញុំកាប់ ឈើធំៗផ្តួល រំលំ មានឈើខ្លះទំហំ២អោប កាប់២ថ្ងៃទើបរលំក៏មានដែរ កាប់អស់រយៈពេលជិត២ខែ បានដីប្រហែល ២ហិកតារ ហើយបានដុតព្រៃនោះ រានយកដីដាំស្រូវ នៅធ្វើការទីនេះជិត១ឆ្នាំ បានផលស្រូវមិនដល់២បាវផង ដាំស្រូវចំការ បែកគុម្ពតូចៗ ហើយផ្លែស្តើងៗ ក្នុង១គួរមាន ស្កកជិតពាក់កណ្តាល គិតទៅខាតទាំងកម្លាំង ខាតទាំងព្រៃឈើធំៗ បានផលមកវិញ ឥតស្មើអ្វីដែលបាត់បង់ទៅ នោះទេ, នៅក្នុងព្រៃស្រើងទោះបីមានរបបហូបចុក មិនគ្រប់គ្រាន់ក៏ដោយ បើប្រៀបធៀបមកភូមិវិញ គឺគ្រាន់បើ ជាងឆ្ងាយណាស់ ព្រោះនៅពេលថ្ងៃទំនេរ ពួកយើងដើរជីកដំឡូងទៀន កាប់ចោះឈើ យកទឹកម្រោម និងសាច់ ស្រះព្រៃដាក់អង្គុបយកសត្វព្រៃ ដើរបេះផ្លែភ្ញៀវ គុយ សេមាន់ ធ្វើជាចំណី អ្នកខ្លះឆ្លៀតសន្សំទឹកម្រោម បានផ្ញើប្រពន្ធកូន នៅឯភូមិទៀតផង ។
ធ្វើស្រូវចំការរួចហើយ ពួកយើងនៅបន្តធ្វើច្រឡុះទៀត ដើរកាប់ចោះដើមឈើទាលធំៗ យកជ័រមកស្ល ហើយទៅ កាប់ដើមឈើម៉្យាង (ខ្ញុំភ្លេចឈ្មោះ) យកមកជ្រលក់ក្នុងខ្ទះជ័រ ពូតច្របាច់ធ្វើច្រឡុះ ពេលនោះខ្ញុំឈឺធ្ងន់ម្តងទៀត (និយាយ ដល់ត្រង់នេះ ខ្ញុំសរសើរបងឃាង គាត់ធ្វើការរហូតដល់គេយកទៅសម្លាប់ គាត់មិនដែលឈឺម្តងណាទេ) មិត្តរ៉េត បានបញ្ជូនខ្ញុំ ឲ្យទៅដេកពេទ្យស្រុក នៅក្បែរភូមិជ៤ម្តងទៀត ដេកពេទ្យបាន២ថ្ងៃ ខ្ញុំសុំគេទៅជួបប្រពន្ធកូន នៅ ភូមិជ៤ ឪពុកម្តាយក្មេកខ្ញុំ បានឲ្យថ្នាំជក់១ក្តាប់ ថ្នាំនេះបានមកពីគាត់ដាំក្បែរផ្ទះ យកស្លឹកហាន់ធ្វើថ្នាំជក់ ទុក សំរាប់ជក់ និងសំរាប់ដូររបស់របរហូកចុក នៅសម័យប៉ុលពត ថ្នាំជក់គឺប្រៀបដូចជាលុយ អញ្ចឹងដែរ គឺអាចដូររបស់ របរ បានថ្លៃជាងស្រូវទៅទៀត, ខ្ញុំបានថ្នាំជក់១ក្តាប់មកពេទ្យវិញ រាកមិនបាត់សោះ ពេទ្យអាពតឲ្យថ្នាំអាច់ទន្សាយ (ផ្សំពីឬសឈើ) លេបម្តង១កំបង់នៅតែរាក មិនបាត់សោះ មានម្តងនោះ រាកខ្លាំងពេកខ្ញុំអស់កម្លាំង សន្លប់នៅក្នុង បន្គន់ ឥតមានអ្នកណាដឹងទេ ពេលដឹងខ្លួនឡើងវិញ ឃើញដេកលើក្តារបង្គន់ គឺប៊ីសតែនឹងធ្លាក់ចូលរណ្តៅបន្គន់ ពេលនោះខ្ញុំបានឲ្យថ្នាំជក់ ទៅពេទ្យអាពតម្នាក់ ដែលដើរមើលអ្នកជំងឺរាល់ព្រឹក សុំថ្នាំរាកហ្គានីដង់លេប វាថាឥត មានថ្នាំនេះទេ ខ្ញុំឲ្យថ្នាំជក់វាបាន ៣ព្រឹក ម្តង១បារីៗ ស្រាប់តែមានឡានចិន១ ចូលមកក្នុងពេទ្យដឺកដើមឈើថ្នាំ យកទៅពេទ្យតំបន់ វាក៏បញ្ជូនខ្ញុំមកពេទ្យតំបន់ តាមឡាននោះ ចំណែកអ្នកជំងឺដទៃទៀត ឈឺដូចខ្ញុំដែរវាឥតបាន បញ្ជូនទៅទេ ខ្ញុំគិតថាអុញ សម័យអាពតក៏មានអំពើពុករលួយដែរ សូមអរគុណ ឪពុកម្តាយក្មេក ដែលបានឲ្យថ្នាំ ជក់មកខ្ញុំ កំអីខ្ញុំឈឺដេកស្លាប់ ក្នុងពេទ្យបាត់ទៅហើយ, មកដល់ពេទ្យតំបន់ នៅទីរួមខេត្តកំពង់ធំ ខ្ញុំរត់ចុះពីឡាន ទៅបង្គន់សឹងមិនទាន់ ពួកពេទ្យអាពតនៅទីនោះ ឃើញដូច្នោះវានាំគ្នាសើច ដល់មកពីបង្គន់វិញ វាឲ្យថ្នាំហ្គានីដង់ ២គ្រប់លេប តាំងពីលេបថ្នាំ២គ្រាប់នោះមក បាត់រាកអាចម៍ឈឹង គិតទៅមនុស្សដែលខានលេបថ្នាំពេទ្យយូរហើយ ដល់ពេលបានលេប គឹឆាប់ជាពីជម្ងឺណាស់ ។
ជម្ងឺបានធូរស្បើយហើយ តែខ្ញុំមិនចង់ចេញពីពេទ្យទេ ព្រោះនៅទីនេះបបរគោក ហូបមិនឆ្អែតពេកទេ តែគ្រាន់បើ ជាងនៅភូមិ មានល្ងាចមួយ ខ្ញុំដើរទៅហូបបបរ ឃើញផ្លែត្រឡាចប៉ុនៗកដែ៣-៤ នៅលើទ្រើងខាងក្រោយកន្លែង ខ្ញុំដេក ដល់ពេលយប់ ខ្ញុំក៏ទៅលួចបេះ ផ្លែត្រឡាចនោះស៊ីឆៅ ឆ្ងាញ់ដូចត្រសក់អញ្ចឹង កំពុងតែស៊ីស្រាប់តែមាន ពេទ្យអាពតម្នាក់ដើរតាមផ្លូវក្បែរនោះ ឃើញខ្ញុំ គេគ្រាន់តែសំឡឹងមុខឥតមានថាអីទេ, នៅរៀងរាល់យប់មានភ្លើង អគ្គសនីភ្លឺច្រាលពេញមន្ទីរពេទ្យ, ថ្ងៃបន្ទាប់ពេលយប់ប្រហែលម៉ោង៧ មានពេទ្យម្នាក់មកហៅខ្ញុំ ប្រាប់ថាអង្គការ សុំជួប គេក៏នាំខ្ញុំទៅបន្ទប់មេពេទ្យអាពត គេសួរខ្ញុំពីរឿងបេះត្រឡាចស៊ីឆៅ ខ្ញុំឆ្លើយថា មកពីឃ្លានខ្លាំងពេក ទើប ស៊ីត្រឡាចឆៅយ៉ាងនេះ គេនិយាយច្រើនណាស់ខ្ញុំភ្លេចអស់ហើយ មេពេទ្យក៏ឲ្យគ្នាគេចាប់ខ្ញុំចងស្លាបសេក បណ្តើរ យកទៅឆ្ងាយពីទីនោះបន្តិច ប្រាប់ឲ្យខ្ញុំដេកផ្កាប់មុខទៅដី ហើយស្រែកប្រាប់គ្នាគេថា ឲ្យយកពូថៅមកកាប់ខ្ញុំ ឮ ដូច្នោះខ្ញុំយំហើយសុំអង្វរគេថា សូមមិត្តអត់ទោសឲ្យខ្ញុំផង ខ្ញុំមានប្រពន្ធ មានកូនតូចនៅផ្ទះ បើខ្ញុំស្លាប់ទៅ ឥតមាន អ្នកណានៅមើលថែទេ គេថានៅសម័យនេះ អង្គការមើលថែរមនុស្សទាំងអស់ នៅទីណាក៏មិនអត់បាយស្លាប់ដែរ ប្រហែលជាគេគ្រាន់តែកំញើញខ្ញុំប៉ុណ្ណោះ បានជាគេដោះលែងខ្ញុំនៅពេលនោះ ព្រឹកឡើងគេធ្វើសំបុត្រ ឲ្យខ្ញុំ ត្រឡប់ទៅមូលដ្ឋានវិញ ។
មកដល់ភូមិស្វាយជ្រុំ ខ្ញុំមិនវិលត្រឡប់ទៅព្រៃស្រើងវិញទេ ប្រធានភូមិប្រាប់ថា មិត្តឯងនៅទីនេះហើយ ១ខែទៀត អ្នកនៅព្រៃស្រើង ត្រឡប់មកភូមិវិញហើយ ខ្ញុំក៏នៅភូមិស្វាយជ្រុំម្នាក់ឯង នឹកដល់ប្រពន្ធកូន ក៏សុំគេទៅយកប្រពន្ធ កូនមកនៅជាមួយ ពេលនោះប្រពន្ធកូន របស់បងឃាង ក៏មកនៅជាមួយដែរ, មកនៅភូមិស្វាយជ្រុំ គេឲ្យផ្ទះម្នាក់១ ស្នាក់នៅ ផ្ទះបងឃាងនៅខ្វះរនាប ខ្ញុំបានទៅកាប់ឬស្សី នៅជើងភូមិមកធ្វើរនាបឲ្យគាត់, គេប្រើឲ្យយើងធ្វើការដូច ជា ជំរះស្មៅ នៅក្បែរៗភូមិ ស្រីៗមួយចំនួនកិនស្រូវ បុកអង្ករ ខ្លះទៀតកាប់ឬស្សី នៅក្បែរភូមិធ្វើបង្គី, ខ្លះទឿតឲ្យ បាយជ្រូក, គេចែកអង្គរម្តងម្កាល ជួន១ថ្ងៃចែកម្តង ជួន២ថ្ងៃចែកម្តងមិនទៀង ចែកម្តងបានបន្តិចបន្តួច ហូបមិនគ្រប់ គ្រាន់ទេ, អ្នកដែលមានរបស់របរមាសប្រាក់ ខោអាវ គេយកទៅដូរអង្ករលួចលាក់ ជាមួយអ្នកមូលដ្ឋាន មានថ្ងៃមួយ ខ្ញុំនៅសល់សារាងចាក់ថ្នាំ ពីសម័យលន់ណុល គាប់ជួនពេលនោះ មានគេទៅភូមិជាំ ខ្ញុំក៏បានសុំប្រធានភូមិ ទៅភូមិ ជាំជាមួយគេដែរ ប្រពន្ធដាំបាយឲ្យ១កំប៉ុង ដាក់ហូបតាមផ្លូវ ពេលដើរបានពាក់កណ្តាលផ្លូវ ខ្ញុំក៏សំរាកហូបបាយ ក្រោមដើមឈើមួយ ស្រាប់តែពេលនោះ មានអ្នកទៅជាមួយគ្នាម្នាក់ មកអង្គុយជិតខ្ញុំសុំអង្វរងោចៗ សុំហូបបាយ ជាមួយដែរ មិនព្រមទៅណាសោះ ហើយប្រាប់ខ្ញុំថា ចាំវាទៅដល់ភូមិជាំ ជួបបងប្អូនវានឹងហៅខ្ញុំ ឲ្យស៊ីបាយជាមួយ វាវិញ, មិនដឹងធ្វើម៉េចខ្លាចវាវាយ ព្រោះខ្ញុំនៅក្រោយគេ ឥតមានអ្នកណាជួយទេ ខ្ញុំក៏ឲ្យវាស៊ីជាមួយទៅ វាស៊ីលឿន ជាងខ្ញុំទៅទៀត មួយភ្លេតអស់បាយ១កូនឆ្នាំង ឯខ្ញុំឯណេះបានតែកន្លះពោះប៉ុណ្ណោះ មកពីផ្ទះគិតថា ថ្ងៃហូបបាយ តែពាក់កណ្តាលបានហើយ ទុកពាក់កណ្តលទៀតហូបល្ងាច, លុះដើរជាមួយវាទៅដល់ភូមិជាំ វាបានជួបបងប្អូន ខ្ញុំនឹកអរ ស្មានថាបានបាយហូប ជាមួយវាហើយ ក៏ដាក់បង្វេចចុះ ហើយងូតទឹកជាមួយវា នៅអណ្តូងក្បែរនោះទៅ លុះពេល គេដាំបាយឆ្អិនហៅវាស៊ី វាបែរជាធ្វើមិនស្គាល់ខ្ញុំភ្លាមមួយរំពេច ហើយដើរឡើងផ្ទះតែម្នាក់ឯង ទៅស៊ី បាយជាមួយបងប្អូនវាបាត់ឈឹងទៅ វាឥតហៅខ្ញុំឲ្យស៊ីជាមួយ ដូចអ្វីដែលវាបានប្រាប់ខ្ញុំទេ ។ ខ្ញុំមានជម្ងឺហើមខ្លួន យូរហើយជួនស្រកជួនហើម តែមិនដែលចាប់អារម្មណ៍ ព្យាបាលអីឡើយ ព្រោះជម្ងីនេះវាឥតធ្វើទុក្ខទេ ដល់ពេល ដើរពេញ១ថ្ងៃ ខ្លួនខ្ញុំឡើងហើម ចុចត្រង់ណាក៏ឌ្រុតដែរ កំភួនជើងទាំង២ហើមឡើងចេញទឹក ។
ពេលជិតយប់ហើយខ្ញុំឥតស្គាល់ អ្នកណាទេ, ពេលដើរតាមផ្លូវជាមួយអាម្នាក់ហ្នឹង សង្ឃឹមថាបានដេកស្នាក់នៅផ្ទះ បងប្អូនវា ដល់ពេលវាប្រែក្រឡះ ខ្ញុំក៏ដើរចេញពីទីនោះ ហើយសំឡឹងរកកន្លែងសំរាក ដើរដល់ផ្ទះមួយសុំគេដេក ក្រោមផ្ទះគេក៏បោះកន្ទេលឲ្យខ្ញុំ១ ខ្ញុំក៏ចងមុងដែលយកទៅជាមួយ ដេកក្រោមផ្ទះគេទាំងអត់បាយទៅ លុះដល់ព្រឹក ឡើង ខ្ញុំដើរដូរសារាង និងម្ជុលចាក់ថ្នាំមិនទាន់ជួបអ្នក ដែលត្រូវការសោះ ហើយអង្ករក៏គ្មាន១កំប៉ុងដែរ មិនដឺងធ្វើ ម៉េចឃ្លានខ្លាំងពេក ក៏ដាច់ចិត្ត ទៅលបដកដំឡូងមីគេ នៅក្រោយផ្ទះ បាន២មើម ក៏យកទៅដុតក្នុងភ្នក់ភ្លើង១ នៅ ជិតក្រោលគោគេម្នាក់ទៀត ដុតដំឡូងហូបឆ្អែតហើយ ក៏ដើរដូរទៀតអ្នកភូមិប្រាប់ថា មានមិត្តនារីម្នាក់ (ខ្ញុំភ្លេច ឈ្មោះ) ធ្វើពេទ្យភូមិនេះ បើជួបប្រហែលជាគាត់ដូរ ព្រោះមានតែគាត់ទេ ដែលចេះប្រើសារាង អង្គុយមួយសន្ទុះ ខ្ញុំ ក៏បានជួបអ្នកភូមិម្នាក់ ដែលធ្លាប់ដេកពេទ្យតំបន់ជាមួយគ្នា នៅទីរួមខេត្តកំពង់ធំ គេក៏សួររាក់ទាក់ហើយនាំខ្ញុំ ទៅ ដេកផ្ទះគាត់ ព្រោះពេលនោះព្រលប់ហើយ យើងអង្គុយជជែកលេងមួយសន្ទុះធំក៏ចូលដេកទៅ ពេលនោះខ្ញុំឃ្លាន ខ្លាំងណាស់ បានងើបទៅផឹកទឹក មួយចំអែត ហើយដើរទៅដេកវិញ នៅមិនសុខក្រពះវាកាន់តែឃ្លានឡើងៗ ទ្រាំ មិនបានក៏ចុះទៅក្រោយផ្ទះ ដកដំឡូងមីបាន៣មើម ស៊ីឆៅអស់១មើម ហើយយក២មើមទៀត កាន់ដើរឡើងលើ ផ្ទះ ដាក់ញាត់ក្នុងការ៉ុង ហើយចូលទៅដេកទៅ ប្រហែលម្ចាស់ផ្ទះដឹង និងតាមដានហើយមើលទៅ ពេលខ្ញុំដេក មិនទាន់លក់ផង ស្រាប់តែគេងើបក្រោកឡើង ដុតច្រឡុះ ហើយដើរមកស្ទាបការ៉ុងខ្ញុំ ឃើញដូច្នោះខ្ញុំធ្លាក់ថ្លើមឃ្តុក ភ័យយ៉ាងខ្លាំង ចិត្តមួយចង់ងើបរត់តែខ្លាចរត់មិនរួច ខំប្រឹងដេកសម្ងំចាំមើលតទៅទៀត ម្ចាស់ផ្ទះក៏លូកយកដំឡូង ២មើមនោះ កាត់ទៅក្រោយ មិនដឹងជាយកធ្វើអីទេ ខ្ញុំឮក្រេកក្រោកៗ ស្រាប់តែបានមួយសន្ទុះ ខ្ញុំឃើញគាត់កាន់ កូនកញ្ជើតូចមួយ មានដំឡូងមីស្ងោរហុយៗ២ដុំនៅពីលើ ដើរចេញពីចង្រ្កានបាយមក ខ្ញុំឯណេះភ័យឡើងញ័រមុង គាត់ក៏ស្រាប់តែដាស់ខ្ញុំ ឲ្យហូបដំឡូងនោះ ដោយមិននិយាយអ្វីសូម្បីតែមួយមាត់ឡើយ ខ្ញុំក៏ឈប់ភ័យ តែនឹកខ្មាស់ គេជាខ្លាំង ប្រុងនិយាយសុំទោសគេដែរ តែគេមិនស្តាប់ ហើយនាំនិយាយរឿងផ្សេងទៅវិញ ហើយក៏បេះដំឡូង១ដុំ មកហូបកំដរខ្ញុំធ្វើហី ខ្ញុំគិតថាប្រហែលជាគេខ្លាចខ្ញុំខ្មាស់ហើយ, គិតទៅនៅសម័យនោះ នៅមានមនុស្សល្អខ្លះដែរ មិនអាក្រក់ទាំអស់ទេ, ព្រឹកឡើងម្ចាស់ផ្ទះដែលខ្ញុំស្គាល់នោះ បានជូនខ្ញុំទៅជួបមិត្តនារីពេទ្យភូមិនោះ ខ្ញុំក៏បានដូរ សារាង២ និងម្ជុលចាក់ថ្នាំ៤ មិត្តនារីនោះឲ្យអង្ករមកខ្ញុំវិញ ៦កំប៉ុងទឹកដោះគោ ខ្ញុំអង្វរគាត់សុំឲ្យថែមទៀតមក មិត្ត នារីនោះប្រាប់ថា ខ្ញុំឥតធ្វើស្រែទេ បានអង្គការឧបត្ថម្ភ សន្សំបានអង្ករតិចតួច បើមិត្តឯងមិនដូរ យកសារាងវិញទៅ ខ្ញុំក៏ឈប់តវ៉ា គាប់ជួនពេលនោះគេឃើញខ្ញុំហើមពេញខ្លួន ក៏ប្រាប់ថា មិត្តឯងនៅចាំត្រង់នេះហើយ ក្រែងលមាន រទេះ គេទៅភ្នំសន្ទុកចាំខ្ញុំសុំគេឲ្យជិះទៅជាមួយ អង្គុយទីនោះបាន ប្រហែល ១ម៉ោង ស្រាប់តែឃើញរទេះគោបរ តាមក្រោយផ្ទះមិត្តនារីពេទ្យនោះ គាត់ក៏សួរនាំដឹងថាទៅភូមិជាយស្បៃក្បែរភ្នំសន្ទុក ក៏ផ្ញើខ្ញុំឲ្យជិះរទេះមកជាមួយ គេទៅ! ។
ភូមិស្វាយជ្រុំ នៅជិតភ្នំសន្ទុក ជាទីកន្លែងលត់ដំកាប់សម្លាប់ វាប្រើពួកយើងធ្វើការ គ្មានពេលទំនេរ ស្រីៗដែលមាន កូន វាឲ្យធ្វើការនៅក្នុងភូមិ, អ្នកគ្មានកូន និងប្រុសៗ វាឲ្យទៅធ្វើការឆ្ងាយពីភូមិ លុះយប់ទើបពួកយើង មកដល់ភូមិ វិញ, យប់ឡើងវាដើរលបស្តាប់ ក្រែងមានអ្នកណា និយាយអាក្រក់ពីអង្គការ វាចំណាំផ្ទះ ចំណាំមុខ ស្អែកឡើងវា យកទៅសម្លាប់, ជារឿយៗ ពេលល្ងាចថ្ងៃគងព្រៃ ប្រពន្ធខ្ញុំបានឃើញ ពួកវាចងមនុស្សបណ្តើរ តាមផ្លូវមុខផ្ទះខ្ញុំ យកទៅសម្លាប់នៅជើងភ្នំសន្ទុក ពេលដើរមកវិញ ឃើញវាស្ពាយប្រមាត់ និងថ្លើមមនុស្ស ឈាមក៏ក្លាក់មកជាមួយ គឺប្រមាត់វាយកត្រាំស្រាថ្លើមវាឆាក្លែមស្រា ពួកវាជាសត្វនរកតិរិច្ឆាន ស៊ីសាច់មនុស្សគ្នាឯង, ពួកអាបណ្តើរមនុស្ស យកទៅសម្លាប់ ជួនឃើញមានគ្នា២នាក់ ជួនឃើញមានគ្នា៣នាក់ ចំណែកជនរងគ្រោះ ដែលគេបណ្តើរយកទៅ សម្លាប់ ជួនមាន១នាក់ ជួនមាន២នាក់ ភាគច្រើននៃជនរងគ្រោះ ជាមនុស្សប្រុស មនុស្សស្រីមានមួយៗដែរ កំហុស ពួកគេមិនសមនឹងស្លាប់ទេ គ្រាន់តែជាអ្នកជម្ងឺហូបបាយបានមិនធ្វើការងារ វាថាឈឺយកលេសខ្ជិល, ជាអ្នកនិយាយ ប៉ះពាល់ដល់ អង្គការអាពត, ជាអ្នកលួចរបស់របរកំប៉ិចកំប៉ុកស៊ី, ជាអ្នកតមាត់ជាមួយពួកវា..., ពួកយើងរស់នៅក្នុង ភាពភ័យខ្លាច រងទុក្ខសោក វេទនា រាល់ថ្ងៃ, នៅបានប្រហែលជិត១ឆ្នាំ បាត់មនុស្សអស់ជិតពាក់កណ្តាលភូមិ, សល់ ប៉ុន្មានវាបញ្ជូនពួកយើង ឲ្យទៅនៅភូមិស្វាយកាល់ ឆ្លងផ្លូវជាតិ ខាងលិចភ្នំសន្ទុក ខ្ញុំ និងបងឃាង ព្រមទាំងប្រពន្ធ កូន ក៏បានទៅធ្វើខ្ទមនៅក្បែរគ្នាក្នុងភូមិស្វាយកាល់នោះ ។
មកនៅទីនេះ ដំបូងគេមិនទាន់ឲ្យហូបរួមទេ រំលងមកបានប្រហែល២ខែ ទើបពួកប៉ុលពត បង្ខំឲ្យហូបរួម ពេលនោះ ជារដូវច្រូតកាត់ គេចែកស្រូវដែលទើបនឹងច្រូត (បានច្រើនឬតិចយោងតាមសមាជិកគ្រួសារនិមួយៗ) ខ្ញុំមានសមា ជិកគ្រួសារ៣នាក់ (២នាក់ប្តីប្រពន្ធ និងកូន១) ក្នុង១ថ្ងៃគេចែកឲ្យ គ្រួសារខ្ញុំ នូវស្រូវ៤កណ្តាប់ផ្លែរ៉ើងៗ យកមកបុក ជាអង្ករ បានប្រហែលកន្លះកំប៉ុងទឹកដោះគោ យកទៅបបររាវៗ ដួសយកកាក ឲ្យកូនញ៉ាំ ហើយខ្ញុំ និងប្រពន្ធ ហុត ទឹកបបរ, គេប្រើឲ្យយើងធ្វើការគ្មានពេលសំរាក ខ្លួនប្រាណស្គមស្គាំង សល់តែស្បែកនិងឆ្អឹង ភ្នែករូងដូចខ្មោច មាន ការស្រេកឃ្លានខ្លាំងណាស់ បើឃើញកន្លាត ជីងចក់ ឬថ្លែនវារកាត់មុខ ចាប់ដុតស៊ីខ្ទេច, ពេលនោះដោយសារក្រពះ ស្រេកឃ្លានខ្លាំងពេក លែងគិតពីបាបបុណ្យអ្វីទាំងអស់ ខ្ញុំដែលធ្លាប់បួស មិនដែលសម្លាប់សត្វ មិនដែលចេះលួច ពេលនេះចេះអស់ហើយ ដោយឃ្លានខ្លាំងពេក ពេលយប់ ទោះបីដឹងថាបើលួចគេទាន់ ច្បាស់ជាគេយកទៅសម្លាប់ ក៏ដោយ ខ្ញុំនៅតែប្រព្រឹត្ត ទៅលួចពោតពូជ ដែលគេព្យួរតាមជង្រុកស្រូវ, ដើរដកបន្លែ, ដកស្ពៃ, ដែលគេដាំតាមផ្ទះ យកមកលួចស្ងោរស៊ី, បានទាក់កមាន់ ដែលមករកស៊ីនៅក្បែរខ្ទមរបស់ខ្ញុំ បាន៣ដង (មាន់៣) យកមកធ្វើម្ហូប ។
មានពេលមួយនោះ ខ្ញុំឈឺសុំគេនៅផ្ទះពេលនោះ មានឆ្កែ១ ដើរមកក្រោមខ្ទម ខ្ញុំយកខ្សែ អង្រឹងធ្វើអន្ទាក់ ស៊កតាម ប្រហោងធំ១ ដែលសំរាប់ចាក់ទឹកលាងចាន ទាក់កឆ្កែអូសយកមកលើខ្ទម យកកាំបិតអារក ត្រងយកឈាមដាក់ ក្នុងមួកដែក ហើយប្រលាត់ស្បែកចេញ កាប់សាច់ប្រឡាក់ ហើយលាក់ ក្នុងកាតាបខោអាវ តែជាសំណាងល្អដែរ ដែលពួកវាមិនដឹង ក្រោយមកទើបខ្ញុំដឹងថា ឆ្កែនោះ ជារបស់អ្នកមូលដ្ឋាន (បនអាពត) ឈ្មោះ ផា ជាឆ្កែបណ្តើររក សត្វព្រៃ វាដើររកពេញភូមិ ហើយវានិយាយថា បើដឹងថាអាណា យកឆ្កែវាស៊ី វានឹងពន្លាត់ស្បែក ទាំងថ្ងៃឲ្យគេមើល, ខ្ញុំនៅក្បែរនោះ ឡើងញាក់សាច់ តែធ្វើជាមិនដឹង ហើយប្រាប់វាថា ខ្ញុំមិនដែលឃើញឆ្កែនោះទេ (សូមបង្វែរបាបកម្ម ទាំងឡាយទាំងពួង ដែលខ្ញុំបានសាងពេលនោះ ឲ្យទៅខ្មោចអាពត ទទួលយកជំនួសខ្ញុំផងទៅចុះ! ព្រោះខ្ញុំមិនចង់ សម្លាប់សត្វទេ តែនេះមកពី អាពត វាធ្វើឲ្យខ្ញុំស្រេកឃ្លានខ្លាំងពេក) ។ ចាប់ពីពេលនោះមក ខ្ញុំឈប់ដើរលួចរបស់ស៊ី នៅក្នុងភូមិទៀតហើយ ខ្លាចគេទាន់ នៅពេលយប់ ខ្ញុំទៅរកត្រីនៅវាលស្រែក្រោយភូមិ ដើរកាត់ព្រៃខ្មោច ព្រៃតាម៉ា អ្នកមូលដ្ឋាន មិនហ៊ានដើរកាត់ពេលយប់ទេ ខ្លាចខ្មោចលង ខ្ញុំដើរកាត់ជួនកាលមើលពីចម្ងាយឃើញ ភ្លើងឆេះគល់ ឈើមានរងើកក្រហមឆ្អៅ ដល់ពេលទៅជិត ឥតមានអីទាំងអស់ ជួលកាលជូបឆ្មារដេញគ្នា ស្រែកញេវញ៉ាវពេញ ព្រៃ ដល់មកនិយាយប្រាប់គេទើបដឹងថា ខ្មោចលង សម័យនោះខ្ញុំហាក់ដូចជាឥតខ្លាចអីទាំងអស់! ដោយសារតែ ឃើញប្រពន្ធកូន និងខ្លួនឯង ស្គមស្គាំង ហើយស្រេកឃ្លានខ្លាំងពេក, របរនេសាទខ្ញុំពេលនោះគឺ ស្ទូច, បបក់, ដាក់ អន្លង់ ចេះមកពីមិត្តភក្តិប្រាប់ កាលនៅដេកពេទ្យជាមួយគ្នា មានតាម្នាក់នៅក្នុងភូមិស្វាយកាល់នេះ(ខ្ញុំភ្លេចឈ្មោះ) គាត់បានឲ្យផ្លែបបក់ខ្ញុំ១ ហើយតែងតែបបួលខ្ញុំទៅបបក់ត្រីនៅ បឹងប៉ប្រូង និងទៅបឹង១ទៀត (ប្រហែលជាបឹងខ្នាច ខ្ញុំស្រពិចស្រពឹល) ឆ្ងាយពីនោះ ប្រហែល២គីឡូម៉ែត្រ ខ្ញុំរកបានត្រី អណ្តែង (ដាក់អន្លុង) ត្រីផ្ទក់ ត្រីឆ្តោរ ត្រីរស់ (បបក់) ទាំងទ្រុងៗ យកមកឲ្យប្រពន្ធធ្វើម្ហូបស៊ី មានពេលមួយនោះខ្ញុំទៅបបក់ នៅបឹងខាងក្រោយភូមិ ឃើញ គេរាយមងក្នុងបឹង ភ្នែកខ្ញុំរំពៃមើលចំណាំកន្លែង ដែលគេរាយមងនោះ មកដល់ផ្ទះម៉ោងប្រហែល ១០យប់ ខ្ញុំ ដើរកាត់ព្រៃតាម៉ា ទៅលួចកាត់យកមងនោះ ១កំណាត់ ស្រាវអូសយកមកលើគោក ជាប់សុទ្ធតែត្រីក្រាញ់ធំៗ ខ្ញុំមិនដោះត្រីនៅទីនោះទេ ខ្លាចគេទាន់ក៏ក្រសោបមងស្ពាយលើស្មា យកមកដោះត្រីនៅផ្ទះ ។
នៅរដូវធ្លាក់ខ្យល់ពីជើង ស្រូវចាប់ផ្លើមទុំបណ្តើរ ខ្ញុំឈឺ (ហើម)នៅផ្ទះ ពេលថ្ងៃខ្ញុំទៅលួចបូតស្រូវនៅវាលស្រែ ក្រោយភូមិ យកមកឲ្យប្រពន្ធបុកនឹងមួកដែកធ្វើអង្ករ ទំរាំផុតរដូវច្រូតកាត់ សន្សំបានអង្ករជិត១កូនបាវ (ចំណុះ ២៥គីឡូ) ពេលឪពុកក្មេកខ្ញុំទៅលេង ប្រពន្ធខ្ញុំដាំបាយជូនគាត់ពិសារ ជាមួត្រីដែលរកបានរាល់យប់ គាត់មាន ប្រសាសន័ថាឆ្ងាញ់ណាស់ ភូមិប៉ាឥឡូវនេះ មិនដែលបានបាយហូបទេ ហូបតែបបររាវៗ ប្រពន្ធខ្ញុំ និយាយថា ភូមិនេះក៏អញ្ចឹងដែរ ។ ការលួចបូតស្រូវនេះ ក៏ប្រថុយគ្រោះថ្នាក់ខ្លាំងដែរ ខ្ញុំសំឡឹងមើលនាយ មើលអាយឥត ឃើញមនុស្ស ក៏ដើរចូលទៅកណ្តាលស្រែ ហើយអង្គុយចាប់ទាញកស្រូវ យកមកបូតនឹងដៃ ហើយទំលាក់ទៅ ក្នុងប៉ោត បូតប្រហែល២ ឬ៣ម៉ោងទើបពេញ១ប៉ោត (ចំណុះទឹក២០លីត្រ) ។ មានថ្ងៃមួយនោះ ពេលរសៀល គងភ្នំ ខ្ញុំកំពុងតែអង្គុយបូតស្រូវ បំពេញប៉ោត ស្រាប់តែឮសំឡេង ពួកកងចល័ត ដើរតាម ភ្លឺស្រែតម្រង់ទៅភូមិ មានម្នាក់ក្នុងចំណោមនោះ និយាយថា ចុមមិត្តឯងមើលនោះ! ស្អីរវឺកៗក្នុងស្រែ? ពួកគេក៏ក្រឡេកភ្នែក តម្រង់ មករកខ្ញុំ ពេលនោះខ្ញុំភ័យណាស់ ខំអោនឲ្យទាបសំងំស្រៀម មួយសន្ទុះ ខ្ញុំឮពួកគេនិយាយថា មិត្តឯងចុះទៅ មើលមើ! មានម្នាក់ទៀតឆ្លើយថា មិនបាច់ចុះទៅមើលទេ ឥតឃើញមានអីផងហ្នឹង រួចហើយពួកគេក៏ដើរ សំដៅទៅភូមិទៅ! ខ្ញុំភ័យព្រលឹងនៅចុងសក់ ចាប់តាំងពីពេលនោះមក លែងហ៊ាននៅបូតស្រូវ ដល់ល្ងាចទៀត ហើយ ។
នៅរដូវប្រាំង ឆ្នាំ ១៩៧៧ ពួកអាពតវាកេណ្ឌអ្នកភូមិ ឲ្យទៅភ្ជួរដាំស្រូវនៅវាលក្រោម ពេលនោះ ខ្ញុំក៏ត្រូវបានចាត់ តាំងឲ្យទៅដែរ ជាមួយអ្នក១៧ មួយចំនូនទៀត ចំណែកបងឃាង គេចាត់តាំងឲ្យទៅវាយថ្មនៅភ្នំសន្ទុក, ពួកយើង បររទេះពីព្រឹកព្រហាម ដល់ថ្ងៃទេរជិតលិច ទើបទៅដល់ទីដៅ, រាងខ្ញុំស្គមដូចស្បូវកណ្តបដើរសឹងមិនរួច ខ្យល់បក់ ចង់រលំ វាចាត់ឲ្យទៅភ្ជួរស្រែ ឱពុទ្ធោពុទ្ធំ! ខ្ញុំមិនដែលធ្លាប់ កាន់នង្គ័លទាល់តែសោះ ព្រឹកស្អែកឡើង ជាលើកដំបូង ខ្ញុំទៅភ្ជួរស្រែ មើលទៅគេជិតខាងខ្ញុំ គេបរគោភ្ជួរបែកដីសំពោង ខ្ញុំទាញខ្សែគោយកគោ១មកទឹមនង្គ័ល ហើយដើរ ទៅដឹកគោ១មកទៀត ស្រាប់តែ គោដែលទើបនឹងទឹមហើយ រត់ទាញទាំងនឹម និងនង្គ័លទៅដល់ពាក់កណ្តាលស្រែ (ប្រហែលវាចំឡែកឃើញ ខ្ញុំមិនមែនជាម្ចាស់វាទេដឹង?) មេកងអាពតឃើញដូច្នោះ វាដើរមកស្រែកសំឡុតខ្ញុំថា មិត្ត ឯងរកស៊ីធ្វើការងារ របៀបនេះ ម្តេចនឹងចិញ្ចឹមខ្លួនរស់ វាក៏ជួយចាប់គោយកមកទឹម ហើយប្រាប់ពីវិធីទឹមគោជាមួយ នង្គ័ល រួចវានៅឈរចាំមើលខ្ញុំភ្ជួរ ខ្ញុំចាប់កាន់យាមនង្គ័ល ហើយដេញគោឲ្យដើរទៅមុខ ស្រេកដេញគោថាទៅ! ក៏ ស្រាប់តែ មេកងអាពត លាន់មាត់ថា ចុញមើអាគាត់នេះ វាដេញគោដូចដេញមនុស្ស ហើយពួកវាអស់សំណើច នាំ គ្នាសើចឮរំពងវាលស្រែ, ចំណែកខ្ញុំឯណេះបែកញើសទាំងព្រឹក ភ្ជួរបានប្រហែល១០ម៉ែត្រ ក៏ដល់ដីរឹងទប់យាម នង្គ័លមិនជាប់ ត្រូវយាមនង្គ័លបោកដួលទាំងជំឈរ ពួវាឃើញដូច្នោះ ក៏ស្រែកបា្រប់ខ្ញុំថា មិត្តឯងឈប់ភ្ជួរទៅ ខូច នង្គ័លគេអស់ហើយ! ពួកវាក៏ចាត់ឲ្យអ្នកមូលដ្ឋានគ្នាវាមកភ្ជួរជំនួសខ្ញុំ ហើយវាដេញខ្ញុំឲ្យទៅផ្ទះបាយ ជួយដាំស្លគេ លុះដល់ស្អែកឡើង វាចាត់ឲ្យខ្ញុំទៅរកត្រី ជាមួយអ្នកមូលដ្ឋានវិញ (ពាក្យអ្នកមូលដ្ឋាន អាពតប្រើសំគាល់អ្នកនៅ ក្នុងតំបន់រំដោះ) ការរកត្រីនេះជាកន្លែងដែលស្រុកយើងឥឡូវ គេថាកន្លែងខ្លាញ់ ប្រៀបដូចជា កន្លែងគយ ពន្ធដារអី ចឹង នៅជំនាន់ប៉ុលពត កន្លែងខ្លាញ់មាន៖ ចុងភៅ អ្នកឡើងត្នោត អ្នករកត្រី, ចំណែកខ្ញុំ អ្នក១៧ (ពាក្យអ្នក១៧ អា ពតប្រើសំគាល់ អ្នកជន្លៀសមកពីទីក្រុងនានា) មានអីដល់បានរកត្រីហូបឆ្ងាញ់ ខ្ញុំធាត់ និងមានកម្លាំងដូចពួកមូល ដ្ឋានដែរ, សូមអរគុណដែលខ្ញុំមិនចេះព្យួរស្រែ ។
នៅវាលក្រោមខេត្តកំពង់ធំ ពេលនោះសំបូរត្រីណាស់ ព្រឹកឡើងដាក់អង្ករ៤កំប៉ុង ឆ្នាំងមួយ អំបិលមួយកញ្ចប់ គ្នា៣ នាក់ បររទេះទៅចំងាយប្រហែល៦០០ម៉ែត្រ ពីកន្លែងចុងភៅ ឃើញរណ្តៅអន្លង់ចាស់ៗ នៅពេញវាល យើងចុះទៅ បារភក់មកដាក់មាត់អន្លង់ជុំវិញ ឲ្យខ្ពស់ពីទឹកបន្តិចដើម្បីកុំអោយទឹកចូល ហើយនាំគ្នាបាចទឹក ដោយប្រើខ្សែញាក់ គឺយកខ្សែចងធុងសងខាង ម្ខាង២ ហើយនៅខាងចុងខ្សែម្ខាងៗទៀត យើងចងវាជាប់ នឹងកំណាត់ឈើ ឈរម្នាក់ ម្ខាង ពេលទឹកចូលពេញធុង យើងទាញខ្សែទាំងសងខាង ឆក់ធុងដែលមានទឹកពេញនោះ ឡើងមកលើ ចាក់ទឹក ទៅក្រៅ ហើយពេលបន្ធូរខ្សែ ធុងក៏មុជចូលទៅក្នុងអន្លង់, បាចបានមួយសន្ទុះ ឃើញក្បាលត្រីឲ្យរងោក មិនចាំដល់ រីងទឹកទេ ពួកយើងយកព្រនងម្នាក់មួយ វាយក្បាលត្រឹ យកតែអាធំៗ ចាប់បោះឡើងលើគោក ក្នុងមួយកូនអន្លង់ បានត្រីជិតកន្លះរទេះ បាចហើយបង្ហូរទឹកចូលវិញ ហើយនាំគ្នាបររទេះ រកទីទួលដាំបាយ រើសយកត្រីណាដែលធំៗ ៣ឬ៤មកដុតហូបយ៉ាងឆ្ងាញ់ចាស់ដៃ ស្អែកឡើងបាចត្រី ក្នុងអន្លង់ នៅក្បែរគ្នាបន្តបន្ទាប់ៗ រំលងបានមួយសប្តាហ័ វិលមកបាចកន្លែងដដែលវិញ នៅតែមានត្រី ដូចកាលបាចលើកមុនដែរ ។
លុះភ្ជួររាស់ព្រោះស្រូវស្រែវាលក្រោមរួចហើយ ពួកអ្នក១៧ទាំងអស់ ត្រូវពួកអាពតប្រមូលយក ទៅសម្លាប់ ដោយ ពួកវាកុហកថា អង្គការឲ្យទៅភ្ជួរស្រែ នៅទីរួមស្រុក ដឹកនាំដោយគ្នាវា២នាក់ ម្នាក់ឈ្មោះមិត្ត សេង ធ្វើប្រធាន ម្នាក់ ទៀត(ខ្ញុំភ្លេចឈ្មោះ)ពួកយើងក៏បានដាក់អីវ៉ាន់លើរទេះ ហើយដើរតាមពីក្រោយ ទាំងអស់គ្នា មកដល់ស្រែលើ នៅ ជិតភូមិស្វាយកាល់ វាឲ្យពួកយើងសម្រាក នៅក្នុងខ្ទម១ ហើយស្អែកឡើង វាឲ្យព្យួរស្រែនៅក្បែរនោះ, ពួកយើង ឆ្ងល់ណាស់ គេថាទៅភ្ជួរស្រែរួមស្រុក ហេតុអ្វីបានជា មកនៅទើត្រឹមនេះទៅ វិញ, ខ្ញុំដែលធ្លាប់រកត្រី វាចាត់ឲ្យរក ត្រីធម្មតា ជាមួយអ្នក១៧ដូចគ្នាម្នាក់ទៀត គឺ២នាក់ទៅរកត្រីនៅក្បែរនោះ, រដូវដើមឆ្នាំភ្លៀងធ្លាក់ទឹកដក់ពេញស្រែ ពពួកមច្ឆាជាតិទាំងឡាយមាន កង្កែប ក្តាម ខ្យង ជាដើម វារចេញពីរូង ខ្លះបណ្តែតខ្លួនតាមវាលស្រែ ខ្លះនៅសម្ងំ មាត់រូង ហ្វូងត្រីទាំងតូច ទាំងធំនាំគ្នាហែលបញ្ច្រស់ទឹក ទៅរកចំណីនៅតាមគុម្ពស្មៅ ក្បែរមាត់ច្រាំង ពេលនោះខ្ញុំ ដូចជាមានប្រផ្នូលអ្វីមួយ ចេះតែញាក់ភ្នែកឆ្វេង ដើរៗទៅឃើញ ខ្យងមួយគូពាក់គ្នា នៅក្បែរភ្លឺស្រែជិតផ្លូវគេដើរ ក៏ចាប់ពួកវាយកទៅដាក់ឲ្យឆ្ងាយពីផ្លូវ ហើយនិយាយថា ខ្ញុំបានជួយ ខ្យង១គូនេះ ឲ្យរួចផុតពីសេចក្តីស្តាប់ បើខ្ញុំ មានបញ្ហាអ្វី សូមលោកតា និង វត្ថុសាកសិទ្ធិ នៅវាលស្រែនេះ មេត្តាជួយខ្ញុំផង! លុះដល់ពេលល្ងាច ត្រឡប់មកពី រកត្រីវិញ ខ្ញុំដើរក្រោយគេ ហើយបានប្រលេងត្រីអណ្តែង២ ចូលទៅក្នុងទឹកស្រែ ហើយនិយាយថា សូមអ្នកទៅឲ្យ បានសេចក្តីសុខ ហើយជួយប្រាប់ លោកតាថែរក្សាទឹកដីនៅទីនេះ សូមជួយជីវិតខ្ញុំផង ។
លុះមកដល់រោងវិញ ឃើញបាយច្រើនជាងធម្មតា ចុងភៅប្រាប់ថា អង្គការឲ្យយើងដាំបាយច្រើនហូបម៉ាឆ្អែត លុះ ហូបបាយរួចហើយ ពេលព្រលប់ព្រិលៗ វាបានប្រាប់ថា ឥឡូវនេះអង្គការ មានផែនការថ្មីឲ្យក្រុមយើង ទៅភ្ជួរស្រែ នៅក្បែរ ជើងភ្នំសន្ទុក, ហើយវាឲ្យពួកយើងប្រមូលអីវ៉ាន់ ប្រដាប់ប្រដារ មុងភួយដាក់លើរទេះ ហើយឲ្យដើរ ទាំង អស់គ្នា តាមពីក្រោយរទេះគោ លុះមកដល់ពាក់កណ្តាលផ្លូវ ឃើញប្រធានភូមិ ឈ្មោះអួន វាមកទទួលពួកយើង ដោយមានកូនក្មេងឈ្លប២នាក់អមដំណើរមកជាមួយ និងមានពូថៅមុខសស្ងាចសៀតនៅចង្កេះ និងលីកាំបិតផ្គាក់ មុខសស្ងាច ហើយបានប្រាប់ពួកយើងថា អង្គការមានការអាណិតសូរអ្នក១៧ខ្លាំងណាស់ ត្រៀមចែកក្រណាត់ស ម្នាក់២ម៉ែត្រ (អាមេចោរឈាមខ្មៅទុយ៌ស យកគេទៅសម្លាប់ហើយ ឆ្លៀតផ្លែផ្កាឲ្យទៀត តែពេលនោះពួកយើងឥត ចាប់អារម្មណ៍សំដីវាទេ) លុះធ្វើដំណើរមកដល់ក្រោមដើមពោធិ មួយដើមបែកមែកសាខា ខ្ញុំបានបន់ស្រន់លោកតា ម្ចាស់ដើមពោធិនោះថា សូមលោកអរុក្ខទេវតាដែលរស់នៅ និងថែរក្សាដើមពោធិនេះមេត្តា ជួយខ្ញុំផង ។
ពួកយើងធ្វើដំណើរបន្ត មកដល់ដើមធ្លកមួយដើម វាឲ្យពួកយើង ឈប់រទេះនៅទីនោះ ហើយប្រាប់ពួកយើង ឲ្យចូលទៅក្នុងរោង១ នៅក្បែរដើមធ្លកនោះ គឺស្ថិតនៅខាងក្រោយភូមិជាយស្បៃ នាជើងភ្នំសន្ទុក ជិតដល់ ពេលគេយកទៅសម្លាប់ហើយ ការដែលខ្ញុំសង្ស័យគឺត្រូវមែន ពេលដែលពួកវា កំពុងប្រមូលអ្នកឯទៀត ឲ្យចូលទៅក្នុងររោង ខ្ញុំនិងម្នាក់ទៀតឈ្មោះ សាន បានអង្គុយលើភ្លៅស្រែរង់ចាំពួកវា ប្រមូលមកដល់ក្រុមយើង, ព្រោះល្ងាចនោះមានអ្នក១៧ ជាច្រើននាក់មកពី ភូមិផ្សេងគ្នា ត្រូវបានប្រមូលយកមកសម្លាប់ចោលនៅទីនេះ និយាយគ្នាជាមួយលោក សាន (ពេលនោះពួកអាពត វាស្គាល់តែឈ្មោះមួយម៉ាត់ៗចុងក្រោយតែប៉ុណ្ណោះ ហើយយើងក៏ទម្លាប់ហៅតែឈ្មោះមួយម៉ាត់ក្រោយដូចគ្នា) លោក សាន មិនដឹងជាគាត់ ដឹងរឿងនេះមកពី ណាទេ ក៏និយាយថា ពួកយើងជិតស្លាប់ហើយ វាប្រមូលមកនេះ គឺយកមកសម្លាប់ មិនមែនមកភ្ជួរស្រែទេ ខ្ញុំឮដូច្នោះក៏រន្ធត់ក្នុងចិត្ត នឹកដល់កូចស្រីតូចទើបនឹងចេះដើរតេះតាស់ និង នឹកដល់ប្រពន្ធដែលនៅឯផ្ទះ ហើយនឹកសង្វែកក្នុងចិត្តថា បងស្តាយណាស់ ដោយមិនបានជួបមុខអូន និងកូននៅគ្រាចុងក្រោយនេះ, ហើយខ្ញុំបាន បបួលលោក សាន រត់ តែលោក សាន ប្រកែកថាគាត់មិនរត់ទេ ព្រោះរត់ទៅណាក៏មិនរួចដែរ នៅ កន្លែងណាក៏មានពួកគេទាំងអស់ហ្នឹង! កំពុងតែនិយាយពួកវាក៏មកប្រមូលពួកយើង ឲ្យចូលក្នុងរោង ខ្ញុំដោយភ័យខ្លាំងពេក ភ្លេចយកឥវ៉ាន់ពីរទេះ ដើរទៅជាមួយលោក សាន រៀបតែឈានជើងចូល ក្នុងរបង រោងនោះទៅហើយ ខ្ញុំក្រឡេកឃើញគេ មានស្ពាយអីវ៉ាន់គ្រប់គ្នា ខ្ញុំក៏ប្រាប់ មិត្ត រេម (អ្នកមូលដ្ឋានដែលគេប្រើមកឲ្យសម្លាប់មនុស្ស នៅភូមិជាមួយខ្ញុំ) ថា មិត្តខ្ញុំភ្លេចយកអីវ៉ាន់មក នៅឯរទេះឯនោះ ខ្ញុំសុំទៅយកអីវ៉ាន់បាន ឬទេ មិត្តរេម ក៏ប្រាប់ថា មានអីទៅយកមក! នេះមកពីគេគិតថា ចង់រត់ទៅណាក៏មិនរូចដែរ ឬក៏គេមិនចង់ឲ្យខ្ញុំ ដឹងខ្លួនថា ត្រូវគេយកទៅសម្លាប់? ខ្ញុំក៏បានដើរសំដៅ ទៅរទេះយ៉ាងលឿន ហើយឆក់យកការ៉ុងអីវ៉ាន់ ដែល នៅលើរទេះ, ភ្នែកក្រឡេកមើលពួកវាមួយខ្វាច់ ឃើញពួកវាកំពុងតែដើរ ប្រមូលមនុស្ស មិនបានងាកមើលខ្ញុំ ខ្ញុំក៏លោតចុះ ទៅក្នុងស្មាមភ្លោះនៅក្បែរនោះ (សម័យ ប៉ុល ពត វាជីកស្នាមភ្លោះ ខ្វាត់ខ្វែងគ្រប់ទីកន្លែង យក ដីធ្វើភ្លៅស្រែ) ហើយអោនរត់យ៉ាងលឿន ចេញផុតពីទីនោះប្រមាណ១គីឡូម៉ែត្រ ទើបឡើងពីស្នាម ភ្លោះដើរ ធម្មតា កាត់វាលស្រែខាងក្រោយភូមិ ពេលនោះរដូវដើមវស្សា ភ្លៀងទើបនឹងធ្លាក់បាន ប្រហែល ២ខែ ទឹកដក់ តាមវាលស្រែតិចៗ គឺនៅក្នុងឆ្នាំ ១៩៧៧ ប្រហែលម៉ោង ៧យប់ រដូវរនោច លោកខែរះពាក់កណ្តាល នៅ ទិសខាងលិច ខ្ញុំក្រឡេកមើលមកភូមិ ឃើញផ្លូវរទេះមួយសំដៅទៅថ្នល់ជាតិ ខ្ញុំចង់ចូលទៅភូមិ ប្រាប់ និងលា ប្រពន្ធ កូន តែមានកូនចិត្តមួយនឹកថាកុំទៅអី ពេលនេះប្រហែលជាពួកវាចាត់គ្នាមករកខ្ញុំនៅផ្ទះហើយ (ដូចខ្ញុំ គិតមែន ពេលជួបគ្នាវិញ ប្រពន្ធខ្ញុំប្រាប់ថា យប់ហ្នុងពួកវាទៅអុកឡុកនៅផ្ទះខ្លាំងសម្បើមណាស់) ឈរទ្រឹង មួសន្ទុះទើប ធ្វើដំណើរបន្តទៀត ដោយដើរឆ្លងកាត់ផ្លូវជាតិហើយដើរឆ្ពោះទៅទិសខាងត្បូងស្របតាមផ្លូវជាតិ ខ្លាចវង្វេងផ្លូវ តែមិនហ៊ានដើរលើផ្លូវជាតិទេ ខ្លាចជួបពួកអាពត ដើរបណ្តើរគិតបណ្តើរថាអញត្រូវទៅណា ក៏នឹកឃើញផ្ទះឪពុកម្តាយក្មេក នៅភូមិវាំង ហើយក៏ដើរកាត់ចូលពីក្រោយភូមិវាំង ទៅជួបពួកគាត់ហើយ ជំរាបគាត់ថា រូបខ្ញុំត្រូវគេយកទៅសម្លាប់ រត់រួចមកទីនេះ សូមលោកទាំងពីរ ជួយមើលថែរក្សាប្រពន្ធ-កូន របស់ខ្ញុំផង ពេលស្រុកទេសស្រួលបួល ខ្ញុំនឹងវិលមករកប្រពន្ធ កូន វិញ ។
ពេលនោះឪពុកម្តាយក្មេកខ្ញុំ បានឃាត់ឲ្យខ្ញុំនៅដេកជាមួយពួកគាត់មួយយប់ ចាំពេលទៀបភ្លឺ សិមធ្វើដំណើរ បន្តទៀត ម្តាយក្មេកខ្ញុំ បានយកថ្នាំជក់ទៅសុំដូរអង្ករគេនៅក្បែរនោះឲ្យខ្ញុំបាន២កំប៉ុងទឹកដោះគោ ដោយគាត់ លើកដៃសំពះគេប្រាប់គេត្រង់ថា ខ្ញុំមានអាសន្ន សុំដូរអង្ករឲ្យកូនប្រសារខ្ញុំ ធ្វើដំណើរទៅស្រុកវិញ ព្រោះអី នៅតទៀតមិនបានគេយកទៅសម្លាប់ អ្នកជិតខាងមានការអាណិតអាសូរក៏ឲ្យអង្ករ២កំប៉ុង និងអំបិលមួយកូន កញ្ចប់តូច ដោយមិនយកផ្នូរទេ ហើយគាត់ជួយលាក់លៀមរឿងនេះរហូត (នៅសម័យ ប៉ុល ពត អ្នកចិត្តធម៌ មានតិចតួចណាស់ ភាគច្រើនជាពួកមនុស្សចាស់ៗ ឯពួកក្មេងៗវិញ ពួកអាពតវាបង្ហាត់ ឲ្យសាហាវព្រៃផ្សៃ ណាស់ សូម្បីឪពុកម្តាយបង្កើត ក៏វាយកទៅសម្លាប់ដែរ) នេះជាសណាងខ្ញុំហើយ ដែលគេជួយលាក់ការ ។
ខ្ញុំដេកគិតថាត្រូវរកមធ្យោបាយយ៉ាងណាដើម្បីធ្វើដំណើរតាមផ្លូវឲ្យបានស្រួល ខ្ញុំនឹកឃើញពួកអាពត វាសរ សេរសំបុត្រនឹងខ្មៅដៃ ដើម្បីប្រើប្រាស់ សំរាប់ទាក់ទងគ្នា ខ្ញុំក៏បានសួរបងថ្លៃខ្ញុំ ដែលពិការនៅជាមួយឪពុក ម្តាយថា បងមាននៅសល់ក្រដាស់សៀវភៅ និងខ្មៅដៃឬទេ គាត់ថាមានហើយរើ យកមកឲ្យខ្ញុំ ខ្ញុំក៏សរសេរ សំបុត្រថា មិត្ត ផេង (រូបខ្ញុំ) អង្គការអនុញ្ញាតឲ្យមកផ្ទះ ឥឡួវត្រូវត្រឡប់ ទៅការរដ្ឋានទំនប់១មករាវិញ (ពេល នោះគេដឹងជាទូទៅថា អង្គការកំពុងតែជីកប្រឡាយ លើកទំនប់១មករា ហើយសេចក្តីសំបុត្រពេលនោះ មាន ច្រើនឃ្លាជាងកន្លះទំព័រ ខ្ញុំមិនចាំទេ តែន័យរបស់វាគឺដូចខាងលើនេះឯង) នៅពេលមាន់រងាវទៀបភ្លឺ ឪពុក ក្មេកខ្ញុំបានដាស់ខ្ញុំ ឲ្យក្រោកធ្វើដំណើរទៅទៀត ទាំងអស់គ្នាទាំងឪពុកម្តាយ ទាំងប្អូនថ្លៃស្រី និងបងថ្លៃប្រុស សុទ្ធតែមានទឹកមុខយ៉ាងស្រងូតស្រងាត់ និងអាណិតខ្ញុំ តែមិនដឹងជាជួយយ៉ាងម៉េចកើតទេ ក្រៅពីពាក្យ ជូន ពរឲ្យធ្វើដំណើរសុខសប្បាយ ។
ដោយអាងលើសំបុត្រដែលបានសរសេរក្លែងក្លាយពីយប់មិញ ខ្ញុំធ្វើដំណើរលើផ្លូវជាតិយ៉ាងក្រអឺត ស្រាប់តែ ពេលភ្លឺស្រាងៗ ទៅដល់ចុងភូមិតាំងក្រសាំង ពួកឈ្លបដែលយាមនៅខ្ទម ចុងភូមិនោះ បានចេញមកឃាត់ ហើយសួរថា មិត្តឯងទៅណា? ខ្ញុំភ័យបុកពោះភិបៗ ហើយនិយាយប្រាបវាថា ខ្ញុំទៅការដ្ឋានទំនប់៧មករា វាក៏សួរទៀតថាមកពីអង្កាល? ពេលមិត្តឯងមក ម៉េចក៏ខ្ញុំយាមនៅទីនេះមិនឃើញ ខ្ញុំក៏ប្រាប់វាថា ពេលមក ខ្ញុំជិះរទេះឥតបានដើរតាមផ្លូវនេះទេ ហើយក៏បានហុយសំបុត្រ យ៉ាងប្រញាប់ឲ្យវាមើល វាប្រហែលមិនចេះ អក្សរទេ កាន់សំបុត្រម្តងមើលបញ្ច្រាស ម្តងមើលត្រូវ ហើយនិយាយថា សំបុត្រ នេះក្លែងក្លាយ ព្រោះឥតមាន លេខ (ខ្ញុំភ្លេចឲ្យឈឹង ពេលសរសេរ សំបុត្រភ្លេចដាក់លេខ ព្រោះពួកអាពតវាចំណាំសំបុត្រពិត គឺមានលេខ នៅក្បាលសំបុត្រ) ខ្ញុំក៏ឆ្លើយប្រាប់វាថា ខ្ញុំឥតចេះអក្សរទេ នេះគឺខាងមិត្តនៅការដ្ឋានសរសេរឲ្យ វាសំឡឹង មួយសន្ទុះក៏ប្រាប់ខ្ញុំថា មិត្តឯងនៅទៅនេះហើយកុំទៅណា ចាំខ្ញុំទៅប្រាប់មេខ្ញុំសិន វាក៏យកសំបុត្រនោះ ទៅ បង្ហាញប្រាប់មេវា ខ្ញុំគិតថាម្តងនេះ គឺចប់ហើយជីវិតខ្ញុំ មិនដឹងជារត់តាមណារួចទេ ព្រោះពួកវាក្មេង វារត់ លឿនជាងខ្ញុំ កំពុងតែគិតស្រាប់តែមេវាចេញមក កាន់ទាំងសំបុត្រមកជាមួយ ដោយមានលីកាំបិតផ្គាក់មុខ សស្ងាចមកជាមួយ មកដល់ទល់មុខខ្ញុំ វាសួរថា មិត្តឯងទៅណាខ្ញុំក៏ប្រាប់វាថា ទៅទំនប់១មករា វាមើលរូប ខ្ញុំពីលើដល់ចុងជើង ហើយក៏ហុចសំបុត្រនោះឲ្យខ្ញុំ ហើយប្រាប់ថាមិត្តឯងទៅចុះ ខ្ញុំយកសំបុត្រនោះមកវិញ ហើយដើរយ៉ាងលឿនចេញពីទីនោះ ដើរឆ្ងាយផុតកន្ទុយភ្នែករបស់ពួកវាក៏ហែក សំបុត្រនោះចោល ហើយចុះ ទៅដើរកាត់ព្រៃរបស់ និងការ់វាលស្រែក្រោយភូមិ ចម្ងាយឆ្ងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ គឺដើរស្របផ្លូវ ជាតិ ព្រោះខ្លាចវង្វេង។
លុះដើរជិតមកដល់វត្តកំពង់ថ្ម អុញនោះមានស្ទឹងកាត់ផ្លូវ ខ្ញុំមិនចេះហែលទឹកទេ មិនដឹងជាធ្វើយ៉ាងម៉េចទេ ខ្ញុំ ក៏ដើរសៀរតាមខាងក្រោយភូមិ មកមើលស្ពានកំពង់ថ្មប្រុងដើរឆ្លង ស្រាប់តែឃើញពួកឈ្លបនៅ យាមទីនោះ ខ្ញុំក៏សម្រេចចិត្តដើរវាងទៅខាងក្រោយវត្ត ពេលនោះថ្ងៃរះខ្ពស់បន្តិចហើយ (ប្រហែលម៉ោង១០) ខ្ញុំសួរកូនក្មេង ដែលឃ្លាលគោនៅទីនោះ ពួកវាប្រាប់ថាស្ទឹងកំពង់ថ្មមិនទាន់ជោរទេ មានកន្លែងខ្លះនៅរាក់អាចឆ្លងកាត់បាន ខ្ញុំអរភឺត តែនឹកឃ្លានបាយមានតែអង្ករ២កំប៉ុង ឥតមានឆ្នាំងឥតមានចានអ្វីទាំងអស់ មានតែកូនកាមែលមួយ ដែលម្តាយក្មេកច្រកអង្ករឲ្យមក ខ្ញុំក្រឡេកទៅឃើញមានឆ្នាំងកញ្ចាស់១ របស់ក្មេងឃ្វាលគោ ក៏សុំខ្ចីដាំបាយ ពេលនោះមានក្មេងម្នាក់ធំជាងគេ វាមកមើលអង្ករខ្ញុំ ហើយមើលបាយរបស់វា រួចនិយាយថាពូឯងមិនបាច់ ដាំបាយទេ ដូរគ្នាយកបាយខ្ញុំទៅ ហើយទុកអង្ករឲ្យខ្ញុំ ពេលនោះខ្ញុំគិតថាក្មេងនេះឆ្លាត អង្ករខ្ញុំបើដាំបាយ បាន ច្រើនជាងបាយវា តែគិតថា ន្ហើយដូរយកបាយក៏ស្រួលដែរ ខុសគ្នាបន្តិបន្តួចដូរទៅ ព្រោះប្រញាប់ធ្វើដំណើរ
បន្តទៀត ខ្ញុំមិនហូបបាយនៅទីនោះទេ ខ្ញុំដើរសៀរតាមវត្តរហូតដល់មាត់ស្ទឹង ក្រឡេកមើលទៅស្ទឹងកំពង់ថ្ម ឃើញទឹកនៅបាតក្រោម ខ្ញុំដើរតាមកូនផ្លូវតូច ចុះទៅស្ទឹង ហើយដើរកាត់ទឹកត្រជាក់ស្រេប ខ្ញុំក៏បានក្បង់ទឹក នឹងដៃយកមកផឹក និងលប់មុខ ពេលនោះមានខ្យល់ជំនោរត្រសៀក បក់មកពីត្បូង ហើយក្រឡេកទៅ ត្រើយ ម្ខាងឃើញដើមជ្រៃធំមួយ ស្ថិតនៅក្បែរមាត់ស្ទឹង មានសត្វសេកមួយហ្វោងកំពុង ស៊ីផ្លែពោធិ ស្រែកច្រៀង ចម្រៀងសាសងគ្នាយ៉ាងខ្ញៀវខ្ញារ ខ្ញុំឈរទ្រឹងនៅកណ្តាលស្ទឹង ទឹកត្រឹមជង្គង់ មានអារម្មណ៍រំជួលចិត្ត ឈរ ទទួលខ្យល់ជំនោរ រហើយត្រជាក់ បក់មកពីទិសខាងត្បូង និងស្តាប់សំលេងសត្វសេក ស្រែកច្រៀងឆ្លងឆ្លើយ គ្នា ខ្ញុំស្រក់ទឹកភ្នែក នឹកទៅដល់ប្រពន្ធ និងកូនដែលនៅក្មេងខ្ចី ស្រាប់តែមានចិត្តមួយ ចង់ត្រឡប់ទៅក្រោយ វិញជួបជុំគ្នា តែមានចិត្តមួយគិតថា តែថយក្រោយច្បាស់ជាស្លាប់ សូម្បីមុខប្រពន្ធ កូនក៏មិនបានជួបផង ក៏ បោះជំហានទៅមុខទាំងស្តាយស្រណោះ ឱកូនស្រីបណ្តូលចិត្ត ឱប្រពន្ធជាទីស្រឡាញ់ពេលនេះប៉ាលាកូន បងលាអូនហើយ មិនដឹងជាថ្ងៃណាយើងបានជួបមុខគ្នាទៀតទេ ឱជីវិតខ្ញុំទៅមុខទៀតមិនដឹងជាយ៉ាងណាទេ មិនដឹងជាទៅដល់ស្រុកកំណើត ឬក៏ត្រូវស្លាប់ពាក់កណ្តាលផ្លូវទេ ខ្ញុំមិនស្គាល់ផ្លូវទៅស្រុកកំណើតទេ កាល នៅបួសរៀនធ្លាប់តែជិះឡានទៅមកមិនខ្វល់នឹងផ្លូវទេ ប្រាប់តែទីដៅដល់ពួកឡាន គឺទៅដល់កន្លែង ដែលចង់ ទៅហើយ ពេលនេះដើរលួចលាក់ខ្លួន ហើយកាត់ព្រៃថែមទៀត ។
ខ្ញុំគិតថា បើដើរតាមផ្លូវ ដែលទៅកំពង់ចាម ហើយឆ្លងកាត់តាមទន្លេបិទ គឺឆ្ងាយណាស់ មិនអាចដើរទៅរួចទេ ដូច្នេះត្រូវដើរតាមផ្លូវកាត់ ក៏នឹកឃើញរឿងមួយ កាលខ្ញុំនៅបួសរៀន ធ្លាប់ទៅរៀននៅវត្តស្រែវាល គឺជិះឡាន តាមផ្លូវចំការលើទៅស្ទឹងត្រង់កាត់តាមស្ពឺ ដល់ស្រែវាល ហើយស្គាល់ចៅអធិការវត្តស្រែវាលឈ្មោះ សេក ប៊ុត ខ្ញុំក៏សម្រេចចិត្តដើរក្នុងព្រៃស្របតាមផ្លូវជាតិ ឆ្ពោះទៅស្រែវាល លុះដល់ថ្ងៃត្រង់ជាក់ ខ្ញុំក៏បានសម្រាក ក្រោមដើមអំពិលក្នុងព្រៃមួយដើម ដើម្បីហូបបាយ ពេលនោះខ្ញុំបានយកបាយមួយកូនដុំ និងអំបិលមួយគ្រាប់ ធំ ដាក់លើបង្កៀបដើមអំពិល ហើយបន់ស្រន់ដល់អារុក្ខទេវតា វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សាអាយុ ជីវិតខ្ញុំ និងប្រពន្ធកូន និងជួយបង្ហាញផ្លូវខ្ញុំផង លុះហូបបាយរួចហើយ ខ្ញុំក៏បានបន្តដំណើរទៅមុខទៀត ។
ម្តងនេះក្រឡេកទៅផ្លូវជាតិឃើញស្ងាត់ ក៏ឡើងមកដើរតាមផ្លូវជាតិ ព្រោះដើរក្នុងព្រៃពិបាកពេក គួរឲ្យសង្វែក ណាស់ផ្លូវថ្នល់ដែលធ្លាប់តែមានឡានបើកបរជាប់មិនដាច់ ពេលនេះស្ងាត់ជ្រងុំ ឮសូរតែសម្លេងសត្វយំ ឆ្លើយ ឆ្លងគ្នាសងខាងផ្លូវ, ខ្ញុំដើរបានប្រហែល២ម៉ោងផុតពីព្រៃមកដល់ វាលស្រាប់តែមានពន្លឺមួយចាំង មកចំមុខ ខ្ញុំមួយឆ្វាច ខ្ញុំក៏សំឡឹងមើលទៅប្រភពពន្លឺ ស្រាប់តែឃើញពួកអាពតវាកពុងឈរ រេរានៅនឹងផ្លូវ ឆ្ងាយពីខ្ញុំប្រ ហែល២០០ម៉ែត្រ មិនដឹងជាពួកវាធ្វើអ្វីទេ ខ្ញុំឃើញដូច្នោះក៏ប្រញាប់ត្រឡប់ ចូលទៅក្នុងព្រៃវិញយ៉ាងរហ័ស ហើយនៅសំម្ងំពួនក្នុងព្រៃ ចាំពេលយប់ទើបធ្វើដំណើរទៀត (ខ្ញុំសន្និដ្ឋានថាពន្លឺចាំងនោះជាចំណាងផ្លាតរបស់ កញ្ចក់នាឡិកាដៃ ដែលពួកអាពតវាពាក់) លុះដល់ពេលព្រលប់ខ្ញុំបានហូបបាយបង្ហើយ តែមុននឹងហូបបាយ ខ្ញុំបានសេន ដូចដែលខ្ញុំបានធ្វើពីលើកមុនដែរ ។
ហូបបាយហើយក៏បន្តដំណើរទាំងយប់ សំដៅទៅភូមិស្រែវាល ជាទីកន្លែងដែលខ្ញុំធ្លាប់រៀន ក្រែងល បាន ជួបលោកគ្រូ សេក ប៊ុត ខ្ញុំដើរកាត់យប់លើដងផ្លូវជាតិ ពីចំការលើទៅស្ទឹងត្រង់ ប្រហែលជាម៉ោង៩យប់ ខ្ញុំបានមកដល់អនុវិទ្យាស្ពឺ ដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ដើរហួសទីនេះប្រហែល១០០ម៉ែត្រ ខ្ញុំឃើញភ្លើង អំពូលមួយស្ថិតនៅចម្ងាយ ប្រហែល ៥០ម៉ែត្រពីរូបខ្ញុំ ពេលនោះខ្ញុំគិតថា ប្រហែលជាភ្លើងអំពូលអគ្គិសនី នៅលើការដ្ឋានមួយរបស់ក្រុមអាពត សំឡឹង មើលយូរទៅមិនមែនទេ ភ្លើងនោះស្រាប់តែហោះធ្លោ សំដៅ មករកខ្ញុំ អារម្មណ៍ខ្ញុំជ្រួលច្របល់ភ័យរន្ធត់ គិតថាខ្មោចលងខ្ញុំហើយ ខ្ញុំខំប្រឹងភ្មេចភ្នែកអង្គុយចុះ មិនហ៊ាន មើលតទៅទៀតទេ ភ្មេចភ្នែកបានមួយសន្ទុះបើកភ្នែកឡើងវិញ ពុទ្ធោភ្លើងនេះ មិនហោះទៅបាត់ឯណា គឺនៅពីមុខខ្ញុំចម្ងាយប្រហែល៤ម៉ែត្រ កំពស់ពីដីប្រហែល៥ម៉ែត្រ ចំឡែកអស្ចារ្យភ្លើងនោះ ស្រាប់តែក្លាយទៅ ជាដុំពណ៌សទ្រវែងរាងដូចសក់ស្កូវ ហើយនៅពីចំហៀងលេចចេញ ជាមុខមនុស្សពណ៌ខៀវ មានរន្ធភ្នែក ២ តែគ្មានប្រស្រីទេ គឺដូចជាឆ្អឹងក្បាលមនុស្សដែលមានតែរូងភ្នែកអញ្ចឹង ហើយនៅពីក្រោមក្បាលនោះ មានក រាងជាស្រមោលពណ៌ខ្មៅ តភ្ជាប់មកដងខ្លួន រាងដូចទីងមោងដែលគេដាក់បន្លាចចាប និងមានជើង២ រាងជា ស្រមោលពណ៌ខ្មៅ គ្មានឃើញម្រាមទេ ជើងនោះមិនជាន់ជាប់នឹងដីទេ នៅកំពស់ពីដីប្រហែល២ម៉ែត្រ ភាគ ខាងលើគឺក្បាលនៅនឹងថ្កល់ ចំណែកភាគខាងក្រោមគឺដងខ្លួន និងជើង អណ្តែតថ្មែរថ្លោលៗពីក្រោមក្បាល ខ្ញុំភ័យយ៉ាងខ្លាំងហើយបានសំពះអង្វរករ ទាំងញ័រមាត់រតាក់រតុបថា សូមលោកតាកុំធ្វើបាបខ្ញុំ ខ្ញុំដើរទាំងយប់ ដូច្នេះព្រោះរត់គេចពីការសម្លាប់ ពីក្រុមមនុស្សអាក្រក់ ខ្ញុំមានបំណងទៅស្រុកកំណើតដែលស្ថិតនៅក្នុងភូមិ ទេព្វនិម្មិត្ត ឃុំគរ ស្រុកត្បូវឃ្មុំ ខេត្តកំពង់ចាម សូមលោកតាម្ចាស់ទឹកដី មេត្តាជួយថែរក្សាអាយុជីវិតខ្ញុំ ព្រម ទាំងប្រពន្ធកូនខ្ញុំ នៅភូមិស្វាយកាល់ ក្បែរជើងភ្នំសន្ទុកផង សូមជួយបង្ហាញផ្លូវខ្ញុំផង ខ្ញុំមិនស្គាល់ផ្លូវណា ទៅ ស្រុកកំណើតខ្ញុំទេ ។
ស្រាប់តែឃើញរូមនោះងក់ក្បាល ហើយហោះធ្លោឡើងទៅលើ កំពស់ពីដីប្រហែល១០ម៉ែត្រ ប្រែក្លាយខ្លួន ទៅជាភ្លើងដុំមូល (រាងដូចភ្លើងអំពូលមូល៦០វ៉ាត់) នៅទ្រឹងពីមុខខ្ញុំ ខ្ញុំឈរនៅទ្រឹងមួយសន្ទុះ ឃើញភ្លើងនោះ ឥតហោះទៅណាទៀត ក៏សម្រេចចិត្តដើរទៅមុខ ពេលដែលខ្ញុំដើរទៅមុខ ស្រាប់តែភ្លើងនោះ ក៏ហោះដែរ នៅពីមុខខ្ញុំ ខ្ញុំគិតថាលោកតាម្ចាស់ទឹកម្ចាស់ដីនាំផ្លូវខ្ញុំហើយ ខ្ញុំចង់ដឹងក៏ឈប់ ស្រាប់តែឃើញភ្លើងនោះឈប់ ដែរ ខ្ញុំលែងខ្លាចទៀតហើយ ខំប្រឹងដើរទៅមុខយ៉ាងលឿន ប្រហែលជាម៉ោង២យប់បានមកដល់ផ្លូវបំបែក គឺ ផ្លូវមួយទៅត្រើងកំពង់ចាម និងផ្លូវមួយទៀតទៅស្រឹងត្រង់ កន្លែងនេះមានភ្លើងអគ្គិសនី ភ្លឺច្រាលឃើញមាន ឡានទ្រុងចិន២ បើកបរតាមផ្លូវ សំឡឹងរកភ្លើងនាំមុខ ក៏មិនឃើញ ខ្ញុំក៏រកកន្លែងងឹតដើម្បីដើរ ស្រាប់តែមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងរន្ទះឆ្វេចឆ្វាចក្តុងក្តាំងលាន់ឮរំពងមេឃ ខ្យល់បក់រលំដើមឈើមួយដើមនៅខាងមុខ ខ្ញុំ រត់គេចមកខាងឆ្វេងដៃហើយដើរសរសៀរមាត់ព្រៃ ខ្ញុំវង្វែងមិនដឹងជាផ្លូវណាទៅស្ទឹងត្រង់ទេ ក៏សម្រេចចិត្ត
ដើរតាមផ្លូវមួយនៅខាងស្តាំដៃមកដល់កូនចម្ការតៀបមួយ ភ្លៀងនៅធ្លាក់ស្រិបៗមានភ្លេចបន្ទោលភ្លឺច្រាល លាន់ក្តុងក្តាំង ខ្ញុំស្រវារាករកផ្លែតៀប ក្រែងលមានទុំ ប៉ះផ្លែតៀបទុំក៏បេះស៊ីអស់២ផ្លែ ហើយចេញពីចំការនោះ ដើរយូរៗទៅឃើញតែព្រៃឥតឃើញវាលស្រែទេ ខ្ញុំនៅចាំបានថា កាលខ្ញុំនៅបួលរៀន ជិះឡានទៅភូមិ ស្រែ វាល គឺហួសពីថ្នល់បំបែកបន្តិច មានវាលស្រែ ហួសវាលស្រែ គឺដល់ភូមិស្រែវាលហើយ ខ្ញុំក៏ឈប់សម្រាក ក្នុងគុម្ពោតព្រៃមួយ រង់ចាំឲ្យរាំងភ្លៀងសិមធ្វើដំណើរបន្តទៀត ប្រហែលជាកន្លះម៉ោងក្រោយមក ភ្លៀងក៏រាំង ស្រាប់តែឃើញភ្លើងលេចធ្លោ នាំខ្ញុំទៅក្រោយវិញ ខ្ញុំហាក់ដូចជាមិនចង់ជឿ តែប្រថុយដើរតាមភ្លើសាក ល មើល ស្រាប់តែមួយសន្ទុះក្រោយមក ខ្ញុំបានមកដល់វាលស្រែ សូមអរគុណចំពោះភ្លើងដែលបានជួយនាំ និងតម្រង់ផ្លូវឲ្យខ្ញុំ ក្រឡេកមើលទៅវាលស្រែឃើញភ្លើងចន្លោះផ្លុងៗ ឯណេះមួយឯណោះមួយ ខ្ញុំគិតថា ប្រ ហែលជាមានគេដើរឆ្លុះកង្កែប, ដើរទំរាំផុតវាលស្រែភ្លឺស្រាងៗល្មម ខ្ញុំបានជួបលោកពូម្នាក់លីទ្រូក៏សួរថា នេះជាភូមិ ស្រែវាលឬពូ គាត់ថាហ្នឹងហើយចុះមិត្តឯងទៅណា? ខ្ញុំថាទៅភូមិវាលស្រែហ្នឹងចង់ជួបលោកតា
សេក ប៊ុត ពីដើមលោកធ្វើ ចៅអធិការវត្តស្រែវាល ពូនោះឆ្លើយថាគាត់នៅភូមិនេះ មានប្រពន្ធ និងមានកូន១ នាក់ ខ្ញុំក៏ដើរសំដៅចូលភូមិសាកសួរគេតាមផ្លូវរកផ្ទះលោកគ្រូ សេក ប៊ុត បានជួបដូចបំណង ខ្ញុំក៏ជំរាបគាត់ ត្រង់ថា រូបខ្ញុំត្រូវគេយកទៅសម្លាប់ រត់រួចចង់ទៅភូមិកំណើត តែប្រហែលជាទៅមិនដល់ទេ ដូច្នេះសូមលោក គ្រូជួយសុំគេឲ្យខ្ញុំបាននៅក្នុងភូមិនេះផង គាត់ប្រាប់ថាឥឡូវគេតឹងតែងណាស់ ចាំគាត់ទៅនិយាយសុំប្រធានភូមិសាកមើល (គាត់មិនបានហាមថា កុំឲ្យនិយាយរត់គេចពីការសម្លាប់ទេ) ហើយក៏ឲ្យខ្ញុំទៅនៅ បណ្តោះ អាសន្ន ជាមួយលោកតាឃ្វាលគោម្នាក់ នៅជាយភូមិ ខ្ញុំនៅទីនោះជួយឃ្វាលគោគេ ហើយហូបចុកដូចជាធូរ ធារ ជាងនៅភូមិស្វាយកាល់ស្រុកសន្ទុក (ពេលទៅឃ្វាលគោនៅវាលស្រែពូនោះគាត់ប្រាប់ខ្ញុំថា ប្រពន្ធតា សេក ប៊ុត កាត់យួនស្អាតណាស់ គេយកទៅសម្លាប់បាត់ហើយ កូនក៏យកទៅសម្លាប់ជាមួយដែរ ព្រោះកាត់ ខ្សែយួនដូចគ្នា) ខ្ញុំគិតថា មិនបានទៅដល់ស្រុកកំណើតក៏ហីចុះ នៅទីនេះក៏បានដែរ ។ លុះរំលងបាន៦ថ្ងៃ ស្រាប់តែមានគេមកប្រាប់ខ្ញុំថា ឲ្យទៅជួបប្រធានភូមិនៅផ្ទះរបស់គាត់ ហើយគេបាននាំខ្ញុំឲ្យទៅផ្ទះប្រធានភូមិ
លុះទៅដល់បានជួបប្រធានភូមិ កំពុងជក់បារី ស្លៀកខោខ្មៅខ្លី បង់កក្រមាក្រហម ឥតមានពាក់អាវទេ គាត់ បា្រប់ខ្ញុំថា ទៅជួបប្រធានសង្កាត់ជាមួយខ្ញុំ ជិះកង់ជាមួយគាត់ពីក្រោយ ខ្ញុំបានអង្វរករប្រធានភូមិថា សូម ពូជួយនិយាយប្រធានសង្កាត់ ឲ្យខ្ញុំបាននៅភូមិនេះផង ខ្ញុំបានរត់ពីខេត្តកំពង់ធំ ចង់ទៅស្រុកកំណើត តែខ្ញុំ មិនស្គាល់ផ្លូវទេ។ លុះទៅដល់ផ្ទះប្រធានសង្កាត់ គាត់ក៏បានប្រគល់រូបខ្ញុំ ឲ្យទៅប្រធានសង្កាត់ ហើយប្រធាន សង្កាត់ប្រាប់ថា ទុកវានៅទីនេះជាមួយឈ្លបសិនហើយ មិត្តឯងទៅមើលស្រែជាមួយខ្ញុំ យប់មេញភ្លៀងខ្លាំង ណាស់ តែមានដាច់ភ្លឺស្រែត្រង់ណា អង្គការយកខ្ញុំទៅចញ្ច្រាំហើយ ។ លុះប្រធានភូមិ និងប្រធានសង្កាត់ ចេញបាត់ កូនឈ្លបដែលនៅយាមខ្ញុំ បានប្រាប់ថា មិត្តឯងនៅលើផ្ទះនេះហើយ កុំទៅណាឲ្យសោះ ខ្ញុំទៅសំ លៀងកាំបិតមួយភ្លេត បើរត់កាំបិតនេះមិនត្រាប្រណើមិត្តឯងទេ, ហើយវាក៏កាន់កាំបិតយកទៅសំលៀងហាក់ ដូចជាប្រាប់ឲ្យខ្ញុំដឹងថា ហ្អែងមុខជាស្លាប់ក្រោមផ្លែកាំបិតនេះហើយ ខ្ញុំគិតថាពេលនេះអាសន្នធំហើយ គេចពី ជង់មកជួបអន្ទាក់ ពេលវាទៅសំលៀងកាំបិតខ្ញុំក្រឡេកទៅក្នុងទូកញ្ចក់ឃើញមានត្រីវិស័យមួយ ចង់យកដែរ តែបើកទូរមិនចេញជាប់ចាក់សោរ ចង់បំបែកកញ្ចក់ក្រែងវាឮ ក៏ឈប់ប៉ុនប៉ងយកត្រីវិស័យនោះ ហើយចុះ យ៉ាងលឿនពីផ្ទះ ចេញមកខាងក្រៅ ដើរយ៉ាងលឿនសំដៅមកវាលស្រែ មកដល់ស្រែ ដែលមានស្រូវខ្ពស់
ត្រឹមក ខ្ញុំឱនរត់រហូតជិតដល់ផ្ទះខ្ទម នៅជើងភូមិស្រែវាល ទើបដើរសំដៅទៅឆក់ យកការុងអីវ៉ាន់ ហើយ ចេញសៀតាមក្រោយខ្ទម ខ្ញុំក្រឡេកឃើញពូឃ្លាលគោ កំពុងអង្គុយជាមួយកូនប្រុស របស់គាត់នៅលើគ្រែ មុខខ្ទម តែគាត់មិនឃើញខ្ញុំទេ ខ្ញុំដើរកាត់ព្រៃល្បោះ ខាងជើងភូមិស្រែវាល ដើរយូរៗទៅកាន់តែចូលព្រៃ ជ្រៅ ទៅៗ ជួបអ្នកឃ្វាលគោម្នាក់ សួរគាត់ថាព្រៃនេះគេហៅព្រៃអី គាត់ថាព្រៃទួលឃ្លាំង, ព្រៃស្រោងធំ នៅខាង ក្រោមស្រឡះឃើញផ្លូវរទេះគោ និងផ្លូវថ្មើរជើងខ្វាត់ខ្វែងពេញព្រៃ ខ្ញុំដើរយូរទៅៗ ក៏វង្វែងមិនដឹងជាទៅទិស ណាទេ លុះមកដល់ដើមធ្លកមួយដើម មានផ្លែជ្រុះពេញ ណាហេវហត់ផង ណាឈ្លានផងខ្ញុំអរផើតក៏រើស ផ្លែធ្លកនេះហូបមួយឆ្អែត ហើយផឹកទឹកដក់តាមផ្លូវរទេះ រួចក៏ដេកសម្រាកនៅក្រោមដើមធ្លកនោះ លក់ទៅ មួយភាំងយល់សប្តិ៍ ដូចមានគេមកប្រាប់ថា ទៅទិសឥសាន្ត ខ្ញុំស្ទុះភ្ញាក់ឡើងរកមើលមនុស្ស ដែលនិយាយ បំបាញ់ម៉េញ តែអត់ឃើញអ្វីទាំងអស់ ខ្ញុំក៏ដើរទៅតាមទិសឥសាន្តដែលខ្ញុំឮពេលយល់សប្តិ៍ (ខ្ញុំឆ្លល់ដែរថា ខ្ញុំចង់ទៅទិសខាងកើតដើម្បីដល់ទន្លេ ហេតុអ្វីបានជាគេប្រាប់ថាឲ្យដើរទៅទិសឥសាន្តទៅវិញ? តែដោយសារ វង្វែង ហើយមានផ្លូវច្រើនពេក ហើយផ្លូវទាំងនោះគ្មានផ្លូវណា ទៅទិសខាងកើតមួយសោះ ទើបសម្រេចចិត្ត
ដើរតាមការយល់សប្តិ៍) ដើរទៀមុខបើឃើញផ្លូវណាទៅទិសឥសាន្ត គឺទៅតាមផ្លូវនោះរហូត ដល់ថ្ងៃជិតលិច បានចេញមកដល់វាល ដែលមានព្រៃរបស់ដុះទាបៗ ដើរកាត់ព្រៃរបស់មួយ សន្ទុះបានមកដល់ផ្លូវលំ១ ចាក់ គ្រួសក្រហម លាតសន្ធឹង ពីឥសាន្តទៅនិរតី ខ្ញុំប្រុងដើរតាមផ្លូវនោះទៅទិសឥសាន្ត ស្រាប់តែ ក្រឡេកមើល ទៅខាងស្តាំដៃ ខ្ញុំឃើញតាមចាស់ម្នាក់ស្លៀកខោឡាញ់ខ្មៅរលោង និងពាក់អាវពណ៍សយ៉ាងស្អាត ចង្កាវែង មានពុកម៉ាត់សក្បុះវែងអន្លាយ កំពុងអង្គុយនៅក្បែរគុម្ពឬស្សីខាងកើតផ្លូវ ខ្ញុំក៏ដើរតម្រង់ទៅរកគាត់ ហើយសួរ គាត់ថា លោកតាផ្លូវណាទៅទន្លេ គាត់ក៏បានឆ្លើយថា ចៅឯងដើរតាមផ្លូវជើងសៀរគុម្ពឬស្សី ទៅចម្ងាយប្រ ហែល១គីឡូ ឃើញក្រោលគោ១ ហើយងាកមកស្តាំដៃដើរមួយសន្ទុះ ឃើញឬស្សីពីងពង់គេដាំ ជាជួរតាមភ្លៅ ស្រែ បត់ឆ្វងដើរតាមជួរឬស្សីពេញពង់នោះ ផុតរំលងមួយស្រែដល់មាត់ទន្លេហើយ ខ្ញុំក៏សំពះលាគាត់ ដើរ
តាមអ្វីដែលគាត់បានប្រាប់ លុះដើរបានប្រហែល ១០ជំហាន ក៏ងាកមកក្រោយមើលទៅ លោកតាចាស់ នោះ ស្រាប់តែបាត់មិនឃើញ ខ្ញុំនឹកក្នុងចិត្តថា លោកតាគាត់ដើរទៅណាក៏លឿនម្ល៉េះ ហើយគាត់នៅមានខោអាវ ស្អាតស្លៀកពាក់ដែរ? ខ្ញុំគិតចុះគិតឡើងព្រឺក្បាលខ្ញាក ចុមប្រហែលជាខ្មោចលង់ទេដឹង? ឬក៏អ្នកសច្ចំបង់បត់ ណាមកជួយប្រាប់ផ្លូវ, តែទោះបីជាខ្មោចក៏ខ្មោចល្អមានចិត្តធម៌ សប្បុរសមកជួយខ្ញុំ ឬជាអ្នកសច្ចំ បានមក ជួយខ្ញុំ គិតបណ្តើរដើរបណ្តើរផុតជួរឬស្សីពេញពង់ ដល់វាលស្រែ ស្រាប់តែជួប អ្នកស្រុកមួយក្រុម ដើរតម្រង់ មកផ្លូវដែលខ្ញុំដើរនេះដែរ ខ្ញុំស្ពាយស្បោងដាក់ខោអាវអីវ៉ាន់ ដើរធ្វីហីចូលជាមួយ ក្រុមមនុស្សទាំងនោះ ពេល នោះមានម្នាក់និយាយខ្មែរមិនច្បាស់ រាងប៉ៃឡាំដូចចិន បានមកជិតខ្ញុំហើយយកត្រពាំងមួយចន្លៀស ពាក់លើ ស្មាខ្ញុំឲ្យជួយស្ពាយ ខ្ញុំក៏ជួយស្ពាយហើយដើរជាមួយក្រុមមនុស្សទាំងនោះ លុះមកដល់ផ្លូវបំបែកចូលភូមិ ចិន នោះ ក៏មកយកត្រពាំងពីខ្ញុំវិញទាំងទឹកមុខសើចញឹមៗ ហើយក្រុមមនុស្សទាំងនោះក៏បែកចូលទៅផ្ទះរៀងខ្លួន ចំណែកខ្ញុំដើរសៀរតាមភូមិ សំដៅទៅមាត់ទន្លេ ក៏ចូលទៅក្នុងគុម្ពឬស្សី ហើយលាក់ការ៉ុងអីវ៉ាន់ក្នុងគុម្ពឬស្សី រួចហើយដើរចេញមកក្រៅ ខ្លួនទទេខំសំឡឹងមើលទៅក្នុងទន្លេ ឃើញមានទូក៤-៥គេកំពុងដាក់មង ខ្ញុំចង់ឆ្លង
ទៅត្រើយខាងកើតទន្លេ តែឥតចេះហែលទឹកទេ តែចេះអុំទូក ព្រោះកាលនៅជាសង្ឃបួសនៅវត្តគរ ពេល ទៅបិណ្ឌបាតនៅភូមិ ទេព្វនិម្មិត្ត ត្រូវជិះទូកឆ្លងវាលស្រែ វត្តគរមានទូក១សំរាប់លោកជិះឆ្លងទៅបិណ្ឌបាត ខ្ញុំក៏រៀនចេះអុំទូកតាំងពីពេលនោះមក ហើយខ្ញុំមានបំណងឆ្លងឲ្យចំភូមិ ពាមជីលាំង ព្រោះអ្នកភូមិខ្ញុំធ្លាប់មក ធ្វើប្រហុកផ្អកនៅភូមិពាមជីលាំងនេះ ខ្ញុំគិតថាច្បាស់ជាមានផ្លូវទៅភូមិខ្ញុំមិនខាន តែខ្ញុំមិនដឹងថា ភូមិពាមជី លាំង នោះស្ថិតនៅត្រង់ណាទេ គ្រាន់តែដឹងថានៅត្រើយខាងកើតទន្លេ ខ្ញុំក៏សួរកូនក្មេងដែលកំពុង ដើរប្រ សាច តាមមាត់ទន្លេ គេចង្អុលប្រាប់ហូរហែរថា ទីនេះជាភូមិព្រែកបាក់ នៅត្រើយខាងកើតឈៀងខាងជើង ជាកោះត្រែង ហើយនៅទល់មុខនេះជាភូមិ(ខ្ញុំភ្លេច) នៅត្រើយខាងកើតឈៀង ខាងត្បូងឆ្ងាយពីនេះ ប្រ ហែលជា២គីឡូម៉ែត្រ គឺជាភូមិពាមជីលាំងហើយ ដល់ពេលរៀបព្រលប់ព្រឹលៗ ខ្ញុំឃើញទូកមួយ ១ ចូលមក ចតនៅគុម្ពឬស្សីដែលខ្ញុំបានទុកការ៉ុងអីវ៉ាន់ ។
លុះដល់ពេលយប់បន្តិច មានភ្លៀងធ្លាក់១មេយ៉ាងខ្លាំង ប្រហែល១ម៉ោង ខ្ញុំនៅជ្រកក្នុងគុម្ពោត១នៅក្បែរនោះ លុះមេឃរាំងភ្លៀងខ្ញុំដើរសំដៅទៅយកស្បោងអីវ៉ាន់ ហើយទៅរកមើល ទូកដែលគេចងនៅក្បែរនោះ ដើរ បាន៣-៤ម៉ែត្រក៏ឃើញឈើហ៊ុបអណ្តែតទឹក ១ដើម ដែលគេចងទុកនៅ មាត់ច្រាំង ខ្ញុំក៏គិតថា បើយកឈើ ហ៊ុបនេះ តោងបណ្តែតតាមទឹកទៅភូមិ ពាមជីលាំង ក៏ម្យ៉ាងដែរមិនបាច់យកទូកគេទេ កុំឲ្យគេជេរ, ក៏ស្រាយ ខ្សែរចេញពីឈើហ៊ុបនោះ ហើយសាកជិះលមើល ក៏ស្រាប់តែលិចផ្លឹបក្នុងទឹក ទើបចងឈើហ៊ុបនោះទុកឲ្យ គេវិញ ហើយដើរសំដៅទៅយកអីវ៉ាន់ និងទៅយកទូក តែឥតឃើញច្រវ៉ាទេ ខ្ញុំក៏ដើររាវរកតាមគុម្ពោតតូចៗ នៅក្បែរគុម្ពឬស្សីក៏ប្រទះឃើញច្រវា និងត្រឡោកសំរាប់បាយទឹក ខ្ញុំក៏រុញទូកដែលពេញទៅដោយទឹកភ្លៀង មិនហ៊ានបាចនៅក្បែរនោះទេខ្លាចគេឮ គ្រាន់តែផ្អៀង ឲ្យទឹកចេញបន្តិចក៏អុំទៅដល់កណ្តាលទន្លេ ទើបបាច ទឹកចេញពីទូកឲ្យអស់ ខ្ញុំអុំទូកសំដៅទៅទិសខាងត្បូង ក្នុងគោលបំណងទៅភូមិ ពាមជីលាំង ។
ពេលនោះរាត្រីខែរនោចព្រះច័ន្ទរះមួយចំហៀងចោលពន្លឺព្រឹមៗមកផ្ទៃទឹក ហើយចាំងផ្លាត និងរលកទឹកទន្លេ ឃើញពន្លឺពណ៌លឿងផ្លេចៗពេញផ្ទៃទឹក ខ្ញុំខំសម្លឹងរកមើលភ្លើង ដែលធ្លាប់នាំខ្ញុំ ឃើញនៅខ្ពស់ឆ្ងាយ ដូចជា ផ្លាយព្រឹកអញ្ចឹង ខ្ញុំអុំទូកបានមួយសន្ទុះធំស្រាប់តែឮសម្លេងមនុស្ស និយាយនៅត្រើយខាងកើតទន្លេ ខ្ទ័រតាម ទឹកឮច្បាស់ចេស ខ្ញុំក៏ស្រេកសួរទៅគេថាមិត្តអើយភូមិពាមជីលាំងនៅឯណា គេក៏ឆ្លើយប្រាប់មកវិញថា នៅ ត្បូងពីនេះប្រហែល១គីឡូទៀតដល់ហើយ គេសួរថាមិត្តឯងទៅភូមិពាមជីលាំងធ្វើអី ខ្ញុំឆ្លើយថាដឹកអីវ៉ាន់យក ជូនអង្គការ ។ លុះអុំទូកមួយសន្ទុះធំស្រាប់តែឃើញផ្លូវទឹកបែកជា២ ខ្ញុំសម្រេចចិត្តទៅខាងឆ្វេងដៃ គឺផ្លូវទឹក ដែលជាប់នឹងត្រើយខាងកើតទន្លេ គ្រាន់តែអុំបាន២-៣ច្រវាស្រាប់តែឃើញភ្លើងហោះធ្លោមកពីមុខខ្ញុំ ហើយ នាំខ្ញុំថយក្រោយទៅផ្លូវខាងស្តាំដៃ ពេលនោះខ្ញុំអល់ឯកមិនចង់ជឿ ព្រោះគោលដៅទៅត្រើយម្ខាង ទិសខាង កើត ហេតុអ្វីបានជាភ្លើងនាំមកផ្លូវខាងស្តាំដៃ នៅទិសខាងលិចទៅវិញ ក៏បន្តអុំទៅមុខទៀត បានប្រហែល ៥០ម៉ែត្រ ក៏គឿងទូកខ្ញុំចាក់ច្រវាទៅក្នុងទឹកឮសូរប្រួកៗ ដូចជាមានគេត្រាមអីក្នុងទឹកអញ្ចឹង ហើយនៅជុំវិញខ្ញុំ សុទ្ធតែព្រៃស្បាតក្រាសឃ្មឹករំព័ទ្ធដោយវល្លិគ្រប់មុខ ខ្ញុំក៏យកច្រវាចាក់រុញ ទូកថយក្រោយវិញ ។
ងាករកភ្លើងឃើញកំពុងចាំខ្ញុំនៅផ្លូវបំបែក លុះខ្ញុំអុំទូកដល់ផ្លូវបំបែកស្រាប់តែភ្លើងហោះធ្លោនាំមុខខ្ញុំ ម្តងនេះ ខ្ញុំលែងសង្ស័យអល់ឯកហើយ ក៏អុំតាមភ្លើងរហូត លុះអំបានមួយសន្ទុះធំ ភ្លើងក៏នាំខ្ញុំអុំទូបញ្ឆិត ទៅត្រើយ ខាងកើត ដើម្បីចូលអែបច្រាំងទន្លេ ពេលនោះខ្ញុំឮសម្លេងមនុស្សនិយាយខ្ទរតាមទឹកខ្ញុំក៏ស្រែកសួរគេថា មិត្ត អើយទីនេះភូមិពាមជីលាំងឬ? គេថាហ្នឹងហើយចូលមក ខ្ញុំអរភឹតក៏ប្រាប់គេថាអរគុណខ្ញុំគ្រាន់តែចង់ដឹងទេ ខ្ញុំត្រូវធ្វើដំណើរទៅមុខទៀត ខ្ញុំនិយាយយ៉ាងនេះព្រោះចង់គេចពីមនុស្ស ព្រោះអ្នកដែលនៅដល់ស្មើនេះ គឺ សុទ្ធតែពួកអង្គការហើយ ខ្ញុំក៏អុំទូកតាមភ្លើង បញ្ឆិតចូលច្រាំងទៅឲ្យឆ្ងាយពីសម្លេងមនុស្ស លុះដល់ច្រាំង ហើយខ្ញុំក៏យកអីវ៉ាន់ចេញ ហើយដាក់ច្រវាលើទូករួចរុញទូកទៅក្នុងទន្លេវិញ ដោយនិយាយថា អរគុណហើយ សំឡាញ់សូមឯងទៅរកម្ចាស់ដើមវិញចុះ រួចហើយខ្ញុំក៏ដើរកាត់ច្រាំងឆ្ពោះទៅ ទិសខាងកើត តាមភ្លើង ដែលកំ ពុងតែនាំមុខខ្ញុំ នៅរដូវដើមវស្សាដើមឆ្នាំ មានបន្លែបង្ការជាច្រើនដែលគេដាំ នៅតាមមាត់ទន្លេ ដូចជាពោត ត្រឡាច ល្ពៅ ឪឡឹក ត្រសក់ស្រូវ ដោយសារមេឃស្រឡះពន្លឺផ្កាយ បានជះមកលើ់ផែនដី ធ្វើឲ្យខ្ញុំអាចមើល
ឃើញ នូវដំណាំទាំងនោះកំពុងតែចេញក្តឹបព្រោងព្រាត ខ្ញុំបានបេះក្តឹបត្រឡាច និងត្រសក់ស្រូវហូបមួយឆ្អែត ហើយបេះមួយចំនួនទៀតដាក់ក្នុងស្បោងទុកហូបតាមផ្លូវ ពេលខ្ញុំកំពុងបេះបន្លែហូប ភ្លើងឥត ទៅណាឆ្ងាយ ពីខ្ញុំទេ គ្រាន់តែនៅខ្ពស់មើលទៅដូចផ្កាយព្រឹក រូចហើយខ្ញុំក៏បន្តដំណើរទៅមុខទៀត ភ្លើងបាននាំខ្ញុំដើរកាត់ ចំការបន្លែ គុម្ពឬស្សី ព្រៃល្បោះ ផ្នូរខ្មោច ។ល។ មកដល់កន្លែងមួយមានអូរហូរកាត់មុខខ្ញុំ នៅតាមផ្លូវសៀរ មាត់អូរ ខ្ញុំក្រឡេក ទៅត្បូងឃើញមានស្ពានឆ្លងកាត់ ខ្ញុំប្រុងឆ្លងកាត់អូរតាមស្ពាននោះ តែភ្លើងមិនព្រមនាំខ្ញុំ ទៅទេខ្ញុំចង់ដឹងក៏ដើរទៅមុខបន្តិច ទៀតភ្លើងឥតមកតាមខ្ញុំទេ ខ្ញុំសំឡឹងទៅស្ពាន ឃើញរោង១នៅមុខស្ពាន ខ្មៅស្ទុងៗ ខ្ញុំគិតថាប្រហែលជាមានមនុស្សដេកចាំ នៅទីនោះហើយបានជាភ្លើងមិននាំខ្ញុំទៅ ខ្ញុំបកក្រោយ មករកភ្លើវិញស្រាប់តែភ្លើនាំខ្ញុំចុះអូរ ពុទ្ធោខ្ញុំឥតចេះហែលទឹកទេ ចេះតែចែវទូក សំឡឹងឆ្វេងស្តាំរកទូក ឬ វត្ថុ អ្វីដែលអាចតោងហែលឆ្លងកាត់ក៏ឥតមាន ខ្ញុំក៏ដាច់ចិត្តទៅតាមភ្លើង ទឹកអូរកំពុងហូរ កួចត្របាញ់ល្អក់ខ្វល់ ឈានជើងចុះទឹកទាំងភ័យភិត ចុះបានបន្តិចត្រឹមជង្គង់ បន្ទាប់មកត្រឹងដើមទ្រូង ត្រឹម ក ដល់ពាក់ កណ្តាល អូរត្រឹមចង្ការ ហើយក៏រាក់ម្តងបន្តិចៗមកវិញ រហូតឆ្លងផុតមកដល់ច្រាំង រូចហើយខ្ញុំដើរទៅមុខទៀត តាម ភ្លើងទាំងខោអាវទទឹកជោក ដើរកាត់ព្រៃរបស់មួយសន្ទុះក៏ដល់ភូមិ១ ខ្ញុំមិនដឹងថាភូមិនោះឈ្មោះអីទេ ព្រោះ មនុស្សម្នាដេកស្ងាត់ឈឹង ខ្ញុំដើរសៀរភូមិទៅមុខទៀតតាមភ្លើង ផុតពីភូមិបានបន្តិច មកដល់ស្រះ(បឹង)មួយ យ៉ាងធំមានដើមកំផ្លោកដុះពេញ ខ្ញុំដើរទៅខាងជើងរកផ្លូវឆ្លងស្រាប់តែភ្លើងនាំខ្ញុំដើរឆ្លងកាត់ស្រះនោះ ខ្ញុំក៏ទៅ តាមភ្លើងដើរកាត់កំផ្លោកផុងត្រឹមៗជង្គង់ កន្លែងខ្លះផុងត្រឹមចង្កេះ ក៏បានមកដល់ត្រើយខាងកើត ហើយធ្វើដំ ណើរបន្តទៀតតាមភ្លើង ។
ខ្ញុំឥតដេកទេខំដើរយ៉ាងលឿនរហូតភ្លឹស្រាងៗមកដល់ភូមិមួយទៀតពេលនោះខ្ញុំមើលភ្លើងលែងឃើញហើយ ក៏ព្យាយាមដើរទៅត្បូងរកផ្លូវទៅមុខទៀតដោយ មិនដើរកាត់ភូមិទេខ្លាចជួបអង្គការអាពត លុះមកដល់ចុងភូមិ ខ្ញុំក៏ដើរសៀរភូមិទៅទិសខាងកើត ដើរបានមួយស្របក់ធំ ចូលដល់វាលស្រែ ឃើញក្មេងកំពុងដឹកគោទៅឃ្លាល ពេលនោះមានមនុស្សចាស់ម្នាក់ ស្រែកសួរខ្ញុំពីចម្ងាយថាមិត្តឯងទៅ ណា? ខ្ញុំមិនឆ្លើយហើយខំប្រឹងដើរយ៉ាងលឿន គេក៏បន្ទោសក្មេងទាំងនោះថា មិត្តឯងម៉េចធ្វើអញ្ចឹង ឃើញមនុស្សចំឡែកដើរ ឥតមានរត់ទៅ ស្ទាក់សួរនាំអីទេ! វាគ្រាន់តែបន្ទោសគ្នា តែវាមិនរត់ដេញខ្ញុំទេ ប្រហែលជាវាគិតថា ខ្ញុំជាមនុស្សមិនគួរឲ្យ សង្ស័យ ព្រោះខ្ញុំមានពុនវល្លិ និងការ៉ុងនៅពីក្រោយខ្នង មើលទៅហាក់ដូចជាអ្នកដើររកបោចវល្លិ ។ ខ្ញុំភ័យ ណាស់ដើរលឿនដូចគេរត់ ផុតពីវាលស្រែចូលព្រៃល្បោះ រូចចូលដល់ចំការកៅស៊ូ ដើរក្នុងចំការកៅស៊ូ យ៉ាង យូរពីព្រលឹមស្រាងហូតថ្ងៃរះផុតចុងឈើ បានមកដល់ភូមិមួយ ឃើញយាយៗម៉ែៗ កំពុងដាំស្លនៅក្នុងរោងចុងភៅ ខ្ញុំក្រឡេកមើលឆ្វេងស្តាំគ្មានឃើញមនុស្សប្រុសទេ ខ្ញុំ ក៏ដាច់ចិត្តចូលសួរគាត់ ភូមិនេះឈ្មោះអី ពួក គាត់ឆ្លើយយ៉ាងប្រញាប់ថា ភូមិថ្មពូន ខ្ញុំអរភឺតគិតថាជិតដល់ភូមិខ្ញុំហើយ ព្រោះ អ្នកភូមិខ្ញុំដែលទៅធ្វើ ប្រហុក ផ្អកនៅភូមិពាមជីលាំង គឺឆ្លងកាត់ភូមិថ្មពូនេះ ខ្ញុំក៏សួរគាត់ទៀតថា ផ្លូវណាទៅភូមិទេព្វនិមិត្ត គាត់ចង្អុលទៅ
ផ្លូវហើយប្រាប់ថា ទៅតាមផ្លូវនេះត្រង់ទៅប្រហែល២គីឡូ (ម៉ែត្រ) មានផ្លូវមួយបត់ស្តាំ ទៅមុខត្រង់ដល់ភូមិ ទេព្វនិម្មិត្ត ហើយ, ហេតុការណ៏នេះចម្លែកដែរពួកគាត់ឥតមានសួរនាំអ្វីទេ ខ្ញុំលាគាត់ហើយក៏ដើរ តាមផ្លូវ ដែលពួកគាត់ប្រាប់ ដើរមួយសន្ទុះធំ មកដល់វាលស្រែនឹកថា វង្វែងហើយឥតឃើញមានផ្លូវបត់ស្តាំសោះ ខ្ញុំ ងាកមើលទៅកើតឆ្ងាយ ឃើញកំពូលព្រះវិហារវត្តគរ ដែលខ្ញុំធ្លាប់បួសរៀននៅទីនោះ ខ្ញុំគិតថា អុញដើរហួស ផ្លូវចូលភូមិទេព្វនិម្មិត្ត ជិតដល់ភូមិរកាពប្រាំហើយ ខ្ញុំក៏សម្រេចចិត្តដើរកាត់វាលស្រែ មកទិសត្បូវ ដើម្បីចាក់ ទៅរកភូមិទេព្វនិម្មត្ត ដើរឆ្លងបឹងកំពត មកដល់វាលស្រែមុខភូមិទេព្វនិម្មិត្ត ខ្ញុំអរហើយគិតថា ដល់ភូមិអញ ហើយ, ពេលមិនទាន់ដល់ភូមិ ដើរលឿនដូចគេរត់ពេលដឹងថាដល់ភូមិ ស្រាប់តែអស់កម្លាំងហឹងស្លឹកត្រចៀក ខ្ញុំក៏ឈប់សំរាកក្រោម ដើមព្រីងមួយដែលដុះលើភ្លឺស្រែ គ្រាន់តែដាក់ខ្នងដល់ដី ក៏លក់វឹងរហូតដល់ ថ្ងៃគង ព្រៃទើមភ្ញាក់ដឹងខ្លួន ក្រឡេកមើលទៅត្បូងឃើញក្មេងម្នាក់ ខ្ញុំក៏ដើរមកសួរក្មេងនោះ ចង់ដឹងថាឪពុកម្តាយខ្ញុំ នៅក្នុងភូមិទេព្វនិម្មិត្តនេះឬទេ ឬក៏អង្គការជន្លៀសទៅ ណាបាត់ហើយ។ ជួបក្មេងនោះសួរថាប៉ាខ្ញុំឈ្មោះឡេង ម៉ែឈ្មោះយីម គាត់នៅក្នុងភូមិនេះឬទេ? ក្មេងនោះឆ្លើយថានៅ ខ្ញុំ អរភឺតក៏ដើរសំដៅទៅភូមិ ដើរកាត់តាមព្រៃ ល្បោះមុខភូមិឆ្ពោះទៅរកផ្ទះខ្ញុំ ។
ឃើញតែស្របកផ្ទះឥតមានមនុស្សនៅសោះ ខ្ញុំឡើងលើផ្ទះឥតឃើញមានអីវ៉ាន់អ្វីទាល់តែសោះ ខ្ញុំក៏ចុះពីផ្ទះហើយដើរសួគេតាមផ្លូវ កីបានជួបនឹងពូជីដូនមួយឈ្មោះ ញ៉ក់ ខ្ញុំសួរគាត់ថាគូចុះប៉ាម៉ែខ្ញុំទៅណាអស់ហើយ គាត់ក៏ភាំងមួយសន្ទុះ ក៏លាន់មាត់ថា អាហុងស៊្រុន ហ្អែងមកពីណា ខ្ញុំប្រាប់គាត់ថាខ្ញុំនឹកប៉ា ម៉ែខ្លាំងពេក ក៏រត់ ពីខេត្តកំពង់ធំមក រកប៉ាម៉ែ! គាត់ប្រាប់ថា ប៉ា ម៉ែ ហ្អែងមិននៅក្នុង ភូមិនេះទេ គាត់ទៅធ្វើការជាមួយអង្គការ ហើយ ។ ពូញ៉ក់ក៏នាំខ្ញុំទៅជួបអ៊ី គាន អ៊ីគន់ និងញាតិមិត្តមួយចំនួនទៀត ហើយ អ៊ី គានក៏ប្រាប់ខ្ញុំថា ហ្អែង ស្នាក់នៅជាមួយអញហើយ។
ពេលនោះពូញ៉ក់ក៏បាននាំខ្ញុំទៅជួបប្រធានភូមិ ដែលជាអ្នកភូមិជាមួយគ្នាឈ្មោះ គន់ ដែរតែមិនមែនមីងខ្ញុំទេ មិត្តនារី គន់ សួរនាំខ្ញុំយ៉ាងច្រើនជុំវិញរឿងរត់ពីកំពង់ធំ មកស្រុកកំណើតនេះ រួចហើយសួរខ្ញុំថា ឥឡូវនេះមិត្ត ឯងចង់រស់នៅជាមួយបងប្អូនណា? ខ្ញុំថា ចង់នៅជាមួយអ៊ីគាន, ខ្ញុំរស់នៅភូមិទេព្វនិម្មិត្តបាន៤ថ្ងៃ ក៏ត្រូវបាន ប្រធានឃុំហៅទៅសួរចម្លើយ អ៊ីគាន គាត់រៀបចំអីវ៉ន់ឲ្យខ្ញុំទាំងទឹកមុខ ក្រៀមស្រពោន ហើយប្រាប់ខ្ញុំថា បើគេ សួរថាចង់នៅជាមួយអ្នកណា ក្មួយឯងប្រាប់ថាចង់នៅជាមួយអ៊ីណា! ខ្ញុំក៏ធ្វើដំណើរទៅ តែម្នាក់ឯង ទៅផ្ទះប្រ ធានសង្កាត់ដែលស្ថិតនៅភូមិក្បាលបឹងសេះ ឥតមានអ្នកនាំទេ លុះទៅដល់ផ្ទះប្រធានសង្កាត់ជួបបង សេង ដែលពីដើមធ្លាប់បួសនៅវត្តគរដែរ សួរនាំពីមូលហេតុដែលនាំឲ្យខ្ញុំរត់ពីកំពង់ធំមកភូមិកំណើតនេះ ខ្ញុំប្រាប់ គាត់ដូចដែលខ្ញុំប្រាប៉ពូញ៉ក់ដូច្នោះដែរ គាត់សួរបញ្ចាក់ទៀតថា មិត្តឯងមានធ្វើទាហានទេ? ខ្ញុំបា្រប់ថាអត់ទេ ខ្ញុំនៅបួសរហូត ពេលចុងក្រោយខ្ញុំទៅរៀននៅខេត្តកំពង់ធំ ។
លុះដល់ប្រធានឃុំមកពីមើលស្រែវិញ បងសេងបានប្រាប់ពីអ្វីដែលគាត់បានសួរខ្ញុំដល់ប្រធានឃុំ ហើយប្រ ធានឃុំក៏ប្រាប់បងសេងថា បើដូច្នេះឲ្យមិត្តនេះ រស់នៅជាប្រជាជនផ្ញើសិនទៅ បងសេងក៏សួរខ្ញុំថា មិត្តឯង ចង់រស់នៅជាមួយអ្នកណា? ខ្ញុំថា ជាមួយអ៊ី គាន ហើយគេក៏អនុញ្ញាតឲ្យខ្ញុំមក ភូមិទេព្វនិមិត្ត វិញ ពេលមក ដល់ភូមិខ្ញុំដើរសំដៅទៅរោងបាយព្រោះថ្ងៃជិតត្រង់ហើយ ពេលដល់រោងបាយស្រាប់តែមនុស្ស រត់ស្រមកសួរ ខ្ញុំថា គេឥតមានធ្វើអីមិត្តឯងទេហ្អី? គេជួយអរហើយចុងភៅក៏ដួសបាយសម្លឲ្យខ្ញុំហូប ហើយនិយាយថា មិត្ត ឯងសំណាងហើយ អ្នកដែលគេហៅទៅសួរចម្លើយ កម្រមានអ្នកណាត្រឡប់មកភូមវិញណាស់ ខ្ញុំមិនយល់ ពាក្យនេះទេ! យប់ឡើងសួរអ៊ី គាន គាត់ថាគេយកទៅសម្លាប់ហ្នឹងណា!, ខ្ញុំបុកពោះផឹបៗគិតថា បើដឹងមុនមិនដឹងជាភ័យញ័រប៉ុណ្ណាទេ! ហើយច្បាស់ជាឆ្លើយរដាក់រដុប នាំឲ្យគេសង្ស័យមិនខាន។
ខ្ញុំរស់នៅភូមិទេព្វនិម្មិត្ត ត្រូវបានអង្គការចាត់តាំងឲ្យដើរស្ទូងស្រូវចល័តក្នុងឃុំ ក្រោយមកឲ្យមកនៅចាំ ចំការ ក្រូចខាងលិចភូមិ មកនៅចំការក្រូចដំបូង ពេលថ្ងៃកាប់រានដីដាំបន្លែ ពេលយប់ខ្ញុំទៅដេកនៅផ្ទះអ៊ីគានវិញ តែ ក្រោយមក ខ្ញុំបានធ្វើរោងមួយហើយដេកនៅចំការក្រូចរហូតដល់ដាច់អាពត នៅទីនោះខ្ញុំបាន ដាំបន្លែមាន ត្រប ស្ពៃ អំពៅ និងចិញ្ចឹមមាន់ ទា ផ្គត់ផ្គងដល់រោងបាយ និងដល់ក្រុមធ្វើស្រែចល័តក្នុងឃុំ ។ អ៊ីគាន និងកុង តុញ ចេះតែឆ្លិចសួរខ្ញុំថា តើខ្ញុំមានប្រពន្ធកូនហើយឬនៅ ហេតុអ្វីបានជារត់មកស្រុកវិញ សួរញយដងពេកទៅ ខ្ញុំក៏ប្រាប់គាត់ទាំង២ដោយត្រង់ថា ខ្ញុំមានប្រពន្ធហើយ មានទាំងកូនស្រី១ទៀតផង មូលហេតុដែល រត់ចោល ប្រពន្ធ និងកូន មកពីគេយកទៅវាយចោល ហើយរត់រួចតាំងពីភូមិស្វាយកាល់ ស្រុកសន្ទុក ខេត្តកំពង់ធំ មក ដល់ ភូមិកំណើត ដោយសារមានអ្នកសច្ចំនាំផ្លូវ ហើយខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់គាត់ ដូចអ្វីដែលខ្ញុំបាន ជូបតាមផ្លូវ ពេលនោះ អ៊ីគានក៏ប្រាប់ខ្ញុំថា ក្មួយឯងកុំនិយាយរឿងនេះ ប្រាប់អ្នកណាឲ្យសោះ ហើយអាខ្មៅ (ប្អូនប្រុស គាត់ធ្វើអង្គការក្នុងភូមិ) ក៏ហ្អែងកុំប្រាប់វាដែរ វាធ្វើការអង្គការ ក្រែងវាធ្លោយមាត់ប្រាប់គេឯទៀត ។
នៅចុងឆ្នាំ ១៩៧៨ អង្គការបានប្រកាសឲ្យយុវជន និងយុវនារី ក្នុងឃុំរៀបអាពាហ៍ពិពារ តែមិនចាប់បង្ខំឲ្យ ត្រូវតែយកអ្នកនេះ ឬអ្នកនោះតាមការចាត់តាំងទេ! គឺបើកសិទ្ធិឲ្យជ្រើសរើសដោយខ្លួនឯង កម៉្លោះ ក្រមុំក្នុងឃុំ ជ្រួលច្របល់ដើររើសគូរៀងៗខ្លួន ខ្ញុំធ្វើហី (ព្រោះមានប្រព័ន្ធរួចហើយ) ពេលនោះអ៊ី គាន សួរខ្ញុំថាហ្អែងម៉េច មិនរកគូស្រករនឹងគេទៅ? ខ្ញុំឆ្លើយថា ចង់រកដែរតែខ្ញុំមានប្រព័ន្ធហើយ ក្រែងថ្ងៃក្រោយជួបគ្នាវិញ គាត់ដក ដង្ហើមធំហើយនិយាយថា មិនងាយនឹងជួបទេ ស្រុកទេសនៅតែដូច្នេះឯង មិនងាយនឹងផ្លាស់ប្តូរទេ បើគេក្តាប់ តឹងណែនយ៉ាងនេះ, ទាន់ខ្លួននៅក្មេងរកព្រពន្ធទៅ ពេលនោះមានបងស្រីម្នាក់ឈ្មោះភន ជាកូនចញ្ចឹមធំ ស៊ុយ ធំស៊ាន បានបបួលខ្ញុំឲ្យទៅមើលកូនគេនៅភូមិគោល ខ្ញុំក៏ទៅតាមគាត់ឃើញ បង និងប្អូនស្រី ២នាក់ ម្នាក់ស និងម្នាក់ទៀតខ្មៅ, ខ្ញុំក៏ចាប់ចិត្តនាងស លុះត្រឡប់មកវិញចែភនសួរថា ម៉េចពេញចិត្តមួយណា ខ្ញុំថា នាងស គាត់ប្រាប់ថានាងសត្រូវជាប្អូនទេ ចុះបើខ្ញុំស្រឡាញ់តែនាងស ចែឯងគិតយ៉ាងម៉េច? អើចាំអញទៅ សួរម៉ែគេមើល តើគេព្រមឲ្យកូនប្អូនយកប្តីមុខឬអត់? ទីបំផុតឪពុកម្តាយខាងស្រីក៏ព្រម ពួកយើងរៀបការ ចំនួន៣៧គូ ពេលរៀបការ បងប្អូនខាងខ្ញុំមានតែចែភនម្នាក់ នឹងឪពុកម្តាយខាងស្រីទៅមើល គេការនៅក្នុង រោងបាយភូមិគោល គេតម្រៀបតុជា២កាត់ ក្នុងមួយកាត់ៗមានកៅអី២ជួរទល់មុខគ្នា ស្រីអង្គុយម្ខាង ប្រុស អង្គុយម្ខាងទល់មុខគ្នា រីឯបងប្អូនឪពុកម្តាយនៅឈរមើលពីខាងក្រៅ ពេលនោះប្រធានភូមិគាត់ឡើង ចាប់ អារម្មណ៍ ជេរចក្រព័ត្រអាមេរិកកាំងមួយសន្ទុះ បន្ទាប់មកក៏ប្រាប់ដល់គូស្រករ ដែលអង្គុយទល់មុខគ្នាឲ្យចាប់ ដៃគ្នា ហើយគាត់ឲ្យពរថា សូមឲ្យមិត្តយុវជន និងយុវនារីទាំងអស់ចាប់ដៃគ្នាជាគូស្វាមីភរិយា ខិតខំបង្កបង្កើត កូនចៅឲ្យបានច្រើន ដើម្បីជួយជាកម្លាំងកសាងជាតិមាតុភូមិ តាមទិសដៅមហាលោតផ្លោះ មហាអស្ចារ្យ របស់អង្គការ ។
ពួយើងក៏បានចាប់រលាក់ដៃគ្នា ហើយនាំគ្នាហូបបបររៀងៗខ្លួន លុះត្រឡប់មកដល់ផ្ទះវិញ ម្តាយក្មេកខ្ញុំ គាត់ យកធូប៣សរសៃ (គាត់ធ្វើទុកមុន ដោយយកស្លឹកគរ ទុំៗទៅបុកឲ្យខ្ចេចម៉ត់រួចប្រោះទឹកសើមៗ ហើយយក ទ្រនុងធាងដូងមកប្រនៀលលើកំទេចស្លឹកគរនោះ កើតបានជាធូប) មកអុជ និងមានមាន់ស្ងោរ១ បាយ១ឆ្នាំង (បានមកពីដោះដូរខោអាវជាមួយគេ) សែនព្រេនជីដូនជីតានៅសរសរ ក្រឡោងផុ្ទះ លុះដល់យប់ផ្សំដំណេក ខ្ញុំស្រក់ទឹកភ្នែកម្នាក់ឯងនឹកដល់ប្រពន្ធ និងកូន នៅខេត្តកំពង់ធំ មើលទៅយើងអស់បានជួបគ្នាហើយ ឲ្យបង សុំទោស ធ្វើម្តេចបើស្រុកទេសគេអញ្ចឹង (កំហុសទាំងនេះសូមឲ្យពួកអាពតវាទទួលយកជំនួសខ្ញុំផងចុះ!) ។
នៅដេកផ្ទះភូមិគោលបាន១យប់ ស្អែកឡើង នាំប្តីប្រពន្ធមកស្នាក់នៅជាមួយអ៊ីគាន ឯភូមិទេព្វនិមិត្តវិញ មក ដល់ភូមិស្នាក់នៅជុំគ្នា បានតែ៥ថ្ងៃប៉ុណ្ណោះ ប្រពន្ធខ្ញុំត្រូវអង្គការបំបែកឲ្យដើរស្ទូងស្រូវចល័តក្នុងឃុំ យូរៗបាន មកដេកផ្ទះម្តង ឯខ្ញុំមកនៅចំការក្រូចដូចធម្មតា ឥតបាននៅជួបជុំគ្នាខិតខំបង្កបង្កើតកូន ដូចដែលអង្កការបាន ឲ្យពរនោះទេ! នេះជាពាក្យអង្កការ និយាយឲ្យតែរួចពីមាត់របស់គេ ស្តាប់ទៅហាក់ដូចជា អង្គការយកចិត្ត ទុក ដាក់ រឿងគូស្រករនេះខ្លាំងណាស់, ចង់បង្កើនប្រជាជនខ្លាំងណាស់ តែសម្រេចសម្រួល ឲ្យនៅបែកគ្នាដដែល ដូចកាលពេលឥតទាន់រៀបការអញ្ចឹង! ។ នៅចុងឆ្នាំ១៩៧៨ ខែ១២ កងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា គាំទ្រដោយកងទ័ពវៀតណាម បានវាយរុញច្រានពួកអាពត ហើយរំដោះទឹកដី ត្រើយខាងកើតទន្លេ មេគង្ក ជាបន្តបន្ទាប់ ហើយភូមិទេព្វនិម្មិត្ត ត្រូវបានរំដោះពីក្រញាំបីសាចប៉ុលពត នៅខែធ្នូ ឆ្នាំនោះដែរ ក្រោយ មករំដោះភ្នំពេញបាននៅ ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ។
ពេលស្រុកទេសត្រូវបានរំដោះថ្មីៗ ខ្ញុំ និងប្រពន្ធចុង បានបែកពីឪពុកម្តាយមកទៅចំការកៅស៊ូ២១៧ ក្នុង គោលបំណង់ធ្វើជា កម្មករចំការកៅស៊ូនៅទីនោះ ពេលនោះមានមនុស្សចូលទៅនៅក្នុងភូមិបណ្តើរៗហើយ មានប្រធានភូមិ ក័ដូចជាប្រធានក្រុម បានចាត់តាំងកម្លាំងដើរកាប់ឆ្ការព្រៃសំអាតកៅស៊ូជាបណ្តើរៗហើយ ពួកអ្នកចូលចំការកៅស៊ូទាំងអស់ ពុំទាន់មានប្រាក់បំណាច់ ឬការឧបត្ថម្ភអ្វីទាំងអស់ ម្នាក់ៗធ្វើការដោយ ស្មគ្រចិត្ត ខ្ញុំ និងប្រពន្ធក្រោយបានចូលក្នុងក្រុមហើយធ្វើការដូចគេឯង ។ ហើយបានកាប់ឆ្ការដីនៅ ខាង ក្រោយផ្ទះដាំពោត និងសណ្តែលបាយ ពេលថ្ងៃទំនេរទៅខ្វាត្រីឆ្លូញ នៅអូរគគីខាងក្រោយភូមិ ខ្ញុំបានជួយ អ្នកភូមិ២១៧ ធ្វើដែកខ្វាត្រីឆ្លូញអោយស្ទើរគ្រប់គ្នា។ មកនៅចំការកៅស៊ូបាន១ខែ ប្រពន្ធខ្ញុំមានទម្ងន់ចាញ់ កូន ខ្ញុំបានថ្នាក់ថ្មមនាង មិនឲ្យធ្វើការងារធ្ងន់ទេ តែជាអកុសលទម្ងន់បាន១ខែ មានយប់១នោះភ្លៀងធ្លាក់ ១មេយ៉ាងធំ ព្រឹលឹមឡើងប្រពន្ធខ្ញុំដើរទៅក្នុងចំការកៅស៊ូ រកបេះបន្លែយកមកស្ល ក៏ស្រាប់តែរអិលជើងដួល ដោយសារភ្លៀងទើបនឹងរាំងថ្មីៗ ធ្វើឲ្យដីក្រហមស្អិតជាប់ជើង ដកជើងពីកន្លែងស្អិត មកជាន់លើដីដែល មានទឹកដក់តិចៗ ក៏រអិលដួលទាំងជំហរ ធ្វើឲ្យរលូតកូននៅពេលនោះទៅ! ជាសំណាងល្អពេលនោះ មាន ប្អូនស្រីជីដូនមួយខ្ញុំ ឈ្មោះ ស្រ៊ន ចេះពេទ្យ សម័យប៉ុលពត ក៏បានមកជួយកៀរយកឈាមចេញពីស្បូន ហើយដាក់ឲ្យ ដេកលើគ្រែ ដុតភ្លើងពីក្រោម ដើម្បីសម្រន់ការឈឺចាប់ តាមរបៀបឆ្មបបូរាណ (ឆ្អើរភ្លើង)។
ក្រោយមកដោយពុំទាន់មានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអ្វីនោះ ប្រធានភូមិ និងប្រធានក្រុម ក៏មិនតឹងតែងដែរ បណ្តោយអ្នកភូមិឲ្យដើររកស៊ីរៀងខ្លួន អ្នកខ្លះក៏ចេញ ពីភូមិទៅរកស៊ីនៅកន្លែងដទៃទៀត អ្នកខ្លះក៏នៅក្នុងភូមិ នេះដដែល តែដើររកស៊ីរៀងៗខ្លួន អ្នកភូមិបែកគំនិត ទៅទិញអីវ៉ាន់ពីប្រទេសវៀតណាម យកមកលក់ស្រុក ខ្មែរ ឃើញគេរកស៊ីបានខ្ញុំក៏ទៅជួញជាមួយគេដែរ ខ្ញុំ ដើររើសគ្រឿងកង់ចាស់ៗក្នុងភូមិមកផ្សំផ្គុំបានកង់មួយ ហើយយកក្រវឹលប្រពន្ធ២ជី ធ្វើជាដើមទុន ទៅវៀតណាមទិញអីវ៉ាន់យកមកលក់ ពេលនោះទំនិញត្រូវប៉ាន់ មានតែខ្ទឹមស និងចានឆ្នាំង ខ្ញុំទិញខ្ទឹមសយកមកដើរលក់រហូតដល់ផ្លូវបំបែកស្គន់ ដើម្បីស៊ឺបដំណឹងថា តើ អាចទៅកំពង់ធំបានឬនៅ? ពេលទៅដល់ស្គន់ ខ្ញុំឃើញ គេលក់ត្រីងៀត ខ្ញុំសួរគេថា ត្រីនេះយកពីណាមក? គេថាមកពីកំពង់ធំ ត្រីវាលក្រោម ពេលនោះខ្ញុំដឹងថា អាចទៅកំពង់ធំបានហើយ ។
រកស៊ីរបរជួញដូរនេះបានចំណេញគ្រាន់ចញ្ចឹមក្រពះដែរ ទៅបាន៤ជើង លើកចុងក្រោយត្រូវគេប្លន់អស់ រលីងពីខ្លួនប៊ិសនឹងងាប់ទៀតផង, ពេលនោះខ្ញុំមានគំនិតមួយ ចង់ទៅកំពង់ធំ ស៊ឺបសួរគេមើល ក្រែង ប្រពន្ធ និងកូននៅរស់ ពេលនោះវៀតណាមបានដឹកអង្ករជាច្រើនមកស្តុកទុកនៅឃ្លាំងទន្លេបិត ហើយមានអ្នកភូមិ ខ្ញុំទៅស៊ីឈ្នួលលីអង្ករនៅទីនោះដែរ ដោយដូរថ្នូរជាអង្ករ ខ្ញុំបានលួងលោមប្រពន្ធក្រោយថា បងចង់ទៅលី អង្ករនឹងគេ ព្រោះយើងឥតមានដើមរកស៊ីទៀតទេ មានតែកម្លាំង, គាត់ក៏យល់ព្រម, កង់ខ្លួនឯងត្រូវគេប្លន់ យកបាត់, ខ្ញុំបានខ្ចីកង់បងថ្លៃខ្ញុំ ប្រាប់គាត់ថា ទៅស៊ីឈ្នួលលីអង្ករនៅទន្លេបិត គាត់ថា កង់នឹងវាចេះតែធ្លាក់ ច្រវ៉ាក់ ហុងស្រ៊ុន ឯងមើលទៅ បើអាចជិះកើតយកទៅ, ខ្ញុំយកកង់នោះមករឹតច្រវាក់ ហើយជិះសាកលមើល ជិះបានយូរដែរទំរាំធ្លាក់ច្រវាក់ម្តងៗ ខ្ញុំក៏ខ្ចីកង់គាត់រួមទាំង ស្នប់ និងម៉ាឡេត សំរាប់រឹតច្រវាក់ផង, ខ្ញុំសម្រេច ចិត្តថា ទៅថ្ងៃស្អែកហើយ ។
ពេលល្ងាចខ្ញុំដើរកាច់ពោតទើបតែពងក្អុក ដែលដាំនៅខាងក្រោយផ្ទះ យកមកស្ងោរហូប ជាកិច្ចលាគ្នា ជាចុង ក្រោយ, យប់ឡើងនិយាយពាក្យ ប្រផ្នូលជាច្រើនប្រាប់ប្រពន្ធចុង បើបងទៅយូរមិនឃើញមកវិញ អូនឯងយក ប្តីទៀតចុះជាដើម, គាត់យកដៃខ្ទប់មាត់ខ្ញុំ កុំឲ្យនិយាយប្រផ្នូលចំឡែកយ៉ាងនេះធ្វើអី! កាលទើបនឹងបានគ្នា ដំបូងប្រពន្ធខ្ញុំចេះតែសួរជជីកខ្ញុំថា គាត់នេះចាស់អាយុ២៩បានយកប្រពន្ធ ប្រហែលជាពីមុន ធ្លាប់មានប្រពន្ធ ហើយទេដឹង? ខ្ញុំចេះតែប្រកែកជារឿយៗថាឥតមានទេ! ក្រោយៗមកទៀតគាត់ចេះតែជជីកសួរដដែលៗ ខ្ញុំក៏ ប្រាប់គាត់តាមត្រង់ថា បងមានប្រពន្ធរួចហើយមែន គេឈ្មោះ ហៀក វួចនី ព្រមទាំងមានកូនស្រី១ ឈ្មោះ សុភា ទៀតផង, ដល់ប្រាប់ត្រង់គេឥតជឿខ្ញុំ តាំងពីពេលនោះមក លែងសួរខ្ញុំពីរឿងមានប្រពន្ធនេះជារៀង រហូត ។
ព្រលឹមឡើងប្រពន្ធខ្ញុំដាំបាយវេចខ្ចប់ រៀបចំប្រដាប់ប្រដារឲ្យខ្ញុំ ហើយថើបខ្ញុំមួយខ្សឺត! ខ្ញុំក៏លបថើប គេមួយ វិញដែរ ជាការលាគ្នា ខ្ញុំនឹកអាណិតប្រពន្ធចុងជាអនេកពន់ពេក ហើយគិតក្នុងចិត្តថា បើបងមិនជួបប្រពន្ធ ដើមទេ បងនឹងវិលមករកអូនវិញជាក់ជាមិនខានឡើយ ។ ខ្ញុំធ្វើដំណើរធាក់កង់មួយៗ លុះដល់ចុងភូមិ ងាក មើលក្រោយឃើញប្រពន្ធដែលជូនដំណើរ កំពុងតែឈរក្រវីដៃ ជាសញ្ញាលាគ្នា ខ្ញុំទន់ជង្គង់ ធាក់កង់ស្ទើរតែ មិនទៅមុខ ខំប្រមូលអារម្មណ៍ឡើងវិញ ហើយធាក់កង់សន្សឹមៗទៅមុខ, មកដល់ទន្លេបិត ខ្ញុំ មិនទៅឃ្លាំង អង្ករទេ ក៏ឆ្លងទូកដរហើយធ្វើដំណើរសំដៅទៅត្រើង ដល់ ត្រើងក៏ជិះបត់ស្តាំតម្រង់ទៅចំការលើ ជិះមួយថ្ងៃ ទល់ល្ងាច បានទៅដល់ចំការលើ ហើយសុំផ្ទះអ្នកភូមិសំរាក ព្រឹកឡើងបន្តដំណើរទៅកំពង់ធំ មកដល់ស្រុក សន្ទុកខ្ញុំឆ្លៀតចូលភូមិវាំង ក្នុងគោលបំណងរកឪពុកម្តាយក្មេក, បានទៅដល់កន្លែងដែលពួកគាត់ធ្លាប់រស់នៅ ឃើញតែដីទទេ ឥតឃើញផ្ទះទេ ខ្ញុំសួរអ្នកភូមិ ដែលរស់នៅក្បែ នោះ គេប្រាប់ថា ពួកគាត់រើផ្ទះទៅនៅភូមិ ស្រយ៉ូវហើយ, ក្នុងចំណោមអ្នកភូមិមានយាយម្នាក់គាត់ស្ទុះមកសួរខ្ញុំថា អូហ្នឹងកូនប្រសារយាយយន ដែល ថាគេយកទៅវាយចោល ហើយរត់រួចនោះ? ខ្ញុំឆ្លើយថាបាទ គឺខ្ញុំហ្នឹងហើយ, ឱក្មួយអាយុថ្លៃណាស់ យាយ យន់មកដូរអង្ករខ្ញុំទាំងយប់ប្រាប់ត្រង់ថា កូនប្រសារត់គេចពីការសម្លាប់ ខ្ញុំក៏ឲ្យគាត់មិនយកថ្នូរអីទេ យាយ នោះក៏ដកដំឡូងមីបានមួយការ៉ុងឲ្យខ្ញុំ យកទៅជូនម៉ែក្មេក ខ្ញុំអរគុណគាត់ហើយក៏លាគាត់ធ្វើដំណើរ បន្តទៅ ទៀត លុះមកដល់ភូមិស្វាយកាល់ ជួបអ្នកដែលយកខ្ញុំទៅសំលាប់ ជិះកង់បញ្ច្រាសទិសគ្នា មិត្ត រេម និងមិត្ត សៅរ៍ ពូសៅរ៍បានហៅខ្ញុំទៅលេងផ្ទះ ខ្ញុំឆ្លើយថាប្រញាប់ណាស់មិនបានចូលទេចាំថ្ងៃក្រោយចុះ ។ ឯមិត្ត រេម ក៏លាន់មាត់ថា អូហ្នឹង ផេង ខ្ញុំថាហ្នឹងហើយ យកគ្នាទៅវាយចោលហើយធ្វើមិនស្គាល់ ។
ខ្ញុំបន្តដំណើរទៅដល់ភូមិស្រយ៉ូវចូលទៅជួប ប្រពន្ធបងគ្រុយមុនគេ គាត់ចង្អុលទៅប្រពន្ធខ្ញុំ ដែលកំពុងដេក ឈឺលើកន្ទេល ហើយប្រាប់ថានោះ ប្រពន្ធផេងឯង ឪពុកម្តាយគាត់ និងកូនៗទាំងអស់ រស់នៅមួយខ្ញុំទីនេះ ខ្ញុំក្រឡេកទៅជើងឃើញប្រពន្ធ សំឡឹងមកខ្ញុំធ្វើភ្នែកស្លឺ, ខ្ញុំស្រេកថាអានី បងមកវិញហើយ ឯណាកូនស្រី យើង? ប្រពន្ធខ្ញុំឮសំឡេងខ្ញុំ ក៏ស្ទុះហេរពីកន្ទេលមករកខ្ញុំ ហើយបា្រប់ថា កូនយើយស្លាប់ហើយ ខ្ញុំក៏បានជួប ជុំប្រពន្ធវិញនៅពេលនោះទៅ, ពេលនោះអ្នកដែលអរជាងគេគឺឪពុកក្មេកខ្ញុំ គាត់អរខ្លាំងណាស់ ហើយបាន យកកង់ខ្ញុំជិះទៅប្រាប់ម៉ែក្មេកខ្ញុំដែលទៅកំពង់ធំតាំងពីព្រឹក ។
នៅជាមួយឪពុកម្តាយក្មេក ដែលពេលនោះ គាត់ក៏មិនមានទ្រព្យសម្បត្តិអ្វីទេ ត្រូវខ្ទេចទ្ទាំក្នុងរបបប៉ុកពត អស់ ទៅហើយ យប់ឡើងខ្ញុំទៅដេកចងសន្ទូចនៅភូមិបញ្ញាជី តែរកត្រីមិនកាក់កបសោះ ក្នុងមួយយប់រកត្រីបាន តែ១ ឬ២គីឡូតែប៉ុណ្ណោះ ក្រោយមកឪពុកម្តាយក្មេកខ្ញុំ ខ្ចីលុយគេបានបន្តិចបន្តួច ឲ្យខ្ញុំយកទៅរកស៊ី ទិញអី វ៉ាន់ពីថ្នល់បំបែកចំការលើ យកទៅលក់នៅកំពង់ធំ ការរកស៊ីមិនកាក់កបប៉ុន្មានទេ ព្រោះខ្ញុំធ្លាប់បួសរៀន មិន ដែលរកស៊ីម្តងណាទេ ក្រោយមកពូ សៃ (បងថ្លៃប្រពន្ធខ្ញុំ) បានមកពីភ្នំពេញហើយប្រាប់ខ្ញុំថា នៅភ្នំពេញមាន គេរកមនុស្សធ្វើគយ ខ្ញុំក៏សម្រេចចិត្តមកភ្នំពេញជួប និងស្នាក់នៅផ្ទះ លោក ទូច ទុំ ប្រពន្ធគាត់ត្រូវជាក្មួយ រប ស់ ម្តាយក្មេកខ្ញុំ នៅបានមួយរយៈ មិនឮគេថារើសគយឡើយ ពេលនោះបង ទុំ ក៏ហៅខ្ញុំឲ្យចូលធ្វើការជា មួយ គាត់ជាកូនចៅគាត់ នៅក្រុមហ៊ុនស្បៀងមជ្ឈឹមនៅ ខែកក្កដា ឆ្នាំ ១៩៧៩ ខ្ញុំក៏បានទៅយក ប្រពន្ធមកនៅជា មួយ ហើយប្រពន្ធក៏បានចូលធ្វើការនៅស្បៀងមជ្ឈឹមដែរ ។ នៅចុងឆ្នាំ ១៩៧៩ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើ ជាអនុប្រធានសាខាស្បៀងមជ្ឈឹមនៅក្រុងព្រះសីហនុ