Sunday, May 3, 2015

នៅលើភពផែនដីយើងនេះ ខ្មោចពិតជាមានមែន​



ខ្មោចតាមជួយខ្ញុំ

អារម្ភកថា PREAMBLE

រឿងខ្មោចតាមជួយខ្ញុំនេះ កើតឡើងជាង៤០ឆ្នាំហើយ តាំងពីខ្ញុំមានអាយុ ២៥ឆ្នាំម្ល៉េះ ឥឡូវខ្ញុំអាយុ៦៦ឆ្នាំ ហើយ ជារឿងប្រវត្តិសាស្ត្រ ទាក់ទង​នឹងរបបខ្មែរក្រហមប៉ុលពត, សម័យនោះប្រជាជនខែ្មរស្លូតត្រង់ ជាច្រើន គ្រួសារត្រូវរងទុក្ខទោសវេទនាដោយការបែកបាក់និរាសព្រាត់ប្រាស់គ្នា ខ្លះត្រូវស្លាប់ដោយសារ ជម្ងឺគ្មានថ្នាំព្យាបាល ខ្លះស្លាប់ដោយឥតមានអីហូបអត់បាយ ភាគច្រើនស្លាប់ដោយសារពួកប៉ុលពតយក ទៅសម្លាប់​ រឿងអាក្រក់ហួសនិស្ស័យមនុស្ស មានច្រើន​ណាស់ ដូចជាការយកកូនក្មេងតូចៗទៅសម្លាប់ ជាមួយ​ឪពុកម្តាយ ការសម្លាប់មនុស្សពុះទ្រូងយកថ្លើមស៊ី ហើយប្រមាត់យកទៅត្រាំស្រាជាដើម...។ល។

ពេលប្រទេសទើបនឹងរំដោះថ្មីៗ ខ្ញុំបាននិយាយរឿងខ្មោចជួយខ្ញុំនេះ ប្រាប់បងប្អូន មិត្តភក្តិស្តាប់ គ្រាន់តែ ជាការប្លែកអារម្មណ៍ប៉ុណ្ណោះ, នៅចុងឆ្នាំ១៩៧៩ ខ្ញុំបាននិយាយរឿងនេះក្នុងអង្គសិក្ខាសាលានយោបាយ មួយនៅអតីតវិទ្យាល័យដេកាតជិតវត្តភ្នំ ពេលនោះមិត្តភក្តិមានការរំជួលចិត្តណាស់ មិននឹកស្មានថាមាន ខ្លោចចិត្តល្អជួយមនុស្សយ៉ាងនេះទេ មានមិត្តខ្លះបានមកជំរុញខ្ញុំឲ្យសរសេររឿងនេះ​ទៀតផង, តែដោយ សាររវល់ធ្វើការខ្ញុំចេះតែហីៗទៅ មិនទាន់បានសរសេររឿងនេះទេ ។

នៅឆ្នាំ១៩៩៤ ពេលដែលខ្ញុំធ្វើការនៅកំពង់ផែ ក្រុងព្រះសីហនុ បានជួបលោកគ្រូ ជនជាតិអាមេរិកកាំង ម្នាក់ឈ្មោះ Kenneth Cramer ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា ACE ក្រៅពីរៀននៅសាលា ខ្ញុំបានរៀន​អង់គ្លេសបន្ថែមទៀតនៅផ្ទះគាត់ពេលថ្ងៃៗ ពីម៉ោង១២ដល់ម៉ោង១ ក្រោយមកបានប្តូរគ្នារៀន ភាសា គឺគាត់បង្រៀនអង់គ្លេសខ្ញុំកន្លះម៉ោង ខ្ញុំបង្រៀនភាសាខ្មែរគាត់វិញកន្លះម៉ោង​​ ពេលបង្រៀនខ្មែរ ខ្ញុំតែងតែនិយាយពី ជំនឿ ទំនៀមទំលាប់ វប្បធម៌ខ្មែរ ជូនគាត់ស្តាប់ ហើយក្រោយមកក៏បាននិយាយរឿង ខ្មោចជួយខ្ញុំ ឲ្យរួចពីសេចក្តី​ស្លាប់ ក្នុងរបបប៉ុលពតផងដែរ និងមានថតសម្លេងទុកក្នុង VCD សម្រាប់ចាក់ ស្តាប់ឡើងវិញទៀតផងដែលលោក Kenneth Cramer  បានរក្សាទុក VCD នោះនៅល្អរហូតដល់សព្វថ្ងៃ។​

ក្រោយមកនៅឆ្នាំ២០០៧ ខ្ញុំបានចុះមូលដ្ឋានទៅពិនិត្យក្រុមផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន និងសំ​ណល់ជាតិផ្ទុះពីសង្រ្គាម របស់ស៊ីម៉ាក់ នៅស្រុកសំឡូត, នៅពេលយប់មុនចូលគេង ខ្ញុំបាននិយាយរឿង នេះប្រាប់មិត្តរួមការងារ ចំនួនប្រមាណ១៧នាក់ នៅផ្ទះមិត្តនារីបូរ គាត់ជាបណ្តាញមីនស្ម័គ្រចិត្តរបស់ ស៊ីម៉ាក់ ពេលនោះប្តីគាត់ ក៏ថាគាត់ស្គាល់ព្រៃទួលឃ្លាំងច្បាស់ណាស់ ព្រោះធ្លាប់ធ្វើការនៅទីនោះសម័យ ប៉ុលពត​ និយាយរឿងនេះចប់លោក យ៉េង វណ្ណៈតារា នៅអាជ្ញាធរមីន(អតីតតារាភាពយន្តខ្មែរ) បានប្រាប់ ខ្ញុំថាបងឯងសរសេររឿងនេះទៅ ចាំខ្ញុំយកទៅឲ្យគេថតកុនក្រែងបានលុយចាយ​ ព្រោះនៅសម័យនោះ ក្រុមក្មេងជំទង់ៗចូលចិត្ត មើលកុនរឿងខ្មោចណាស់ ព្រោះពេលណាគេខ្លាច គេបានអោបគ្នាដោយមិន ចាំបាច់អៀន​ខ្មាស់គ្នា, ខ្ញុំគ្រាន់តែស្តាប់មិនជាចាប់​អារម្មណ៍អ្វីទេ ណាមួយ​រវល់ការងារផង ក៏ចេះតែហីៗ ទៅ​, មិនបានសរសេរជារឿងទេ ។

ក្នុងឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងពិធីមង្គលការកូនប្រុសរបស់ខ្ញុំ ខែឧសភា ខ្ញុំបានជួបលោក​ Kenneth Cramer ម្តងទៀតដោយចៃដន្យ យើងបាននិយាយរំលឹកពីអនុស្សាវរីចាស់ឡើងវិញ គាត់ក៏បានជំរុញខ្ញុំឲ្យ សរសេររឿង ខ្មោចជួយខ្ញុំនេះ ដើម្បីមនុស្សជំនាន់ក្រោយបានដឹងផង ដោយសារមានការលើកទឹកចិត្តនេះ និងដោយសារខ្ញុំគិតថា ខ្ញុំចាស់ហើយចង់រក្សាទុករឿងនេះឲ្យនៅគង់វង់បានយូរ ក្រោយពេលខ្ញុំស្លាប់ ហើយ​ម៉្យាងទៀតខ្ញុំចូលនិវត្តន៍(រ៉ឺត្រែត)ហើយ មិនសូវមានការងារធ្វើដូចមុនទៀតទេ បានជាខ្ញុំសម្រេចចិត្ត សរសេររឿងនេះឡើង ។  

អ្វីដែលលេចធ្លោក្នុងរឿងនេះ គឺ​ខ្ញុំត្រូវគេយកទៅសម្លាប់២-៣ដង តែមិនស្លាប់ បានរត់រូច នៅមានជីវិត រហូតដល់សព្វថ្ងៃ ដោយសារមានខ្មោចចិត្តល្អជួយថែរក្សា និងនាំផ្លូវខ្ញុំ ឲ្យដើរកាត់ព្រៃល្បោះ, ព្រៃស្រោង, ព្រៃឬស្សី, កាត់វាល, កាត់​ទន្លេ, កាត់ចំការបន្លែ កាត់ចំការស្រូវ កាត់បឹង​, កាត់អូរ, កាត់ផ្នូរខ្មោច, គឺខ្មោច នាំដើរកាត់ត្រង់ អស់រយៈពេល​ ៣យប់៣ថ្ងៃ បានទៅដល់ភូមិកំណើត គឺខ្ញុំរត់តាំងពីភូមិស្វាយកាល់ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទៅដល់ស្រុកកំណើត ភូមិទេពនិមិត្ត ឃុំគរ ស្រុក​ត្បួងឃ្មុំ (សព្វថ្ងៃជា ខេត្ត) ខេត្តកំពង់ចាម ចម្ងាយផ្លូវធម្មតាមិនកាត់ត្រង់ គឺប្រវែងប្រមាណ១៤៥គីឡូម៉ែត្រ ។

ចំណាំ  REMARK
-អក្សរក្នុងវង់ក្រចក (…...…......) ជាការពន្យល់ពាក្យ ដែលនៅខាងក្រោយវង់ក្រចកនោះ
-ពាក្យថា -៣នាក់ ស្មើនឹងពាក្យថា ២នាក់ ទៅ ៣នាក់
-ក្នុងរឿងនេះខ្ញុំប្រើគ្រាមភាសាជាច្រើន សម្របតាមពាក្យអ្នកភូមិនិយាយគ្នារាល់ថ្ងៃដូចជា៖
អី(អ្វី), ធើ(ធ្វើ), អញ្ចឹង(ដូច្នេះ), វ៉ៃ(វាយ), ងាប់(ស្លាប់), ហ្នឹង(នោះ), មើ(មើល), អ៊ី(មីង), ទ្រា(ពូ), កុង(តា),
សោ(បងថ្លៃស្រី) កូវ(ម្តាយមីង) ហ៊ា(បងប្រុស) ចែ(បងស្រី), ម៉េច(ម្តេច), ឡាន(រថយន្ត)...ជាដើម ។

ការផ្សងព្រេងប្រថុយគ្រោះថ្នាក់ក្នុងរបបប៉ុលពត
THE DANGEROUS ADVENTURE IN POL POT REGIME

ខ្ញុំឈ្មោះ គួន ផេង ឈ្មោះក្នុង បញ្ចីជាតិ សម័យមុនពេលកើតសង្រ្គាមគឺ ឡេង អ៊ាម ផេង ឈ្មោះហៅក្រៅ​នៅភូមិទេពនិមិត្តគឺ ហ៊ុងស្រ៊ុន កើតឆ្នាំ ១៩៥០ ជាកូនកសិករ នៅភូមិកណ្តាល (ជួនកាលគេហៅភូមិគរ)  ឃុំគរ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយ​ជំនាន់​ឥស្សរៈ ឪពុកម្តាយខ្ញុំរួមជាមួយអ្នកភូមិត្រូវបានជន្លៀស មកនៅភូមិក្បាលអូរមួយរយៈ លុះស្រុក​សន្តិភាព រាជការស្រុកបានបង្កើតភូមិថ្មី ចម្ងាយប្រមាណ១គីឡូ​ម៉ែត្រនៅខាងជើងភូមិក្បាលអូរ ពេលនោះឪពុកម្តាយខ្ញុំ ព្រមទាំង​អ្នកភូមិដទៃទៀតមួយចំនួន បានមក​នៅភូមិថ្មីនោះឈ្មោះ "ទេពនិមិត្ត" ហើយអ្នកភូមិមួយចំនួន បានវិលទៅនៅ​​ភូមិកណ្តាលវិញ ។

ដំបូងខ្ញុំរៀននៅសាលាបឋមសិក្សា ភូមិទេពនិមិត្ត ក្រោយមកខ្ញុំ និងបងប្រុសខ្ញុំ ត្រូវបានឪ​ពុកម្តាយ នាំទៅ រៀននៅវត្តគរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លុះដល់អាយុបាន ១៤ឆ្នាំ ខ្ញុំត្រូវបាន​បំបួសជាសង្ឈ សាមនេ នៅវត្តគរ ហើយនៅឆ្នាំ ១៩៦៥ បានចេញទៅរៀនសាលាបាលីរងថ្នាក់ទី១ នៅវត្តខ្នារ ឃុំ​ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅឆ្នាំ១៩៦៦ ដោយវត្តខ្នារគ្មានថ្នាក់ទី២ ខ្ញុំបានទៅរៀននៅវត្ត​ភ្នំដិល ឃុំ​តាំងក្រាំង ស្រុកជើងព្រៃ ក្នុងខេត្តកំពង់ចាម នៅឆ្នាំ១៩៦៧ បានទៅរៀនថ្នាក់ទី៣ នៅវត្តស្រែវាល ខេត្ត​កំពង់ចាម។

នៅពាក់កណ្តាលឆ្នាំ១៩៦៧ ខ្ញុំបានប្រឡងជាប់ចូលរៀននៅពុទ្ធិកវិទ្យាល័យ​ព្រះសុរាម្រឹត្យភ្នំពេញ ការប្រ​ឡងនេះ តឹងតែងណាស់ ប្រកួតប្រជែងខ្លាំងណាស់ ក្នុងចំណោមសមនសិស្ស ជាង២៥០០អង្គ សំរាំង​ជ្រើសយក​តែ២០០អង្គប៉ុណ្ណោះ សំរាប់រៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត្យ ភ្នំពេញ១០០អង្គ និងនៅ​ពុទ្ធិកវិទ្យាល័យ​អ៊ឹងធួង នៅខេត្តបាត់ដំបង១០០អង្គ ត្រូវធ្លាក់ជាង២៣០០អង្គ, ខ្ញុំអាយុទើបតែបាន១៧ឆ្នាំ​ ជាលោកនេន (អាយុ២០ឆ្នាំទើបបំពេញភឹក្ខបាន) បានប្រឡងជាប់និទ្ទេសល្អ បានចូលរៀននៅភ្នំពេញ​ ព្រះសង្ឃណាជាប់និទ្ទេសមធ្យមទៅរៀននៅបាត់ដំបង លោកភឹក្ខ​អាយុច្រើនខ្លះ ពីអាយុ២០ទៅដល់​៤០​ឆ្នាំប្រឡងធ្លាក់រាប់ដង មិនអស់​ ខ្លះរៀនទាល់តែបានធ្វើគ្រូសាលាបាលីរងទៀតផងក៏នៅតែប្រឡងធ្លាក់​ ខ្ញុំស្នាក់នៅវត្តសារាវ័ន ក្រុងភ្នំពេញ នៅកុដិលេខ៤ ដែលមានលោកគ្រូព្រះញាណវង្ស អ៊ុំ ស៊ុំ (គេហៅទុំ) ជាមេកុដិ, ឆ្នាំ១៩៧១ បានប្រឡងជាប់ឌីប្លូមសាលាបាលី ។

ខ្ញុំ និងមិត្តរួមសាលា ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត្យ២នាក់ទៀត​ ឈ្មោះ សាន់ អ៊ុន និង ឈុន សារិទ្ធ បាន ពិគ្រោះគ្នាចង់រៀនបន្ត យកសញ្ញាប័ត្របាក់អង នៅសាលារដ្ឋ កាលនោះ សញ្ញាប័ត្រឌីប្លូម សាលាបាលី មានតម្លៃស្មើគ្នា នឹងសញ្ញាប័ត្រឌីប្លូមសាលារដ្ឋដែរ, ដើរសួរគេគ្រប់សាលារដ្ឋ នៅភ្នំពេញគេមិនទទួលទេ គេថាមិនដែលធ្លាប់ឃើញ អ្នកមានសញ្ញាប័ត្រឌីប្លូមសាលាបាលីណា មករៀនបន្តយកសញ្ញាប័ត្របាក់អង នៅសាលារដ្ឋទេ គេមិនហ៊ានអនុញ្ញាតឲ្យចូលរៀនឡើយ,​ ពេលនោះលោក សាន់ អ៊ុន (សព្វថ្ងៃនៅរស់) បានទៅសួរគេនៅវិទ្យាល័យកំពង់ចាមទៀត លុះត្រឡប់មកភ្នំពេញវិញ គាត់បានប្រាប់ពួកយើងថាសាលា​រដ្ឋនៅកំពង់ចាម​ គេអនុញ្ញាត ឲ្យចូលរៀនបន្តបាន ព្រះសញ្ញាប័ត្រទាំង២មានតម្លែស្មើគ្នា, គិតទៅសាលា​រដ្ឋដូចគ្នាប៉ុន្តែ ការអនុវត្តន៍ខុសគ្នា ពួកខ្ញុំមិនទាន់សិក្ខភ្លាមទេ ចាំដាក់ពាក្យចូលរៀនសិន បើគេទទួលចាំ​សិក្ខក៏នាំគ្នាដាក់ពាក្យ សុំចូលរៀនថ្នាក់ទី២ (ស្មើនឹងថ្នាក់ទី១០បច្ចុប្បន្ន) នៅវិទ្យាល័យកំពង់ចាមទាំងអស់​គ្នាលុះពេលគេទទួលហើយ ពួកយើងសិក្ខ, លោក សាន់ អ៊ុន មានពូគាត់នៅភ្នំពេញទំនុកបំរុង, លោក ឈុន សារិទ្ធ មានពូគាត់នៅភ្នំពេញ ហើយអាចចូលស្រុកកំណើតនៅថ្លុកជ្រៅបាន មានបងប្អូនទំនុកបំរុង​ រីឯខ្ញុំចូលស្រុកក៏មិនបាន (តំបន់​រំដោះរបស់ប៉ុលពត) និងគ្មានអ្នកទីពឹងនៅភ្នំពេញទេ មិនដឹងជាបានលុយ​ឯណារៀនបន្តទៀត បើនៅជាសង្ឃ និមន្ត​បិណ្ឌបាត ពេលខ្លះគេនិមន្តសូត្រមន្ត ចេះតែបានរស់ និងបាន​រៀនហើយ, ពេលនោះខ្ញុំឃើញអ្នកមកពីស្រែស្នាក់នៅក្នុងវត្ត ធាក់ស៊ីក្លូនៅភ្នំពេញ ខ្ញុំក៏​សាកធាក់ស៊ីក្លូរក​លុយរៀន ដំបូងថៅកែស៊ីក្លូ គេមិនទុកចិត្តខ្ញុំទេ មានពូម្នាក់ធាក់ស៊ីក្លូយួរហើយធានាខ្ញុំ, គេឲ្យស៊ីក្លូចាស់​ធាក់តឹងណាស់ ដូចគេធាក់កង់ឡើងភ្នំអញ្ខឹង! ណាមួយមិនសូវស្គាល់ផ្លូវ មិនហ៊ានកាត់ថ្លៃទេ ស្រេចតែ​គេឲ្យ, រកលុយមិនសូវបានទេ, ធាក់ស៊ីក្លូចាស់ប្រថុយគ្រោះថ្នាក់ណាស់ មានថ្ងៃមួយខ្ញុំដឹកពួម្នាក់ព្រម​ទាំងកូន២នាក់នៅម្តុំជិតទូតចិន ស៊ីក្លូកំពុងតែលឿនទៅមុខ ស្រាប់តែរបូតតួខាងមុខចេញពីសាក់ស៊ី ឆក់ខ្ញុំ​ដែលកំពុងតែកាន់តួខាងមុខនោះ ធ្លាក់ពីលើកែប បោកទៅនឹងដី សំណាងល្អឥតមានឡាន ឬម៉ូតូមកពី​ក្រោយ កុំអីមិនដឹងជាយ៉ាងណាទេ ចំណែកអ្នកជិះ និងកូន២នាក់ គ្រាន់តែបះជើងហើយដេកលើពូកស៊ីក្លូ​ដែលទ្រដោយកង់២, ខ្ញុំរលាត់ក្បាលជង្គង់ទាំង២ ហើយក៏សុំទោស អ្នកជិះ ដោយមិនយកលុយពីគាត់ទេ ខ្ញុំដឹកស៊ីក្លូយកឲ្យថៅកែវិញ ​គេឥតឲ្យសងទេ គេឲ្យស៊ីក្លូផ្សេងមួយ​ទៀតមកជំនួស ស៊ីក្លូក្រោយនេះធាក់​តឹងដដែល ខ្ញុំអង្គុយឆ្កើសឆ្កៀលរកមើល ក្រែងមានកន្លែងណាបាក់បែក ខ្លាចគ្រោះថ្នាក់ដូចមុនទៀត ពេលនោះមានអ្នកធាក់ស៊ីក្លូដូចគ្នា មកជួយមើលគេថាស៊ីក្លូនេះ កង់ទាំង២រីកចេញក្រៅ អូនឯងយកឲ្យ​ជាងវាស់ទៅធាក់ធូរហើយ ក្រោយពីយកឲ្យជាងស៊ីក្លូធ្វើរួចមក ក៏ធាក់ធូរដូចគេថាមែន, ពេលនោះវ៉ាកង​ជិត៣ខែ ខ្ញុំខំប្រឹងធាក់ស៊ីក្លូ សន្សំលុយទិញបានកង់១​ និងនាឡិកាដៃ១​ សល់លុយមួយចំនួន ទុកចាយ​នៅពេលរៀន ដល់ពេលចូលកង ក្រុមយើងក៏ទៅរៀននៅកំពង់ចាម ស្នាក់នៅក្នុងវត្តបឹងកុក, រៀនបាន៣​ខែក៏អស់ស្បៀងរៀងខ្លួន​, នៅកំពង់ចាមគ្មានស៊ីក្លូទេ ពួកយើងក៏បែកគំនិត បើកកួរបង្ហាត់អង់គ្លេស ពួក​យើង​​ចេះអង់គ្លេស កាលរៀននៅពុទ្ធិកវិទ្យាល័យ,​ ពេលនោះយើងក៏ហូបបាយរួមគ្នា ខ្ញុំ និងលោក ឈុន សារិទ្ធ បង្រៀនអង់គ្លេស, រៃឯលោក សាន់ អ៊ុន ចាំទារលុយ  និងធ្វើចុងភៅ លុះដល់ពេលវ៉ាកងខ្ញុំ និងមិត្ត​២នាក់នេះ បានផ្ទេរទៅរៀននៅភ្នំពេញថ្នាក់ទី១​​​ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជិតវត្តសារាវ័ន ។

រៀននៅភ្នំពេញ​​ខ្ញុំស្នាក់នៅក្នុងវត្តសារាវ័ន ពេលយប់ឆ្លៀតធាក់ស៊ីក្លូ យកលុយទុកចាយ ពេលនោះសម័យ លន់ណុល មនុស្សម្នាភៀសខ្លួនមកពីស្រុកស្រែចំការច្រើនណាស់​ ស្រួលរកស៊ីណាស់, ធាក់ស៊ីក្លូពេល យប់បានថ្លៃជាងពេលថ្ងៃ ពេលនោះលុយ​រាងធ្លាក់ថោកបន្តិចហើយ បាយឆាអន្ទង់១ចានថ្លៃ១៥រៀល ក្នុង ១យប់ខ្ញុំរកបានពី៣០០រៀលទៅ៤០០រៀល។ មានពេលមួយនោះខ្ញុំឆ្លៀតធាក់ស៊ីក្លូពេលថ្ងៃ ដល់ថ្ងៃត្រង់ក៏ ទៅហូបបាយនៅហាងបាយ១ ជិតវត្តព្រះពុទ្ធ ក្បែរស្តាតអូឡាំពិក ហូបហើយក៏ដេកសំរាកលើស៊ីក្លូ ក្រោម ដើមអំពិលបារាំង ពេលនោះមានក្មេងស្រី១នាក់ (អនាគតប្រពន្ធខ្ញុំ)​ បានមកបើកមួកមើលមុខខ្ញុំ ហើយ ក៏រត់ចេញទៅវិញ ខ្ញុំរកចាប់ដៃក៏ស្រវាផុតៗ ឃើញនាងរត់ចូលសាលាអ៊ឹងម៉េងតឹក នៅក្នុងវត្តបាត់ទៅ! លុះដល់ពេលល្ងាច ខ្ញុំក៏ទៅហូបបាយទីនោះទៀត ចាំមើលកូនសិស្សចេញពីរៀន ក្រែងឃើញក្មេងស្រី ម្នាក់ដែលបើកមួកខ្ញុំថ្ងៃម៉ិញ​​, កំពុងតែចាំ ពេលនោះដូចមានប្រផ្នូលអ្វីមួយ ស្រាប់តែឃើញមេឃចេញពន្លឺ ពណ៌មាស ​ចាំងមកលើផែនដីមួយសន្ទុះ ប្រហែល៣នាទី ខ្ញុំឃើញនាងដើរ ចេញពីសាលា មានសម្បុរ និងរាងរៅ សមឥតទាស់ ស្អាតមែន! ដើរជាប់ជាមួយមិត្តស្រីម្នាក់ នៅពីក្រោយមិត្តស្រីជាច្រើននាក់ខ្ញុំមើល ភាំងរហូតដល់ផុតកន្ទុយភ្នែក ទើបមេឃ​ប្រែពណ៌មកជាធម្មតាវិញ ខ្ញុំចម្លែកក្នុងចិត្តចំពោះអព្ភូតហេតុនេះ ខ្ញុំក៏បាននិយាយបួងសួង នៅក្រោមដើមអំពិលបារាំងថា បើខ្ញុំជាគូព្រេងជាមួយនាង សូមទេវតាជួយចែចូវ ឲ្យខ្ញុំផង! (សុបិនក្លាយជាការពិត គូព្រេងគឺពិតជាមានមែនទែន ពាក្យចាស់លោកមិនកុហកទេ, ការហើយ ពេលទំនេរ ខ្ញុំបាននិយាយគ្នាលេង ជាមួយប្រពន្ធខ្ញុំ ហើយក៏ធ្លាក់ចូលដល់រឿង កាលនៅរៀនធាក់ស៊ី​ក្លូ មានក្មេងស្រីម្នាក់មកបើកមូកមើលមុខ, ប្រពន្ធខ្ញុំ ក៏លាន់​មាត់ថាគឺគាត់ហ្នឹងហើយ ដែលបានបើកមួកខ្ញុំ ដើម្បីមើលមុខ គាត់ថាគាត់មិនដែលហ៊ានធ្វើអ្វីផ្តេសផ្តាស់អញ្ចឹងទេ ថ្ងៃនោះពេលចេញលេង ដូចជាមាន អ្វីមួយមកជំរុញចិត្តគាត់ឲ្យចង់មើលមុខខ្ញុំ ។  សូមស្លេះត្រឹមនេះសិន និយាយពីរឿងប្រពន្ធខ្ញុំ(អានី)​

ប្រពន្ធខ្ញុំឈ្មោះ ហៀក វួចនី (ក្នុងរឿងនេះហៅអានី) កើតឆ្នាំ​ ១៩៦០ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុក កំពង់​ស្វាយ ខេត្តកំពង់ធំ អាយុបាន៦ឆ្នាំ រៀននៅសាលាបឋមសិក្សាភូមិបញ្ញាជី រៀនដល់ថ្នាក់ទី៩ពីដើម, ដល់ឆ្នាំ ១៩៧០ស្រុកកើតសង្រ្គាម អានីនៅក្នុង​តំបន់រំដោះរបស់ខ្មែរក្រហម រត់លូនបានមួយរយៈ ក៏ចូល មកនៅក្នុងតំបន់គ្រប់គ្រង​ដោយរដ្ឋការ លន់ណុល នៅឆ្នាំ១៩៧១ មកនៅភ្នំពេញជាមួយបងរៀនថា្នក់ទី៨ នៅបាន៣ឆ្នាំ ដល់ពាក់កណ្តាលឆ្នាំ១៩៧៤  ត្រឡប់ទៅនៅកំពង់ធំវិញ រៀនថ្នាក់ទី៥នៅវិទ្យាល័យកំពង់ធំ, ថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ១៩៧៥ រៀបការ ។​

មុនពេលរៀបការ១០ថ្ងៃ ព្រឹកមួយម៉ែអានីប្រាប់អានីថា ប៉ាកូនឯងប្រាប់ម៉ែថា ឲ្យកូនឯងទៅគេហើយ ពេល ថ្ងៃរសៀល បងថ្លៃកូនឯងមក ឲ្យគេ (ប្រពន្ធគ្រូឃាង)ជូនទៅកាត់សំពត់អាវទៅ, អានីចង់ប្រកែកដែរដោយ គិតថាមិនដែលស្គាល់គេផង ប៉ាចេះតែឲ្យទៅគេកើតដែរ រៀបនឹងប្រកែកហើយ ស្រាប់តែ​អ៊ីហូយ អ្នកលក់ កន្ទុយលេខ(ពេលនោះគេឥតហាមចាក់កន្ទុយលេខទេ) ស្រែកសួរម៉ែអានីថា ចែឯងចាក់ឆ្នោត​អត់? មាន​យល់សប្តិអីទេ? ម៉ែអានីស្រែកហៅថា អើអាហូយ!ចូលមកណេះសិនមក រួចហើយម៉ែអានី និយាយពីការ​យល់សប្តិ​ប្រាប់អ៊ីហូយឲ្យជួយកាត់  អ៊ីហូយក៏កាត់ថាសប្តិហ្នឹងត្រូវចាក់លេខនេះ លេខនោះ រួចកត់លេខ​បាន៧-៨លេខហុចឲ្យម៉ែអានីៗ ក៏បានប្រាប់អានី ដែលអង្គុយជិតនោះ​ ឲ្យទៅយកលុយក្នុងទូរ មកឲ្យគាត់​ចាក់កន្ទុយ​លេខ អានីចូលទៅដល់ក្នុងបន្ទប់ បើកទូរយកលុយរួចបិទទ្វារទូរវិញ ងាកទៅលើទូរឃើញ​កំប៉ុងជើងធូប និង ធូប១ដុំនៅទីនោះដែរ ក៏នឹកឃើញ ហ្អូ! ជិតការចាក់ឆ្នោតផ្សងមើលសិន បើគូព្រេងសូម​ឲ្យចាក់ឆ្នោតត្រូវ បើមិន​ត្រូវទេប្រកែកម៉ែមែនទែនហើយ មិនយកគេហ្នឹងទេ និងមិនទៅកាត់សំពត់អាវ​ល្ងាចនេះទេ,​ ក៏ទាញធូបមកអុជហើយផ្សងថា បើគេជាគូព្រេងរបស់ខ្ញុំមែន សូមឲ្យចាក់ឆ្នោតត្រូវ រួចហើយ​ដើរចេញមកក្រៅវិញ ហុចលុយឲ្យម៉ែ រួចហើយប្រាប់អ៊ីហូយថា អ៊ីឯងកត់លេខ ៧១ និង ៧២ឲ្យខ្ញុំផង អ៊ីហូយខំតាមសួរថា ហ្អែងយល់​សប្តិអី អានីថាកុំសួរអី! តាមពិតទៅព្រោះអានីមិនដឹងប្រាប់គាត់​ថាម៉េច ព្រោះឥតមានយល់សប្តិអីទេ ដូចជា​មានអ្វីមក​ទាញមាត់ឲ្យថាលេខហ្នឹង។ ស្រាប់តែថ្ងៃត្រង់ឃើញ អ៊ីហូយ​ជិះកង់មកស្រែកប្រាប់ថា​ ហ្អែងត្រូវឆ្នោតហើយវាចាក់តែ២លេខត្រូវ ម៉ែវាចាក់មួយគំនរឥតត្រូវ អានីឮ​អញ្ចឹងក៏នៅស្ងៀមទៅ គិតថាគេជាគូព្រេងហើយ ថ្ងៃរសៀល​​បងថ្លៃមកដល់ អានីក៏ទៅកាត់សំពត់អាវជា​មួយគាត់ ។ សូមស្លេះត្រឹមនេះសិន និយាយពីរឿងខ្ញុំ និងរឿងអានីរួមគ្នា....

ឆ្នាំ១៩៧២-១៩៧៣ ខ្ញុំបានប្រឡងជាប់​សញ្ញាប័ត្របាក់អង, ចុងឆ្នាំ១៩៧៣ ប្រឡងជាប់ជាបុគ្គលិកនៃ​ក្រសួងអភិវឌ្ឍ​សហគមន៍ ហើយឆ្នាំ១៩៧៤ ពេលរៀនហ្វឹកហ្វឹន ពីច្បាប់អភិវឌ្ឍសហគមន៍ចប់  បុគ្គលិក​ទាំងអស់ ត្រូវបានបញ្ជូនឲ្យទៅធ្វើការតាមគោលដៅនានា យោងទៅតាមលេខរៀងពិន្ទុពេលប្រឡងចេញ​ តាមលេខរៀងពិន្ទនេះ ខ្ញុំត្រូវទៅធ្វើការនៅខេត្តកំពង់ធំ ពេលនោះលោក សាវ៉ាត (ខ្ញុំភ្លេចត្រកូលចាំតែ ឈ្មោះ) ត្រូវទៅធ្វើការនៅខេត្តសៀមរាប បានមកអង្វរខ្ញុំសុំដូរគ្នា​ ព្រោះគាត់មានពូនៅខេត្តកំពង់ធំ ចង់ទៅ ស្នាក់នៅជាមួយពូ ខ្ញុំក៏ព្រមដូរឲ្យគាត់ ព្រោះខ្ញុំមានមិត្តជិតស្និតឈ្មោះឈុន សារិត ក៏បានទៅធ្វើការនៅ ខេត្តសៀមរាបដែរ ។  ​

លុះរំលងមកបាន២ថ្ងៃមានបុគ្គលិកនារី​ម្នាក់ (ខ្ញុំភ្លេចឈ្មោះ) ដែលត្រូវទៅធ្វើការនៅខេត្តកំពង់ធំ មកអង្វរ ខ្ញុំ៣-៤ដងសុំដូរទៅខេត្តសៀមរាបវិញ ព្រោះគាត់ចង់ទៅរស់នៅជាមួយបងគាត់ ដែលទើបនឹងផ្លាស់ចេញ ពីខេត្តកំពង់ធំ ទៅធ្វើការនៅខេត្តសៀមរាបថ្មីៗមុននេះ២-៣ថ្ងៃ ដំបូងខ្ញុំមិនចង់ដូរទេព្រោះបានទៅជាមួយ លោក ឈុន-សារិត មានការកក់ក្តៅហើយ ស្រាប់តែនាងនោះយំឡាំប៉ាសុំដូរង៉ោចៗ ខ្ញុំនឹកអាណិតក៏ព្រម ដូរគ្នាទៅ (នេះជាប្រផ្នូល១នៃគូព្រេងដែរ) ។ នៅធ្វើការខេត្តកំពង់ធំ ខ្ញុំដើរចែកអំណោយមនុស្សធ៌មរបស់ អង្គការ Care, World Vision, SCS ដល់ជនភៀសខ្លួនមកពីតំបន់ត្រួតត្រាដោយខ្មែរក្រហម មិត្តរួមការ​ងារមកពីភ្នំពេញធ្វើ​ការ​ក្នុងកន្លែងខុសៗគ្នាខ្ញុំ និងមិត្តភក្តិ២នាក់ទៀត ធ្វើការនៅភូមិព្រៃបន្លិច ខាងជើងទី រួមខេត្ត ប្រធានក្រុមការងារខ្ញុំឈ្មោះ លោក ហៀក-លីឃាង។

នៅឆ្នាំ១៩៧៤ដដែល ខ្ញុំបានចុះឈ្មោះ ប្រឡងជាបេក្ខជនស្វ័យរិន និងបានប្រឡងជាប់បាក់ឌុប ហើយក្នុង អារម្មណ៍​របស់​ខ្ញុំ នៅតែចង់បន្តការសិក្សាថ្នាក់បរិញ្ញាតទៅទៀត ឆ្លៀតពេលទំនេរ ខ្ញុំតែងតែអានសៀវភៅ​ថ្នាក់បរិញ្ញា ដើម្បីមានចំណេះដឹង ស្រួលបន្តការសិក្សានៅភ្នំពេញ ខ្ញុំបានដាក់ពាក្យសុំផ្លាស់ ពីខេត្តកំពង់ធំ ទៅធ្វើការនៅ​ទី​ក្រុងភ្នំពេញ ប៉ុន្តែនាយបេសកកម្មរបស់ខ្ញុំ លោកមិនទាន់បាន សម្រេចយ៉ាងណានៅ​ឡើយទេ មានថ្ងៃមួយខ្ញុំបានរួមដំណើរ​ជាមួយលោកគ្រូ គឹម ​សួគ៌ នាយផ្នែករដ្ឋបាល មន្ទីរអភិវឌ្ឍសហគម៍ ព្រមទាំងមិត្តភក្តិមួយ​ចំនួនដើរកំសាន្តជាយក្រុង​, ពេលនោះលោកគ្រូ គឹម សួគ៌ បានសួរខ្ញុំថា ហេតុអ្វីបាន ជាចង់ទៅធ្វើការនៅភ្នំពេញ? ខ្ញុំបានជម្រាបគាត់ថា មូលហេតុគឺខ្ញុំចង់រៀនបន្តយក សញ្ញាប័ត្រលីសង់ (បរិញ្ញា) គាត់ថានៅធ្វើការទីនេះ​ហើយ, រៀនខ្លួនឯងប្រឡងជាបេក្ខជនស្វាយរិន​​, បើធុញទ្រាន់ខ្លាំងរក ប្រពន្ធមួយទៅ ខ្ញុំក៏បានឆ្លើយថា បើអញ្ចឹងសូមលោកគ្រូជួយរកឲ្យខ្ញុំមួយផង ។

គាត់ក៏បាននាំខ្ញុំទៅមើលកូនក្រមុំគេ នៅផ្ទះក្បែរកន្លែងខ្ញុំស្នាក់នៅនាងស្អាតដែរតែរាងធាត់ ខ្ញុំក៏នៅស្ងៀម មិនអើពើ គាត់ក៏ប្រាប់ខ្ញុំ ឲ្យទៅមើលកូនគេម្នាក់ទៀត ម្តងនេះគាត់គ្រាន់តែប្រាប់តំរុយផ្លូវ មិនជូនទៅទេ, នៅពេលថ្ងៃទំនេរ ខ្ញុំបានដើរតាមតំរុយដែលគាត់ប្រាប់ គឺទៅផ្ទះឪពុកម្តាយលោកគ្រូហៀកលីឃាង ដោយ មិនទាំងជឿខ្លួនឯងថា លោកគ្រូឃាង មានប្អូនក្រមុំឡើយ (ប្អូនស្រីគាត់ទើបនឹងមកពីភ្នំពេញ) ធ្វើការជា មួយគាត់រាល់ថ្ងៃមិនដែលឃើញប្អូនគាត់សោះ, លុះពេលទៅជិតដល់ផ្ទះកូនក្រមុំ ខ្ញុំបានជួបមិត្តភក្តិ៣ នាក់ដែលបានជួលផ្ទះនៅក្បែរនោះ ពួកគេសួរខ្ញុំថា ហ្អែងមកទីនេះមានការអី? ខ្ញុំប្រាប់គេតាមត្រង់ថាមក មើលកូនក្រ​មុំគេ ត្រូវជាប្អូនបង្កើតលោកគ្រូ ឃាង ពួកគេដែលកំពុងលួចមើល ប្អូនលោកឃាងដែរក៏បាន និយាយថា អើប្អូនលោកគ្រូឃាងស្អាតមែន ហើយឧស្សាហ៍ណាស់ ពេលព្រឹកដងទឹកស្រោចដំណាំពេល ល្ងាចដើរបេះដង្កូវ ចេញពីដើមថ្នាំជក់ មិនដែលនៅទំនេរទេ ។

ពេលកំពុងតែនិយាយគ្នាប្អូនលោកគ្រូឃាង ក៏ចេញមករានទឹកខាងក្រៅ លោកគ្រូ គង្គា និងសូគីស្រូយ ដែលលួចមើលយូរហើយក៏ប្រាប់ថា នោះកូនក្រមុំចេញមកហើយ ខ្ញុំក៏ក្រឡេកមើលទៅនាង កំពុងតែដើរ ចូលផ្ទះវិញឃើញតែពីក្រោយខ្នង មានរាងស្អាតមែន តែគួរឲ្យស្តាយឃើញតែពីក្រោយ អ្វីដែលធ្វើឲ្យខ្ញុំ ចាប់អារម្មណ៍ខ្លាំងនោះ គឺពួកម៉ាកបានប្រាប់ខ្ញុំថាលោកគ្រូទុំ ជាម្ចាស់ផ្ទះជួលនេះ បម្រុងចូលស្តីដណ្តឹង ឲ្យកូនប្រុសរបស់គាត់ ហើយបើគេមិនចូលដណ្តឹងក្នុងខែនេះទេ ពួកម៉ាកខ្ញុំដែលកំពុង លួចមើលរាល់ថ្ងៃ លោក សូ គីស្រូយ ពេលបើកលុយខែនេះហើយ នឹងទៅប្រាប់ឪពុកម្តាយ នៅឯភ្នំពេញសូមឲ្យមកចូល ដណ្តឹងហើយ។ គិតទៅ​មនុស្សប្រុស មិនថារូបខ្ញុំឬរូបគេ តែងតែចង់ប្រកួតប្រជែង ដំបូងខ្ញុំគិតថាចេះតែ មកមើលឲ្យអស់ចិត្តទៅទេ បំណងធំរបស់ខ្ញុំ គឺទៅភ្នំពេញ ដើម្បីរៀនយប់បន្តយកសញ្ញាប័ត្រលីសង់តែ ដល់ឮថា មានគេបំរុងចូលស្តីដណ្តឹង ក៏មានកូនចិត្តមួយ ចង់ប្រកួតប្រជែង លុះពេលស្អែកឡើងលោកគ្រូ គឹម សួគ៌ បានសួរខ្ញុំថា ផេង យ៉ាងម៉េចទៅហើយពេញចិត្តទេ? ខ្ញុំក៏ឆ្លើយប្រាប់គាត់ថា បាទពេញចិត្តលោក គ្រូឯង ជួយសួរឲ្យខ្ញុំមើ? បានដូចចិត្តលោកគ្រូ គឹម សួគ៌ ក៏បានទៅពិភាក្សាជាមួយ លោកគ្រូឃាងពីបញ្ហា នេះ ចាប់ពីពេលនោះមក មិនដឹងជាយ៉ាងម៉េចទេ ខ្ញុំចាប់ផ្តើម​ខ្មាស់លោកគ្រូឃាង មិនហ៊ានមើលមុខគាត់ ឲ្យចំទេ ហើយចាប់ផ្តើមភ័យអរៗ, មិនដូចក្មេងឥឡូវទេ ឲ្យតែបានចូលស្តីដណ្តឹងគេហើយ ទៅមើលមុខ គេព្រឹកល្ងាចៗ បើមិនបានឃើញមុខគេ ឃើញតែផ្ទះគេក៏អស់ចិត្តដែរ មានអ្នកខ្លះវិចទាំងខ្នើយកន្ទេលទៅ ដេក​មើលមុខគេទៀតផង។

ចំពោះខ្ញុំវិញ គឺឥតដែលទៅមើលមុខគេទាល់តែសោះ បានឃើញកូនក្រមុំគេ ពីក្រោយខ្នងតែម្តងគត់មិន ដែលទៅជិតទីនោះទៀតទេ ព្រោះមានការខ្មាស់អៀនខ្លាំងណាស់។ រំលងមកបាន២ថ្ងៃលោកគ្រូ គឹម សួគ៌ បានសុំថ្ងៃ-ខែ-ឆ្នាំកំណើតរបស់ខ្ញុំ និងបានប្រាប់ខ្ញុំថា គេបើកភ្លើងខៀវហើយ ដំបូងខ្ញុំចង់លាក់ថ្ងៃខែឆ្នាំ កំណើតពិតប្រាកដដែរ ព្រោះខ្ញុំកើតឆ្នាំខាល(ខ្លា) ពាក្យចាស់ៗខ្មែរយើង ច្រើននិយាយថា មិនសូវល្អគេមិន សូវចង់បានកូនប្រសារកើតក្នុងឆ្នាំខាលទេ ព្រោះឆ្នាំនេះកាចណាស់, តែដល់គិតសព្វៗទៅ មិនដឹងជា លាក់ធើអី ខ្ញុំគិតខ្លីតាមធម៌ព្រះថាបើគូគង់តែបាន, តែបើមិនបាន​ក៏ហីទៅចុះ ខ្ញុំនឹងទៅធ្វើការនៅភ្នំពេញ កុំឲ្យខ្មាស់គេ ស្អែកឡើងលោកគ្រូ គឹម សួគ៌ បានបា្រប់ខ្ញុំថា គេឲ្យ​ហើយឆ្នាំលោកផេងឯង តាមក្បួនដំរា ចិនគេថាល្អណាស់ ខ្ញុំឮដូច្នេះអរភឺត ហើយគិតថាអុញនោះ ឆ្នាំខាលតាមក្បួនចិន​ល្អតើ! គ្រោះជានឹងលាក់ កុំអីស៊យធំហើយខ្ញុំ ។

អាពាហ៍ពិពាហ៍របស់ខ្ញុំ ឆាប់ណាស់ ចាប់ពីថ្ងៃដែលគេថា OK បានតែ១០ថ្ងៃគឺការតែម្តង គឺនៅ ថ្ងៃទី​ ២២ ខែ កុម្ភៈ ឆ្នាំ១៩៧៥ គូស្រករទាំងពីរ បានរៀបការនៅខេត្តកំពង់ធំ ពេលកំពុងរៀបការខ្ញុំបាននឹកស្រណោះ ទៅ​ដល់ ឪពុកម្តាយ នៅខេត្តកំពង់ចាម នៅក្នុងតំបន់រំដោះ របស់ខ្មែរក្រហម លោកមិនបានមកអង្គុយ ក្បាលកន្ទេល ឲ្យពរជ័យកូនប្រុស​កូនស្រីឡើយ ហើយក៏មិនអាច ផ្ញើដំណឹងនេះទៅតាមណាដែរគិត សព្វៗទៅ ខ្ញុំលួចស្រក់ទឹកភ្នែកម្នាក់ឯង ឱជីវិតខ្ញុំហេតុអ្វីក៏កំសត់ម្ល៉េះ ឪពុកម្តាយបានខំផ្ចុងផ្តើម ឲ្យបាន រៀនសូត្រ ឥតមាន​លុយកាក់គ្រប់គ្រាន់ ឲ្យកូនរៀននៅសាលារដ្ឋ លោកក៏បានបំបួសកូន ដើម្បីមាន លទ្ធភាពរៀនបន្ត តាមផ្លូវពុទ្វចក្រ ពេលកូនបានរៀនចប់មានការងារធ្វើ កូនក៏មិនបានសងគុណលោក ហើយពេលការ ថ្ងៃជ័យសេរីសួស្តី គាត់ក៏មិនបានមកធ្វើជាមេបាចាស់ទុំ បំពេញមុខឲ្យ​កូនទៀត ។

សូមជម្រាបថាខ្ញុំបានលោកយាយនឹម ដែលខ្ញុំធ្លាប់ហូបបាយខែនៅផ្ទះគាត់ ធ្វើជាមេបាខាងខ្ញុំ (កូនកម្លោះ) ហើយលោកគ្រូ គឺម សួគ៌ (ដែលខ្ញុំអរគុណគាត់ទល់សព្វថ្ងៃ និងអស់មួយជីវិត) ជាអ្នកចាត់ចែងការងារ ទាំងអស់ក្នុងពិធីមង្គលការ ជំនួសមុខឲ្យឪពុកម្តាយខាងប្រុស, នៅពេលនោះ ខ្ញុំអាយុ២៥ឆ្នាំ ឯប្រពន្ធខ្ញុំ អាយុ១៥​ឆ្នាំបើប្រៀបធៀបមកពេលឥឡូវនេះគេថាខុសច្បាប់ មិនទាន់គ្រប់អាយុការ តែពេលនោះស្រុក កើតសង្រ្កាមអ្នកដែលមានកូន​ក្រមុំចង់ឲ្យតែបានរៀបការឆាប់ៗ ព្រោះខ្លាចទាហានលន់ណុលលួចចាប់។

ការហើយបាន២ខែតែប៉ុណ្ណោះ របបលន់ណុល ក៏ត្រូវបានបញ្ចប់ ដោយពួកខ្មែរក្រហម វាយយកបានទី ក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយបុណ្យចូលឆ្នាំខ្មែរ១ថ្ងៃ, នៅកំពង់ធំដល់ថ្ងៃទី១៩ មេសា ទើបខ្មែរក្រហមចូលកាន់កាប់ ក្រោយពីលោកអភិបាលខេត្ត ទៀប បែន ជិះអេឡេកូរត់ទៅប្រទេស ថៃជាមួយលោក ក្លូត ស័ក្ខសទ្ធិសុខន ។
បន្ទាប់មកអ្នកក្រុងកំពង់ធំទាំងអស់ ត្រូវបានជន្លៀចេញ ឲ្យទៅនៅតាមទីជនបទ, ផ្លូវចេញមាន២ ខាងជើង និង ខាងត្បូង គ្រួសារខាងប្រពន្ធខ្ញុំ នៅភូមិបញ្ញាជី ដូច្នេះត្រូវចេញតាមផ្លូវខាងត្បូង ពួកខ្មែរក្រហមប្រាប់ថា ទៅតែខ្លួនទទេបានហើយ ចេញតែ៣ថ្ងៃ អង្គការឲ្យត្រឡប់មកលំនៅដ្ឋានវិញ ពួកប៉ុលពតបង្ខំឲ្យយើង ចេញពីផ្ទះឲ្យបានឆាប់ ពេលនោះយើងយកតែរបស់សំខាន់ៗដូចជា ខោអាវ មុង កន្ទេល អង្ករ និងមាស ប្រាក់ សម្រាប់ប្រើប្រាស់ និងហូបតាមផ្លូវប៉ុណ្ណោះ អ្នកក្រុងចេញពីផ្ទះ ធ្វើដំណើរតាមផ្លូវណែនដូចគេហែ កថិន ធ្វើដំណើរថ្មើរជើង១ថ្ងៃ បានតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ប្រពន្ធខ្ញុំ បានទៅតាមឪពុកម្តាយ ចំណែកខ្ញុំ និងបងថ្លៃខ្ញុំ លោកលីឃាង ដែលជាបុគ្គលិកអភិវឌ្ឍសហគមន៍ ព្រមទាំងពួកអ្នកធ្វើការរដ្ឋការ លន់ ណុល ទាំងអស់ត្រូវគេប្រមូលឲ្យទៅនៅក្នុងវត្តក្តីសែន,​ នៅពេលយប់ពួកគេដើរល្បាតឃ្លាំមើលគ្រប់កន្លែង ហើយ ប្រាប់ថាកុំឲ្យចេញក្រៅ ខ្លាចដើរជាន់មីន, កន្លែងនេះហើយដែលពួក ប៉ុលពត ប្រមូលអ្នកធំទាំងអស់យក ទៅសម្លាប់ ដោយប្រាប់ថាអង្គការឲ្យទៅនៅដីថ្មី បង្កើតភូមិថ្មី ពួកគេខ្លះពន្លយពាក្យថា អង្គការឲ្យទៅនៅ ផ្ទះដីដេកមុងឈើ ពាក្យនេះយើងមិនដែលឮ និងមិនចាប់អារម្មណ៍អ្វីទាល់តែសោះ ហើយពេលនោះមាន អ្នកតូចខ្លះ បានសុំអង្វរគេ ឲ្យបានទៅនៅដីថ្មីដែរ ។ ​

ដើម្បីប្រមូលយកអ្នកធំៗបាន​ទាំងអស់ ពួកប៉ុល​ពត ប្រើល្បិចហៅមន្ត្រីរដ្ឋការទាំងអស់គ្នាទៅ ប្រជុំនៅលើ សាលាឆាន់ វត្តក្តីសែន ហើយប្រាប់ថា មិត្តណាដែលបានធ្វើជាប្រធានអង្គភាព មានដូចជា ចៅហ្វយខេត្ត ភូឈួយខេត្ត ចៅហ្វាយ​ស្រុក ប្រធានការិយាល័យ ប្រធានក្រុម ប្រធានពួក សូមឡើងចាប់អារម្មណ៍ និង មានមតិចំពោះវីរៈភាពរបស់អង្គការ ដែលបានរំដោះទឹកដីមាតុភូមិ ពីពួកចក្រពត្តិនិយមអាមេរិកកាំង និង ឆ្កែបំរើវា ដើម្បីឲ្យមិត្តយើងនៅទីនេះបានស្តាប់ផង(ក្នុងរបបប៉ុលពតពាក្យ"មិត្ត" គេប្រើទូទាំងប្រទេសដើម្បី ប្រាស្រ័យទាក់ទងគ្នាស្មើនឹងពាក្យ "លោក") ពេលនោះ អ្នកធំទាំងអស់ឡើងមានមតិចាប់អារម្មណ៍ ជាបន្ត បន្ទាប់ ពោលសរសើរស្មារតីវីរៈភាព ដ៏អង់អាចក្លាហានរបស់អង្គការប៉ុលពត គ្មានអ្នកណាម្នាក់​ហ៊ានរិះគន់ ឡើយ ហើយពួកគេមានអ្នកចាំសួរ មានអ្នកចាំកត់ គេបានសួរបញ្ជាក់អ្នកធំទាំងនោះថា មិត្តឯងឈ្មោះអី នៅឯណាធ្វើការងារអី មានមត្តិជិតស្និតប៉ុន្មាននាក់ នៅឯណា (ស្រួលគេទៅប្រមូលមិត្តភក្តិជិតស្និតទាំង នោះយកទៅសម្លាប់ដែរ)​ គេប្រជុំ២ថ្ងៃទើបកត់ស្រង់យកអ្នកធំអស់ ហើយគេប្រមូលទាំងគ្រួសារ គឺទាំង ឪពុកម្តាយកូនចៅអ្នកធំ យក​ទៅជាមួយគ្នាទាំងអស់សូម្បីកូនខ្ចីនៅក្នុងអង្រឹង ក៏ពួកគេមិនទុកដែរ ។ ​
ចំណែកពួកអ្នកដែលបានស្តាប់វិទ្យុអាមេរិកកាំងទាំងប៉ុន្មាន ទោះជាអ្នកតូចតាចក៏ដោយក៏ត្រូវពួកប៉ុលពត ប្រមូលយកឲ្យទៅនៅដីថ្មី​ទាំងអស់ដែរ ​ដោយដឹកតាមឡានទ្រុងជំនួយចិនចំនួន៤គ្រឿង ក្នុង១ឡានៗដឹក ប្រហែល៤០នាក់ ឈរប្រជ្រៀតគ្នាណែនក្តន់ ប្រមូលយកទៅនៅដីថ្មី(សម្លាប់ចោល)អស់ ។ នៅពេល ដែលមន្ត្រីរដ្ឋការធំៗ ព្រមទាំងគ្រូសារ​ ត្រូវបានប្រមូលយកទៅសម្លាប់អស់ហើយ គេបញ្ជូនមន្ត្រីតូចតាច ដែលនៅសល់ឲ្យទៅនៅ ក្នុងវត្តតាំងក្រសាំង ជិតភូមិជ៤ ដែលក្រុមគ្រួសារខាងប្រពន្ធខ្ញុំរស់នៅ ខ្ញុំជួប ប្រពន្ធបាន៣ថ្ងៃ ក៏ត្រូវបែកគ្នាវិញ ដោយពួកគេ​បញ្ជូនបន្តឲ្យទៅនៅក្នុងមន្ទីរសន្តិសុខ (មន្ទីរឃុំឃាំង) តាពោ ជាកន្លែងលត់ដំ និងកាប់សម្លាប់ឆៅឥតត្រាប្រណី, ពួកយើងត្រូវគេបង្ខំឲ្យធ្វើការគ្មានពេលសម្រាក កាប់គាស់រំលើងដើមឈើធំៗរានដីធ្វើស្រែ, គ្នាយើងម្នាក់ឈ្មោះលោកគ្រូ ផុន គ្រាន់តែតមាត់១ម៉ាត់ត្រូវ បានពួកគេសម្លាប់ ដោយលាក់ការស្ងាត់ឈឹង, នៅពេលនោះ ស្បៀងដែលយកតាមខ្លួនជិតអស់ហើយ ការហូបចុកបានចាប់ផ្តើមលំបាក អាត់តាខាត់បណ្តើរៗហើយ នៅបានប្រហែល១ខែ គេបានបញ្ជូនពួក យើង ឲ្យទៅនៅភូមិជាំ ជិតព្រៃក្បាលដំរី ពេលនោះលោកគ្រូ គឹម សួគ៌ បាននិយាយជាមួយបងថ្លៃខ្ញុំ លោកគ្រូឃាង ឲ្យទៅយកប្រពន្ធខ្ញុំ មកនៅជាមួយខ្ញុំព្រោះមានថ្ងៃមួយលោកគ្រូ គឹម សួគ៌ ឃើញខ្ញុំស្រងូត ស្រងាត់ពេក​​ គាត់ដើរមកជិតហើយសួរខ្ញុំថាផេងឯងនឹកប្រពន្ធហ្អី? ខ្ញុំមិនឆ្លើយថាម៉េចទេ គ្រាន់តែធ្វើមុខ ស្ងួតនៅស្ងៀម, នៅភូមិជាំបានកន្លះខែ គេក៏បញ្ជូនពួកយើងបន្តទៀត ឲ្យទៅកាប់ព្រៃធ្វើផ្ទះនៅខ្លួនឯងក្នុង ព្រៃធំកយាដងក្តារ ស្រុកសណ្តាន់ ខេត្តកំពង់ធំពួកយើងបានកាប់គាស់រានដីថ្មី ធ្វើផ្ទះដោយខ្លូនឯង, ខ្ញុំ ប្រពន្ធខ្ញុំ និងបងឃាង នៅខ្ទមជាមួយគ្នា ប្រពន្ធ និងកូនគាត់ នៅជាមួយឪពុកម្តាយគាត់ឯភូមិជ៤ ឥតបាន យកមករស់នៅជាមួយទេ ។​

​រស់នៅក្នុងព្រៃជ្រៅ ប្រពន្ធខ្ញុំមានផ្ទៃពោះ៣ខែ ខ្លាមកលបរៀងរាល់យប់ កាលនៅពីតូចឮម្តាយខ្ញុំ និយាយ ថាស្រីមានផ្ទៃពោះកូនដំបូងធំក្លិន៧ស្នែង (ចម្ងាយផ្លុំស្នែងឮ៧ត) ទៅដល់ខ្លានៅក្នុងព្រៃជ្រៅ ហើយពេល យប់វាដើរហិតតាមក្លិននោះដល់ផ្ទះ បើមិនប្រយ័ត្នវាហែកជញ្ជាំង លោតចូលផ្ទះខាំស្រីដែលមានផ្ទៃពោះ ស៊ីកូនដំបូងនោះ ខ្ញុំភ័យខ្លាចព្រួយបារម្ភយ៉ាងខ្លាំង នៅពេលថ្ងៃ ដើរកាប់គាស់គល់ឈើ មកគរទុកក្រោម ខ្ទមដល់​ពេលយប់ដុតពពក់ភ្លើងជាប់ទល់តែភ្លឺ មិនដែលឲ្យដាច់ខានយប់ណាទេ, ខ្លាដើរក្រឡឹងជុំវិញខ្ទម តែវាមិនហ៊ានចូលឡើយ ។ ពេលនោះការហូបចុក មានការលំបាកវេទនាទៅៗ ប្រពន្ធខ្ញុំអាយុ១៦ឆ្នាំទម្ងន់ បាន៣ខែ និងខ្ញុំមានការស្រេកឃ្លានអាហារយ៉ាងខ្លាំង, អ្នកណាយកខោអាវ របស់របរតាមខ្លួនបានច្រើន គេចូលភូមិ ដោះដូរជាមួយអ្នកមូលដ្ឋាន (ពាក្យអ្នកមូលដ្ឋានប៉ុលពតប្រើសម្គាល់អ្នកនៅក្នុងតំបន់រដោះ របស់គេតាំងពីយូរយារមកហើយ) បានជា អង្ករ, ស្ករ,​ ដំឡូង, អំពៅខ្ញុំ និងប្រពន្ធមានខោអាវបន្តិចបន្តួច ឲ្យប្រពន្ធយកទៅដូរដូចគេដែរ ពេលខ្លះក៏ដូរបាន អង្ករ ស្ករ ពេលខ្លះប្រពន្ធខ្ញុំ ដើរដូរតាំងពីព្រឹករហូតដល់ ថ្ងៃត្រង់បានតែអំពៅ៣កំណាត់​ក៏មានដែរ ។ ក្រៅពីនេះ ពួកយើងបានខិតខំ ដាំដំឡូងមី ដាំបន្លែ បង្ការ និង ឆ្លៀតចូលព្រៃជ្រៅ មិនខ្លាច ជូបខ្លាឬដំរីឡើយ ដើររកជីក ត្រពាំង, ដំឡូងឈើ, ដំឡូងទៀន, ក្តួច, ឡើង ដើមក្រឡាញ់ខ្ពស់ៗ ងើយមើលស្ទើរជ្រុះឆ្នួតក្បាល ដើម្បីកាប់មែកបេះយកផ្លែហូប, មានពេលមួយនោះខ្ញុំ និងប្រពន្ធបានចូលក្នុងព្រៃជ្រៅ ឃើញដើមក្រឡាញ់មានផ្លែស្អេកស្កះ ខ្ញុំក៏ឡើងដើមក្រឡាញ់នោះ ទុក ប្រពន្ធឲ្យនៅខាងក្រោមម្នាក់ឯង ភ្លេចគិតពីផលវិបាកដែលអាចកើតឡើង ខ្ញុំឡើងដើមក្រឡាញ់យ៉ាងខ្ពស់ ជិតដល់ផ្លែទៅហើយ ស្រាប់តែឃើញបងឃាង រត់មកហើយប្រាប់ប្រពន្ធខ្ញុំឲ្យវិលទៅខ្ទមវិញ ដោយគាត់ ជួនដំណើរឲ្យផុតព្រៃទើបគាត់ ត្រឡប់មកជួយទាញមែកបេះផ្លៃក្រឡាញ់បាន១ការុង នាំគ្នាមកខ្ទមវិញ ដើរបណ្តើរ បងឃាងនិយាយបណ្តើរប្រាប់ខ្ញុំថាអាវួចនី (ប្រពន្ធខ្ញុំ) មានផ្ទៃពោះ កុំបណ្តោយឲ្យនៅម្នាក់ឯង ក្នុងព្រៃជ្រៅ គាត់គ្រាន់តែនិយាយប៉ុណ្ណឹងឥតបន្តទៅមុខទៀតទេ ខ្ញុំក៏កាត់យល់ថាខ្លាចខ្លាខាំ ។

មានថ្ងៃមួយ បងឃាងត្រូវគេចាត់តាំងឲ្យទៅធ្វើការ និងស្នាក់នៅការដ្ឋានឆ្ងាយពីផ្ទះ ពេលប្រពន្ធខ្ញុំចេញ ពីផ្ទះទៅដូរអង្ករ មានឆ្មា១ចូលមកផ្ទះខ្ញុំ ឃើញដូច្នោះខ្ញុំបានចាប់វាសម្លាប់ ដោយជ្រមុជក្បាលក្នុងទឹក មិនហ៊ានអារកទេខ្លាចឈាម ឱពុទ្ធោ! ខ្មុំធ្លាប់បួសរៀន មិនដែលធ្លាប់សម្លាប់សត្វបានម្តងណាទេ តែឥឡូវ នេះហ៊ានសម្លាប់សត្វ ព្រោះតែក្រពះស្រេកឃ្លានខ្លាំងពេក​។ នៅពេលមួយ ខ្ញុំ បងថ្លៃខ្ញុំ និងពួកថ្មីមួយចំនួន ត្រូវបានចាត់តាំងឲ្យទៅភូមិក្បាលដំរី ស្ថិតនៅក្នុងព្រៃជ្រៅ ដើម្បីជួយគាស់ដំឡូងមី របស់អ្នកភូមិនៅទី នោះ, ដើរតាមផ្លូវក្រោយគេ ខ្ញុំ និងអ្នកថ្មីម្នាក់ទៀត បានឃើញឆ្កែ១ក្បាល រត់ពីក្រោយ ក៏បបួលគ្នាចាប់ឆ្កែ នោះ សម្លាប់ពន្លាត់យកសាច់ញាត់ក្នុងកាមែល ទុកហូបតាមផ្លូវ លែងគិតពីបាបបុណ្យអ្វីទាំងអស់ ។
មុនពេលទៅដកដំឡូងនៅព្រៃក្បាលដំរីនោះ​ ខ្ញុំភ័យ និង អាណិតប្រពន្ធមានផ្ទៃពោះនៅផ្ទះម្នាក់ឯងខំដើរ ប្រមូលឧសយកមកគរទុកក្បែរផ្ទះយ៉ាងច្រើន ទុកអោយប្រពន្ធដុតពពក់ភ្លើងយប់ៗ ពេលមកដល់ផ្ទះវិញ ប្រពន្ធប្រាប់ថា​ ល្ងាចឡើងយកឧសមកគរក្រោមផ្ទះ ពពក់ភ្លើងទល់ៗភ្លឺមិនហ៊ានឲ្យដាច់យប់ណាទេ ទោះ បីក្តៅយ៉ាងណាក៏ទ្រាំដែរ ពេលខ្យល់បក់មកម្តងៗ ភ្លើងឆេះខ្លាំងក្តៅស្ទើរទាំ្រមិនបាន, ខ្លាដើរក្រឡឹងផ្ទះ រាល់យប់តែវាមិនហ៊ានឡើងលើផ្ទះទេ ព្រោះខ្លាចភ្លើង ។

នៅពេលដែលដំឡូងមីចុះមើមជិតបានដកយកមកបរិភោគហើយ ពួកគេបានបណ្តេញគ្នាយើងឲ្យចេញពី ភូមិថ្មីនេះ ហើយបញ្ជូនពួកយើង ឲ្យមកធ្វើខ្ទមនៅក្បែរភូមិជាំ, ព្រឹកឡើងបងឃាង​ និងគ្រូសួគ៌ ​បានប្រាប់ខ្ញុំ ឲ្យទៅ​ចាប់មាន់២ក្នុងនោះមានមាន់គ្រូសួគ៌១ ដែលរបួតរួចកាលពីពេលចេញដំណើរ, ហូបបបរព្រឹកហើយ ខ្ញុំដើរទៅភូមិថ្មីក្នុងព្រៃកយាដងក្តារម្នាក់ឯង ថ្ងៃជិតត្រង់ទើបដល់ភូមិថ្មី ស្ងាត់ជ្រងំឃើញតែមាន់២ កំពុង ដើររកស៊ីចំណី, ខ្ញុំធ្វើអង្គុប២ នៅផ្ទះខ្ញុំ១ នៅផ្ទះលោកគ្រូសួគ៌១ ដល់ថ្ងៃរសៀលមាន់ជាប់អង្គុបបាន១នៅ ចាំមាន់១ទៀតថ្ងៃជិតលិចហើយ មិនព្រមចូលស៊ី​អង្ករដាក់ក្បែរអង្គុបសោះ ខ្ញុំអង្គុយរងចាំយ៉ាងយូរ ពេល នោះខ្ញុំក្រឡេកមើលទៅព្រៃខាងស្តាំដៃ ស្រាប់តែឃើញខ្លា១កំពុងដើរចូលមកក្នុងភូមិ ចម្ងាយពីខ្ញុំប្រហែល ១០ម៉ែត្រ ខ្ញុំភ្ញាក់ស្រែកវ៉ាស វាក៏លោតប្រាវចូលទៅព្រៃវិញ សម្លេងឮតែ១ប្រាវរួចក៏ស្ងាត់ឈឹង ខ្ញុំភ័យឡើង ទន់ជង្គង់ក្រឡេកទៅខ្ទមគ្រួសួគ៌វិញ ឃើញមាន់កំពុងជាប់អង្គុប ខ្ញុំរត់ទៅដោះមាន់ពីអង្គុប​ ហើយយកមាន់ ទាំង២​ ដើរយ៉ាងលឿនចេញពីទីនោះ, យប់ហើយដើរតាមផ្លូវក្នុងព្រៃភ័យខ្លាចយ៉ាងខ្លាំង បានមួយសន្ទុះធំ មកដល់កន្លែងមួយឃើញម្ខាងព្រៃ ម្ខាងទៀតវាលស្រែ ខ្ញុំក៏ដើរកាត់វាលស្រែ​ កាត់ទឹកកាត់បឹងតម្រង់ទៅ  ខ្ទមជិតភូមិជាំ​ មិនហ៊ានដើរតាមព្រៃ ដែលមានផ្លូវស្រួលដើរទៀតទេ ខ្លាចជួបខ្លា, យប់ប្រហែលម៉ោង៧ ទើបមកដល់ខ្ទម​ ។

មកនៅជិតភូមិជាំ ពេលនោះរដូវភ្លៀង មេឃធ្លាក់ភ្លៀងរលឹមរាល់ថ្ងៃ ខ្ទមធ្វើមិនទាន់ហើយ ពួកយើងវេទនា រកេក រកាក​ ខ្លះទទូសំពត់កៅស៊ូ ខ្លះទទូកន្ទេល ខ្លះទទូចង្អេរ កូនយំរញ៉េរញ៉ៃពេញវាល លុះធ្វើខ្ទមជិត ហើយ មិនទាន់ទាំងបាននៅស្រួលផង គេដេញពួកយើងចេញពីទីនោះទៀត ឲ្យទៅនៅភូមិស្វាយជ្រុំជិត ភ្នំសន្ទុក, ពេលមកតាមផ្លូវ កំបាំងភ្នែកពួកគេ គ្នាយើងមួយចំនួន ក៏ដើរបង្ហួសទៅស្រុកកំណើតពួកគេឥត ចាប់អារម្មណ៍ទេ គេគ្មានបញ្ជីស្នាមអ្វីត្រឹមត្រូវទេ អ្នកដែលគ្មានជម្រើស ក៏មកនៅភូមិស្វាយជ្រុំនេះទៅ, គ្រូសួគ៌ និងប្រពន្ធកូនទៅនៅជាមួយបងប្អូនឯស្រុកបារាយ, ប្រពន្ធខ្ញុំទម្ងន់៨ខែទៅរង់ចាំឆ្លងទន្លេ (កើត កូន)នៅភូមិជ៤ ជាមួយឪពុកម្តាយ, ខ្ញុំនិងបងឃាងក៏មកនៅភូមិស្វាយជ្រុំ ជាមួយគេជាមួយឯងដែលនៅ សល់។

​មេប៉ុលពតដែលមកគ្រប់គ្រង ភូមិស្វាយជ្រុំនេះគឺមិត្ត"មិ" ជាប្រធានមន្ទីរសន្តិសុខតាពោ, ពួកយើងធ្លាប់ ស្គាល់កាលនៅមន្ទីរសន្តិសុខតាពោ, គេចាត់តាំងគ្នាយើងម្នាក់ ឲ្យធ្វើប្រធានភូមិ(ខ្ញុំភ្លេចឈ្មោះ) និងមួយ ចំនួនទៀត ឲ្យជួយមើលការងារក្នុងភូមិ, ខ្ញុំ និងបងឃាង ព្រមទាំងអ្នក១៧មួយចំនួន​ ត្រូវបានចាត់តាំងឲ្យ ទៅធ្វើទំនប់ទឹក នៅខាងលិចភូមិចំងាយប្រហែលជាង២គីឡូម៉ែត្រ, ដឹកនាំដោយគ្នាគេម្នាក់ឈ្មោះមិត្ត ស៊ុន គេឲ្យពួកយើងធ្វើរោងស្នាក់នៅទីនោះ មិត្តស៊ុន និយាយថាយើងនាំគ្នាធ្វើទំនប់កណ្តាលបឹងដូច្នេះបើ ទោះបីមេឃរាំងភ្លៀង៨ឆ្នាំ ក៏យើងមិនខ្វះទឹកស្រោចស្រូវប្រាំងដែរ, ពេលនោះពួកយើង ដំបូងហូបបាយ ផ្សេងគ្នា ខ្ញុំ និងបងឃាងហូបជាមួយគ្នា លុះហូបបានប្រហែលកន្លះខែ ពួកយើងខ្លះនៅអង្ករតិចតួច នាំគ្នា ហូបបបរ ពេលនោះ​មិត្តស៊ុន​ក៏ហៅគ្នាយើងប្រជុំឲ្យប្រមូលអង្ករដាក់រួមគ្នា ហើយក៏ទៅយកខ្ទះធំ១ និងឆ្នាំង ធំ១ពីភូមិស្វាយជ្រុំ ចាត់តាំង២នាក់ឲ្យធ្វើចុងភៅ មិត្តស៊ុន ហូបបាយមិនហូបបបរជាមួយពួកយើងទេ​ នៅ ពេលអស់អង្ករ មិត្តស៊ុនទៅស្នើសុំពីភូមិស្វាយជ្រុំ យកមកផ្គត់ផ្គងគ្នាយើង, ក្នុងការជីកទំនប់នេះ មិត្តស៊ុន ចែកគ្នាយើងជា២ក្រុមអ្នកខ្ពស់ចេះហែលទឹក​១ក្រុម និងអ្នកទាបមិនចេះហែលទឹក១ក្រុម ក្រុមអ្នកខ្ពស់ចេះ មុជទឹក​ឲ្យទៅទឹកជ្រៅបោះបង្គោល ចំណាំកន្លែងចាក់ដី ហើយមុជបារយកដីភក់ពីកណ្តាលបឹង មកដាក់ តម្រៀបធ្វើទំនប់ក្នុងទឹក អ្នកទាបមិនចេះហែលទឹក មួយចំនួននៅលើគោក មួយចំនួនទៀត ឈរបន្តគ្នា ជាជូរក្នុងទឹករាក់ អ្នកនៅលើគោកកាប់ដីដាក់បង្គីហុចឲ្យអ្នកនៅក្នុងទឹក ឯអ្នកនៅក្នុងទឹកហុចបន្តគ្នាយក ដីទៅចាក់លើទំនប់ក្នុងបឹង, ពួកយើងមានគ្នា​ប្រហែល៣០នាក់នាំគ្នា ជីកដី មុជទឹកបារភក់ ធ្វើទំនប់ក្នុង ទឹកចំណាយពេលប្រហែល២ខែ ទើបធ្វើទំនប់បាន១ ទំហំប្រហែល៣០ម៉ែត្រ៤ជ្រុងនៅកណ្តាលបឹង ។ ក្នុងពេលធ្វើទំនប់នេះ យប់ឡើងមិត្តស៊ុនដើរលបស្តាប់គ្នាយើង បើមានអ្នកណាត្អូញត្អែរថាលំបាក ថាជីក ទំនប់អីកណ្តាលបឹង ឬក៏និយាយអាក្រក់ពីអង្គការ  គេចាប់ចងយកទៅឲ្យមិត្តមិសម្លាប់ នៅជើងភ្នំសន្ទុក, មានគ្នាយើង៣នាក់ ដែលមិត្តស៊ុនតាមដានហើយចាប់បាន យកទៅឲ្យ​មិត្តមិសម្លាប់ ។ នៅពេលជីកទំនប់​នេះមិត្តមិ បានមកមើលចំនួន៣ដងដែរ ។ ​​
បន្ទាប់មកនៅដើមរដូវប្រាំង ទឹកនៅក្នុងបឹង ចាប់ផ្តើមរីងបន្តិចម្តងៗ លេចចេញដីភក់ នៅជុំវិញមាត់បឹង ពេលនោះគេប្រើពួកយើង ឲ្យស្ទូងស្រូវប្រាំងបណ្តេញទឹក គ្នាយើងទៅដឹកកណ្តាប់សំណាប តាម​រទេះគោ ពីភូមិស្វាយជ្រុំ យកមកនាំគ្នាស្ទូងក្នុងដីភក់ជុំវិញមាត់បឹងនោះ លុះស្ទូងបណ្តើរៗបាន៣-៤ថ្ងៃ ដី​ដែលនៅ មាត់បឹងខាងលើ ក៏ចាប់ផ្តើមស្ងួតបែកក្រហែងបណ្តើរដែរ ពេលនោះគេប្រើពួកយើងមួយចំនួន ឲ្យទៅដង ទឹកពីក្នុងទំនប់កណ្តាលបឹង យកមកស្រោចស្រូវនៅមាត់បឹងនោះ គ្នាយើងដែលសល់ពីនោះ នៅស្ទូងស្រូវ បណ្តេញទឹកដដែល, នាថ្ងៃមួយពេលមិត្តស៊ុន ឡើងទៅប្រជុំនៅភូមិស្វាយជ្រុំ បានប្រាប់ពួក​យើងថាយប់ នេះប្រហែលជាគាត់ ដេកនៅទីនោះហើយ ឮដូច្នោះពួកយើងក៏បែកគំនិត ចង់ហូបបាយម្តងព្រោះហូប បបរយូរហើយមេចុងភៅក៏ប្រាប់ថា​ បើចង់ហូបបាយ ទាល់តែលាយត្រកួនទើបហូបគ្រប់ ហើយត្រកួននៅ ជិតៗនេះ យើងបេះយកមកស្លអស់ហើយ មានតែនៅឆ្ងាយៗ ពេលនោះប្រធានក្រុមទាំង២បានសុំអ្នក ស្ម័គ្រចិត្ត៥នាក់ ទៅបេះត្រកួន​នៅកន្លែងឆ្ងាយ  ពេលនោះបងឃាង បានប្រាប់ឲ្យខ្ញុំទៅ ជាមួយអ្នកស្ម័គ្រ ចិត្ត៤នាក់ទៀតគ្នាយើងទាំង៥នាក់ ដើរបេះត្រកួនសន្សំឯណេះ១ដើមឯណោះ២ទង​ ទំរាំនឹងបាន១បាវជិត ដល់ពេលបាយល្មម លុះដើរមកដល់​រោងបាយឃើញមិត្តស៊ុន នៅអង្គុយចាំទីនោះ ហើយ​ប្រើប្រធានក្រុម ទាំង២ឲ្យចាប់ពួកយើងទាំង៥នាក់ចងស្លាបសេក ប្រហែលជាគេឥតដឹងថាប្រធានក្រុម​ហ្នឹង ចាត់គ្នាយើង ឲ្យទៅបេះត្រកួនទេ, ហើយគាត់ និងប្រធានក្រុម២នាក់នោះ បណ្តើរពួកយើងយកទៅភូមិ​ស្វាយ​ជ្រុំ ឲ្យមិត្ត មិសម្លាប់ ដូចគ្នាយើង៣នាក់មុនដែរ, លុះមកដល់ដើមត្នោត១ដើម ចៃដន្យពេលនោះ ឃើញគេ​កំពុងតែ រែកទឹកត្នោត មេក្រុមទាំង២ក៏ហៅឲ្យឈប់ ហើយសុំដូរទឹកត្នោតនឹងថ្នាំជក់ (ពេលនោះ​ពួកអ្នក​មូលដ្ឋាន មិនទាន់ហូបរួមទេនៅធម្មតាដូចពីដើម) យកមកឲ្យមិត្តស៊ុនផឹក ហើយនិយាយអង្វរសូមឲ្យមិត្ត​ស៊ុនអធ្យា ស្រ័យ លើកលែងទោសម្តងទៅ ថ្ងៃក្រោយមិនឲ្យរឿងនេះ កើតឡើង​ទៀតទេ មិត្តស៊ុនក៏ទន់ចិត្តហើយ និយាយថា អើ!បើអញ្ចឹងទៅស្រាយដោះលែងពួកវាទៅ! ពួកយើងក៏បានរួច​ផុតពីស្លាប់​នាពេលនោះ ។ ​
លុះស្ទូងដល់ទល់នឹងទំនប់​,ទឹកដែលនៅក្នុងទំនប់រីងស្ងួតអស់រលីង ហើយនៅជុំវិញកន្លែងនោះគ្មានប្រភព ទឹកទេធ្វើឲ្យស្រូវប្រាំងនោះងាប់អស់គ្មានសល់, ពេលនោះខែកត្តឹកធ្លាក់ខ្យល់ពីជើង ខ្ញុំធ្លាក់ខ្លួនឈឺមិត្តស៊ុន បានបញ្ជូនខ្ញុំឲ្យទៅដេកពេទ្យស្រុក នៅឯតាំង​ក្រ​សាំង ទៅដេក​ពេទ្យបាន៤ថ្ងៃ ខ្ញុំបាន​យល់សប្តិឃើញ ប្រពន្ធខ្ញុំកើតកូន ព្រឹកឡើងរាងមានកំលាំងបន្តិច ខ្ញុំ​សុំច្បាប់គេទៅ​មើលប្រពន្ធនៅភូមិជ៤ ចម្ងាយពីពេទ្យ ប្រហែល២គីឡូម៉ែត្រ, មកឃើញប្រពន្ធកើតកូនមែន បានកូនស្រី​មួយ ខ្ញុំនៅដេកកំដរដុតឧសថែភ្លើងឲ្យ ប្រពន្ធអាំង ឆ្លៀតពេលថ្ងៃខ្ញុំទៅជីកគាស់រក កង្កែប ក្តាម ជាមួយ​អ្នកជិតខាង នៅតាមវាលស្រែក្បែរនោះ មុនដំបូងខ្ញុំមិនដឹងថាកន្លែងណាមានរូងក្តាមទេ? អ្នកទៅជាមួយបានប្រាប់ខ្ញុំ ពីវិធីសង្កេតមើលរូងក្តាម​ គេប្រាប់ថា៖ កន្លែងណាដែលមានដីសើមៗ​ ក្បែរគល់ឈើ ឬគុម្ពោតព្រៃមានអាចម៍​ដី រាងដូចអាចម៍ជន្លេន កន្លែងនោះហើយជារូងក្តាម! ខ្ញុំចេះហើយជីកគាស់រកបាន កង្កែប ក្តាម ត្រី​ យកមកផ្ទះ (ក្នុងរន្ធក្តាម១ជួន មានក្តាម នៅជាមួយកង្កែប ជួននៅជាមួយត្រី ជួនក៏មានពស់) នៅពេលយប់ ខ្ញុំទៅជីកអន្លង់រកត្រីនៅមាត់ បឹងក្បែរផ្ទះ ខ្ញុំចេះជីកអន្លង់ទាក់ត្រី ពីអ្នកនៅដេកពេទ្យក្បែរគ្នាគេនិយាយថា៖ ត្រូវជីកអន្លង់​នៅពីលើខ្យល់ បើខ្យល់បក់មកពីជើង ត្រូវជីកអន្លង់នៅខាងជើងបឹង ចំងាយពីមាត់បឹងប្រហែលកន្លះម៉ែត្រ ឬ១ម៉ែត្រលៃ យ៉ាងណាកុំឲ្យទឹកបឹងជ្រាបចូលបាន, ហើយជីកកូនប្រឡាយ ពីមាត់អន្លង់ចូលទៅក្នុងបឹង ដើម្បីឲ្យទឹកហូរ មកដល់មាត់អន្លង់ ទប់ដីនៅមាត់អន្លង់ឲ្យខ្ពស់ជាងទឹកបន្តិចដើម្បីកុំឲ្យទឹកហូរចូល, សង្កត់ និងលុញដីក្នុង ប្រឡាយឲ្យរាបស្មើល្អ ហើយទៅយកទឹក និងស្មៅឬកំផ្លោកពីកន្លែងផ្សេង យកមកចាក់ក្នុងអន្លង់បន្តិចនិង ចាក់នៅតាមប្រឡាយ ចាប់ពីមាត់អន្លង់ឲ្យហូរចូលទៅក្នុងបឹង, ពេលខ្យល់ធ្លាក់មកនាំក្លិនទឹក និងក្លិនស្មៅ ដែលយកមកពីកន្លែងផ្សេងនោះ​​ ចូលទៅក្នុង​បឹងធ្វើឲ្យត្រីនៅក្នុងបឹងយល់ថា មានប្រភពទឹកមកពីកន្លែង ផ្សេង​ហើយនាំគ្នាហែលទៅរកប្រភពទឹកនោះ ហែលមកដល់មាត់អន្លង់ ក៏លោកចូលក្នុងអន្លង់ទៅ, ខ្ញុំដាក់ អន្លង់បានសុទ្ធតែត្រីអណ្តែង យកមកប្រោះទុកបាន១ពាង, ខ្ញុំនៅ​បាន៣ថ្ងៃក៏ត្រឡប់ ទៅមន្ទីរពេទ្យវិញទៅ ដល់ពេទ្យគេសរសេរសំបុត្រឲ្យខ្ញុំវិលទៅការដ្ឋានវិញ (ប្រហែលគេគិតថាខ្ញុំជាហើយ) មកដល់ភូមិស្វាយជ្រុំ គេប្រាប់ថាឥឡូវនេះអង្គការដកកម្លាំង ពីកន្លែងធ្វើស្រូវ​ប្រាំង ឲ្យទៅនៅជីកប្រឡាយ ចម្ងាយពីកន្លែងនោះ ប្រហែល​៣គីឡូម៉ែត្រ ខ្ញុំក៏បានទៅជីកប្រឡាយនៅទីនោះទៅ ។

នៅការដ្ឋានជីកប្រឡាយ លែងឃើញមិត្ត​ស៊ុន ទៀតហើយ អ្នកដែលមកគ្រប់គ្រងពួកយើងថ្មីនេះ ឈ្មោះ​មិត្តរ៉េត ឮថាមិត្តស៊ុន ត្រូវមិត្តមិយកទៅសម្លាប់ចោលហើយ ព្រោះដឹកនាំធ្វើស្រែប្រាំងមិនបានផល គិត​ទៅពួកប៉ុលពតសូម្បីតែគ្នាគេក៏គេសម្លាប់ដែរ កំហុសនេះមកពីប៉ុលពត, ពេលនោះពួកអ្នកមូលដ្ឋានណា ដែលក្រីក្រជាងគេ ហើយឥតចេះអ្វីសោះ គេថាពួកនេះជាវណ្ណៈអធន (គ្មានទ្រព្យ) គឺជាវណ្ណៈដែលអង្គការ​ប៉ុលពតយល់ឃើញថាជាវណ្ណៈបរិសុទ្ធស្លូតត្រង់ ត្រូវពួកមូលធនកេងប្រវ័ញ្ចមើលងាយជិះជាន់ ពួកគេបាន​ឲ្យតម្លៃអ្នកក្រីក្រខ្លាំងណាស់ ហើយលើកកំពស់ ចាត់តាំងឲ្យធ្វើជាប្រធាន នៅស្ទើរគ្រប់ទីកន្លែង ទូទាំង​ប្រទេស ទោះបីជាមិនចេះអក្សរក៏ដោយ ឲ្យសងសឹកត្រូតត្រាកាប់សម្លាប់ អ្នកដែលធ្លាប់ជិះជាន់គេវិញម្តង, គ្នាដែលធ្លាប់ក្រីក្រពីដើមមក មិនដែលទាំងស្គាល់សាលារៀនផង ធ្វើម្តេចនឹងមានគំនិតប្រាជ្ញាដឹកនាំ​សង្គមទៅរកការរីកចំរើនបាន?  គឺដឹកនាំបានត្រឹមតែធ្វើឲ្យសង្គម ក្រីក្រលំបាកវេទនា ដូចកាលគ្នារស់នៅ ក្នុងសង្គមពីដើមអញ្ចឹង, ដល់ពេលគ្នាមានកំហុស ពួកប៉ុលពត ឈប់ថាគ្នាជាវណ្ណៈល្អទៀតហើយ គឺដឹងតែ យកទៅសម្លាប់ចោលមួយមុខប៉ុណ្ណោះ, ដូចករណីមិត្តស៊ុនអញ្ចឹង ឲ្យពួកយើងទៅបារភក់ធ្វើទំនប់នៅចំ កណ្តាលបឹង ហើយអួតថាទោះបី មេឃរាំងភ្លៀង៨ឆ្នាំក៏ឥតខ្វះទឹកដែរ, នេះមកពីគាត់ល្ងង់ រៀនមិនបាន ជ្រៅជ្រះ ធ្វើអ្វីតាមតែគាត់នឹកឃើញ​ អ្នកណាឲ្យយោបល់ក៏មិនស្តាប់ដែរ (អញអង្គការ)​ បានចងគ្នាយើង៣ នាក់យកទៅឲ្យមិត្តមិសម្លាប់ គ្រាន់តែនិយាយថា មិនដែលឃើញពីណាគេធ្វើទំនប់អីក្នុងបឹង​យ៉ាងនេះទេ  (មនុស្សល្ងង់ចចេសរឹងរូសណាស់) ដូច្នេះហើយជីវភាពរស់នៅរបស់សង្គមខ្មែរ ក្នុងរបបប៉ុលពត ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែយ៉ាប់ទៅៗកាន់តែហិនហោចទៅៗ គ្មានថ្ងៃនឹងបានរុងរឿង ប្រសើរថ្លៃថ្លាឡើយ ទីបំផុត របបនេះបាត់ការគាំទ្រពីសង្គម ដួលរលំមិនបាច់ច្រាន ។

នៅជីកប្រឡាយកន្លែងថ្មីនេះ មានថ្ងៃមួយមិត្តរ៉េត ទៅភូមិស្វាយជ្រុំ១ថ្ងៃលុះដល់ល្ងាចត្រឡប់មកវិញឃើញ យួរថ្លើម១ចំហៀង មានឈាមក៏ក្លាក់មកជាមួយផង ពួកយើងសួរថាមិត្តថ្លើមអីនឺង? គេបានប្រាប់ថាថ្លើម គោហើយគេឲ្យចុងភៅយកទៅឆា ដល់ពេលហូបគេបានចែករបបឲ្យម្នាក់២ដុំៗ នៅសល់ប៉ុន្មានទុកសំរាប់ គេហូប ដល់រំលងមកបានប្រហែល២សប្តាហ៍ នៅពេលអង្គប្រជុំពង្រឹងវិន័យ និងអួតពីអង្គការប៉ុលពត មិត្តរ៉េតប្រាប់ថាថ្លើមឆាហូបល្ងាចមុននោះ​ ជាថ្លើមមនុស្សនៅភូមិជាមួយយើង ឈ្មោះមិត្តហាប់ បានលួច បាយអង្គការស៊ី​ត្រូវគេតាមទាន់ ចាប់យកទៅសម្លាប់នៅជិតភូមិ​ក្បែរភ្នំសន្ទុក ហើយ​ពុះទ្រូងយកថ្លើមមក ចែកគ្នា, អង្គការឲ្យយើង១ចំហៀង ឮដូច្នោះពួកយើងហួសចិត្ត​ ភ័យញាក់សាច់គ្រប់គ្នា និងតក់ស្លុតយ៉ាង ខ្លាំងម្នាក់ៗនិយាយថាបើដឹងមុនមិនហូបទេ  ឥឡូវចង់ក្អួតក៏ក្អួតមិនចេញដែរ វាខ្លាយជាលាមកជុះចោល បាត់អស់យូរណាស់ទៅហើយ អ្នកខ្លះនិយាយថា​ យើងកំប្រាប់អ្នកណាឲ្យសោះ ខ្លាចគេស្អប់យើងព្រោះ ស៊ីថ្លើមមនុស្ស​ អ្នកខ្លះថាយើង​ឥតដឹងមុន មិនអីទេគ្មានអ្នកណាស្អប់យើងទេ យើងគ្មានកំហុសទេ យើង ឧបមាថាស៊ីថ្លើមគោទៅចុះ ហើយបាបកម្មនេះ ទុកឲ្យមិត្តរ៉េត ទទួលយកម្នាក់ឯងទៅចុះ, គិតទៅមនុស្ស សម័យប៉ុលពតអីក៏សាហាវឃោរឃៅយង់ឃ្នងម្ល៉េះ! គ្នាគ្រាន់តែលួចបាយហូបសោះ ក៏យកទៅសម្លាប់ដែរ ពួកវាស៊ីសាច់មនុស្សគ្នាឯង ដូចសត្វធាតុ ។ ​
នៅបានប្រហែល២ខែ ប្រឡាយត្រូវបានជីកហើយទាំងស្រុង, ខ្ញុំ បងឃាង និងពួកអ្នក១៧ សរុប១៥នាក់ ត្រូវបានពួកគេចាត់តាំងឲ្យទៅកាប់ព្រៃស្រើង ដើម្បីដាំស្រូវនៅទីនោះ ដឹកនាំដោយមិត្តរ៉េត និងគ្នាគេម្នាក់ ទៀតឈ្មោះមិត្តហុង ហើយកម្លាំងដែលនៅសល់ទៅរួមជាមួយគេ ជីកប្រឡាយនៅកន្លែងផ្សេង១ទៀត។ នៅស្រើងពួកយើងកាប់ឈើធំៗផ្តួលរំលំ មានឈើខ្លះទំហំ២អោប កាប់២ថ្ងៃទើបរលំក៏មានដែរ កាប់អស់ រយៈពេលជិត២ខែ បានដីប្រហែល២ហិកតារ ហើយបានដុតព្រៃនោះ រានយកដីដាំស្រូវ, នៅធ្វើការទីនេះ ជិត១ឆ្នាំបានផលស្រូវមិនដល់២បាវផង ដាំស្រូវចំការបែកគុម្ពតូចៗ ហើយមានផ្លែរ៉ើងៗ ក្នុង១កួរមានស្កក ជិតពាក់កណ្តាល គិតទៅខាតទាំងកម្លាំង ខាតទាំងព្រៃឈើធំៗ បានផលមកវិញ ឥតស្មើអ្វីដែលបាត់បង់ ទៅនោះទេ, នៅក្នុងព្រៃស្រើងទោះបីមានរបបហូបចុក មិនគ្រប់គ្រាន់ក៏​ដោយ បើប្រៀបធៀបមកភូមិវិញ គឺគ្រាន់បើជាងឆ្ងាយណាស់ ព្រោះនៅពេលថ្ងៃទំនេរ ពួកយើងដើរជីកដំឡូងទៀន កាប់ចោះឈើយកទឹក ម្រោម និងសាច់, ស្រះព្រៃដាក់អង្គុបយកសត្វព្រៃ ដើរបេះផ្លែ ភ្ញៀវ គុយ​ សេមាន់ ធ្វើជាចំណី អ្នកខ្លះឆ្លៀត សន្សំទឹកម្រោមផ្ញើទៅ ប្រពន្ធកូននៅឯភូមិទៀតផង។ កាលនោះមិត្តរ៉េត ថ្វីត្បិតតែជាអង្គការ ប៉ុន្តែដឹកនាំ លំអៀង មិនគោរពតាមវិន័យអង្គការ ​ដែលថាត្រូវសាមគ្គីគ្នាទេ មានថ្ងៃមួយពួកយើងមួយចំនួន បានរុកព្រៃ រកបេះផ្លែគុយ ស្រាប់តែជួបពស់ថ្លាន់១ រាងធំដែរក៏ចាប់សែងយកមករោង ពួកយើងអ្នកដែលឥតបានទៅ ជាមួយគេខំអរថាមុខជាបានហូបដែរហើយ ក៏ប៉ុន្តែមានម្នាក់ដែលសែងពស់នោះមក បានប្រាប់មិត្តរ៉េតថា ពស់នេះហូបតែពួកទៅចាប់ទៅឃើញបានហើយ លើកលែងតែមិត្តរ៉េត និងមិត្តហុងជាអង្គការ ពេលនោះ មិត្តរ៉េតក៏ឯកភាពតាម ព្រោះខ្លួនឯងបានហូបដែរហើយ។ លុះពេលគេរោលកោសស្ងោរពស់នោះឆ្អិន ហើយពួកគេ៤-៥នាក់នោះរួម ទាំងមិត្តរ៉េត និងមិត្តហុងផងក៏ហូប, ចំណែកអ្នកដែលមិនបានទៅជាមួយគេ អង្គុយមើលមុខគេល្ហង់លេបទឹកមាត់ក្អឿកៗ ។

ធ្វើស្រូវចំការរួចហើយ ពួកយើងនៅបន្តធ្វើចន្លុះទៀត ដើរកាប់ចោះដើមឈើទាលធំៗដុតយកជ័រមកស្ល​ហើយទៅកាប់ដើមឈើម៉្យាង​ (ខ្ញុំភ្លេចឈ្មោះ) យកមកជ្រលក់ក្នុងខ្ទះជ័រ ពូតច្របាច់ធ្វើចន្លុះ ពេលនោះខ្ញុំ​ឈឺធ្ងន់ម្តងទៀតមិត្តរ៉េត បានបញ្ជូនខ្ញុំ ឲ្យទៅដេកពេទ្យស្រុក នៅក្បែរភូមិជ៤ម្តងទៀត ដេកពេទ្យបាន២ថ្ងៃ ខ្ញុំសុំគេទៅជួបប្រពន្ធកូននៅភូមិជ៤ ឪពុកម្តាយក្មេកខ្ញុំ បានឲ្យថ្នាំជក់១ក្តាប់ ថ្នាំនេះបានមកពីគាត់ដាំក្បែរ​ផ្ទះយកស្លឹកហាន់ធ្វើថ្នាំជក់ ទុកសំរាប់ជក់ និងសំរាប់ដូររបស់របរហូបចុក នៅសម័យប៉ុលពតថ្នាំជក់ និង អង្ករ ប្រៀបដូចជាលុយអញ្ចឹងដែរ ហើយថ្នាំជក់ ដូររបស់របរ បានថ្លៃជាងអង្ករទៅទៀត, ខ្ញុំបានថ្នាំជក់១​ក្តាប់មកពេទ្យវិញ រាកមិនបាត់សោះ ពេទ្យប៉ុលពតឲ្យថ្នាំអាចម៍ទន្សាយ (ថ្នាំផ្សំពីឬសឈើ) លេបម្តង១​កំបង់នៅតែរាកមិនបាត់សោះ មានម្តងនោះរាកខ្លាំងពេក ខ្ញុំអស់កម្លាំងសន្លប់នៅក្នុងបន្គន់ ឥតមានអ្នក ណាដឹងទេ ​ពេលដឹងខ្លួនឡើងវិញ ឃើញដេកលើក្តារបង្គន់ ប៊ីសតែនឹងធ្លាក់ចូលរណ្តៅបន្គន់ ពេលនោះខ្ញុំ បានឲ្យថ្នាំជក់ទៅពេទ្យប៉ុលពតម្នាក់ ដែលដើរមើលអ្នកជំងឺរាល់ព្រឹក រួចសុំថ្នាំរាកហ្គានីដង់លេបគេថា ឥតមានថ្នាំនេះទេ, ខ្ញុំឲ្យថ្នាំជក់គេបាន៣ព្រឹកម្តង១បារីៗ​ ស្រាប់តែមានឡានទ្រុង១ ចូលមកក្នុងពេទ្យដឹក ដើមឈើថ្នាំ យកទៅពេទ្យតំបន់ គេក៏បញ្ជូនខ្ញុំទៅពេទ្យតំបន់តាមឡាននោះ ចំណែកអ្នកជម្ងឺដទៃទៀត ឈឺដូចខ្ញុំដែរ​គេឥតបានបញ្ជូនទៅទេ ខ្ញុំគិតថាអុញសម័យប៉ុលពត ក៏មានអំពើពុករលួយដែរ សូមអរគុណ ឪពុកម្តាយក្មេកដែលបានឲ្យថ្នាំជក់ដល់ខ្ញុំ កំអីខ្ញុំឈឺដេកស្លាប់ក្នុងពេទ្យបាត់ទៅហើយ, មកដល់ពេទ្យតំបន់ នៅទីរួមខេត្តកំពង់ធំ​ ខ្ញុំរត់ចុះពីឡានទៅបង្គន់ស្ទើរមិនទាន់ ពួកពេទ្យប៉ុលពតនៅទីនោះ ឃើញដូច្នោះគេ នាំគ្នាសើច លុះមកពីបង្គន់វិញ គេឲ្យថ្នាំហ្គានីដង់២គ្រប់លេប, តាំងពីលេបថ្នាំ២គ្រាប់នោះមក បាត់រាក ឈឹង​ គិតទៅមនុស្ស ដែលខានលេបថ្នាំពេទ្យយូរហើយ ដល់ពេលបានលេប គឹឆាប់ជាពីជម្ងឺណាស់ ។​

ជម្ងឺបានធូរស្បើយហើយ តែខ្ញុំមិនចង់ចេញពីពេទ្យទេព្រោះនៅទីនេះបបរគោក ហូបមិនឆ្អែតពេកទេតែ គ្រាន់បើជាងនៅភូមិ, នៅរៀងរាល់យប់មានភ្លើងអគ្គិសនីភ្លឺច្រាលពេញមន្ទីរពេទ្យ, មានល្ងាចមួយខ្ញុំដើរ ទៅហូបបបរ ឃើញផ្លែត្រឡាចប៉ុនៗកដៃ៣-៤ នៅលើទ្រើងក្រោយកន្លែងខ្ញុំដេក ដល់ពេលយប់ខ្ញុំទៅលួច បេះផ្លែត្រឡាចនោះហូបឆៅ ឆ្ងាញ់ដូចហូបត្រសក់អញ្ចឹង កំពុងតែហូបស្រាប់តែមានពេទ្យប៉ុលពតម្នាក់ដើរ តាមផ្លូវក្បែរនោះឃើញខ្ញុំ គេគ្រាន់តែសំឡឹងមុខឥតមានថាអ្វីទេ, ថ្ងៃបន្ទាប់ពេលយប់ប្រហែលម៉ោង៧ មានពេទ្យម្នាក់មកហៅខ្ញុំប្រាប់ថាអង្គការសុំជួប គេក៏នាំខ្ញុំទៅបន្ទប់មេពេទ្យប៉ុលពត គេសួរខ្ញុំពីរឿងបេះ ត្រឡាចហូបឆៅខ្ញុំឆ្លើយថា មកពីឃ្លានខ្លាំងពេក​ ទើបហូបត្រឡាចឆៅយ៉ាងនេះ គេនិយាយច្រើនណាស់ ខ្ញុំភ្លេចអស់ហើយ មេពេទ្យក៏ឲ្យគ្នាគេចាប់ខ្ញុំចងស្លាបសេក បណ្តើរយកទៅឆ្ងាយពីទីនោះបន្តិច ប្រាប់ឲ្យខ្ញុំ ដេកផ្កាប់មុខទៅដី​ ហើយស្រែកប្រាប់គ្នាគេថាឲ្យយកពូថៅមកកាប់ខ្ញុំ ឮដូច្នោះខ្ញុំយំហើយសុំអង្វរគេថា សូមមិត្តអត់ទោសឲ្យខ្ញុំផងខ្ញុំមានប្រពន្ធ មានកូនតូចនៅផ្ទះ បើខ្ញុំស្លាប់ទៅ គឺឥតមានអ្នកណានៅមើលថែ ទេ គេថានៅសម័យនេះ អង្គការចេះមើលថែមនុស្សទាំងអស់ហើយកុំភ័យ នៅទីណាក៏មិនអត់បាយស្លាប់ ដែរគេគ្រាន់តែកំញ៉ើញខ្ញុំប៉ុណ្ណោះ រួចគេដោះលែងខ្ញុំវិញ, ព្រឹកឡើងគេធ្វើសំបុត្រឲ្យខ្ញុំត្រឡប់ទៅមូលដ្ឋាន វិញ ។

មកដល់ភូមិស្វាយជ្រុំ ខ្ញុំមិនវិលត្រឡប់ទៅព្រៃស្រើងវិញទេ ប្រធានភូមិប្រាប់ថា មិត្តឯងនៅទីនេះហើយ​ ១ខែទៀតអ្នកនៅព្រៃស្រើង​ ត្រឡប់មកភូមិវិញហើយ។ ខ្ញុំនៅភូមិស្វាយជ្រុំម្នាក់ឯង នឹកដល់ប្រពន្ធកូនក៏ សុំគេទៅយកប្រពន្ធកូនមកនៅជាមួយ ពេលនោះប្រពន្ធកូនរបស់បងឃាង ក៏មកជាមួយដែរ,​ មកនៅភូមិ ស្វាយជ្រុំ គេឲ្យផ្ទះខ្ទមម្នាក់១ស្នាក់នៅ ផ្ទះខ្ទមបងឃាងគេរុះរនាបបាត់ ខ្ញុំបានទៅកាប់ឬស្សី នៅជើងភូមិ មកធ្វើរនាបឲ្យគាត់, គេប្រើឲ្យយើងធ្វើការដូចជា ជំរះស្មៅនៅក្បែរៗភូមិ ពួកយើងមួយចំនួនកាប់ព្រៃនៅ ខាងជើងភូមិដាំដំឡូងមី, ស្រីៗមួយចំនួនកិនស្រូវបុកអង្ករ ខ្លះទៀតកាប់ឬស្សីនៅក្បែរភូមិធ្វើបង្គី, ខ្លះទៀត ឲ្យបាយជ្រូក, គេចែកអង្ករម្តងម្កាល ជួន១ថ្ងៃចែកម្តង ជួន២ថ្ងៃចែកម្តងមិនទៀង ចែកម្តងបានបន្តិចបន្តួច ហូបមិនគ្រប់គ្រាន់ទេ, អ្នកដែលមានរបស់របរ មាសប្រាក់ខោអាវ គេយកទៅដូរយកអង្ករលួចលាក់ជាមួយ អ្នកមូលដ្ឋាន, មានថ្ងៃមួយខ្ញុំនៅសល់សារាងចាក់ថ្នាំពីសម័យលន់ណុល គាប់ជួនពេលនោះ មានគ្នាយើង ទៅភូមិជាំខ្ញុំក៏បានសុំប្រធានភូមិ​ទៅភូមិជាំជាមួយគេដែរ ប្រពន្ធដាំបាយឲ្យ១កំប៉ុងដាក់ហូបតាមផ្លូវ ពេល ដើរបានពាក់កណ្តាលផ្លូវខ្ញុំក៏សំរាកហូបបាយ ក្រោមដើមឈើមួយ ស្រាប់តែពេលនោះ មានអ្នកទៅជា មួយគ្នាម្នាក់ មកអង្គុយជិតខ្ញុំសុំអង្វរងោចៗ សុំហូបបាយជាមួយដែរ មិនព្រមទៅណាសោះ គេប្រាប់ខ្ញុំថា ពេលទៅដល់ភូមិជាំជួបបងប្អូន, គេនឹងហៅខ្ញុំឲ្យហូបបាយជាមួយគេវិញ, ខ្ញុំខ្លាចគេវ៉ៃព្រោះនៅក្រោយ​​គេ ឥតមានអ្នកណាជួយទេ មិនដឹងធ្វើម៉ិចខ្ញុំក៏ឲ្យគេហូបជាមួយទៅ គេហូបលឿនជាងខ្ញុំទៅទៀត មួយភ្លេត អស់បាយ១កូនឆ្នាំង ចំណែកខ្ញុំឯណេះបានតែកន្លះពោះប៉ុណ្ណោះ មកពីផ្ទះគិតថា ថ្ងៃហូបបាយតែពាក់ កណ្តាលបានហើយ ទុកពាក់កណ្តាលទៀតហូបល្ងាច ប៉ុន្តែឥឡូវមិនទាន់ដល់ល្ងាចផងបាយអស់រលីង, លុះដើរជាមួយគ្នាទៅដល់ភូមិជាំ គេបានជួបបងប្អូន, ខ្ញុំនឹកអរស្មានថាបានបាយហូប ជាមួយគេហើយក៏ ដាក់បង្វេចចុះហើយងូតទឹកជាមួយគ្នា នៅអណ្តូងក្បែរនោះ លុះពេលបងប្អូនគេដាំបាយឆ្អិនហៅហូប, គេ បែរជាធ្វើមិនស្គាល់ខ្ញុំភ្លាមមួយរំពេច ហើយដើរឡើងផ្ទះ តែម្នាក់ឯងទៅហូបបាយ ជាមួយ​បងប្អូនបាត់​ឈឹង, គេឥតហៅខ្ញុំឲ្យហូបជាមួយដូចអ្វីដែលគេបានប្រាប់ខ្ញុំទេ។ ខ្ញុំមានជម្ងឺហើមខ្លួនយូរហើយជួនស្រក ជួនហើម តែមិនដែលចាប់អារម្មណ៍ ព្យាបាលអីឡើយ ព្រោះជម្ងីនេះវាឥតឈឺធ្វើទុក្ខទេ ដល់ពេលដើរ ពេញ១ថ្ងៃខ្លួនខ្ញុំឡើងហើម ចុចត្រង់ណាក៏ឌ្រុតដែរ​ កំភួនជើងទាំង២ហើមឡើងចេញទឹក ខ្ញុំឃ្លានខ្លាំង ណាស់។ ពេលជិតយប់ហើយ​ ខ្ញុំឥតស្គាល់អ្នកណាទេ, ពេលដើរតាមផ្លូវ ជាមួយគេម្នាក់ហ្នឹង សង្ឃឹមថា បានដេកស្នាក់នៅផ្ទះបងប្អូនគេ ដល់ពេលគេប្រែក្រឡះ ខ្ញុំក៏ដើរចេញពីទីនោះ រកមើលកន្លែងណាសំរាក ដើរដល់ផ្ទះមួយ សុំគេដេកក្រោមផ្ទះ, គេក៏បោះកន្ទេលឲ្យខ្ញុំ១ ខ្ញុំក៏ចងមុងដែលយកទៅជាមួយដេកនៅ ក្រោមផ្ទះគេ ទាំងអត់បាយទៅ, លុះដល់ព្រឹកឡើង ខ្ញុំដើរដូរសារាង និងម្ជុលចាក់ថ្នាំ មិនទាន់ជួបអ្នកដែល ត្រូវការសោះ ហើយអង្ករក៏គ្មាន១កំប៉ុងដែរ មិនដឹងធ្វើម៉េចឃ្លានខ្លាំងពេក ក៏ដាច់ចិត្តទៅលបដកដំឡូងមី គេនៅក្រោយផ្ទះបាន២មើម យកទៅដុតក្នុងភ្នក់ភ្លើង១ នៅជិតក្រោលគោរបស់គេម្នាក់ទៀត, ខ្ញុំដុតដំឡូង ហូបរួចហើយក៏ដើរដូរទៀត អ្នកភូមិប្រាប់ថាមានមិត្តនារីម្នាក់ (ខ្ញុំភ្លេចឈ្មោះ) ធ្វើពេទ្យភូមិនេះ បើជួបប្រ ហែលជាគាត់ដូរ ព្រោះមានតែគាត់ទេដែលចេះប្រើសារាង, អង្គុយមួយសន្ទុះ ខ្ញុំក៏បានជួបអ្នកភូមិម្នាក់ ដែលធ្លាប់ដេកពេទ្យតំបន់ជាមួយគ្នា នៅទីរួម​ខេត្តកំពង់ធំ គាត់ក៏សួររាក់ទាក់ហើយនាំខ្ញុំទៅដេកផ្ទះគាត់ ព្រោះពេលនោះព្រលប់ហើយ យើងអង្គុយជជែកគ្នាលេងមួយសន្ទុះធំ ក៏ចូលដេកទៅ ពេលនោះខ្ញុំឃ្លាន ខ្លាំងណាស់ព្រោះឥតមានបាយហូប ក៏ងើបទៅផឹកទឹកមួយចំអែត ហើយដើរមកដេកវិញ នៅមិនសុខ ក្រពះកាន់តែឃ្លានឡើងៗ ទ្រាំមិនបានក៏ចុះទៅក្រោយផ្ទះ ដកដំឡូងមីបាន៣មើម ហូបឆៅអស់១មើម ហើយក៏យក២មើមទៀតកាន់ដើរឡើងលើផ្ទះ ដាក់ញាត់ក្នុងការុងហើយចូលទៅដេកទៅ ប្រហែលម្ចាស់ ផ្ទះដឹង និងតាមដានហើយមើលទៅ ពេលខ្ញុំដេកមិនទាន់លក់ផង ស្រាប់តែគេងើបក្រោកឡើងដុតចន្លុះ ហើយដើរមកស្ទាបការុងខ្ញុំ ​ឃើញដូច្នោះ​ខ្ញុំធ្លាក់ថ្លើមឃ្តុក ភ័យយ៉ាងខ្លាំងចិត្តមួយ ចង់ងើបរត់តែខ្លាចរត់មិន រួចខំប្រឹងដេកសម្ងំចាំមើលតទៅទៀត ម្ចាស់ផ្ទះក៏លូកយកដំឡូង២មើម​នោះកាន់ទៅក្រោយ មិនដឹងជា យកធ្វើអីទេខ្ញុំឮក្រេកក្រោកៗ ស្រាប់តែបានមួយសន្ទុះធំ ខ្ញុំឃើញគាត់កាន់កូនកញ្ជើតូច១ មានដំឡូងមី ស្ងោរហុយៗ២ដុំនៅពីលើ ដើរចេញពីចង្រ្កានបាយមក, ខ្ញុំឯណេះភ័យឡើងញ័រមុង គាត់ក៏ស្រាប់តែដាស់ ខ្ញុំឲ្យហូបដំឡូងនោះ ដោយមិននិយាយអ្វី​សូម្បីតែមួយមាត់ឡើយ ខ្ញុំក៏ឈប់ភ័យតែនឹកខ្មាស់គេជាខ្លាំង ប្រុងនិយាយសុំទោសគេដែរ តែគេមិនស្តាប់ រួចនាំនិយាយរឿងផ្សេងទៅវិញ ហើយគាត់បេះដំឡូង១កូនដុំ មកហូបកំដរខ្ញុំធ្វើហី ខ្ញុំគិតថាប្រហែលជាគេខ្លាចខ្ញុំខ្មាស់ហើយ, គិតទៅសម័យនោះ នៅមានមនុស្សល្អខ្លះ ដែរមិនអាក្រក់ទាំអស់ទេ, ព្រឹកឡើងម្ចាស់ផ្ទះដែលខ្ញុំបានដេកជាមួយយប់ម៉ិញ បានជូនខ្ញុំទៅជួបមិត្តនារី ពេទ្យភូមិនោះ ខ្ញុំក៏បានដូរសារាង២ និងម្ជុលចាក់ថ្នាំ៤ មិត្តនារីនោះឲ្យអង្ករ​មកខ្ញុំវិញ៧កំប៉ុងទឹកដោះគោ ខ្ញុំអង្វរគាត់សុំឲ្យថែម២កំប៉ុងទៀតមក មិត្តនារីនោះប្រាប់ថាគាត់ឥតមានធ្វើស្រែទេ បានអង្គការឧបត្ថម្ភ សន្សំបានអង្ករតិចតួច បើមិត្តឯងមិនដូរទេ យកសារាងទៅវិញចុះ ខ្ញុំក៏ឈប់តវ៉ា គាប់ជួនពេលនោះគេ ឃើញខ្ញុំហើមពេញខ្លួន ក៏ប្រាប់ថាមិត្តឯងនៅចាំទីនេះហើយ ក្រែងមានរទេះគេទៅភ្នំសន្ទុកចាំខ្ញុំសុំគេឲ្យ ជិះទៅជាមួយ អង្គុយកន្លែងនោះបានប្រហែល១ម៉ោង ស្រាប់តែឃើញរទេះគោបរតាមក្រោយផ្ទះ មិត្តនារី ពេទ្យនោះ គាត់ក៏សួរនាំដឹងថាទៅភូមិជាយស្បៃ ក្បែរជើងភ្នំសន្ទុកក៏ផ្ញើខ្ញុំ ឲ្យជិះរទេះទៅជាមួយគេ ។

ភូមិស្វាយជ្រុំនៅក្បែរភ្នំសន្ទុក ជាទីកន្លែងលត់ដំ កាប់សម្លាប់ យ៉ាងសាហាវ  គេប្រើពួកយើងឲ្យធ្វើការគ្មាន ពេលទំនេរ ក្រោយពីកាប់ឆ្ការព្រៃ និងជំរះស្មៅដាំដំឡូងរួចហើយ, ​ស្រីៗដែលមានកូន គេឲ្យធ្វើការនៅក្នុង ភូមិ, អ្នកគ្មានកូន និងប្រុសៗគេឲ្យទៅធ្វើការឆ្ងាយពីភូមិលុះយប់ទើប ពួកយើងមកដល់ភូមិវិញ, យប់ឡើង គេដើរលបស្តាប់ក្រែងមានអ្នកណា និយាយអាក្រក់ពីអង្គការ ឬត្អូញត្អែរថាលំបាកវេទនា គេចំណាំផ្ទះ ចំណាំមុខស្អែកឡើងពួកគេ មកចាប់ចងយកទៅសម្លាប់, ជារឿយៗពេលល្ងាចថ្ងៃគងព្រៃប្រពន្ធខ្ញុំបាន ឃើញពួកគេចងមនុស្សបណ្តើរតាមផ្លូវមុខផ្ទះខ្ញុំ យកទៅសម្លាប់នៅជើងភ្នំសន្ទុក ពេលដើរមកវិញឃើញ ពួកគេយួរប្រមាត់ និងថ្លើមមនុស្សឈាមក៏ក្លាក់មកជាមួយ​​ គឺប្រមាត់គេយកត្រាំស្រា ថ្លើមគេឆាក្លែមស្រា ពួកគេជាសត្វនរកតិរិច្ឆាន ស៊ីសាច់មនុស្សគ្នាឯង, ពួកដែលបណ្តើរមនុស្សយកទៅសម្លាប់ ជួនឃើញមាន គ្នា២នាក់ជួនឃើញមានគ្នា៣នាក់ ចំណែកជនរងគ្រោះ ជួនមាន១នាក់ ជួនមាន២នាក់ ភាគច្រើនជា មនុស្សប្រុស មនុស្សស្រីមានមួយៗដែរ កំហុសពួកគេ មិនសមនឹងស្លាប់ទេ គ្រាន់តែជាអ្នកជម្ងឺហូបបាយ បានគេថាឈឺយកលេសខ្ជិល, ជាអ្នកនិយាយប៉ះពាល់ ដល់អង្គការប៉ុលពត, ជាអ្នកលួចរបស់កំប៉ិចកំប៉ុក ហូបដូចជាដំឡូងដាដើម, ជាអ្នកត្អូញត្អែរពីការលំបាកក្នុងជីវភាពរស់នៅ, ជាអ្នកត មាត់ជាមួយពួកគេ..., ពួកយើងរស់នៅក្នុងភាព តក់ស្លុត ភ័យខ្លាច ស្រេកឃ្លាន រងទុក្ខសោក វេទនារាល់ថ្ងៃ, នៅបានប្រហែល ជិត១ឆ្នាំបាត់មនុស្សអស់ជិតពាក់កណ្តាលភូមិ, សល់ប៉ុន្មានគេបញ្ជូនពួកយើង មួយចំនួនឲ្យទៅនៅភូមិ ជាយស្បៃ និងមួយចំនួនទៀតឲ្យទៅនៅភូមិស្វាយកាល់ឆ្លងផ្លូវជាតិខាងលិចភ្នំសន្ទុកគ្រួសារខ្ញុំ និងគ្រួសារ បងឃាង ត្រូវបានគេបញ្ជូនទៅនៅភូមិស្វាយកាល់ ។​

ទៅដល់ដំបូងគេឲ្យទៅដេកនៅក្នុងរោងវែងរួមគ្នាសិន ហើយចាត់តាំងប្រុសៗឲ្យទៅកាប់កូនឈើបោចវល្លិ យកមកធ្វើខ្ទម, ស្រីៗគេឲ្យទៅដាំដំឡូងមីនៅក្បែរនោះ ពេលនោះមានគ្នាយើងខ្លះ ទៅភូមិស្វាយជ្រុំរក បេះបន្លែ និងដកដំឡូង ដែលនៅសេសសល់ ខ្ញុំឃើញដូច្នោះក៏ទៅជាមួយគេដែរ ពេលដើរទៅដល់ថ្ងៃរះ ផុតពីព្រៃឃើញកូនឈ្លប១ក្រុម កំពុងតែជំរះស្មៅនៅជុំវិញផ្ទះមេរបស់គេ ខ្ញុំនិងអ្នកភូ​មិជាមួយគ្នា បានចូល ទៅមើលកន្លែងដែលធ្លាប់រស់នៅរៀងខ្លួន, ​ផ្ទះខ្ទមខ្ញុំគេរុះបាត់ ដំឡូងមីសល់២គុម្ព ក៏គេដកអស់ ខ្ញុំក៏ទៅ ដកស្លឹកគ្រៃ ដែលនៅសល់ចងបាន១បាច់ ប្រុងនឹងដើរចេញមកវិញហើយ ស្រាប់តែខ្ញុំឃើញកូនឈ្លប ប៉ុលពតម្នាក់លីផ្គាក់ មកហៅខ្ញុំឲ្យទៅជួបមេគេ ទៅដល់មេគេដកយកពូថៅពីដៃរបស់ខ្ញុំ, ​គេឥតចងខ្ញុំទេ​តែគេឲ្យកូនក្មេងឈ្លបម្នាក់នាំខ្ញុំ ឲ្យទៅជំរះស្មៅនៅក្បែរនោះ, ដីធំដែរទំហំប្រហែលជា 20m x 30m គេថា មិត្តឯងជំរះស្មៅនេះឲ្យហើយ បានឲ្យទៅផ្ទះវិញ ខ្ញុំខំ​ប្រឹងជំរះស្មៅហត់ចង់ដាច់ខ្យល់ ដល់ថ្ងៃត្រង់ជាក់ជំរះ បានមិនដល់ពាក់កណ្តាលផង ពេលនោះឮសួរ​គេវាយជូង ប្រមួលគ្នាហូបបាយ មេគេក៏ស្រែកហៅកួន ឈ្លបឲ្យទៅហូបបាយ ឲ្យនាំទាំងខ្ញុំទៅផង ខ្ញុំនឹកអរស្មានថាបានហូបបាយ១ពេលជាមួយពួកគេ ទៅដល់ គេដេញខ្ញុំឲ្យទៅភូមិវិញ ខ្ញុំសុំកូនពូថៅរបស់ខ្ញុំវិញ គេមិនឲ្យហើយ​យារពូថៅចង់រកកាប់ក្បាលខ្ញុំទៀត, ប្រពន្ធខ្ញុំ និងបងឃាងភ័យខំដើរទៅរកខ្ញុំ ជួបគ្នាពាក់កណ្តាលផ្លូវ, ពេលជួបមុខគ្នាបង​ឃាង​​ឥតនិយាយអី ទេ, ប្រពន្ធខ្ញុំបន្ទោសថា គេគ្រប់គ្នាមកផ្ទះអស់ហើយ បងឯង​នៅអីក៏យូរម៉េះ ខ្ញុំនៅស្ងៀមឥតបា្រប់គាត់ពី រឿងនេះទេ ។

ខ្ញុំ និងបងឃាង ព្រមទាំងប្រពន្ធកូន ក៏បានធ្វើខ្ទម នៅក្បែរគ្នាក្នុងភូមិស្វាយកាល់នោះ, មកនៅទីនេះ ដំបូង គេមិនទាន់ឲ្យហូបរួមទេ រំលងមកបានប្រហែល២ខែ ទើបពួកប៉ុលពត បង្ខំឲ្យហូបរួម ពេលនោះជារដូវ ច្រូតកាត់គេចែកស្រូវដែលទើបនឹងច្រូត (បានច្រើនឬតិច យោងតាមសមាជិកគ្រួសារនិមួយៗ) ខ្ញុំមាន សមាជិកគ្រួសារ៣នាក់ (២នាក់ប្តីប្រពន្ធ និងកូន១) ក្នុង១ថ្ងៃគេចែកឲ្យគ្រួសារខ្ញុំ នូវស្រូវ៤កណ្តាប់ផ្លែរ៉ើងៗ យកមកបុកជាអង្ករបានប្រហែលកន្លះកំប៉ុងទឹកដោះគោ យកទៅបបររាវៗ ដួសយកកាកឲ្យកូនញ៉ាំ ហើយ ខ្ញុំ និងប្រពន្ធហុតទឹកបបរ, គេប្រើឲ្យយើងធ្វើការគ្មានពេលសំរាក ខ្លួនប្រាណស្គមស្គាំង សល់តែស្បែក និងឆ្អឹងភ្នែករូងដូចខ្មោច មានការស្រេកឃ្លានខ្លាំងណាស់ បើឃើញកន្លាត ជីងចក់ ឬថ្លែនវារកាត់មុខចាប់ ដុតហូបខ្ទេច, ពេលនោះដោយសារក្រពះស្រេកឃ្លានខ្លាំងពេក លែងគិតពីបាបបុណ្យអ្វីទាំងអស់ ខ្ញុំដែល ធ្លាប់បួសមិនដែលធ្លាប់សម្លាប់សត្វមិនដែលចេះលួចពេលនេះចេះអស់ហើយ ដោយឃ្លានខ្លាំងពេកពេល យប់ ទោះបីដឹងថាបើលួចគេទាន់ ច្បាស់ជាគេយកទៅសម្លាប់ក៏ដោយ ខ្ញុំនៅតែប្រព្រឹត្ត ទៅលួចពោតពូជ ដែលគេព្យួរនៅតាមជង្រុកស្រូវ, ដើរដកបន្លែ, ដកស្ពៃ, ដែលគេដាំតាមផ្ទះ យកមកលួចស្ងោរហូប, បាន ទាក់កមាន់ ដែលមករកស៊ីនៅក្បែរខ្ទមរបស់ខ្ញុំបាន៣ដង (មាន់៣) យកមកធ្វើម្ហូប ។

មានថ្ងៃមួយ ខ្ញុំឈឺសុំគេនៅផ្ទះ ពេលនោះមានឆ្កែ១ ដើរមកក្រោមខ្ទម ខ្ញុំយកខ្សែអង្រឹងធ្វើអន្ទាក់ ស៊កតាម ប្រហោងធំ១ ដែលសំរាប់ចាក់ទឹកលាងចានចោល ទាក់កឆ្កែអូសយកមកលើខ្ទម រួចយកកាំបិតអារក ត្រង យកឈាមដាក់ក្នុងមួកដែក ហើយពន្លាត់ស្បែកចេញ កាប់សាច់ប្រឡាក់ ហើយលាក់ក្នុងកាតាបខោអាវ តែជាសំណាងល្អដែរ ដែលពួកគេមិនដឹង ក្រោយមកទើបខ្ញុំដឹងថា ឆ្កែនោះជារបស់អ្នកមូលដ្ឋានឈ្មោះ ផា ជាឆ្កែបណ្តើររកសត្វព្រៃ គេដើររកពេញភូមិ ហើយគេនិយាយថា បើដឹងថាអ្នកណាយកឆ្កែគេស៊ី គេនឹង ពន្លាត់ស្បែកទាំងថ្ងៃឲ្យមើល, ខ្ញុំនៅក្បែរនោះឡើងញាក់សាច់តែធ្វើជាមិនដឹង ហើយប្រាប់គេថា ខ្ញុំមិន ដែលឃើញឆ្កែនោះទេ (សូមបង្វែរបាបកម្មទាំងឡាយទាំងពួងដែលខ្ញុំបានសាងពេលនោះ ឲ្យទៅខ្មោច ប៉ុលពតទទួលយកជំនួសខ្ញុំផងទៅចុះ! ព្រោះខ្ញុំមិនចង់សម្លាប់សត្វទេ តែនេះមកពីប៉ុលពតធ្វើឲ្យខ្ញុំស្រេក ឃ្លានខ្លាំងពេក) ។ ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ដើរលួចរបស់ស៊ី នៅក្នុងភូមិទៀតហើយ ខ្លាចគេទាន់ នៅពេលយប់ខ្ញុំទៅរកត្រីនៅវាលស្រែក្រោយភូមិ ដើរកាត់ព្រៃខ្មោចព្រៃតាម៉ា អ្នកមូលដ្ឋាន មិនហ៊ានដើរ កាត់ពេលយប់ទេ ខ្លាចខ្មោចលង ខ្ញុំដើរកាត់ជួនកាល មើលពីចម្ងាយឃើញភ្លើងឆេះគល់ឈើ មានរងើក ក្រហមឆ្អៅ ដល់ពេលទៅជិតឥតមានអីទាំងអស់ ជួលកាលជូបឆ្មាដេញគ្នា ស្រែកញេវញ៉ាវពេញព្រៃ ដល់ មកនិយាយប្រាប់គេទើបដឹងថាខ្មោចលង សម័យនោះខ្ញុំហាក់ដូចជាឥតខ្លាចអ្វីទាំងអស់! ដោយសារតែ ឃើញប្រពន្ធកូន និងខ្លួនឯងស្គមស្គាំងហើយស្រេកឃ្លានខ្លាំងពេក, របរនេសាទខ្ញុំពេលនោះគឺស្ទូច, បបក់, ដាក់អន្លង់ ចេះមកពីមិត្តភក្តិ ប្រាប់កាលនៅដេកពេទ្យជាមួយគ្នា, មានតាម្នាក់នៅក្នុងភូមិស្វាយកាល់នេះ (ខ្ញុំភ្លេចឈ្មោះ) ​គាត់បានឲ្យផ្លែបបក់ខ្ញុំ១ ហើយតែងតែបបួលខ្ញុំទៅបបក់ត្រី នៅបឹងប៉ប្រូង និងទៅបឹងខ្នាច ឆ្ងាយពីនោះប្រហែល២គីឡូម៉ែត្រ ខ្ញុំរកត្រីអណ្តែង (ដាក់អន្លង់) ត្រីផ្ទក់ ត្រីឆ្តោ ត្រីរ៉ស់ (បបក់) បានទាំង ទ្រុងៗយកមកឲ្យប្រពន្ធធ្វើម្ហូប, មានពេលមួយនោះខ្ញុំទៅបបក់ នៅបឹងខាងក្រោយភូមិ ឃើញគេរាយមង​ក្នុងបឹងភ្នែកខ្ញុំរំពៃមើលចំណាំកន្លែង ដែលគេរាយមងនោះ មកដល់ផ្ទះម៉ោងប្រហែល១០យប់ ខ្ញុំដើរកាត់​ព្រៃតាម៉ាទៅលួចកាត់ យកមងនោះ១កំណាត់ ស្រាវអូសយកមកលើគោក ជាប់សុទ្ធតែត្រីក្រាញ់ធំៗ ណាស់ ខ្ញុំមិនដោះត្រីនៅទីនោះទេខ្លាចគេទាន់ ក៏ក្រសោបមងស្ពាយលើស្មា យកមកដោះត្រីនៅផ្ទះ ។

នៅរដូវធ្លាក់ខ្យល់ពីជើងស្រូវចាប់ផ្លើមទុំបណ្តើរៗខ្ញុំឈឺហើមគេឲ្យសំរាកនៅផ្ទះ ពេលថ្ងៃខ្ញុំទៅលួចបូតស្រូវ នៅវាលស្រែក្រោយភូមិ យកមកឲ្យប្រពន្ធបុកនឹងមួកដែកធ្វើអង្ករ ទំរាំផុតរដូវច្រូតកាត់ សន្សំបានអង្ករជិត ១កូនបាវ(ចំណុះ២៥គីឡូ) ពេលឪពុកក្មេកខ្ញុំទៅលេង ប្រពន្ធខ្ញុំដាំបាយជូនគាត់ពិសារ ជាមួយត្រីដែលរក បានរាល់យប់ គាត់មានប្រសាសន៍ថាឆ្ងាញ់ណាស់ ភូមិប៉ាឥឡូវនេះ មិនដែលបានបាយហូបទេ ហូបតែ បបររាវៗ ប្រពន្ធខ្ញុំនិយាយថា ភូមិនេះក៏អញ្ចឹងដែរ ។ ការលួចបូតស្រូវនេះ ក៏ប្រថុយគ្រោះថ្នាក់ខ្លាំងដែរ ខ្ញុំសម្លឹងមើលនាយ មើលអាយ ឥតឃើញមនុស្ស ក៏ដើរចូលទៅកណ្តាលស្រែ ហើយអង្គុយចាប់ទាញក ស្រូវយកមកបូតនឹងដៃហើយទំលាក់ទៅក្នុងប៉ោត បូតប្រហែល២ម៉ោង ទើបពេញ១ប៉ោត (ចំណុះទឹក២០ លីត្រ)។ មានថ្ងៃមួយនោះពេលរសៀលគងភ្នំ ខ្ញុំកំពុងតែអង្គុយបូតស្រូវបំពេញប៉ោត ស្រាប់តែឮសម្លេង ពួកកងចល័ត ដើរតាមភ្លឺស្រែតម្រង់ទៅភូមិ មានម្នាក់ក្នុងចំណោមនោះ និយាយថា ចុមមិត្តឯងមើលនោះ! ស្អីរវឺកៗក្នុងស្រែ? ពួកគេក៏ក្រឡេកភ្នែក តម្រង់មករកខ្ញុំ ពេលនោះខ្ញុំភ័យណាស់ ខំអោនឲ្យទាបសម្ងំ ស្ងៀមមួយសន្ទុះ ខ្ញុំឮពួកគេនិយាយថា មិត្តឯងចុះទៅមើលមើ! មានម្នាក់ទៀតឆ្លើយថា មិនបាច់ចុះទៅ មើលទេឥតឃើញមានអីផង រួចហើយពួកគេក៏ដើរសំដៅទៅភូមិទៅ! ខ្ញុំភ័យព្រលឹងនៅចុងសក់ ចាប់តាំង ពីពេលនោះមក លែងហ៊ាននៅបូតស្រូវដល់ល្ងាចទៀតហើយ ។

នៅរដូវប្រាំងឆ្នាំ១៩៧៧ ពួកប៉ុលពតកេណ្ឌអ្នកភូមិ ឲ្យទៅភ្ជួរព្រួសស្រូវ នៅវាលក្រោម ពេលនោះខ្ញុំក៏ត្រូវ បាន​ចាត់តាំងឲ្យទៅដែរ ជាមួយអ្នក១៧មួយចំនូនទៀត ចំណែកបងឃាង គេចាត់តាំងឲ្យទៅវាយថ្មនៅ ភ្នំសន្ទុក, ពួកយើងបររទេះពីព្រឹកព្រហាម ដល់ថ្ងៃទេរជិតលិច ទើបទៅដល់ទីដៅ, រាងខ្ញុំស្គមដូចស្បូវ កណ្តបដើរស្ទើរមិនរួចខ្យល់បក់ចង់រលំ គេចាត់ឲ្យទៅភ្ជួរស្រែ ពុទ្ធោ!ខ្ញុំមិនដែលធ្លាប់កាន់នង្គ័លទាល់តែ សោះព្រឹកស្អែកឡើងជាលើកដំបូង ខ្ញុំទៅភ្ជួរស្រែ មើលទៅគេជិតខាងខ្ញុំ គេបរគោភ្ជួរស្រែបែកដីសំពោង ខ្ញុំទាញខ្សែគោយកគោ១មកទឹមនង្គ័ល ហើយដើរទៅដឹកគោ១មកទៀត ស្រាប់តែគោដែលទើបនឹងទឹម ហើយរត់ទាញទាំងនឹម និងនង្គ័លទៅដល់ពាក់កណ្តាលស្រែ ​ប្រហែលជាវាចម្លែកឃើញខ្ញុំមិនមែនជា ម្ចាស់វាទេដឹង? មេកងប៉ុលពតឃើញដូច្នោះ គេដើរមកស្រែកសំឡុតខ្ញុំថា មិត្តឯងរកស៊ីធ្វើការងាររបៀប នេះម្តេចនឹងចិញ្ចឹមខ្លួនរស់ គេក៏ជួយចាប់គោយកមកទឹម ហើយប្រាប់ពីវិធី​ទឹមគោជាមួយនង្គ័ល រួចគេនៅ ឈរចាំមើលខ្ញុំភ្ជួរ ខ្ញុំចាប់កាន់យាមនង្គ័ល ហើយដេញគោឲ្យដើរទៅមុខ ស្រែកដេញគោថាទៅ! ក៏ស្រាប់ តែមេកងប៉ុលពតលាន់មាត់ថា ចុមមើអាគាត់នេះ វាដេញគោដូចគេដេញមនុស្ស ហើយពួកគេអស់ សំណើចនាំគ្នាសើចឮរំពងវាលស្រែ, ចំណែកខ្ញុំឯណេះបែកញើសទាំងព្រឹក ភ្ជួរបានប្រហែល១០ម៉ែត្រ ក៏ដល់ដីរឹងទប់យាមនង្គ័លមិនជាប់ ក៏ត្រូវយាមនង្គ័លបោកដួលទាំងជំឈរ ពួកគេឃើញដូច្នោះ ក៏ស្រែក បា្រប់ខ្ញុំថាមិត្តឯងឈប់ភ្ជួរទៅ ខូចនង្គ័លគេអស់ហើយ! ពួកគេក៏ចាត់ឲ្យអ្នកមូលដ្ឋានគ្នាគេមកភ្ជួរជំនួសខ្ញុំ ហើយគេដេញខ្ញុំឲ្យទៅផ្ទះបាយជួយដាំស្លគេ លុះដល់ស្អែកឡើង គេបានចាត់ឲ្យខ្ញុំទៅរកត្រីជាមួយអ្នក មូលដ្ឋានវិញ,​ ការរកត្រីនេះជាកន្លែងដែលស្រុកយើងឥឡូវគេថាកន្លែងខ្លាញ់ ប្រៀបដូចជាកន្លែង គយ ពន្ធដារ អញ្ចឹងដែរ នៅជំនាន់ប៉ុលពតកន្លែងខ្លាញ់មាន៖ ចុងភៅ, អ្នកឡើងត្នោត, អ្នករកត្រី, ចំណែក​ខ្ញុំអ្នក១៧មានអីដល់បានរកត្រីហូបឆ្ងាញ់ខ្ញុំធាត់ និងមានកម្លាំងដូចពួក​មូលដ្ឋានដែរ, សំណាងដែរដែល​ខ្ញុំមិនចេះភ្ជួរស្រែ ។

នៅវាលក្រោមខេត្តកំពង់ធំ ពេលនោះសំបូរត្រីណាស់ ព្រឹកឡើងដាក់អង្ករ៣កំប៉ុង ឆ្នាំងមួយ អំបិលមួយ កញ្ចប់គ្នា៣នាក់ បររទេះទៅចំងាយប្រហែល៦០០ម៉ែត្រ ពីកន្លែងចុងភៅ ឃើញរណ្តៅអន្លង់ចាស់ៗនៅ​ពេញវាល យើងចុះទៅបារភក់មកដាក់មាត់អន្លង់ជុំវិញ ឲ្យខ្ពស់ពីទឹកបន្តិចដើម្បីកុំអោយទឹកចូល ហើយនាំ​គ្នាបាចទឹកដោយប្រើខ្សែញាក់ គឺយកខ្សែចងធុងសងខាងម្ខាង២ ហើយនៅខាងចុងខ្សែម្ខាងៗទៀត យើង​ចងវាភ្ជាប់នឹងកំណាត់ឈើ ឈរម្នាក់ម្ខាង ពេលទឹកចូលពេញធុង យើងទាញខ្សែទាំងសងខាង ឆក់ធុង ដែលមានទឹកពេញនោះឡើងមកលើ ចាក់ទឹកទៅក្រៅ ហើយពេលបន្ធូរខ្សែ ធុងក៏មុជចូលទៅក្នុងអន្លង់ វិញទឹកពេញធុង ក៏ឆក់ឡើងដូចមុនទៀត, បាចបានមួយសន្ទុះធំ ឃើញក្បាលត្រីឲ្យរងោក មិនចាំដល់រីង ទឹកទេ ពួកយើងយកព្រនងម្នាក់១ វាយក្បាលត្រឹយកតែអាធំៗ ចាប់បោះឡើងលើគោក ក្នុង១កូនអន្លង់ បានត្រីជិតកន្លះរទេះ បាចហើយបង្ហូរទឹកចូលវិញ ហើយនាំគ្នាបររទេះរកទីទួលដាំបាយ រើសយកត្រីណា ដែលធំៗ៣-៤មកដុតហូបយ៉ាងឆ្ងាញ់ចាស់ដៃ ស្អែកឡើងបាចត្រីក្នុងអន្លង់ នៅក្បែរគ្នាបន្តបន្ទាប់ៗ រំលង បាន១សប្តាហ័ វិលមកបាចកន្លែងដដែលវិញ នៅតែមានត្រីដូចកាលបាចលើកមុនដែរ ។

លុះភ្ជួររាស់ព្រួសស្រូវ នៅស្រែវាលក្រោមរួចហើយ ពួកអ្នក១៧ទាំងអស់ ត្រូវពួកប៉ុលពតប្រមូលយកទៅ សម្លាប់ ដោយពួកគេកុហកថាអង្គការឲ្យទៅភ្ជួរស្រែរួមស្រុកដឹកនាំដោយគ្នាគេ២នាក់ម្នាក់ឈ្មោះមិត្ត សេង ធ្វើប្រធាន ម្នាក់ទៀត(ខ្ញុំភ្លេចឈ្មោះ) ពួកយើងក៏បានដាក់អីវ៉ាន់លើរទេះ ហើយដើរតាមពីក្រោយទាំងអស់​គ្នា មកដល់ស្រែលើនៅជិតភូមិស្វាយកាល់ គេឲ្យពួកយើងសម្រាកនៅក្នុងខ្ទម១ ហើយស្អែកឡើង គេឲ្យ​ភ្ជួរស្រែនៅក្បែរនោះ, ពួកយើងឆ្ងល់ណាស់គេថាទៅភ្ជួរស្រែរួមស្រុក ហេតុអ្វីបានជាមកនៅទើត្រឹមនេះ​ទៅវិញ, ខ្ញុំដែលធ្លាប់រកត្រីគេចាត់ឲ្យរកត្រីដដែល ជាមួយអ្នក១៧ដូចគ្នាម្នាក់ទៀត ទៅរកត្រីនៅបឹងក្បែរ​នោះ, ដើមរដូវវស្សាភ្លៀងធ្លាក់ទឹកដក់ពេញស្រែ ពពួកមច្ឆាជាតិទាំងឡាយមាន កង្កែប ក្តាម ខ្យង ជាដើម វារចេញពីរូង ខ្លះបណ្តែតខ្លួន​លើទឹកតាមវាលស្រែ ខ្លះនៅសម្ងំមាត់រូង ហ្វូងត្រីទាំងតូចទាំងធំ នាំគ្នាហែល​បញ្ច្រាស់ទឹកទៅរកចំណី នៅតាមគុម្ពស្មៅក្បែរមាត់ច្រាំង, ពេលនោះខ្ញុំដូចជាមានប្រផ្នូលអ្វីមួយ ចេះតែ​ញាក់ភ្នែកឆ្វេង ដើរៗទៅឃើញខ្យងមួយគូ កំពុងពាក់គ្នានៅក្បែរភ្លឺស្រែ ជិតផ្លូវគេដើរ ក៏ចាប់ពួកវាយកទៅ ដាក់ឲ្យឆ្ងាយពីផ្លូវ ហើយនិយាយថាខ្ញុំបានជួយខ្យង១គូនេះឲ្យរួចផុតពីសេចក្តីស្តាប់ បើខ្ញុំមានបញ្ហាអ្វីសូម លោកតា និងវត្ថុស័ក្តិសិទ្ធិនៅវាលស្រែនេះ មេត្តាជួយខ្ញុំផង! ។ មកនៅភ្ជួរស្រែទីនេះបានប្រហែល៣-៤ថ្ងៃ ល្ងាចថ្ងៃចុងក្រោយពេលត្រឡប់មកពីរកត្រីវិញ ខ្ញុំដើរក្រោយគេ ហើយបានលែងត្រីអណ្តែង ១គូចូលទៅ ក្នុងទឹក​ស្រែ ហើយនិយាយថាសូមអ្នកទៅឲ្យបានសេចក្តីសុខចុះ ហើយសូមជួយប្រាប់លោកតាថែរក្សា ទឹកដីនៅទីនេះសូមលោកមេត្តាជួយជីវិតខ្ញុំផង ។

លុះដើរមកដល់រោងវិញ ឃើញបាយច្រើនជាងធម្មតា ចុងភៅប្រាប់ថា អង្គការឲ្យយើងដាំបាយច្រើនហូប ម៉ាឆ្អែត លុះហូបបាយរួចហើយ ពេលថ្ងៃរៀបលិច គេបានប្រាប់ថា ឥឡូវនេះអង្គការ មានផែនការថ្មីឲ្យ ក្រុមយើង ទៅភ្ជួរស្រែនៅក្បែរជើងភ្នំសន្ទុក, ហើយគេឲ្យពួកយើង ប្រមូលអីវ៉ាន់ប្រដាប់ប្រដារការុងមុង ភួយ ដាក់នៅលើរទេះហើយឲ្យដើរទាំងអស់គ្នា តាមពីក្រោយរទេះគោនោះ លុះមកដល់ពាក់កណ្តាលផ្លូវ ឃើញប្រធានភូមិឈ្មោះអួន មកទទួលពួកយើង ដោយមានកូនក្មេងឈ្លប១នាក់ អមដំណើរមកជាមួយ និងមានពូថៅសៀតនៅចង្កេះ និងលីកាំបិតផ្គាក់មុខសស្ងាច(នៅសម័យប៉ុលពតគេមិនប្រើកាំភ្លើងសម្លាប់ មនុស្សទេគេប្រើដំបង ត្បូងចប កាំបិត ពួថៅជំនួសកាំភ្លើង)​ ហើយបានប្រាប់ពួកយើងថា អង្គការមានការ អាណិតអាសូរអ្នក១៧ខ្លាំងណាស់ ត្រៀមចែកក្រណាត់សម្នាក់២ម៉ែត្រ (អាចោរឈាមខ្មៅទុយ៌សយកគេ ទៅសម្លាប់ហើយ ឆ្លៀតផ្លែផ្កាឲ្យទៀត) តែពេលនោះពួកយើង ឥតចាប់អារម្មណ៍សំដីគេទេ លុះធ្វើដំណើរ មកដល់ក្រោមដើមពោធិ៍១ដើម បែកមែកសាខា ខ្ញុំបានបន់ស្រន់លោកតា ម្ចាស់ដើមពោធិ៍នោះថាសូម លោកតារុក្ខទេវតាដែលរស់នៅ និងថែរក្សាដើមពោធិ៍នេះមេត្តាជួយខ្ញុំផង! ។ ពួកយើងធ្វើដំណើរបន្តមក ដល់ដើមធ្លកមួយដើម គេឲ្យពួកយើងឈប់រទេះនៅទីនោះ ហើយប្រាប់ពួកយើង ឲ្យចាំចូលទៅក្នុងរោង ១ដែលនៅក្បែរដើមធ្លកនោះ រោងនោះមានដំបូលប្រក់ក្បឿង នៅជុំវិញរោង មានដើមដំឡូងមីពេញ និង ហ៊ុំព័ទ្ធដោយរបងលួចបន្លា គឺស្ថិតនៅខាងក្រោយភូមិជាយស្បៃ ជិតភ្នំសន្ទុក, ជិតដល់ពេលគេយកទៅ​សម្លាប់ហើយ ការដែលខ្ញុំសង្ស័យគឺត្រូវមែន ពេលដែលពួកគេ កំពុងប្រមូលអ្នកឯទៀត​ឲ្យចូលទៅក្នុង​រោងខ្ញុំនិងម្នាក់ទៀតឈ្មោះសាន បានអង្គុយលើភ្លៅស្រែរង់ចាំពួកគេប្រមូលមកដល់ក្រុមយើង​ ព្រោះល្ងាច នោះមានអ្នក១៧ជាច្រើននាក់មកពីភូមិផ្សេងគ្នា ត្រូវបានប្រមូលយកមកសម្លាប់នៅទីនេះដែរ លោកសាន មិនដឹងជាគាត់ដឹងរឿងនេះមកពីណាទេ និយាយថាពួកយើងជិតស្លាប់ហើយ គេប្រមូលមកនេះគឺយកមក សម្លាប់ មិនមែនមកភ្ជួរស្រែទេ​ ខ្ញុំឮដូច្នោះក៏រន្ធត់ក្នុងចិត្ត នឹកដល់កូនស្រីតូចទើបនឹងចេះដើរតេះតាស់ និងនឹកដល់ប្រពន្ធដែលនៅឯផ្ទះ ហើយនឹកសង្វេគក្នុងចិត្តថា បងស្តាយណាស់ ដោយមិនបានជួបមុខអូន និងកូននៅគ្រាចុងក្រោយនេះ, ហើយខ្ញុំ​បានបបួលលោកសានរត់ តែលោកសានប្រកែកថា គាត់មិនរត់ទេ ព្រោះរត់ទៅណាក៏ដោយក៏មិនរួចខ្លួនដែរ នៅកន្លែងណា ក៏មានពួកគេទាំងអស់ហ្នឹង! កំពុងតែនិយាយគ្នា ពួកគេក៏មកប្រមូលពួកយើងឲ្យចូលក្នុងរោង ខ្ញុំដោយភ័យខ្លាំងពេក ភ្លេចយកឥវ៉ាន់ពីរទេះ ក៏ដើរទៅជា មួយលោកសាន រៀបតែនឹងឈានជើងចូលក្នុងរបងរោងនោះទៅហើយ ខ្ញុំក្រឡេកឃើញគេមានស្ពាយ អីវ៉ាន់គ្រប់គ្នា ខ្ញុំក៏ប្រាប់មិត្តរ៉េម (អ្នកមូលដ្ឋាននៅភូមិជាមួយខ្ញុំដែលគេប្រើមកឲ្យសម្លាប់មនុស្ស)​ថាមិត្តខ្ញុំ ភ្លេចយកអីវ៉ាន់មក នៅឯរទេះឯនោះ ខ្ញុំសុំទៅយកអីវ៉ាន់បានឬទេ មិត្តរ៉េមក៏ប្រាប់ថាមានអីទៅយកមក! នេះមកពីគេគិតថាចង់រត់ទៅណាក៏មិនរូចដែរ ឬក៏គេមិនចង់ឲ្យខ្ញុំដឹងខ្លួនថាត្រូវគេយកទៅសម្លាប់? ខ្ញុំក៏ បានដើរសំដៅទៅរទេះយ៉ាងលឿន ហើយឆក់យកការុងអីវ៉ាន់ដែលនៅលើរទេះ,​ ភ្នែកក្រឡេកមើលពួកគេ មួយខ្វាច់ ឃើញពួកគេកំពុងតែដើរប្រមូលមនុស្សមិនបានងាកមើលខ្ញុំ, ខ្ញុំក៏លោតចុះទៅក្នុងស្នាមភ្លោះនៅ ក្បែរនោះ (សម័យប៉ុលពតគេជីកស្នាមភ្លោះខ្វាត់ខ្វែងគ្រប់ទីកន្លែង យកដីធ្វើភ្លឺស្រែ) ហើយអោនរត់យ៉ាង លឿនចេញផុតពីទីនោះប្រមាណ១គីឡូម៉ែត្រ ទើបឡើងពីស្នាមភ្លោះដើរធម្មតា កាត់វាលស្រែខាងក្រោយ ភូមិពេលនោះ ដើមរដូវវស្សាភ្លៀងធ្លាក់ ទឹកដក់តាមវាលស្រែ គឺនៅក្នុងឆ្នាំ១៩៧៧ប្រហែលម៉ោង៧យប់ រដូវរនោច​​ លោកខែរះពាក់កណ្តាលនៅទិសខាងលិច ខ្ញុំក្រឡេកមើលទៅភូមិ ឃើញផ្លូវរទេះមួយសំដៅ​ទៅថ្នល់ជាតិ ខ្ញុំចង់ចូលទៅ ភូមិស្វាយកាល់ប្រាប់ និងលាប្រពន្ធកូន តែមានកូនចិត្តមួយនឹកថាកុំទៅអី​ពេលនេះប្រហែលជា ពួកគេចាត់គ្នាមករកខ្ញុំនៅផ្ទះហើយ (ដូចខ្ញុំគិតមែនពេលជួបគ្នាវិញ ប្រពន្ធខ្ញុំប្រាប់ ថាយប់ហ្នុង​ពួកគេទៅអុកឡុក នៅផ្ទះខ្លាំងសម្បើមណាស់) ឈរទ្រឹងមួយសន្ទុះ ទើបធ្វើដំណើរបន្តទៀត ដោយដើរឆ្លងកាត់ផ្លូវជាតិទៅ ខាងកើតផ្លូវ ហើយដើរឆ្ពោះទៅទិសខាងត្បូង ស្របតាមផ្លូវជាតិខ្លាចវង្វេង ផ្លូវមិនហ៊ានដើរលើផ្លូវជាតិទេខ្លាចជួបពួកប៉ុលពត ដើរបណ្តើរគិតបណ្តើរថាខ្ញុំត្រូវទៅណា ក៏នឹកឃើញផ្ទះ ឪពុកម្តាយក្មេកនៅភូមិវាំង (គាត់ផ្លាស់ពីភូមិជ៤មកនៅភូមិវាំង) ហើយក៏ដើរកាត់ចូលពីក្រោយភូមិវាំងទៅ ជួបពួកគាត់ និងជំរាបគាត់ថារូបខ្ញុំត្រូវគេយកទៅសម្លាប់រត់រួចមកទីនេះ សូមលោកទាំងពីរ ជួយមើលថែ រក្សាប្រពន្ធកូនរបស់ខ្ញុំផង ពេលស្រុកទេសស្រួលបួល ខ្ញុំនឹងវិលមករកប្រពន្ធកូនវិញ ។ ស្លេះត្រឹមនេះសិន មើលរឿងអានីវិញម្តង.....

ពេលខ្ញុំរត់រួ​ចពី កន្លែងពិឃាត យប់អាធ្រាត ប្រហែលម៉ោង១ អានីកំពុងតែដេកលក់ ស្រាប់តែឮសម្លេង ស្រែកហៅពីក្រោយផ្ទះថាអានីៗ ងើបមកបើកទ្វារចុះមក (គេធ្វើសម្លេងដូចជាខ្ញុំ) យើងរត់ទៅជាមួយគ្នា ហើយគេ​អង្រួនទ្វារក្រោយ និយាយថា បើកទ្វារមើបើកទ្វារតិចមើ! គេយកបងទៅវ៉ៃចោលហើយ ​ចុះមក យើងរត់ទៅទាំងអស់គ្នា, អានីភ្ញាក់ពីដេកមមីងមមាំងឡើង ដំបូងស្មានថាជាសម្លេងរបស់ប្តីពិត ក៏ដើរទៅ ក្រោយបើកទ្វារបានបន្តិច ស្រាប់តែគេចាប់ដៃជាប់ហើយថា ចុះមកឲ្យលឿនឡើង! ម្តងនេះអានីស្តាប់ សម្លេងបាន​ថាមិនមែនជាប្តីក៏ទាញដៃមកវិញ ទាញមិនរួចទេគេចាប់ទាញខ្លាំងអានីក៏យកជើងធាក់ជ្រែង មេទ្វារទាញមួយទំហឹងទើបរបូតដៃពីគេ ហើយនិយាយថា ម៉េចឯងមិនឡើងមកលើផ្ទះតាមទ្វារមុខទៅ (ទ្វារមុខឥតមានដាក់គន្លឹះទេឥតចងទេ បើគេចង់​ចូលក៏ចូលបានដែរ​ តែគេចង់ដឹងថា អានីព្រមទៅជាមួយ ប្តីឬអត់ បើព្រមទៅជាមួយប្តី គេនឹងយកទៅសម្លាប់យប់នោះដែររួមទាំងកូនផង) ពេលនោះអានីហាក់ដូច ជាឥតមានខ្លាចអ្វីសោះ, គេថាបងមិនហ៊ាន ដើរទៅខាងមុខផ្ទះទេខ្លាចគេឃើញ អូនឯងចុះមកយកទាំង បង្វេចខោអាវ និងកូនចុះមក យើងរត់ទៅទាំងអស់គ្នាឥឡូវនេះ, អានីថាខ្ញុំមិនទៅទេ ឯងទៅតែឯងទៅ ណាកូនផង ណាអីវ៉ាន់ផង ខ្ញុំរត់មិនរួចទេ ហើយទៅបានអីហូប គេថាមិនអីទេ យើងដើរកាត់ព្រៃ គង់តែ មានដំឡូងព្រៃ ដំឡូងទៀន ផ្លែឈីអីៗហូបកុំព្រួយ ធ្វើម៉េចរត់ឲ្យផុតពីភូមិសិនទៅ អានីថាឯងទៅៗ! ទៅ ម្នាក់ឯងទៅ​ គេថាបងទៅតែឯងម៉េចនឹងកើត យើងត្រូវតែទៅទាំងអស់គ្នា សុខទុក្ខជាមួយគ្នា អានីនៅតែ​ប្រកែកដាច់ខាត​មិនព្រមទៅ ហើយបន្តថាខ្ញុំមិនទៅគឺមិនទៅហើយ! គេនៅតែនិយាយង៉ូវៗច្រំដែលៗ​  ពេលនោះណាមួយលួងកូនឲ្យដេកផង ណាមួយងងុយដេកផង អានីក៏គេងលង់លក់ទល់ភ្លឺទៅ,​ ព្រលឹម ឡើងមើលដៃដែលគេទាញយប់ម៉ិញ ឃើញស្នាមក្រហមជាំ យូរថ្ងៃទំរាំតែបាត់ក្រហម, យប់ដំបូងគ្នាគេមក រកខ្ញុំដល់ផ្ទះ ប្រហែលជា៣-៤នាក់ ម្នាក់មកហៅពីក្រោយផ្ទះ ខ្លះមកហែកជញ្ជាំងមើល (ជញ្ជាំងធ្វើពីស្លឹក ត្នោត) ខ្លះដើរជុំវិញផ្ទះ ឮសម្លេងស្រឹបៗ អានីមានអារម្មណ៍ថា ប្រហែលជាប្តីរត់មែនទេដឹង​ ហើយដូចមាន អ្វីមកនាំមាត់ ឲ្យនិយាយប្រកែក ជាមួយគេរហូត ធ្វើដូចជាប្រកែក ជាមួយប្តីអញ្ចឹង, យប់នោះបងបង្កើត របស់អានី(បងឃាង)​ ក៏ពួកគេយកទៅសម្លាប់ដែរ តែសម្លាប់នៅកន្លែងផ្សេងគ្នា​ គឺពេលនោះពួកគេ ប្រមូល​អ្នកថ្មីអ្នក១៧គ្រប់ភូមិក្នុងឃុំកកោះទាំងមូល យកទៅសម្លាប់ក្នុងពេលតែ១ នេះជាផែនការរបស់ពួក ប៉ុល​ពត​នៅឃុំកកោះ តាមពិតបងឃាងដឹងខ្លួនថា គេយកទៅសម្លាប់ដែរព្រោះ៣ថ្ងៃ មុនពេលបាត់ខ្លួនគាត់មក ប្រាប់អានីប្អូនស្រីគាត់នៅក្បែរផ្ទះថា ហ៊ាគេជិតយកទៅសម្លាប់ហើយ ហ៊ាសុំផ្តាំអាវួចនីឯង ជួយមើលកូន ហ៊ា​(អាតឿ)ផង សោហ្អែងមើលវាមិនដិតដល់ទេហ៊ាអាណិត និងស្រណោះអាតឿណាស់ កាលពេលវា កើតហ៊ារកលុយបានច្រើនណាស់ ដល់ពេលវាធំឡើងហ៊ាឥតមានអីឲ្យវាញ៉ាំទេ អានីក៏ថាហ៊ាឯងចេះតែ និយាយហើយ មិនដឹងរឿងនេះពិតឬអត់? គាត់ថាមែនណា! ហ៊ាដឹងពីពួកទាហាននៅកន្លែងវាយថ្មឯភ្នំ សន្ទុក ហ៊ាបានទាំងសុំឡានដឹកថ្មរបស់ពួកនោះ ជិះទៅផ្តាំប៉ាម៉ែនៅឯភូមិវាំងទៀតផង ប៉ាក៏ឥតជឿដូចអា វួចនីឯងដែរ ។ បងឃាងត្រូវបានចាត់តាំងឲ្យទៅ វាយបំបែកថ្មនៅភ្នំសន្ទុក ជាមួយពួកយោធា ដើម្បីដឹក យកទៅធ្វើទំនប់១មករា ពេលយប់គាត់ដើរមកសំរាក​នៅផ្ទះ ព្រឹកឡើងម៉ោង ប្រហែល៤ គាត់ដើរទៅធ្វើ ការនៅភ្នំសន្ទុកវិញ ពួកយោធាស្រឡាញ់គាត់ណាស់បានឲ្យ អង្ករ ត្រី សាច់ គាត់យកមកផ្ទះឲ្យកូនប្រពន្ធ ហូបទៀតផង ដល់ពេលដឹងមុន៣ថ្ងៃ ថាបងឃាងត្រូវគេយកទៅសម្លាប់ ពួកទាហានទាំងនោះប្រាប់គាត់ ឲ្យរត់តែគាត់ថាមិនដឹងជារត់ទៅណារួចទេ ទីកន្លែងណាក៏មានពួកគេដែរ, ពេលល្ងាចគាត់ដើរមកផ្ទះ គេ ចាប់គាត់នៅតាមផ្លូវ យកទៅសម្លាប់នៅជើងភ្នំសន្ទុក ។

ព្រឹកឡើងបងថ្លៃស្រីប្រាប់អានីថា បងភ័យណាស់យប់ម៉ិញ គេឡើងផ្ទះតាមទ្វារក្រោយមកយកអាវគគី​របស់បងហ្អែង ដែលព្យួរនៅសសរកណ្តាលទៅបាត់ (ទ្វារបើកចំហរ​មិនដែលបិទទេព្រោះគ្មានអ្វីឲ្យគេ លួចឡើយ) ដល់យប់ទី២ បងថ្លៃអានីភ័យខ្លាចមិនហ៊ានដេកនៅផ្ទះខ្លួនឯងទេ ក៏សុំដេកផ្ទះគេឈ្មោះ ពូ តាំង ដែលនៅខាងមុខផ្ទះគាត់, អានីឥតភ័យអីទេ នៅដេកផ្ទះខ្លួនឯងដដែល ពេលយប់ជ្រៅដេកលក់១វឹង ក៏ឮគេមកគោះទ្វារ បបួលរត់ដូចយប់មុនទៀត ហើយនិយាយថា បងរកកន្លែងពួនលាក់ខ្លួនបានហើយ កន្លែនោះមិនខ្វះអីហូប​ទេ មានដំឡូង មានក្តួច មានផ្លែឈើ អូនឯងចុះមក យកបង្វេចខោអាវ និងកូនចុះ មកយើងទៅទាំងអស់គ្នា អានីនៅតែឆ្លើយប្រកែកជាមួយគេដដែល ដូចយប់មុន ងងុយក៏គេងលក់១វឹង អានីយល់សប្តិឃើញ ដូចនៅ​ក្រោមដើមឈើ១ មានតាឥសីស្លៀកសពាក់ស ដៃម្ខាងកាន់ឈើច្រត់ ដៃម្ខាង ទៀតកាន់ថង់យាម ពានាសំពត់សលើស្មា, ឃើញបី្ត និងលោកសាន, ឃើញលោកសានតែ១ភ្លេតរួច ស្រាប់តែបាត់ទៅវិញនៅតែប្តី ឃើញដូច្នោះអានីក៏លើកដៃសំពះ រួចលោកតាឥសីនោះ បាននិយាយប្រាប់ ថាចៅឯងមិនបាច់បារម្មណ៍ទេ ចៅប្រុសទៅជាមួយតាហើយ មិនបា​ច់ខ្វល់ទេគិតតែចៅឯង និងកូនទៅ បានហើយ, តាឥសីចាស់តែនិយាយ សំដីឮដូចគេនៅក្មេងត្រឹមអាយុ២០អញ្ចឹង យល់សប្តិច្បាស់ចេស ភ្ញាក់ឡើងអានីអរព្រួច ហើយគិតថាប្តីមានគេជួយថែរក្សាហើយ ។ (ពេលជិតដាច់ប៉ុលពតទើបអានីដឹងថា គ្នាគេ​អ្នកណាខ្លះមកស៊ើប មកយាមផ្ទះរាល់យប់ ច្បាស់ជាងគេគឺមិត្ត ធឿន មិត្តរ៉េម មិត្តសេង មិត្តឈាន ជាប្រធានសន្តិសុខ ចំណែកមិត្តអួន ជាប្រធានភូមិ ដើរមើល១ត្រួសៗ) ។ សូមស្លេះត្រឹមនេះសិន មើល រឿងខ្ញុំវិញម្តង....

ពេលនោះឪពុកម្តាយក្មេកខ្ញុំ បានឃាត់ឲ្យខ្ញុំនៅដេក ជាមួយពួកគាត់មួយយប់ ចាំពេលទៀបភ្លឺ សិមធ្វើដំ ណើរបន្តទៀត ម្តាយក្មេកខ្ញុំ បានយកថ្នាំជក់ ទៅសុំដូរអង្ករគេនៅក្បែរនោះ ឲ្យខ្ញុំបាន២កំប៉ុងទឹកដោះគោ ដោយគាត់លើកដៃសំពះគេប្រាប់គេត្រង់ថា គាត់មានអាសន្ន សុំដូរអង្ករឲ្យកូនប្រសារធ្វើដំណើរទៅស្រុក វិញ ព្រោះអីគេយកទៅសម្លាប់ ទើបតែនឹងរត់រួចមកដល់ទីនេះ អ្នកជិតខាងមានការអាណិតអាសូរក៏ឲ្យ អង្ករ២កំប៉ុង និងអំបិលមួយកូនកញ្ចប់តូច ដោយមិនយកថ្នូរជាថ្នាំជក់វិញទេ ហើយគាត់ជួយលាក់លៀម រឿងនេះរហូត (នៅសម័យប៉ុលពត អ្នកចិត្តធម៌មានតិចតួចណាស់ ភាគច្រើនជាពួកមនុស្សចាស់ៗ ឯពួក ក្មេងៗវិញ ពួកប៉ុលពតបង្ហាត់ ឲ្យសាហាវព្រៃផ្សៃណាស់ សូម្បីតែឪពុកម្តាយបង្កើត ក៏គេហ៊ានយកទៅ សម្លាប់ដែរ) នេះជាសំណាងខ្ញុំហើយ ដែលគេជួយលាក់ការ ។ ខ្ញុំដេកគិតថាត្រូវរកមធ្យោបាយយ៉ាងណា ដើម្បីធ្វើដំណើរតាមផ្លូវ ឲ្យបានស្រួល ខ្ញុំនឹកឃើញពួកប៉ុលពត សរសេរសំបុត្រនឹងខ្មៅដៃ ដើម្បីប្រើប្រាស់ សំរាប់ទាក់ទងគ្នា ខ្ញុំក៏បានសួរបងថ្លៃខ្ញុំ ដែលពិការនៅជាមួយឪពុកម្តាយថា គូមាននៅសល់ក្រដាស់ សៀវភៅ និងខ្មៅដៃឬទេ គាត់ថាមានហើយរើយកមកឲ្យខ្ញុំ​, ខ្ញុំក៏សរសេរសំបុត្រថាមិត្តផេង(រូបខ្ញុំ) អង្គការ អនុញ្ញាតឲ្យមកផ្ទះ ឥឡួវត្រូវត្រឡប់ទៅ ការដ្ឋានទំនប់១មករាវិញ (ពេលនោះគេដឹងជាទូទៅថាអង្គការ កំពុងតែជីកប្រឡាយ លើកទំនប់១មករា សេចក្តីសំបុត្រពេលនោះ មានច្រើនឃ្លាជាងកន្លះទំព័រ ខ្ញុំមិនចាំ ទេតែន័យរបស់វា​ គឺដូចខាងលើនេះឯង) នៅពេលមាន់រងាវទៀបភ្លឺ ឪពុកក្មេកខ្ញុំបានដាស់ខ្ញុំ ឲ្យក្រោកធ្វើ ដំណើរបន្តទៅទៀត ទាំងអស់គ្នាទាំងឪពុកម្តាយ ទាំងប្អូនថ្លៃស្រី និងបងថ្លៃប្រុស ម្នាក់ៗសុទ្ធតែមានទឹក មុខស្រងូតស្រងាត់ និងអាណិតខ្ញុំគ្រប់គ្នា តែមិនដឹងជាជួយ យ៉ាងម៉េចកើតទេ ក្រៅពីពាក្យជូនពរឲ្យធ្វើ ដំណើរសុខសប្បាយតាមផ្លូវ ខ្ញុំក៏សំពះលាឪពុក ម្តាយក្មេក ហើយដើរចេញពីទីនោះ ទាំងចិត្តក្តុកក្តួល ។

ដោយអាងលើសំបុត្រ ដែលបានសរសេរក្លែងក្លាយពីយប់ម៉ិញ ខ្ញុំធ្វើដំណើរលើផ្លូវជាតិ យ៉ាងក្រអឺត ស្រាប់ តែពេលភ្លឺស្រាងៗ ទៅដល់ចុងភូមិតាំងក្រសាំង ពួកឈ្លបដែលយាមនៅខ្ទម ចុងភូមិនោះ បានចេញមក ឃាត់ហើយសួរថាមិត្តឯងទៅណា? ខ្ញុំភ័យបុកពោះភិបៗ ហើយនិយាយប្រាប់គេថា ខ្ញុំទៅការដ្ឋានទំនប់១ មករា គេ​ក៏សួរទៀតថា មកពីអង្កាល? ពេលមិត្តឯងមក ម៉េចក៏ខ្ញុំយាមនៅទីនេះមិនឃើញ ខ្ញុំក៏ប្រាប់គេថា ពេលមកខ្ញុំជិះរទេះ ឥតបានដើរតាមផ្លូវនេះទេ ហើយក៏បានហុចសំបុត្រ យ៉ាងប្រញាប់ទៅអោយគេមើល គេប្រហែលមិនចេះអក្សរទេ កាន់សំបុត្រម្តងមើលបញ្ច្រាស ម្តងមើលត្រូវ ហើយនិយាយថា សំបុត្រនេះ ក្លែងក្លាយ ព្រោះឥតមានលេខ (ខ្ញុំភ្លេចឲ្យឈឹង ពេលសរសេរសំបុត្រភ្លេចដាក់លេខ ព្រោះពួកប៉ុលពត ចំណាំសំបុត្រពិតគឺមានលេខ នៅក្បាលសំបុត្រ) ខ្ញុំក៏ឆ្លើយប្រាប់គេថា ខ្ញុំឥតចេះអក្សរទេ នេះគឺខាងមិត្ត នៅភូមិសរសេរឲ្យ, គេសម្លឹងមួយសន្ទុះក៏ប្រាប់ខ្ញុំថាមិត្តឯងនៅទីនេះហើយ កុំអាលទៅណា ចាំខ្ញុំទៅប្រាប់ មេខ្ញុំសិន គេក៏យកសំបុត្រនោះទៅបង្ហាញប្រាប់មេគេ ខ្ញុំគិតថាម្តងនេះគឺចប់ហើយជីវិតខ្ញុំ មិនដឹងជារត់ ទៅតាមណារួចទេ ព្រោះពួកគេក្មេង គេរត់លឿន​ជាងខ្ញុំ កំពុងតែគិតស្រាប់តែមេគេចេញមក កាន់ទាំង សំបុត្រមកជាមួយ ដោយមានលីកាំបិតផ្គាក់ មុខសស្ងាចមកជាមួយផង មកដល់ទល់មុខខ្ញុំគេសួរថាមិត្ត ឯងទៅណាខ្ញុំក៏ប្រាប់គេថាទៅទំនប់១មករា គេមើលរូបខ្ញុំ ពីលើដល់ចុងជើង ហើយក៏ហុចសំបុត្រនោះឲ្យ​ខ្ញុំ ហើយប្រាប់ថាមិត្តឯងទៅចុះ! ខ្ញុំយកសំបុត្រនោះមកវិញ ហើយដើរយ៉ាងលឿនចេញពីទីនោះដើរឆ្ងាយ ផុតកន្ទុយភ្នែករបស់ពួកគេ ក៏ហែកសំបុត្រនោះចោល ហើយចុះទៅដើរកាត់ព្រៃល្បោះ, កាត់វាលស្រែ, កាត់ទឹក នៅខាងកើតថ្នល់ជាតិ ចម្ងាយប្រមាណ៥០ម៉ែត្រ ពីផ្លូវជាតិ គឺដើរស្របផ្លូវព្រោះខ្លាចវង្វេង ។
ស្លេះត្រឹមនេះសិន និយាយពីរឿងអានី.....

អានីដេកនៅផ្ទះខ្លួនឯងបាន៣យប់ បងថ្លៃចេះតែមកបបួលពេក ក៏វិចបង្វេចទៅដេកផ្ទះពូតាំងបាន២យប់ ដោយកូនចេះតែយំពេក មិនសូវដេកព្រោះឃ្លាន​ឥតមានអីញាំ រំខានដល់គេ ប្រពន្ធពូតាំងគាត់រអ៊ូ, អានីក៏ មកដេកផ្ទះខ្លួន​ឯងវិញ បានហៅកូនស្រីមីងស៊ីម ដែលនៅតែ២នាក់បងប្អូនម៉ង់ៗ បងអាយុប្រហែល៨ឆ្នាំ ប្អូនអាយុប្រហែល៦ឆ្នាំ ផ្ទះជិតគ្នារំលង១ផ្ទះឲ្យមកដេកជាមួយ, ឪពុកទើបតែគេយកទៅសម្លាប់ថ្មីៗហើយ ម្តាយទៅធ្វើការនៅកន្លែងឆ្ងាយពីផ្ទះ និងដេកទីនោះ​។ ពួកគេនៅតែមកហែកជញ្ជាំងមើល ហើយនៅតែ មកបបួលប្រពន្ធខ្ញុំឲ្យចុះដីទៅតាមប្តី ដូចយប់មុនដដែលតែពេលនេះ ពួកគេមិននិយាយច្រើន ដូចយប់ មុនៗទៀតទេ គ្រាន់​តែហៅឲ្យចុះដីរួចថាយើងទៅជាមួយគ្នាឥឡូវនេះ ដល់អានីប្រកែកថាមិនទៅទេឯង ទៅតែឯងទៅ! ទៅឲ្យលឿនឡើងប្រយ័ត្នគេមកទាន់! គេក៏ឈប់និយាយអីតទៅទៀត, ដល់បានប្រហែល ១សប្តាហ៍ក្រោយមក ពួកគេលែងនិយាយអ្វីទៀតហើយ​ គ្រាន់តែតាមដានលបស្តាប់ លបហែកជញ្ជាំង មើលតែប៉ុណ្ណោះ ពេលមុនអានីតែងតែ ចុះមកនោមនៅដី, ក្រោយពីពួកគេមកអុកឡុក ​យប់ឡើងអានី នោមតែលើផ្ទះខាងក្រោយ រួចហើយដួសទឹកចាក់ មានពេលខ្លះនោមដាក់ក្បាលពួកគេ ដែលនៅក្រោម ខ្ទមទៀតផង។ ពេលនោះអានីមានអាយុ១៧​ឆ្នាំ ដូចជាឥតមានភ័យខ្លាចតក់ស្លុតទាល់តែសោះ ដែលធ្វើ ឲ្យពួកប៉ុលពតយល់ថា អានីពិតជាឥតដែលបានជួបមុខប្តី ក្រោយពេល​គេយកទៅវ៉ៃចោលទេ ពេលនោះ ដូចមានអ្វីមកជួយ, អានីចង់និយាយតវ៉ាច្រើនដែរ ប៉ុន្តែត្រូវអាក់វិញ​ ដោយសារតែកូនយំ គឺដូចជាមិនឲ្យ​និយាយប្រកែកជាមួយគេច្រើន ប្រសិនបើប្រកែកថាមិនមែនប្តីខ្ញុំទេ អត់រត់ទៅជាមួយទេ ច្បាស់ជាគេឡើង មកចាប់យកទៅសម្លាប់ ទាំងម៉ែទាំងកូនអស់បាត់ទៅហើយ ឬក៏ធ្លោយចុះដីក៏គេសម្លាប់ដែរ​ ព្រោះគេគិត ថាអានីនៅស្មោះចំពោះប្តីចង់រត់តាមប្តី ។ យប់មួយប្រហែលកន្លះខែ ក្រោយពេលប្តីរត់រួច, ខែរះភ្លឺច្បាស់ អានីកំពង់តែ​ដេកលក់ ស្រាប់តែឮសម្លេង ស្រែកអូយៗ អានីភ្ញាក់ស្ទុះក្រោកឡើង មើលតាមជញ្ចាំងធ្លុះ ឃើញមនុស្សជាប់ចំណង១ជួរ ប្រហែល២០នាក់ មានពួកប៉ុលពត ម្នាក់ដើរមុខ២នាក់ទៀត​ដើរក្រោយ កំពុងតែវ៉ៃមនុស្សជាប់ចំណងណា ដែលមិនព្រមដើរទៅមុខ​ គេវាយនឹងខ្នងពូថៅ បណ្តើរមកពីភូមិនៅ ក្រោយភូមិស្វាយកាល់ តាមផ្លូវក្រោយផ្ទះខ្ញុំ យកទៅសម្លាប់នៅ​ជើងភ្នំសន្ទុក ។

ក្រោយពេលប្តីរត់រួចភ្លាម យប់ហ្នឹងគេមកអុកឡុកស្អែកឡើង គេប្រើឲ្យទៅលើកភ្លឺស្រែ ជាមួយអ្នកថ្មីដែល​ប្តីគេយកទៅសម្លាប់ដូចគ្នា កាប់យកដីក្នុងស្រែជំរៅ១ចបៗដាក់បង្គី រែកយកមកដាក់ធ្វើភ្លឺស្រែ​ គេវាស់ដី​ឲ្យធ្វើក្នុងម្នាក់ៗ​ទំហំ៖ កំពស់១ម៉ែត្រ ទទឹង៥ម៉ែត្រ បណ្តោយ៥ម៉ែត្រតៗគ្នា អ្នកថ្មីទាំងនោះ គេមិនហ៊ាន និយាយរកអានីទេ ខ្លាចពួកគេចាប់កំហុសយកទៅ​សម្លាប់ ព្រោះគេដឹងថា ប្តីនៅរស់រត់រួចពីការស្លាប់​ដែល ពួកប៉ុលពតកំពុងតែតាមដាន ។ នាំគ្នាធ្វើទាល់តែព្រលប់មិនហើយទេ ពួកគេដឹងមុនរួចទៅហើយថាធ្វើមិន ហើយដែរ តែគេវាស់ឲ្យរៀងៗខ្លួន​ដូច្នេះ ដើម្បីឲ្យម្នាក់ៗខំប្រឹងកុំនៅទំនេរ កំអាង​​កម្លាំង​គេ ពេលនោះទាំង​អស់គ្នាដែលប្តីទើបនឹងស្លាប់ថ្មីៗ ហាក់ដូចជាអស់ដៃអស់ជើងអង្គុយយំ ទន់ដៃទន់ជើងអង្គុយយំ ធ្វើឈប់ៗ អង្គុយយំ មេកងប៉ុលពតជាមិត្តនារីឈ្មោះហ៊ាង ហៅមកប្រជុំហើយគំរាមថា មិត្តឯងទាំងអស់គ្នាហ្នឹងត្រូវ តែខំធ្វើការ ប្តីត្រូវអង្គការយកទៅសម្លាប់ជារឿងប្តី​ក្បាលអាណាសក់អាហ្នឹង មិត្តឯងត្រូវដឹងខ្លួន! ម៉េចមិត្ត ឯងទាំងអស់គ្នាចង់ឲ្យអង្គការ យកទៅសម្លាប់ដែរឬអី? មិត្តឯងបើនៅតែមិនខំប្រឹងធ្វើការ ប្រយ័ត្នអង្គការ យកទៅវ៉ៃចោលដូចប្តី, អ្នកខ្ជិលច្រអូស​ទុកក៏មិនចំណេញដកចេញក៏មិនខាត, តាំងពីពេលនោះមកម្នាក់ៗ ខំប្រឹងធ្វើការមិនហ៊ានធ្វើឈប់ៗ​​ ដូចមុនទៀតទេ ​​ខ្លាចគេយកទៅសម្លាប់។​ ក្នុងពេលដែលទៅធ្វើភ្លឺស្រែ នេះអ្នកណាមានកូនតួច គេឲ្យយកទៅជាមួយ ហើយក្រាលកន្ទេលក្រោមដើមឈើឲ្យកូនតូចទាំងនោះ អង្គុយលេងជុំគ្នា ហើយម៉ែៗចែកគ្នាមើល ១ថ្ងៃម្នាក់ គេឲ្យអង្ករសំរាប់បបររាវៗ ឲ្យក្មេងហូបដែរ ។​​

អានីធ្វើការនៅកន្លែងលើកភ្លឺស្រែបានប្រហែល១សប្តាហ៍ ពួកគេក៏បំបែកអានីឲ្យធ្វើការដាច់តែឯង ស្រួល ពួក​គេតាមដាន ក្រែងប្តីមកជួបកូនប្រពន្ធ គេធ្វើបាបឲ្យទៅគាស់គល់ឈើ នៅក្រោយផ្ទះបាយ​ដាច់តែឯង គេចាត់ឈ្លបឲ្យនៅយាម ចាំមើលខ្លាចក្រែងប្តី ទៅរកប្រពន្ធទាំងថ្ងៃ, តាមពិតគល់ហ្នឹង មិនត្រូវគាស់ទេ មានតែគល់ឥតមានដើមទេ, ដំបូងគេទៅចង្អុលគល់ធំជាងគេ ប្រាប់ថាមិត្តឯង គាស់គល់១នេះឲ្យហើយ ថ្ងៃហ្នឹង អានីជីកគាស់គល់ក្រឡឹងជុំវិញ មានឬសធំៗចាក់ទៅខាង អានីជីកហើយអង្គុយកាប់ឬសនោះ ម្តង១ៗ លំបាកវេទនាណាស់ នៅកណ្តាលថ្ងៃក្តៅញ័រសាច់ទទ្រើត​ ឃ្លានផងហេវហត់ផងជិតដាច់ខ្យល់ ស្លាប់ម្តងៗ គ្រាន់តែចង់សម្រាកបន្តិច អាកូនក្មេងឈ្លបវាស្រែកថា មិត្តឯងឥតត្រូវសំរាកទេ ធ្វើទាល់តែ ហើយចាំសំរាក មិត្តឯងបើមិនខំធ្វើការ ឥតមានរបបហូបទេ បើខ្ជិលប្រយ័ត្នអង្គការយកទៅវ៉ៃចោល, អានី ដល់អញ្ចឹងពេកទៅលែងចង់រស់ គិតថាបើស្លាប់ទៅល្អជាង, កាប់គាស់គល់ធំនោះមិនហើយទេ នៅធ្វើការ ដល់យប់អាកូនឈ្លបនោះ ក៏វាឥតហ៊ានឲ្យសម្រាកដែរ ទាល់តែមិត្តអួនដើរទៅប្រាប់វាថា ឲ្យមិត្តហ្នឹង ឡើងមកហូបបបរទៅ ទើបវាហ៊ានឲ្យឈប់ ហើយឲ្យទៅហូបបបរ អានីឡើងមកយកបបរដែលគេទុកឲ្យ ហើយពរកូនមកផ្ទះ នាំកូនហូបបបររាវៗនោះទៅ ហេវហត់ផង ហូបបបររាវៗផង អានីបាក់កម្លាំងដើរ ស្ទើរតែមិនរួច, ជីក២ថ្ងៃទំរាំបានហើយគល់ធំ១នោះ, កាប់គាស់ឬសដាច់អស់ហើយ ទុកនៅក្នុងរណ្តៅ គេឲ្យគ្នាគេប្រមៀលលើកយកទៅដុត, គល់ទាំងអស់មាន ប្រហែល១០គល់ (នេះបើពេលធម្មតាសំរាប់តែ កម្លាំងមនុស្សប្រុសប៉ុណ្ណោះ) បើគល់តូចៗកាប់ផងគាស់ផង ១ថ្ងៃទើបហើយ បើគល់ធំៗ២ថ្ងៃបានហើយ ជីកគាស់ជិត២០ថ្ងៃទើប​ហើយអស់​។​​ ពេលទៅគាស់គល់ឈើ អានីយកកូនទៅផ្ញើឲ្យយាយៗមើលជុំគ្នាជា មួយកូនគេឯទៀត ពេលយប់ទើបយកកូនមកផ្ទះវិញ ទៅយកកូនពេលណា អានីឃើញតែកូនយំរហែបៗ ចំណែកកូនគេដួចជាមិនដែលឃើញយំទេ នេះមកពីកូនកាចព្រោះ ហូបមិនគ្រប់គ្រាន់ ចំណែកកូនគេអ្នក មូលដ្ឋានគេមានចំណីវិចខ្ចប់ ផ្ញើទុកឲ្យម៉ែៗបញ្ចុក អានីអាណិតអាសូរកូនស្រីខ្លោចចិត្ត តែមិនដឹងធ្វើម៉េច ទេ ។​​

មានថ្ងៃមួយពេលជិតយប់ មិនទាន់បិទទ្វារ កំពុងអង្គុយនិយាយលេង ជាមួយកូនមីងស៊ីម ស្រាប់តែមិត្ត ផា (បានមកញ៉ែប្រពន្ធខ្ញុំ) បានអោបមាន់មេជំទង់១ ឡើងរ៉ុយមកអង្គុយក្នុងផ្ទះ កូនមីងស៊ីម នាងធំនិយាយសុំ ង៉ោចៗថា ពូផាឲ្យខ្ញុំសុំមេមាន់នឹងមក មួយសន្ទុះនាងតូច ងងុយក៏ដេកលក់ទៅ នាងធំនៅមិនទាន់ដេកទេ មិត្តផាចេះតែនិយាយ ពីនេះពីនោះ តាប៉ែវ៉ែឥតព្រមចុះទៅវិញទេ​ អានីងុយដេកក៏ប្រាប់គេថា ពូផាល្មមទៅ ផ្ទះហើយហ្អី បើមិនឲ្យកូនមាន់នេះទេទៅផ្ទះទៅ មិត្តផាឥតព្រមទៅណាទេ នៅអង្គុយនិយាយប៉ោចៗមិន អស់មិនហើយ, អានីក៏ចូលក្នុងចង្គ្រានបាយទៅដាំទឹក បាំងនឹងជញ្ជាំងបន្តិច ស្រាប់តែពួកគេមកកេះ, មិត្ត ផាក៏ចុះរ៉ុយលឿនទៅបាត់ កូនមីងស៊ីមថា​ងុយដេកចង់ងាប់ យូរណាស់ហើយមិនព្រមទៅទេ ទាល់តែគេ មកកេះ, ដល់ព្រឹកឡើងទើបដឹងថា ពួកគេយកមិត្តផាទៅចង នៅរោងខាងក្រោយ ឲ្យមុសខាំ១យប់, តាំង ពីនោះមក បាត់ស្រមោលមិត្តផារហូតឥត​ឃើញទៅទៀតទេ ។​ ស្លេះត្រឹមនេះសិន និយាយពីរឿងខ្ញុំ.....

លុះដើរជិតទៅដល់វត្តកំពង់ថ្ម អុញនោះមានស្ទឹងកាត់ផ្លូវ ខ្ញុំមិនចេះហែលទឹកទេ មិនដឹងជាធ្វើយ៉ាងម៉េច ទេខ្ញុំងាកមើលទៅផ្លូវជាតិ ឃើញស្រឡះឥតមានមនុស្ស​ដើរ ខ្ញុំក៏ដើរឡើងទៅលើផ្លូវ មើលទៅខាងមុខ ឃើញស្ពានកំពង់ថ្មប្រុងដើរឆ្លង ស្រាប់តែឃើញពួកឈ្លបនៅយាមទីនោះ ខ្ញុំក៏សម្រេចចិត្តដើរវាងទៅខាង ក្រោយវត្ត ពេលនោះថ្ងៃរះខ្ពស់បន្តិចហើយ (ប្រហែលម៉ោង១០) ខ្ញុំសួរកូនក្មេងដែលឃ្លាលគោនៅទីនោះ ពួកគេប្រាប់ថា ស្ទឹងកំពង់ថ្មមិនទាន់ជោរទេ មានកន្លែងខ្លះនៅរាក់អាចឆ្លងកាត់បាន ខ្ញុំអរភឺតតែនឹកឃ្លាន បាយមានតែអង្ករ២កំប៉ុង ឥតមានឆ្នាំងឥតមានចានអ្វីទាំងអស់ មានតែកូនកាមែលមួយ ដែលម្តាយក្មេក ច្រកអង្ករឲ្យមក ខ្ញុំក្រឡេកទៅឃើញ មានឆ្នាំងកញ្ចាស់១ របស់ក្មេងឃ្វាលគោក៏សុំខ្ចីដាំបាយ ពេលនោះ មានក្មេងម្នាក់ធំជាងគេ មកមើលអង្ករខ្ញុំ ហើយមើលបាយរបស់គេ រួចនិយាយថាពូឯងមិនបាច់ដាំបាយទេ ដូរគ្នាយកបាយខ្ញុំទៅ ហើយទុកអង្ករឲ្យខ្ញុំ ពេលនោះខ្ញុំគិតថាក្មេងនេះឆ្លាត អង្ករខ្ញុំបើដាំបាយ បានច្រើន ជាងបាយគេ​ តែខ្ញុំគិតថាណ្ហើយដូរយកបាយក៏ស្រួលម៉្យាងដែរ ខុសគ្នាបន្តិចបន្តួចដូរទៅ ព្រោះប្រញាប់ ធ្វើដំណើរបន្តទៀត ខ្ញុំមិនហូបបាយនៅទីនោះទេ ខ្ញុំដើរសៀរតាមវត្ត រហូតដល់មាត់ស្ទឹង ក្រឡេកមើល ទៅស្ទឹងកំពង់ថ្ម ឃើញទឹកនៅបាតក្រោម ខ្ញុំដើរតាមកូនផ្លូវតូចចុះទៅស្ទឹង ហើយដើរកាត់ទឹកត្រជាក់ ស្រេប ខ្ញុំក៏បានក្បង់ទឹកនឹងដៃយកមកផឹក និងលប់មុខ ពេលនោះមានខ្យល់ជំនោរ ត្រសៀកបក់មកពី ទិសត្បូង ខ្ញុំឈរទ្រឹងនៅកណ្តាលស្ទឹង ទឹកត្រឹមជង្គង់ ហើយក្រឡេក ទៅត្រើយម្ខាង ឃើញដើមពោធិ៍ ធំមួយស្ថិតនៅក្បែរមាត់ស្ទឹង មានសត្វសេក មួយហ្វូងកំពុង ស៊ីផ្លែពោធិ៍ ស្រែកសាសងគ្នា យ៉ាងខ្ញៀវខ្ញារ ខ្ញុំរំជួលចិត្តអារម្មណ៍ក្តុកក្តួល ឈរទទួលខ្យល់ជំនោរត្រជាក់ ស្តាប់សម្លេងសេក ស្រែកច្រៀងឮកងរំពង ខ្ញុំ ស្រក់ទឹកភ្នែក នឹកទៅដល់ប្រពន្ធ និងកូនដែលនៅក្មេងខ្ចីស្រាប់តែមានចិត្តមួយ ចង់ត្រឡប់ទៅក្រោយវិញ​ជួបជុំគ្នា តែមានចិត្តមួយទៀតគិតថា តែថយក្រោយច្បាស់ជាស្លាប់ សូម្បីមុខប្រពន្ធកូន ក៏មិនបានឃើញ ផងក៏បោះជំហានទៅមុខ ទាំងស្តាយស្រណោះ ឱកូនស្រីបណ្តូលចិត្ត ឱប្រពន្ធជាទីស្រឡាញ់ ពេលនេះ ប៉ាលាកូន បងលាអូនហើយ មិនដឹងជាថ្ងៃណា យើងបានជួបមុខគ្នាទៀតទេ ឱជីវិតខ្ញុំទៅមុខទៀត មិនដឹង ជាយ៉ាងណាទេ ដើរលាក់ខ្លួនកាត់ព្រៃកាត់វាល មិនដឹងជាបានទៅដល់ស្រុកកំណើត ឬក៏ត្រូវស្លាប់ពាក់ កណ្តាលផ្លូវទេ ខ្ញុំមិនស្គាល់ផ្លូវទៅស្រុកកំណើតទេ ។​

ខ្ញុំដើរឆ្លងស្ទឹងទៅដល់មាត់ច្រាំងឃើញផ្លូវជាតិដែលចេញពី​កំពង់ថ្មទៅចំការលើ មានមនុស្សដើរហូរហែ មានក្មេង​មានចាស់ ខ្ញុំមិនទាន់ឡើងលើផ្លូវជាតិទេ រកកន្លែងណាដែលអាចដើរស្របតាមផ្លូវជាតិទៅទិស ខាងកើត តែគ្មានទាល់តែសោះ មានតែព្រៃស្បាតដុះតាមមាត់ស្ទឹងដែលហ៊ុំព័ទ្ធដោយវ័ល្លិ​, ខ្ញុំមើលទៅផ្លូវ ជាតិម្តងទៀត ឃើញមនុស្ស១ក្រុម មានក្មេង២នាក់ដើរមុខ យាយៗ៣នាក់ និងតាៗ២នាក់​ដើរក្រោយជា ជួរខាងស្តាំផ្លូវជាតិ ខ្ញុំក៏ឡើងលើផ្លូវជាតិ ហើយដើរពីក្រោយគេ មិនហ៊ានដើរជិតទេខ្លាចគេសួរពិបាកឆ្លើយ លុះដើរមួយសន្ទុះធំ ក្រុមមនុស្សទាំងនោះ​ បានចូលទៅភូមិគេអស់ទៅ ខ្ញុំដើរម្នាក់ឯង រហូតដល់ថ្ងៃត្រង់ ជាក់ ក៏ចូលទៅសម្រាក ក្រោមដើមអំពិល ក្នុងព្រៃមួយដើម ដើម្បីហូបបាយ ពេលនោះខ្ញុំបានយកបាយ ១ដុំ និងអំបិល១គ្រាប់ធំ ដាក់លើបង្កៀបដើមអំពិល ហើយបន់ស្រន់ដល់អារុក្ខទេវតា វត្ថុសក្តិសិទ្ធិក្នុង លោកសូមជួយថែរក្សា អាយុជីវិតខ្ញុំ និងប្រពន្ធកូនរបស់ខ្ញុំផង និងសូមជួយបង្ហាញផ្លូវខ្ញុំផង លុះហូបបាយ រួចហើយ ខ្ញុំក៏បានបន្តដំណើរទៅមុខទៀត ។

គួរឲ្យសង្វេគណាស់ ផ្លូវថ្នល់ដែលធ្លាប់តែមានរថយន្តបើកបរជាប់មិនដាច់ ពេលនេះស្ងាត់ជ្រងុំ ឮសូរតែ សម្លេងសត្វយំ ឆ្លើយឆ្លងគ្នាក្នុងព្រៃសងខាងផ្លូវ, ដើរបណ្តើរគិតបណ្តើរ ក៏នឹកឃើញកាលនៅបួសធ្លាប់ទៅ រៀននៅ​វត្តស្រែវាល ក៏សម្រេចចិត្តថា ទៅភូមិស្រែវាល ក្រែងជួបលោកតា ដែលធ្លាប់ធ្វើចៅអធិការវត្តនៅ ទីនោះហើយសុំគាត់ស្នាក់​នៅ ព្រោះបើទៅស្រុកកំណើត ឆ្ងាយណាស់ ហើយត្រូវឆ្លងកាត់ទន្លេទៀតខ្ញុំឥត ចេះហែលទឹក, ខ្ញុំដើរបានប្រហែល២ម៉ោងផុតពីព្រៃមកដល់ទីវាល ស្រាប់តែមានពន្លឺមួយ ចាំងមកចំមុខខ្ញុំ មួយឆ្វាចខ្ញុំសម្លឹងរកមើលប្រភពពន្លឺ ស្រាប់តែឃើញពួកប៉ុលពត១ក្រុម កំពុងឈររេរានៅនឹងផ្លូវ ឆ្ងាយពីខ្ញុំ ប្រហែល៤០០ម៉ែត្រ មិនដឹងជាពួកគេធ្វើអ្វីទេ ​ឃើញដូច្នោះ ខ្ញុំក៏ប្រញាប់ចូលទៅព្រៃយ៉ាងរហ័ស ហើយ ដើរសៀរៗព្រៃ​ទៅជើងឲ្យឆ្ងាយពីផ្លូវជាតិ ដល់ព្រៃល្បោះ ក៏ដើរកាត់តម្រង់ទៅកើតវិញ ស្របតាមផ្លូវជាតិ  ខ្ញុំយល់ថាពន្លឺចាំងនោះ ជាចំណាំងផ្លាត នៃកញ្ចក់នាឡិកាដៃ ដែលពួកប៉ុលពតពាក់, ដើរកាត់ព្រៃល្បោះ យ៉ាងយូរថ្ងៃ​ទេរគងព្រៃក៏មកដល់ជិតភូមិអ្នកស្រុក ខ្ញុំក៏ចូលទៅក្នុងគុម្ពោត១ មានដំបូក១នៅក្នុង ហ៊ុំព័ទ្ធ ដោយ​ដើមទន្ទ្រានខែត្រ​ និងដើមកំភ្លា ដើមភ្លាំង ក៏ហូបបាយបង្ហើយ តែមុននឹងហូបបាយ ខ្ញុំបានសេន ដូចដែលខ្ញុំបានធ្វើពីថ្ងៃម៉ិញដែរ, បាយរួចហើយក៏ដេកផ្អែកខ្នងទៅនឹងដំបូក​ លក់១វឹងប្រហែល២ម៉ោង ។​
ស្លេះត្រឹមនេះសិន និយាយពីរឿងអានី.....

ពេលនោះម្តាយអានី និងប្អូនស្រីឈ្មោះ អាឌៀប បានមកយកចៅឈ្មោះផាន់ណារ៉ា (កូនបងឃាងអាតឿ) ទៅនៅជាមួយគាត់ ពេលមកដល់គាត់បានខ្សឹបប្រាប់អានីថា​ ប្តីកូនឯងរត់រួចទៅដេក ជាមួយម៉ែនៅភូមិវាំង ១យប់ (ឮដូច្នោះអានីត្រេកអរណាស់), គាត់ថាកូនណើយទ្រាំទៅ គេឲ្យធ្វើអីធ្វើទៅ ឲ្យតែជីវិតយើងនៅរស់ ពួកគេនេះសាហាវណាស់ ដូចកូនឯងដឹងស្រាប់ហើយ កាលនៅជាមួយម៉ែឯភូមិវាំងនោះ (កើតកូនហើយ ប្រពន្ធខ្ញុំនៅជាមួយម្តាយឯភូមិជ៤ ក្រោយមកបន្តិចគេឲ្យមកនៅភូមិវាំង រួចហើយទើបខ្ញុំបានទៅយកមក នៅជាមួយគ្នា) មានគ្រួសារមួយប្តីធ្វើប៉េអឹម គេយកទៅសម្លាប់បាត់យូរហើយស្រាប់តែក្រោយមក ពួកគេ មកយកប្រពន្ធ​ និងកូនទៅសម្លាប់ទៀត ពេលបណ្តើរចុះពីផ្ទះកូនតូចនោះយំ គេទៅចាប់ឆក់យកពីដៃ ម្តាយចាប់ជើង គ្រវីបោកនឹងសសរផ្ទះ​​ ស្លាប់ភ្លាម១រំពេច យាយឃើញដូច្នោះក៏សន្លប់បាត់មាត់, ឯម្តាយ យំទន់ជង្គង់ ពួកគេធាក់ពីក្រោយដួលផ្លាប់មុខ ហើយចាប់សក់ទាញអូសទៅ ឯកូនដែលស្លាប់ហើយ​គេ ចាប់យួរជើងម្នាងឡើងលើ ក្បាលមក​ក្រោម អូសទាំងម៉ែយួរទាំងកូន យកទៅសម្លាប់ កប់ក្នុងរណ្តៅជា មួយគ្នា ​​(ដល់ពេលដាច់ប៉ុលពតហើយ គេចាប់ពួកនេះមកសម្លាប់វិញ​ យាយម្តាយប៉េអឹម ខឹងខ្លាំងពេក ក៏លោតទៅធាក់បាន៤-១០-២០ជើង ទាល់តែគេឃាត់ខ្លាំងចាប់គាត់ចេញទើបគាត់ឈប់ធាក់) ។

យប់នោះម្តាយក្មេកខ្ញុំ សំរាន្តនៅផ្ទះបងផន ឯប្អូនស្រីដេកជាមួយអានី ពេលព្រឹកឡើងប្អូនស្រី និយាយ ប្រាប់អានីថា ហូ!យប់ម៉ិញខ្លាចណាស់​ ឃើញគេមកហែកជញ្ជាំងប្រេវប្រាវៗ ដេកសឹងមិនលក់ ដឹងអញ្ចឹង ដេកជាមួយម៉ែវិញហើយ, ខ្ញុំកោតនីឯងហើយ! ដេកធ្វើហីដូចជាមិនខ្លាចអីសោះ ។

ក្រោយពីគាស់គល់ឈើរួចហើយ អានីគេឲ្យធ្វើការនៅក្បែរៗភូមិ ស្រួលគេតាមដាន ដូចជាកាប់ព្រៃនៅ ជិតៗភូមិដាំដំឡូងមី ជួយកិនស្រូវ និងជាន់អង្ករ ជំរះស្មៅតាមរងដំឡូងជាដើម ធ្វើបាន៣ខែដល់រដូវច្រូត កាត់ពេលនោះគេបុកអំបុក ចែករបបឲ្យហូបគ្រប់ៗគ្នា, ហូបអំបុកហើយ ក៏កើតជម្ងឺរាក មិនបាត់សោះមុខ ស្លេកស្លាំងប៊ីសនឹងស្លាប់ សុំច្បាប់គេសំរាក ពេលនោះពូតាំងដើរមកឃើញ ក៏ឲ្យរទេះដឹកទៅពេទ្យនៅមុខ ភូមិ នៅពេទ្យគេបបររាងខាប់ជាងនៅភូមិ កូនស្រីខ្ញុំទើបតែចេះដើរតេះតាស់ បានញ៉ាំបបរខាប់ អរខឹបរខុប លើកដៃលើកជើង និយាយវ៉េកវ៉កៗ អានីឃើញដូច្នោះ​ នឹកអាណិតកូន​ស្រក់ទឹកភ្នែក គិតថា​បើស្រុកទេស ដូចមុន កូនមិនខ្វះអីញ៉ាំទេ, នៅដេកពេទ្យពួកគេទៅតាមដានដល់ពេទ្យទៀត ក្រែងប្តីមកជួបប្រពន្ធកូនគឺ គេតាមដានជាប់រហូត ដេកពេទ្យបាន១សប្តាហ៍ជាក៏មកផ្ទះវិញ​ មកផ្ទះបានប្រហែលជា១ខែកូនឈឺធ្ងន់ ក៏ទៅដេកពេទ្យម្តងទៀត ពេលនេះពេទ្យបបររាវដូចគ្នានឹងនៅភូមិដែរ (បបរខាប់តែពេលច្រូតកាត់១ភ្លេត ប៉ុណ្ណោះ)​ ពេលនោះមិត្តសៅ(មេចុងភៅ) ដើរទៅឃើញ​អានី និងកូនស្គមស្គាំង​ស្លេកស្លាំង ខ្លាំងពេក​ក៏ហៅ ឲ្យទៅរោងបាយ គាត់ឲ្យអង្ករកន្លះ​កំប៉ុងទឹក​ដោះគោ និងត្រីរៀលប្រឡាក់៣ ហើយប្រាប់ថាបើហូបអស់ ឲ្យមកយកទៀត អានីក៏យកមក បបរខាប់ឲ្យកូនញ៉ាំដល់អស់អង្ករ ទៅរោងបាយទៀត ឥតជួបមិត្តសៅជួប តែមិត្តនារីហនគេមិនឲ្យអីទេ អានីក៏ដើរមកវិញរំលងមក១ថ្ងៃ បានជួបមិត្តសៅទៀត គាត់ថាម៉េចមិនទៅ រោងបាយសុំអង្ករគេទៀត អានីថាមិត្តនារីហនមិនឲ្យទេ, ពូសៅប្រហែលជាគាត់មិនចង់ឈ្លោះ​ជាមួយមិត្ត ហនក៏ថាមិនដឹងធ្វើម៉េច​ទេបើអញ្ចឹងនោះ! ។

ពេលនោះ យប់ឡើងអានីឃ្លានខ្លាំងពេក​ ហ៊ឹងត្រចៀកទៅវឹងៗ​ ក៏ដាច់ចិត្តទៅ​លួចដក​ដំឡូងមីនៅក្រោយ ពេទ្យបានមើមតួចៗ២មើមជួតដីចេញ ហើយហូបឆៅបាន២ដង មិត្តនារីពេទ្យឃើញដែរ តែមិនមាត់ថា ម៉េចទេហាក់ដូចជាអាណិត គាត់ក៏ជួយលាក់រហូត បើសិនជាពួកគេដឹង គេ​មុខជាសម្លាប់មិនខាន។ នៅ ពេទ្យហូប បបររាវកូនឈឺកាន់តែធ្ងន់ទៅៗ (ព្រោះខ្វះអាហារខ្វះថ្នាំពេទ្យ) នៅបានប្រហែលកន្លះខែក៏ស្លាប់ ទៅ មុនពេលស្លាប់កូនស្រីខ្ញុំដកចង្កាមាន់ ភ្នែកឡើងស អានីអង្គុយយំសសឹកអោបកូនយ៉ាយូរ ពេលនោះ មានយាយម្នាក់ សំរាន្តពេទ្យជិតនោះដែរ ប្រាប់អានីថាក្មួយឯងកុំអោបកូនអី ដាក់ឲ្យដេកតាមសម្រួលទៅ អានីក៏ផ្តេកកូនលើកន្ទេលវិញ ពេលនោះកូនខ្ញុំនៅតែ​ដកចង្កាមាន់ ភ្នែកឃើញតែប្រស្រី យាយនោះគាត់ថា ក្មួយឯងយករបស់ ដែលនៅនឹងកកូនចេញទៅ អានីថារូបព្រះ​មុខ៤នេះប្តីខ្ញុំទុកឲ្យកូន, យាយនោះប្រាប់ថា ក្មួយឯងកាត់ចេញទៅ ទើបកូនទៅដោយ​សុខស្រួល អានីយំអាណិត​កូន នឹកដល់ប្តីថាបងពេលនេះកូន យើងជិតស្លាប់ហើយ កូនយើងមិនបាននៅឃើញមុខបងទៀតទេ អានីមិនហ៊ានកាត់រូបព្រះមុខ៤នោះ ចេញទេ នឹកស្រណោះកូនខ្លាំងណាស់ យាយនោះក៏ទៅសុំកន្ត្រៃពេទ្យ យកមកកាត់រូបនោះចេញពីក កូន ខ្ញុំគ្រាន់តែកាត់ចេញភ្លាម កូនខ្ញុំក៏ដាច់ខ្យល់ស្លាប់ភ្លាមដែរ អានីយំអោបកូនមួយសន្ទុះធំ ទើបបានឃើញ គ្នាគេម្នាក់​មកយកខ្មោចកូនខ្ញុំទៅកប់ (រហូតមកដល់សព្វថ្ងៃមិនដឹងថា គេកប់ខ្មោចកូនខ្ញុំនៅទីណាទេ), កូនស្លាប់ហើយក៏មកផ្ទះវិញ ពេលនោះមិត្ត​អួនឃើញអានីស្គមស្គាំងពេកក៏ចាត់តាំង ឲ្យទៅបញ្ជាន់ស្រូវនៅ វាលក្រោមជាមួយគេ ហើយប្រាប់ថាមិត្តឯង ទៅទីនោះបានហូបឆ្ងាញ់ក្រែងមានកម្លាំងពលំនឹងគេ អានី ដើរមិនរួចគេឲ្យជិះរទេះជាមួយ អ្នកមកដឹកបន្លែពីភូមិ យកទៅរោងបាយនៅកន្លែងបញ្ជាន់​ស្រូវ, ទៅដល់ ដេកក្រោមដើមឈើ យប់គេបញ្ជាន់ស្រូវ មិត្តអួននៅទីនោះដែរប្រាប់ថា មិត្តឯងមិនបាច់ធ្វើអីទេ ទាត់ចំ បើងវាមិនប៉ើងទេ, ប្រុសៗចាស់ៗ៣-៤នាក់គេបញ្ជាន់តែខ្លួនគេ ស្រីៗនាំគ្នាដេកព្រលឹមឡើងទើបទៅជួយ កើបស្រូវរោយ, បានហូបបាយ៣-៤ ថ្ងៃ អានីក៏មានកម្លាំងរើបៗឡើងវិញ
ពេលនោះអ្នកភូមិនៅស្វាយកាល់ មួយចំនួនរូមទាំងប្រពន្ធបងឃាងផង ត្រូវបានចាត់តាំង ឲ្យទៅកាប់ ចំការនៅក្បែរនោះដែរ, អានីឃើញអ្នកកាប់ចំការគេជីកដំឡូងជ្រូកបានម្នាក់៤-៥ដុំ, ពេលរោយស្រូវហើយ ទំនេរក៏ដើរ​ទៅរកជីកដែរខ្ចីចបជីក និងចបកាប់ពីកន្លែបញ្ជាន់ទៅអង្គុយជីកខ្វេះដី នៅក្បែរគល់ បានដំឡូង -៣មើម ក៏នឹក​ឃើញពាក្យម៉ែគាត់ធ្លាប់និយាយថា​ បើជីកដំឡូជ្រូក ត្រូវជីកឲ្យឆ្ងាយពីគល់ប្រហែល១ ម៉ែត្រក៏ធ្វើតាមសាកមើល មែនជីកបានដំឡូងទាំងដុំប៉ិនៗកដៃ នៅតម្រៀបគ្នាពេញរណ្តៅ ជុំវិញឃ្លាត ពីគល់១ម៉ែត្រ ជីកគាស់បានដំឡូង១គំនរធំ សប្បាយជីកដំឡូងភ្លេចពេលបាយ មិត្តអួនឥតឃើញអានីទៅ ហូបបាយ ក៏ដើររកលុះមកឃើញ ក៏លាន់មាត់ថា​ដំឡូងច្រើនណាស់ អញ្ចឹងបានជាមិត្តហ្នឹង ភ្លេចទៅហូប បាយគាត់ក៏ហៅ អ្នកនៅរោងបញ្ជាន់មកជួយយកដំឡូងទៅរោងបាយ ស្ងោរដាក់រួមចែកគ្នាហូប​ អានីសុំ មិត្តអួន ច្រកដំឡូង១កូនថង់ ហុចទៅឲ្យប្រពន្ធបងឃាង ដែលនៅក្នុងរោងក្បែរនោះ ។ មិត្តអួនចែកស្ករ ត្នោតឲ្យហូបជាមួយដំឡូង ហើយប្រាប់ចុង​ភៅថាឲ្យស្ករមិត្តនី ម្ចាស់ដំឡូង ច្រើនជាងគេបន្តិចទៅ, អ្នក បញ្ជាន់ និងរួយស្រូវសុទ្ទតែអ្នកមូលដ្ឋាន អ្នកថ្មីមានតែអានីម្នាក់ប៉ុណ្ណោះ ដំបូងគេរើសអើង​មិនចង់និយាយ រកអានីទេ ដល់ឃើញឧស្សាហ៍ មិនចេះនៅទំនេរ​គេអាណិត និងហៅរកដូចគ្នាគេដែរ ​។ ស្លេះត្រឹមនេះសិន និយាយពីរឿងខ្ញុំ.....

កំពង់តែដេកក្នុងគុម្ពោត ខ្ញុំឮដូចមានសម្លេងអ្វីមកដាស់ក៏ស្ទុះក្រោក មើលនាយអាយឥតឃើញអ្វីទេ ពេល នោះប្រហែលម៉ោង៧យប់ ខ្ញុំក៏យកបង្វេចការុងស្ពាយ ហើយចេញពីគុម្ពោត ដើរតាមផ្លូវជាតិមានភូមិនៅ សងខាង ផុតភូមិមកដល់វាល ដើរយ៉ាងយូរ ពេលប្រហែលជាម៉ោង៩យប់ ក៏មកដល់កន្លែង១ មានដើម ឈើតួចធំនៅសង​ខាង ដើរហួសទីនេះបន្តិចដល់ព្រៃទាបៗនៅសងខាងផ្លូវ ខ្ញុំឃើញភ្លើង​អំពូលអគ្គិសនី មួយស្ថិតនៅខាងឆ្វេងដៃចម្ងាយពីខ្ញុំប្រហែល៥០ម៉ែត្រ ពេលនោះខ្ញុំគិតថា ប្រហែលជាភ្លើងអំពូលអគ្គិសនី នៅលើការដ្ឋាន១របស់ពួកប៉ុលពត សម្លឹងមើលយូរទៅមិនមែនទេ ភ្លើងនោះស្រាប់តែហោះធ្លោសំដៅមក រកខ្ញុំអារម្មណ៍ខ្ញុំជ្រួលច្របល់ភ័យរន្ធត់គិតថា ខ្មោចលងហើយ ខ្ញុំខំប្រឹងធ្មេចភ្នែកអង្គុយចុះ មិនហ៊ានមើល​តទៅទៀតទេ ធ្មេចភ្នែកបានមួយសន្ទុះ បើកភ្នែកឡើងវិញពុទ្ធោភ្លើង​នោះហោះមកជិតខ្ញុំ ចម្ងាយពីខ្ញុំប្រ ហែល៤ម៉ែត្រ កំពស់ពីដីប្រហែល៥ម៉ែត្រ ចំឡែកអស្ចារ្យភ្លើងនោះ ស្រាប់តែក្លាយទៅជា ដុំពណ៌សវែង ចេញរាងជាសក់ស្កូវ ហើយនៅពីចំហៀង លេចចេញជាមុខមនុស្សពណ៌ខៀវ មានរន្ធភ្នែក២តែគ្មានគ្រាប់ ភ្នែកទេ គឺដូចជាឆ្អឹងក្បាលមនុស្ស ដែលមានតែរូងភ្នែកអញ្ចឹង ហើយនៅពី​ក្រោមក្បាលនោះមានក រាងជា​ស្រមោលពណ៌ខ្មៅ តភ្ជាប់មកដងខ្លួនមានរាងដូចជាទីងមោង ដែលគេដាក់បន្លាចចាប និងមានជើង២រាង ជាស្រមោលពណ៌ខ្មៅគ្មានឃើញម្រាមទេ ជើងនោះមិនជាន់ជាប់នឹងដីទេ នៅកំពស់ពីដី ប្រហែល២ម៉ែត្រ ភាគខាងលើគឺក្បាលនៅនឹងថ្កល់ ចំណែកឯភាគខាងក្រោមគឺដងខ្លួន និងជើងអណ្តែតថ្មែលថ្មោលៗនៅពី ក្រោមក្បាល ខ្ញុំភ័យយ៉ាងខ្លាំងហើយបានសំពះអង្វរករ ទាំងញ័រមាត់តតាក់តតុបថា សូមលោកតាកុំធ្វើ បាបខ្ញុំអី, ខ្ញុំដើរទាំងយប់ដូច្នេះព្រោះរត់គេចខ្លួនពីការសម្លាប់ នៃក្រុមមនុស្សអាក្រក់ ខ្ញុំមានបំណងទៅ ស្រុកកំណើតឈ្មោះភូមិទេពនិមិត្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម សូមលោកតាម្ចាស់ទឹកដី មេត្តាជួយ ថែរក្សាអាយុជីវិតខ្ញុំ ព្រមទាំងជីវិតប្រពន្ធកូនខ្ញុំ នៅភូមិស្វាយកាល់ក្បែរជើងភ្នំសន្ទុកផង សូមជួយបង្ហាញ ផ្លូវខ្ញុំផង ខ្ញុំមិនស្គាល់ផ្លូវទៅស្រុកកំណើតខ្ញុំទេ ។
ស្រាប់តែឃើញរូបនោះងក់ក្បាល៣ដង ហើយហោះធ្លោឡើងទៅលើ កំពស់ពីដីប្រហែល១០ម៉ែត្រប្រែ ក្លាយខ្លួនទៅជាភ្លើងដុំមូល (រាងដូចភ្លើងនៃអំពូលមូល៦០វ៉ាត់) នៅទ្រឹងពីមុខខ្ញុំ, ខ្ញុំឈរនៅទ្រឹងមួយសន្ទុះ ឃើញភ្លើងនោះឥតហោះទៅណាទៀត ក៏សម្រេចចិត្តដើរទៅមុខ ពេលដែលខ្ញុំដើរទៅមុខ ស្រាប់តែភ្លើង នោះក៏ហោះទៅដែរ គឺហោះនៅពីមុខខ្ញុំ, ខ្ញុំគិតថាលោកតាម្ចាស់ទឹកម្ចាស់ដីនាំផ្លូវខ្ញុំហើយ ខ្ញុំចង់ដឹងក៏ឈប់ ស្រាប់តែឃើញភ្លើងក៏ឈប់ដែរ ខ្ញុំលែងខ្លាចទៀតហើយ ខំប្រឹងដើរទៅមុខយ៉ាងលឿន ប្រហែលជាម៉ោង ២យប់បានមកដល់ផ្លូវបំបែក (ខ្ញុំមិនស្គាល់ថាជាផ្លូវបំបែកឈ្មោះអ្វីទេ) កន្លែងនេះមានភ្លើងអគ្គិសនីភ្លឺច្រាល ឃើញមានឡានទ្រុងចិន២គ្រឿងបើកបរតាមផ្លូវ, សម្លឹងរកភ្លើងនាំមុខក៏មិនឃើញ (ខ្មោចចាញ់ទីភ្លឺ) ខ្ញុំក៏រក កន្លែងងងឹត ដើម្បីដើរជាមួយភ្លើង ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះឆ្វេចឆ្វាចក្តុងក្តាំងលាន់ឮរំពង មេឃខ្យល់បក់រលំដើមឈើ១ដើមនៅខាងមុខ ខ្ញុំរត់គេចមកខាងស្តាំដៃ ហើយដើរសៀរមាត់ព្រៃ ពេលនេះ ខ្ញុំវង្វេងមិនដឹងជា ផ្លូវណាទៅស្ទឹងត្រង់ទេ (ខ្ញុំរកផ្លូវទៅស្ទឹងត្រង់ព្រោះផ្លូវនេះ កាត់តាមភូមិស្រែវាល) ខ្ញុំក៏ សម្រេចចិត្ត ឆ្លងផ្លូវមកខាងឆ្វេងដៃវិញ មកដល់កូនចំការតៀបមួយ ភ្លៀងនៅតែធ្លាក់ស្រិបៗ មានផ្លេក បន្ទោរម្តងៗភ្លឺច្រាលលាន់ក្តុងក្តាំង ខ្ញុំស្រវារាវរកផ្លែតៀបក្រែងមានទុំ ប៉ះផ្លែតៀបទុំក៏បេះហូបអស់២ផ្លែ ហើយចេញពីចំការនោះ ដើរយូរៗទៅ ឃើញតែព្រៃឥតឃើញវាលស្រែទេ ខ្ញុំនៅចាំបានថាកាលខ្ញុំនៅបួល ជិះឡានទៅភូមិស្រែវាល គឺហួសពីថ្នល់​បំបែកបន្តិច ទៅដល់វាលស្រែ លុះហួសវាលស្រែ គឺដល់ភូមិស្រែ វាលហើយ, ក្រោយមកបន្តិចភ្លៀងក៏រាំង ស្រាប់តែឃើញភ្លើងលេចធ្លោនាំខ្ញុំទៅក្រោយវិញ ខ្ញុំហាក់ដូចជា មិនចង់ជឿ តែប្រថុយដើរតាមភ្លើងសាកមើល ស្រាប់តែមួយសន្ទុះក្រោយមក ខ្ញុំបានមកដល់វាលស្រែ សូមអរគុណចំពោះភ្លើង ដែលបានជួយតម្រង់ផ្លូវ, ខ្ញុំក្រឡេកមើលទៅវាលស្រែ ឃើញភ្លើងចន្លុះផ្លុងៗ ឯណេះ១ឯណោះ១ ខ្ញុំគិតថាប្រហែលជាមានគេដើរឆ្លុះ​កង្កែប, ដើរទំរាំផុតវាលស្រែភ្លឺស្រាងៗល្មម ខ្ញុំបាន ជួបពូម្នាក់ដើរលីទ្រូ ក៏សួរថានេះជាភូមិស្រែ​វាលឬពូ? គាត់ថាហ្នឹងហើយចុះមិត្តឯងទៅណា? ខ្ញុំថាមកភូមិ ស្រែវាលហ្នឹង ចង់ជួបលោកតា សេក ប៊ុត ពីដើមលោកធ្វើជាចៅអធិការវត្តស្រែវាល ពូនោះឆ្លើយថាតាប៊ុត នៅភូមិនេះ, ខ្ញុំក៏ដើរសំដៅចូលភូមិ សាកសួរគេតាមផ្លូវ រកផ្ទះលោកគ្រូ សេក ប៊ុត បានជួបដូចបំណង ខ្ញុំក៏ជំរាបគាត់ត្រង់ថា រូបខ្ញុំត្រូវគេយកទៅសម្លាប់ រត់រួចចង់ទៅភូមិកំណើត តែប្រហែលជាទៅមិនដល់ទេ ដូច្នេះសូមលោកគ្រូជួយសុំអង្គការ ឲ្យខ្ញុំបាននៅក្នុងភូមិនេះផង គាត់ប្រាប់ថា ឥឡូវគេតឹងតែងណាស់ចាំអុំ ទៅនិយាយសុំប្រធានភូមិសាកមើល ហើយគាត់ក៏ឲ្យខ្ញុំទៅនៅ​បណ្តោះអាសន្ន ជាមួយតាឃ្វាលគោម្នាក់ នៅជាយភូមិ ខ្ញុំនៅទីនោះជួយឃ្វាលគោគេ ហើយការហូបចុកដូចជាធូរធារ ជាងនៅភូមិស្វាយកាល់ ស្រុកសន្ទុក, ហូបបបរខាប់ជាមួយសម្លម្ជូរដើមចេក, ពេលទៅឃ្វាលគោ នៅវាលស្រែ តានោះគាត់ប្រាប់ខ្ញុំ ថាប្រពន្ធលោកតា សេក ប៊ុត កាត់យួន ស្អាតណាស់ មានកូន១ គេយកទៅសម្លាប់ទាំងម៉ែទាំងកូន ខ្ញុំឮ ដូច្នេះប្រហោងពោះធ្លុង គិតថាគាត់ប្រហែលមិនធ្វើអង្គការទេ បានជាគេយក ប្រពន្ធកូនទៅសម្លាប់យ៉ាង នេះ ។ ស្លេះត្រឹមនេះសិន និយាយពីរឿងអានី.....

កំពុងតែនៅបញ្ជាន់ស្រូវ មិត្តអួនឲ្យអានីទៅជួយជំរះស្មៅចំការបន្លែ នៅពាក់កណ្តាលផ្លូវ ពីភូមិសាយកាល់ ទៅកន្លែងបញ្ជាន់ស្រូវវាលក្រោម ទៅស្នាក់នៅ និងធ្វើការជាមួយ កងកុមារ១កងមានគ្នាប្រមាណ១៥នាក់ មានមិត្តនារីសួង អាយុប្រហែល២០ឆ្នាំជាប្រធានកង, កាលអានីនៅធ្វើការកន្លែងបញ្ជាន់ស្រូវ រាល់យប់ ឃើញមិត្តអួន​តែងតែជិះសេះពីភូមិ ទៅមើលគេបញ្ជាន់ស្រូវ​ យប់ជ្រៅទើបត្រឡប់ទៅភូមិវិញ យកបាយ និងសម្ល១ ស្រាក់ទៅជាមួយផង ដល់ពេលអានីមកធ្វើការនៅកន្លែងនេះ ល្ងាចឡើងឃើញ មិត្តអួនជិះសេះ មកដល់ចុះមើលចំការបន្លែ ហើយ​បង្រៀនមិត្តនារីសួង ឲ្យចេះជិះសេះគាត់អង្គុយនៅពីក្រោយ ចាក់ចង្កេះ និយាយលេងប្រឡែងគ្នាសើចកក្អឹក, ដល់យប់ទើបជិះសេះទៅកន្លែងបញ្ជាន់ស្រូវ ពេលយប់មួយប្រហែល​ម៉ោង៩អានីដេកមិន​ទាន់លក់ទេ ឃើញមិត្តអួន​ចូលទៅក្នុងរោង យកបាយម្ហូប១ស្រាក់ ទៅដាស់មិត្តសួង​ឲ្យហូបលុះមិត្តសួង ហូបរួចហើយក៏ដេកវិញទៅ មិត្តអួនដើរចេញមកក្រៅមួយភ្លេត ក៏ចូលទៅវិញហើយ ហៅអានីថាមិត្តនី! អានីមិនឆ្លើយធ្វើជាដេកលក់ ចំណែកក្មេងឯទៀតដេកលក់អស់ហើយ ដល់ឃើញអានី ឥតឆ្លើយ មិត្តអួនក៏ប្រះខ្លួនដេកជាមួយមិត្តសួង យ៉ាងវីវក់ទៅ ប្រហែល១ម៉ោងក្រោយមក ទើបជិះសេះ ទៅភូមិ, ពេលនោះទើបអានីដឹងថាមិត្តអួនហៅដើម្បី ចង់ដឹងថាអានីដេកលក់ហើយឬនៅ ដើម្បីគាត់ចាត់ ការជាមួយមិត្តសួង ហើយបាយសម្ល១ស្រាក់ដែលគាត់យកពីកន្លែងបញ្ជាន់នោះ មិនមែនយកទៅផ្ទះទេ គឺយកមកឲ្យមិត្តសួង។ ក្រោយមកបែកការ មិត្តសួងត្រូវគេបញ្ជូនឲ្យទៅនៅភូមិភ្នៅកងមាស (អានីមិនដឹង​ថាភូមិ​ភ្នៅកងមាសជាអ្វី ហើយនៅទីណាទេគ្រាន់តែគិតថា ប្រហែលជាកន្លែងសំរាប់ឲ្យមនុស្សស្រី មាន​ផ្ទៃពោះស្នាក់នៅ និងធ្វើការទីនោះព្រោះកាលណាមានស្រីណាមានផ្ទៃពោះមិនប្រក្រតី គេតែងតែថាឲ្យ​ទៅនៅភូមិភ្នៅកងមាស) មិត្តអួននៅធ្វើការធម្មតា គិតទៅពួកប៉ុលពតខូចគ្នាវីវក់ស្ទើរគ្រប់កន្លែង ហើយគេ ចេះអធ្យាស្រ័យគ្នាណាស់ ឥតមានសម្លាប់ទេ ប្រសិនបើពួកថ្មីវិញ អំពើនេះគេថាខុសសីលធ៌ម ហើយគេ យកទៅសម្លាប់ចោលទាំង២នាក់ ។ នៅទីនេះបាន២-៣ថ្ងៃ គេឲ្យអានីមកភូមិវិញ។​​​

មកដល់ភូមិអានីឃើញផ្ទះខ្ទមដួលរលំ គេកំពុងតែធ្វើផ្ទះខ្ទមថ្មីនៅចំកណ្តាលដីឲ្យនៅរួមគ្នា ជាមួយបងផន ព្រោះផ្ទះខ្ទមគាត់ក៏ជិតរលំដែរ ផ្ទះខ្ទមសម័យនោះគេធ្វើរនាបពីកូនឈើមិនស្មើគា្នទេ ខ្ពស់ទាបៗដេកឈឺ ខ្នង​ណាស់តែដោយហត់ហេវ ដេកចេះតែលក់ស្រួលហើយ។ នៅធ្វើការក្នុងភូមិយូរដែរ ដល់រដូវវស្សាអានី ត្រូវបានចាត់តាំង ឲ្យទៅការដ្ឋានទំនប់១មករា, មនុស្សប្រុសអ្នកថ្មី ត្រូវពួកគេយកទៅសម្លាប់អស់ហើយ, ស្រីៗប្រមាណ១៥នាក់ និងក្មេងប្រុសជំទង់ៗ៤-៥នាក់រួមបាន១កងរបស់ភូមិស្វាយកាល់ ដឹកនាំដោយមិត្ត រ៉េមទៅទប់ទំនប់ដាច់, ទៅជិះឡានទ្រុងជំនួយចិន១ ដោយមានមិត្តឃី ប្រធានប៉ុលពតប្រចាំ សង្កាត់កកោះ ជាអ្នកបើកឡានដោយខ្លួនឯង បើកមួយសេរីគ្មានព្រូយអីទេ ព្រោះមានតែឡាន១លើថ្នល់, ហេតុអ្វីបានជា មិត្តឃី យកចិត្តទុកដាក់ចំពោះ ភូមិស្វាយកាល់យ៉ាងនេះ? ឮថាមិត្តឃី នៅក្នុងខេត្តតាកែវត្រូវបានចាត់ តាំងឲ្យមកភូមិភាគប៌ូពាធ្វើការជាមួយ អង្គការខេត្តកំពង់ធំ ហើយគេចាត់តាំងបន្តឲ្យមកធ្វើ​ជាប្រធានប្រចាំ សង្កាត់កកោះ ថ្ងៃមួយមិត្តឃី​បានមកមើលភូមិស្វាយកាល់ ពួកប៉ុលពតនៅទីនេះទទួល រាក់ទាក់ធ្វើបាយ ទឹកឲ្យហូប ពេលនោះគាត់សម្លឹងឃើញ​មិត្តនារីហឿនជាអនុប្រធានភូមិនៅជាមួយម្តាយ ឪពុកក្មេកមាន កូនម្នាក់ ប្តីទៅសមរភូមិមុខ បាត់យូរហើយ មិនដែលមកផ្ទះទេ គាត់ក៏ញ៉ែទាក់ទងបាន, ដោយសារនៅផ្ទះ មិត្តហឿនមានម្តាយឪពុកក្មេក និងកូននៅជាមួយ ពួកគេក៏មករកកន្លែងផ្សេងសំរាប់​ជួបគ្នា ជារៀងរាល់ ព្រឹកមិត្តហឿនតែងតែឡើងទៅមើលសូ្រវក្នុងជង្រុក មិត្តឃីមកដល់ធ្វើជាសួរម៉ែៗនៅ​ទីនោះថាមិត្តហឿន ទៅណា? ម៉ែៗបា្រប់ថា​ឡើងទៅមើលស្រូវក្នុងជង្រុកបាត់ហើយ មិត្តឃីក៏ឡើងទៅមើលស្រូវដែរ មើលយូរ ណាស់ប្រហែលជាងកន្លះម៉ោងទើបចុះមកវិញ, ដោយសារមើលស្រូវយូរពេក មិត្តហឿនចុះមកវិញបែក ញើសខ្នងហើយរាងអៀនៗ មិត្តឃីចុះមកដើររ៉ុយទៅក្រោយជង្រុកបាត់​ តាំងពីនោះ​មកមិត្តហឿន និងមិត្ត ឃីឡើងជង្រុកមើលស្រូវរាល់ព្រឹកដូច្នេះហើយ បានជាមិត្តឃីចង់បង្ហាញឲ្យមិត្តហឿនឃើញថា គាត់ក៏ចេះ បើកឡានដែរ ហើយដឹកពួកអានីទៅទំនប់១មករា ឲ្យតៃកុងឡាននៅអង្គុយ​ស្ងៀម។ ក្រោយមកយូរដែរ ទើបបែកការពួកប៉ុលពតក៏បញ្ជូនមិត្តឃី ឲ្យទៅធ្វើការនៅកន្លែងផ្សេងចំណែក ឯមិត្តហឿន នៅធ្វើការជា អនុប្រធានភូមិស្វាយកាល់ដដែល ។​

ពេលនោះទឹកឡើងដាច់ទំនប់ប្រហែល១០០ម៉ែត្រ ទឹកហូរកួចត្របាញ់ខ្លាំងមែនទែន, ទៅជិតដល់មុខទឹក ហូរ ពួកអានីចុះពីឡាននាំគ្នាទៅជិះកាណូតបន្តទៀត គេបើកកាណូតវាងមុខទឹក ឆ្ងាយយ៉ាងយូរទើបដល់ មិនអាចបើកកាណូតត្រង់ទៅការដ្ឋានបានទេ ។ ការទប់ទំនប់ដាច់នេះ មានគ្រោះថ្នាក់ខ្លាំងណាស់មាន ស្លាប់រាល់ថ្ងៃ គ្រាន់តែអានីទៅបាន២-៣ថ្ងៃ ឮសូរមានមនុស្សស្លាប់៣-៤នាក់រួចទៅហើយ ​ពួកគេចាត់ឲ្យ កងចល័តដែលសុទ្ទតែជាយុវជន អ្នកមានកំលាំង ឲ្យមុជបោះបង្គោលក្នុងទឹកហើយមួយចំនួនទៀតហែល យកចំបើងទៅពាក់ឲ្យជាប់នឹងបង្គោលនោះ ហើយពួកស្រីៗ និងក្មេងៗឈរកាប់ដីក្នុងទឹក​ បារយកដីដាក់ បង្គី អ្នករែកដីត្រូវចងបង្គីជាប់នឹងដងរែកឲ្យខ្លី ដើម្បីរែកឲ្យផុតពីទឹក ហើយរែកដីឡើងលើទំនប់ យកដីទៅ ចាក់នៅចុងទំនប់ដែលដាច់ ធ្វើអញ្ចឹងរហូត ចាប់តាំងពីចុងទំនប់ដាច់ម្ខាងតៗទៅដរាបណា ដល់ចុងទំនប់ ដាច់ម្ខាងទៀតទើបការទប់ទំនប់ហើយជាស្ថាពរ, ទឹកហូរកួចត្របាញ់យ៉ាងខ្លាំង ចាក់ដីទៅហូរបាត់អស់ សល់តិចតួចប៉ុណ្ណោះ ចាក់ទំរាំបាន១ម៉ែត្រៗ ត្រូវចំណាយពេលយូរណាស់ ហើយគ្រោះថ្នាក់ក៏ច្រើនដែរ​ ចំពោះអ្នកបោះបង្គោល គេចាប់ដៃគ្នាមុជទឹកទៅបោះបង្គោលក្នុងទឹកជ្រៅ កន្លែងខ្លះជម្រៅ២ម៉ែត្រ ខ្លះមាន ជម្រៅ៣ម៉ែត្រ បើមិនមានកម្លាំង ឬខ្សោយកម្លាំងតែបន្តិច ត្រូវទឹកហូរកួចយកទៅបាត់ រកសាកសពមិន ឃើញទេ ។​

ដើរពីរោងស្នាក់នៅ ទៅកន្លែងរែកដី ត្រូវលុយទឹក១ប្រូងត្រឹមចង្កេះ ទើបដល់ទំនប់ ហើយដើរលើទំនប់​ កន្លះគីឡូម៉ែត្រ ទើបដល់កន្លែងរែកដី អានីមិនដឹងថាពេលណាគេទប់ទំនប់នេះរួចទេ ព្រោះនៅបានតែ៣ ថ្ងៃក៏គ្រុនចាញ់​ដោយសារតែ ឈរត្រាំទឹករហូត ពេញៗមួយថ្ងៃត្រឹមៗចង្កេះ, ទប់ទំនប់នេះគឺធ្វើរួមដំបន់ ហូបបបរខាប់ សម្លមានត្រីបន្តិចបន្តួចដែរ អានីយកបបរមកហូបឥតកើត ពេលនោះពួកគេ​កំពុងតែតាម ដាន មិត្តរ៉េមទៅកន្លែងទប់ទំនប់បានមួយភ្លេត គេ​មករោងវិញតាមដានអានី មិត្តរ៉េមដើរទៅដើរមកតាម ដានអានី កាលណោះមានតាម្នាក់ គាត់ឈឺដែរដេកនៅក្បែរអានី ឈឺតែគាត់ហូបបាយបាន គ្រុនញាក់ ងើបពីគ្រុនគាត់ឃ្លាន, អានីហូបបបរមិនកើត​ ក៏ជូនតានោះហូបទៅ រួចហើយលាងកាមែល មិត្តរ៉េមមកមិន ទាន់ពេលអានីហុចបបរឲ្យគេ គាត់គិតស្មានថាអានីហូបអស់ហើយ, ល្ងាចអានីទៅយកបបរ គេឲ្យត្រីរៀល អាំង១ អានីប្រាប់ចុងភៅថាដាក់បបរឲ្យតែបន្តិចបាន​ហើយ ចុងភៅថាហ៊្អីគេឯទៀតមានតែសុំច្រើន ចុះមិត្ត ឯងហេតុអីបានសុំតិច អានីថាហូបឥត​កើតល្វីងមាត់​ណាស់ គេថាយកបបរច្រើនទៅហ្អី ហូបជាមូយត្រី ក្រែងលវាឆ្ងាញ់ អានីថាសុំអំបិលតិចមក គេឲ្យ១ចិប យកមកហូបៗ​មិនកើតមិត្តរ៉េមខំលបមើល នៅកៀន រោងមានដើមឈើបាំង អានីងាកទៅឃើញគេ​នៅឈរលបមើលហូបបបរដែរ ​តែធ្វើជាមិនឃើញ យកបបរ មកក្តៅៗអានីខំហូបបាន២ម៉ាត់ ល្វីងមាត់ពេក អង្គុយមើលបបរ មីងហ៊ឹបឈឺហូបបានដេកក្បែរ ថាមិត្តនី ឯងខំហូបទៅ អានីថាហូបមិនកើតទេ​ គាត់ថាអញ្ចឹងបបរសល់ឲ្យសុំមក អានីក៏ចាក់បបរ​សល់ និងត្រីទៅ ឲ្យមីងហ៊ឹប។ ស្អែកឡើងគេ​មកបង្ខំឲ្យទៅយកបបរថា ទៅមុនគេទៅឆាប់បាន ពេលនេះអានីឥតសុំតិច ទៀតទេ​ ចុងភៅមកពីភូមិស្វាយកាល់គ្នាឯងដាក់ឲ្យច្រើន ដាក់១កាមែលជិតពេញ ​យកមកហូបបាន២ ម៉ាត់ចាប់គ្រុនក្តៅទៀត អានីក៏ដេក បបរនៅសល់ទាំងអស់ មិត្តរ៉េមដើរមកក្បែរថា មិត្តឯងឈឺអញ្ចឹងមិន ប្រឹងហូបទៅ! អានីថាហូបឥតកើតល្វីងមាត់ណាស់ មីងហ៊ឹបស្វាងពីគ្រុនឃ្លាន មើលបបរសល់ភ្លឹសៗ អានី ក៏ឲ្យបបរសល់ទៅគាត់ទៅ ពេលនោះអានីឮមិត្តរ៉េមទៅនិយាយគ្នា គេថាមិត្តនីឈឺមែនទែនហើយបបរក៏ ឥតហូបដែរ បើមិនបញ្ជូនទៅពេទ្យទេគឺស្លាប់ហើយ, ចំណែក២នាក់នោះ (មីងហ៊ឹប និងបងថាត) ពួកគេថា ឥតអីទេឈឺបាយបាន​ ឲ្យតែស្វាងហូបបានតឹងចាន, ស្អែកឡើងគេក៏បញ្ជូនអានី និង២នាក់ទៀតទៅពេទ្យ មីងហ៊ឹបនិយាយថា កុំតែបានមិត្ត​នីឈឺហូបអីឥតកើត កុំអីឯងនៅដេកងាប់ទីនេះហើយ, គេប្រាប់ថាមិត្ត ឯងទៅពេទ្យស្រុកនៅតាំងក្រសាំង ចាំរកកាណូតដឹកទៅ ពួកអានីក៏ទៅទាំង៣នាក់ ជិះទូកម៉ាស៊ីនវង់វាង កន្លែងទឹកហូរ​ អានីខំភ័យស្មានថាគេយក​ទៅវ៉ៃចោល, គេសរសេរសំបុត្រ ឲ្យអ្នកទូកប្រាប់ថាជូនមិត្តនីឲ្យ ដល់ពេទ្យ​មិត្តនីដើរមិនរួចទេ ហើយមិត្តនារី២នាក់នេះ ជួយគ្រាមិត្តនីផង គេប្រាប់ឲ្យចុងភៅដាំបាយ១ ឆ្នាំង, អ្នកទូក១នាក់ឈ្លប១នាក់ និងអ្នកជម្ងឺ៣នាក់ អ្នកបើកទូកគេ​ឲ្យបាយ១កញ្ចប់ផ្សេង ឈ្លបហូបជាមួយ គ្នាអានី, មីងហ៊ឹបឃ្លានហូបបាយឃ្មមៗ អានីឈឺហូបឥតកើតទេ ឈ្លបថាមិត្តឯងម៉េច​មិនហូប,​​ ចេះតែសួរ ដដែលៗ អានីថាហូបឥតកើតទេ, ទំរាំមកដល់​ស្ពានតាំង​ក្រសាំងយប់ល្មម ឈ្លបនាំមកដល់ពេទ្យ មីងហ៊ឹប ជួយគ្រាអានី ឈ្លបយកសំបុត្រឲ្យពេទ្យ ទៅដល់ពេទ្យ កន្លែងពេញអស់ គេថាទៅផ្ទះខាងក្រោយ ឮដូច្នេះ អានីប្រហោងពោះ ខ្លាចគេ​យកទៅវ៉ៃចោល, ផ្ទះនៅក្រោយ២ខ្នង គេថាផ្ទះ១នេះកាគ្រិចណាស់ ពួកមិត្ត ឯងមកនៅផ្ទះ ខាងណេះមក នៅក្រោមផ្ទះលិចទឹកពេញ ទៅដេកលើផ្ទះ១ទៀត ចំហបង្អូចមើលទៅ ក្រោយឃើញសុទ្ធតែទឹកល្វឹងល្វើយ, ឈ្លបប្រាប់ថា ពេទ្យគេកំពុងតែដាំបបរឲ្យហើយ ខ្ញុំទៅវិញហើយ។ មួយសន្ទុះក្រោយមក ឃើញពេទ្យយកបបរខាប់មក​១ឆ្នាំង, អ្នកដេកពេទ្យ ជុំវិញពួកអានី ឃើញបបរខាប់ អង្គុយមើលល្ហង់, មីងហ៊ឹប និងបងថាត ឃ្លានហូបវឹបៗមួយភ្លេតអស់បបរម្នាក់១ចានធំ អានីហូបឥតកើត ឃើញតាម្នាក់ និងយាយម្នាក់គាត់ឃ្លានលេបទឹកមាត់ ក៏ឲ្យបបរគាត់ម្នាក់បន្តិចៗទៅ ពេទ្យថាមិត្តឯងហូប ទៅ ខ្ញុំទៅយកថ្នាំមកឲ្យ អានីដួសបបរបានបន្តិចហូបបាន២-៣ម៉ាត់ក៏ឈប់ទៅ ហើយទៅអង្គុយផ្អែកនឹង មាត់ទ្វារមើលទៅក្រៅ, ចំណែក២នាក់នោះបបរឆ្អែតក៏ត្បុលទៅដេក ពេទ្យហុចថ្នាំអាចម៍ទន្សាយឲ្យ, អានី កំពុងអង្គុយ ក៏ឃើញពេទ្យយកថ្នាំ១គ្រាប់ហុចឲ្យលាក់ៗ ឲ្យទាំងថ្នាំ ឲ្យទាំងទឹកផង ពេទ្យឈរមើលថាមិត្ត ឯងលេបទៅ អានីក៏លេប​ដល់​ពេទ្យចេញទៅ​បាត់ អានីសួរគ្នាឯងថាថ្នាំព៌ណអី? មីងហ៊ឹបថាថ្នាំអាចម៍ ទន្សាយ អានីឮដូច្នេះឥតហ៊ានមាត់ទេ ព្រោះបានថ្នាំពណ៌ស, លេបហើយដេក១យប់ ព្រឹកឡើងស្វាងគ្រុន គេឲ្យថ្នាំតែ១គ្រាប់សោះ ក៏ជាដូចគេបេះនឹកឃ្លានបាយ​ហើយហូបបាន, ដេកពេទ្យជិតមនុស្សភឿក២នាក់ ធំក្លិនឆ្អាប និងនៅជិតអ្នកឈឺផ្សេងទៀតធំស្អុយ អានីគិតថា​បើនៅទៀតឈឺកាន់តែធ្ងន់ហើយ, ដេកពេទ្យ បាន៣យប់អានីសុំទៅផ្ទះ, គ្នាឯងគេថាមិត្តនីឈឺធ្វើ​ពុធទេ ឈឺអី៣ថ្ងៃសុំទៅផ្ទះវិញយ៉ាងនេះ អានីឥតហ៊ាន មាត់​ថាបានថ្នាំសល្អលេបទេ ហើយគេឥត​ដឹងរហូត​, សុំគេចេញទៅផ្ទះ ពេទ្យស្តីឲ្យថាមិត្តឯងទើបនឹងគ្រាន់ បើប្រញាប់ចេញម្ល៉េះ អានីថានៅខ្លាចឈឺលើសដើម បានទៅភូមិគ្រាន់ស្រឡះមុខមាត់ឆាប់ ស្វាងជាងនៅ ទីនេះ គេថា​អើមិនអីទេចាំធ្វើសំបុត្រឲ្យសំរាក១០ថ្ងៃ ពេទ្យសរសេរសំបុត្រ១ឲ្យអានី ព្រឹកឡើង គេឲ្យរបប បាយ១កាតូ អានីដើរពីតាំងក្រសាំងមកភូមិស្វាយកាល់ ម្នាក់​ឯងស្ងាត់ឈឹង លើថ្នល់ជាតិឥតជួប អ្នកណា ម្នាក់ទេ មកដល់ភូមិយកសំបុត្រពេទ្យឲ្យមិត្តអួន​ គាត់ថាមិត្តឯងឈឺប្រញាប់មកភូមិធើអី នៅដេកពេទ្យ ឲ្យយូរបន្តិចក៏មិននៅដែរ រួចថាសំរាក១០ថ្ងៃក៏សំរាកទៅ ដើរទៅរោងបាយ ប្រាប់គេឲ្យបន្ថែមរបបផង។​
ស្លេះត្រឹមនេះសិន មើលរឿង​ខ្ញុំ.....
ខ្ញុំគិតថា  មិនបានទៅដល់ស្រុកកំណើតក៏ហីចុះ នៅទីនេះក៏បានដែរ, រំលងបានតែ១ថ្ងៃ ស្រាប់តែមានគេ មកនាំខ្ញុំទៅផ្ទះប្រធានភូមិ ទៅដល់ឃើញប្រធានភូមិ កំពុងជក់បារី ស្លៀកខោខ្មៅខ្លី បង់កក្រមាក្រហមឥត មានពាក់អាវទេ ប្រធានភូមិក៏នាំខ្ញុំទៅជួបប្រធានឃុំ គាត់ជិះកង់ឌុបខ្ញុំពីក្រោយ ខ្ញុំបានអង្វរករគាត់ថាសូម ពូជួយនិយាយប្រធានឃុំ ឲ្យខ្ញុំបាននៅភូមិនេះផង ខ្ញុំបានរត់ពីខេត្តកំពង់ធំ ចង់ទៅស្រុកកំណើត តែខ្ញុំមិន ស្គាល់ផ្លូវ​ បើទៅមុខទៀតច្បាស់ជាវង្វេងផ្លូវស្លាប់មិនខាន ប្រធានភូមិឥតមាននិយាយអ្វី សូម្បីតែ១ម៉ាត់, ឮខ្ញុំនិយាយយ៉ាងនេះ គាត់ខំប្រឹងធាក់កង់ឲ្យលឿនជាងមុន លុះទៅដល់ផ្ទះប្រធានឃុំ គាត់ក៏បានប្រគល់​រូបខ្ញុំឲ្យទៅប្រធានឃុំ ពេលនោះប្រធានឃុំប្រាប់ថា ទុកវានៅទីនេះជាមួយឈ្លបសិនហើយ មិត្តឯងទៅ មើលស្រែជាមួយខ្ញុំ យប់ម៉ិញភ្លៀងខ្លាំងណាស់តែមានដាច់ភ្លឺស្រែត្រង់ណា អង្គការយកខ្ញុំទៅចិញ្ច្រាំហើយ លុះប្រធានភូមិ និងប្រធានឃុំចេញបាត់ កូនឈ្លបដែលនៅយាមខ្ញុំបានប្រាប់ថា មិត្តឯងនៅលើផ្ទះនេះ ហើយ កុំទៅណាឲ្យសោះ ខ្ញុំទៅសំលៀងកាំបិតមួយភ្លេត បើរត់កាំបិតនេះ មិនត្រាប្រណីមិត្តឯងទេ, ហើយ គេកាន់កាំបិតនោះយកទៅសំលៀង ហាក់ដូចជាប្រាប់ខ្ញុំឲ្យដឹងថា ហ្អែងមុខជាស្លាប់ ក្រោមផ្លែកាំបិតនេះ ហើយ, ខ្ញុំគិតថាពេលនេះអាសន្នធំហើយ គេចពីជង់មកជួបអន្ទាក់, ពេលគេទៅសំលៀង​កាំបិត ខ្ញុំក្រឡេក ទៅក្នុងទូរកញ្ចក់ឃើញមាន ត្រីវិស័យសំរាប់មើលទិស១គ្រឿងចង់យកដែរ តែបើកទូរមិនចេញជាប់សោ បើបំបែកកញ្ចក់ក្រែងគេឮ ក៏ឈប់ប៉ុនប៉ងយកត្រីវិស័យ នោះហើយចុះពីផ្ទះយ៉ាងលឿនចេញមកខាងក្រៅ ដើរយ៉ាងលឿនសំដៅមកវាលស្រែ មកដល់ស្រែដែលមានស្រូវខ្ពស់ត្រឹមក ខ្ញុំឱនរត់រហូតទាល់តែជិតដល់ ផ្ទះខ្ទមតាឃ្វាល​គោ ទើបដើរសំដៅទៅឆក់យកការុង​អីវ៉ាន់ហើយដើរចេញសៀរតាមក្រោយខ្ទម ខ្ញុំក្រឡេក ឃើញតាឃ្លាលគោ កំពុងអង្គុយហូបដំឡូងដុតជាមួយកូនប្រុសរបស់គាត់ នៅលើគ្រែមុខខ្ទម តែគាត់មិន ឃើញខ្ញុំទេ ខ្ញុំដើរកាត់ព្រៃល្បោះ ខាងជើងភូមិស្រែវាល ឆ្ពោះទៅទិសខាងកើត ក្នុងគោលបំណងចង់ទៅ ឲ្យដល់ទន្លេព្រោះភូមិកំណើតខ្ញុំ នៅ​ត្រើយខាងកើតទន្លេមេគង្គ, ដើរយូរៗទៅកាន់តែចូលព្រៃជ្រៅទៅៗ ជួបគេម្នាក់កំពុងយកឃ្មុំ សួរគេថាព្រៃនេះគេហៅព្រៃអី គេប្រាប់ថាព្រៃទួលឃ្លាំង, ព្រៃស្រោងធំនៅខាង ក្រោមស្រឡះ ឃើញផ្លូវរទេះគោ និងផ្លូវថ្មើរជើងខ្វាត់ខ្វែងពេញព្រៃ ខ្ញុំដើរយូរទៅៗ ក៏វង្វេងមិនដឹងជាទៅ ទិសណាទេ លុះមកដល់ដើមធ្លក១ដើម មានផ្លែ​ទុំជ្រុះពេញ ណាហេវហត់ផង ណាឈ្លានផង ខ្ញុំអរផឺតក៏ រើសផ្លែធ្លកនេះហូបមួយឆ្អែត ហើយផឹកទឹកដក់តាមផ្លូវរទេះ រួចក៏ដេក​សម្រាកនៅក្រោមដើមធ្លកនេះ លក់ទៅមួយភាំងយល់សប្តិ មានគេមកប្រាប់ថាទៅទិសឥសាន្ត ខ្ញុំភ្ញាក់ស្ទុះ​ក្រោកឡើងរកមើលមនុស្ស ដែលនិយាយអម្បាញ់ម៉ិញ តែឥតឃើញអ្វីទាំងអស់ ខ្ញុំក៏ដើរតាមផ្លូវទៅទិសឥសាន្ត ដែលខ្ញុំបានឮពេល​យល់សប្តិ ខ្ញុំឆ្លល់ដែរថា ខ្ញុំចង់ទៅទិសខាងកើតដើម្បីដល់ទន្លេ ហេតុអ្វីបានជាគេប្រាប់ថា ឲ្យដើរទៅទិស ឥសាន្តទៅវិញ? តែដោយសារវង្វេង ហើយមានផ្លូវច្រើនពេក ហើយផ្លូវទាំងនោះគ្មានផ្លូវណាទៅទិសខាង កើត១សោះ ទើបខ្ញុំសម្រេចចិត្តដើរតាមការយល់សប្តិ ។

​ខ្ញុំដើរទៅមុខបើឃើញផ្លូវណាបែកទៅទិសឥសាន្ត គឺទៅតាមផ្លូវនោះ រហូតដល់ថ្ងៃគងព្រៃ បានចេញមក ដល់វាលមានព្រៃល្បោះដុះទាបៗ ដើរកាត់ព្រៃល្បោះមួយសន្ទុះ ក៏បានមកដល់ផ្លូវលំ១ ចាក់គ្រួសក្រហម លាតសន្ធឹងពីទិសនិរតីទៅទិសឥសាន្ត ខ្ញុំប្រុងដើរតាមផ្លូវនោះទៅទិសឥសាន្ត ស្រាប់តែក្រឡេកមើលទៅ ខាងស្តាំដៃឃើញតាចាស់ម្នាក់ស្លៀកខោឡាញ់ខ្មៅរលោង និងពាក់អាវព៌ណសយ៉ាងស្អាត ចង្កាវែងមាន ពុកម៉ាត់សក្បុះវែងអន្លាយ កំពុងអង្គុយនៅក្បែរគុម្ពឬស្សីខាងកើតផ្លូវ ខ្ញុំក៏ដើរតម្រង់ទៅរកគាត់ សួរគាត់ថា លោកតាផ្លូវណាទៅស្ទឹង​ត្រង់ (ព្រោះខ្ញុំគិតថាស្ទឹងត្រង់នៅជាប់ទន្លេ)

គាត់ក៏បានឆ្លើយថាចៅឯងទៅស្ទឹងត្រង់ធើអី, ដើរតាមផ្លូវថ្មើរជើងខាងកើតនេះ គាត់ចង្អុលផ្លូវហើយប្រាប់ ខ្ញុំថាដើរសៀរព្រៃឬស្សីនេះទៅកើត ចម្ងាយប្រហែល១គីឡូម៉ែត្រ ឃើញក្រោលគោ១ ហើយងាកមកស្តាំ ដៃដើរមួយសន្ទុះឃើញឬស្សីពីងពង់គេដាំជាជួរតាមភ្លឺស្រែ រួចបត់ឆ្វេងដើរតាមជួរឬស្សីពីងពង់នោះដើរ ផុតឬស្សីពីងពង់ដល់វាលស្រែរំលង តែ១ស្រែដល់ភូមិហើយ ទន្លេនៅពីមុខភូមិនេះឯង, ខ្ញុំក៏សំពះលាគាត់ ហើយដើរតាមផ្លូវដែលគាត់ប្រាប់ លុះដើរបានប្រហែល១០ជំហាន ងាកមកក្រោយស្រាប់តែបាត់គាត់ខ្ញុំ នឹកក្នុងចិត្តថាលោកតាគាត់ដើរទៅណាក៏លឿនម្ល៉េះ ហើយម្តេចក៏ដឹងថាខ្ញុំចង់ទៅស្ទឹងត្រង់រកទន្លេ?ហើយ សម័យនេះគាត់នៅមានខោអាវស្អាតស្លៀកពាក់ដែរ? ខ្ញុំគិតចុះគិតឡើងព្រឺក្បាលខ្ញាក ចុមប្រហែលជា ខ្មោចលងទេដឹង? ឬក៏អ្នកសច្ចំរុក្ខទេវតាណាមកជួយប្រាប់ផ្លូវ? តែទោះបីជាខ្មោចក៏ខ្មោចល្អមានចិត្តធម៌ សប្បុរសមកជួយខ្ញុំ ឬជាអ្នកសច្ចំមកជួយខ្ញុំ គិតបណ្តើរដើរបណ្តើរ ក៏មកដល់ក្រោលគោហើយបត់ស្តាំដៃ ដើរកាត់ព្រៃល្បោះមួយសន្ទុះ ក៏មកដល់ជួរឬស្សីពីញពង់ ពេលនោះស្រាប់តែជួបអ្នកភូមិ១ក្រុម ដើរតម្រង់ មកផ្លូវនេះដែរ ខ្ញុំស្ពាយការុងខោអាវអីវ៉ាន់ដើរធ្វើហី ចូលជាមួយក្រុមមនុស្សទាំង​នេះ ពេលនោះ មានម្នាក់ និយាយខ្មែរមិនច្បាស់ រាងប៉ៃឡាំដូចចិនបានមកជិតខ្ញុំហើយយកត្រពាំង ១ត្រណោតពាក់លើស្មាខ្ញុំឲ្យ​ជួយស្ពាយ ខ្ញុំក៏ជួយស្ពាយលុះមកដល់ផ្លូវបំបែកចូលភូមិ ចិននោះក៏មកយកត្រពាំងពីខ្ញុំវិញ ទាំងទឹកមុខ សើចញឹមៗ ហើយក្រុមមនុស្សទាំងនោះក៏បែកចូលទៅផ្ទះរៀងខ្លួន ចំណែកខ្ញុំដើរសៀរតាមភូមិសំដៅទៅ មាត់ទន្លេ ហើយចូលទៅក្នុងគុម្ពឬស្សីលាក់ការុងអីវ៉ាន់ រួចហើយដើរចេញមកក្រៅខ្លួនទទេខំ សម្លឹងមើល​ទៅក្នុងទន្លេឃើញមានទូក៤-៥ គេកំពុងរាយមងរកត្រីក្នុងទន្លេមេគង្គ ។ ស្លេះសិន, មើលរឿងអានី.....
គេឲ្យសំរាកមែនតែអានីនៅមិនសុខទេ ទៅជួយត្បាញកន្ទេល ច្រៀករំចេកជាមួយយាយៗឬក៏ធ្វើនេះធ្វើ​នោះ ឬអង្គុយលេងនៅជិតហ្នឹងទៅ, មិត្តអួនទៅឃើញថាគេឲ្យដេកឥតដេកទេមិត្តនឹង តិចមកធ្វើអានេះ​តិចមកធ្វើអានោះ យាយៗថាអើគេឲ្យដេកៗមិនលក់មនុស្សវាសាច់កម្ម ។ មកដេកនៅផ្ទះសំរាក១០ថ្ងៃ ព្រឹកអានីទៅ ជួយយាយៗធ្វើកន្ទេល ល្ងាចនៅអង្គុយសំកុក មាត់ជណ្តើរផ្ទះមើលដើមឈើ និងស្តាប់​សម្លេងសត្វយំ នឹកដល់ប្តីមិនដឹងជារត់រួចឬអត់? ណាមួយកូនក៏ស្លាប់ចោលទៀត ចិត្តក្តុកក្តួលរាល់ថ្ងៃ, មានថ្ងៃមួយអានីកុំពុងតែ អង្គុយមាត់ជណ្តើរ​ នឹកស្រណោះអន្លង់អន្លោច  ពេលនោះឃើញបុរសម្នាក់ដើរ យឺតៗតាមផ្លូវរទេះកាត់មុខផ្ទះ ភ្នែកសំឡឹងមករកអានីឥតដាក់ អានីគ្រាន់តែឃើញ តែមិនចាប់អារម្មណ៍អ្វី ទេ ស្រាប់តែបាន២ថ្ងៃក្រោយមក មានមីងម្នាក់ជាអ្នកថ្មីដែរ ឈ្មោះរឿនផ្ទះនៅជួរមុខជិតថ្នល់ជាតិ មកជួប បងថ្លៃអានី(បងផន) និយាយ​​ថាមានមិត្តម្នាក់ឈ្មោះខុម ចង់បានមិត្តនីធ្វើជាប្រពន្ធ,  កន្លងមកមីងរឿនធ្លាប់ ធ្វើការរួមភូមិ ជាមួយបងស្រីមិត្តខុម ហើយដឹងថាកំពុងរកប្រពន្ធឲ្យប្អូន មីងរឿនក៏ប្រាប់ថានៅភូមិស្វាយ កាល់ មានមិត្តនារីម្នាក់ប្តីគេទើបនឹងយកទៅវ៉ៃចោល កូនទើបនឹងស្លាប់ ទៅមើលទៅ ដើរតាមផ្លូវរទេះមុខ ផ្ទះឃើញហើយ មិត្តហ្នឹងនៅអង្គុយ​សំកុកមាត់ជណ្តើរផ្ទះរាល់​តែល្ងាច ផ្ទះមិត្តហ្នឹងនៅជិតសហករណ៍​។ មីងរឿនប្រាប់បងផនថា​មិត្តខុម បានមកឃើញមិត្តនីហើយ ពេញចិត្តហើយ អូនឯងជួយនិយាយឲ្យផង, បានដូចចិត្ត បងផនក៏មកប្រាប់អានីថា ណកមានគេចង់បានហ្អែងធ្វើប្រពន្ធហ្អក!​ អានីថាទេ យកប្តីស្អីសោ យកប្តីអីទៀត? ក្រោយមកមិត្តខុមដឹងថាអានីមិនព្រម គាត់ក៏ទៅពឹង​ពូតាំងឲ្យជួយនិយាយ ពូតាំងមក ល្បួងអានីថា ល្មមហើយមិត្តឯងល្មមយកប្តីទៅ ភូមិយើងអស់ប្រុសៗហើយ អានីថានឹងង្ហើយ! យកប្តីគេ ទៅវ៉ៃចោលថាអស់ប្រុសៗ ហើយមកបង្ខំគេឲ្យយកប្តីទៀត (អានីមិនខ្លាចគាត់ទេព្រោះធ្លាប់និយាយលេង ជាមួយគ្នា) ពូតាំងបាត់មាត់ឈប់និយាយរហូត, ថ្ងៃមួយអានីទៅកាប់ព្រៃនៅជិតភូមិមិត្តខុម មីងហ៊ឹបស្គាល់ បងស្រីរបស់មិត្តខុម ពេលអង្គុយលេងជាមួយគ្នា ក៏ប្រាប់អានីថា នេះបងស្រីរបស់មិត្តខុម ដែលចង់បាន ហ្អែងនោះ អានីមិនមាត់ថាយ៉ាងម៉េចទេ និយាយសើចលេង​ជាមួយគាត់ធម្មតា បងស្រីមិត្តខុមក៏និយាយ​ថា បានប្អូនគាត់សំណាងហើយ ចិត្តល្អណាស់មានលុយកាក់ នៅសល់ច្រើនណាស់ អានីនឹក​ខឹងមើលតែ អានីហ្នឹងចង់បានលុយគេខ្លាំងណាស់ តែមិនតមាត់ថាម៉េចទេ ដល់ពេលមកផ្ទះវិញ មីងហ៊ឹបថា ណកគេ មានសល់លុយសល់កាក់ច្រើណាស់ ល្មមហើយមិត្តឯងយកទៅ អានីខឹងឆេវតបថា មីងឯងយកខ្លួនឯង ទៅ​ខ្ញុំមិនយកទេ។ បងស្រីមិត្តខុមស្គាល់បងផន ក៏ឆ្លៀតមកអង្វរបងផន ឲ្យជួយនិយាយអានីទៀត បងផន គាត់ថាហ្អែងល្មម​ហើយចាំអង្កាលទៀត ហ្អែងល្មមយកប្តីហើយ អានីតបថាយកប្តីស្អី? សោឯងយកខ្លួន ឯងទៅខ្ញុំមិនយកទេ, បងផនថាបងក៏មិនយកប្តីដែរបើចិញ្ចឹមកូន៣នាក់មិនរស់ បងកាត់កដៃឲ្យឆ្កែស៊ីអូន ឯងចាំមើលទៅ (គាត់ថាដូច្នេះព្រោះថ្ងៃមុន មានតាម្នាក់ចង់បានគាត់ធ្វើប្រពន្ធឲ្យគេមកសួរគាត់) ក្រោយ មកមិត្តខុម ចេះតែទៅពឹងឲ្យអ្នកនេះមកសួរ ឲ្យអ្នកនោះមកសួរ​ អានីចេះតែថាទេៗរហូត មីងហ៊ឹបបន្តិច យកត្រីបន្តិចយកនេះយកនោះមកឲ្យ អានីប្រាប់ថាឈប់ទទួលរបស់គេទៅ ខ្ញុំមិនយកគេទេកុំឲ្យបាប, ដល់ល្បីខ្លាំងពេកលេចឮដំណឹងនេះដល់ឪពុកក្មេកខ្ញុំ​នៅឯភូមិវាំង(តាំងក្រសាំង) មិនដឹងជាគាត់ដឹងរឿង​នេះមកពីណាទេ គាត់បានទៅប្រាប់អានីថា កូនឯងកុំយកប្តីទៀតអី បើគេបង្ខំឲ្យយកប្តីកុំយកណានាំតែ លំបាកវេទនាខ្លួនទេ អានីជំរាបគាត់វិញថាខ្ញុំមិនយកប្តីទៀតទេប៉ាកុំភ័យអី ។

ក្រោយមកមិត្តខុម រកមធ្យោបាយធ្វើយ៉ាងណាដើម្បីបានជួបអានី និយាយគ្នាលេងផ្ទាល់មាត់ ក៏បានទៅ ពឹងមីងស អ្នកថ្មីដែរ​ និងមីងហ៊ឹបឲ្យទៅល្បួងអានី ទៅរកត្រីជាមួយគ្នា នៅក្បែររោងធ្វើការរបស់ភូមិមិត្ត​ខុម ពេលនោះអង្គការប៉ុលពត អនុញ្ញាតឲ្យធ្វើការ១០ថ្ងៃឈប់១ថ្ងៃតាមការកំណត់របស់ភូមិនិមួយៗ ពេលថ្ងៃ ឈប់សំរាក មីងហ៊ឹប និងមីងស យកមុងទៅបបួលបងផន(បងថ្លៃអានី)រកត្រី ប្រហែលជាគាត់គិតថាបើ​បបួលអានីត្រង់ៗ ​ច្បាស់ជាប្រកែកមិនព្រមទៅទេ ធ្លាប់ដឹងចិត្តអានីរូចហើយ បងផន ប្រហែលជាគាត់ដឹង ពីផែនការនេះដែរ គាត់ក៏ប្រកែកថាទៅមិនរួចទេ មានកូនតូចៗ៣នាក់នៅជាមួយ ថ្ងៃនេះគេឈប់សំរាក ផង ក្រែងវាដើរលេងឬធ្វើអីផ្តេសផ្តាស់ ឬភ្លេចទៅហូបបបរ គាត់មិនអាចទៅចោលបានទេ និយាយរួច ហើយក៏សម្លឹងមកអានី មីងហ៊ឹបនិងមីងស បបួលង៉ោចៗពេក អានីនៅក្បែរនោះក៏ប្រាប់បងផនថា ខ្ញុំទៅ ជំនួសក៏បានដែរ តែសោឯងយករបបហូបទុកឲ្យខ្ញុំផង រួចហើយ​មីងហ៊ឹប និងមីងស ព្រមទាំងអានីក៏ដើរ ទៅអូសត្រី ដើរទៅដល់ព្រៃតាម៉ា ហើយបត់ទៅខាងត្បូង ដើរមួយសន្ទុះធំឃើញបឹង១ អានីថាយើងចុះ អូសត្រីនៅបឹងនេះហើយ តែមីង២នាក់នោះថាកុំអូសនៅទីនេះអីមិនសូវមានត្រីទេ ទៅអូសនៅស្រះខាង ត្បួងឯណោះវិញទើបមានត្រីច្រើន លុះដើរទៅឆ្ងាយប្រហែលជា១គីឡូម៉ែត្រទៀត ទៅដល់កន្លែង១មាន ស្រះ២នៅទន្ទឹមគ្នាស្រះ១រាក់មានស្រូវសន្ទូងព័ទ្ធជុំវិញ ស្រះ១ទៀតជ្រៅឥតមានស្រូវសន្ទូងទេ មីងហ៊ឹបថា យើងចុះអូសត្រីក្នុងស្រះជ្រៅនេះទៅ ហើយមីងស ក៏ចង្អុលទៅរោង១នៅក្បែរនោះ ហើយប្រាប់អានីថា នោះរោងមិត្តខុម អានីដឹងពីល្បិចក៏ថាអុញមីងទាំង២នេះដឹកញីបញ្ស៊ីឈ្មោលទេតើ អញ្ចឹងបានជាមិនព្រម អូសត្រីនៅបឹងតាមផ្លូវ មីងហ៊ឹប និងអានី ក៏យកមុងចុះក្នុងស្រះអូសត្រី មីងហ៊ឹបឆ្លាតគាត់នៅខាងទឹករាក់ ក្បែរមាត់ស្រះ ឲ្យអានីចុះទៅទឹកជ្រៅ អូសមុងស្ទើរមិនរួចព្រោះមុងធំពេក មីងហ៊ឹបនៅខាងទឹករាក់អូសធូរ ជាងក៏ដើរលឿនទៅមុខ រីឯអានីនៅទឹកជ្រៅត្រឹមកឥតសូវមានកម្លាំងអូសយីតៗបង់ចាញ់គ្នា មិត្តខុមដើរ មកឃើញក៏ស្រេកថា មិត្តឯងអូសយឺតអញ្ចឹងធ្វើម៉េចបានត្រី? លុះអូសមកដល់ច្រាំង ក៏ឡើងមកចាប់ត្រី មិត្តខុមបា្រប់អានីថាឲ្យខ្ញុំជួយអូសវិញ មិត្តឯងអូសយឺតនៅក្រោយគេអញ្ជឹងមិនបានត្រីច្រើនទេ អានីថាបើ ចង់អូសខ្លាំងណាស់ក៏អូស​ទៅ មីងសដែលកំពុងអង្គុយចាប់ត្រីធ្វើជាសួរមិត្តខុមថា ថ្ងៃនេះឥតទៅធ្វើការទេ ហ្អី? មិត្តខុមថាខ្ញុំឈឺសុំគេសម្រាក អានីថាឈឺម៉េចក៏មកសុំអូសត្រីឈឺពុធទេដឹង? មិត្តខុមសើចញឹមៗមិន តបថាម៉េចទេ ហើយក៏ចុះ​អូសត្រីជាមួយមីងហ៊ឹប អូសយួរដែរប្រហែលជា២ម៉ោងថ្ងៃជិតត្រង់ ក៏អានីក៏ទារ ទៅផ្ទះវិញ មិត្តខុមឃាត់ថា នៅហូបបាយជាមួយខ្ញុំទីនេះហើយ មីង២នាក់នោះចង់តែកៀចនៅឲ្យបានយូរ តែដល់អានីតឿនខ្លាំងពេកក៏ព្រមមកផ្ទះវិញ ។ រាល់លើកពេលដែល មិត្តខុមពឹងគេឲ្យជួយនិយាយអានី សុទ្ធតែមានរបស់របរឲ្យគេ ។

ក្រោយមកមិត្តខុម រិះរកវិធី​យ៉ាងណាយកអានី ធ្វើប្រពន្ធឲ្យទាល់តែបាន ប្រហែលជាគាត់គិតថា មានតែ ប្រធានភូមិស្វាយកាល់ទេ ដែលអាចបញ្ចុះបញ្ចូលអានីបាន ព្រោះអានីនៅក្នុងភូមិនេះ មុខជាខ្លាច និង ស្តាប់មិត្តអួនមិនខាន មិត្តខុមរិះរកគ្រប់វិធីទៅសូបទៅពឹងមិត្តអួន ដែលជាប្រធានភូមិ ទាល់តែបាន, ពេល អានីទៅកន្លែងធ្វើការជួបមិត្ត​អួន គាត់ថាមិត្តឯងយកមិត្តខុមទៅល្មមហើយ សម្រេចចិត្តឆាប់ៗទៅកុំនៅ យូរពេក អានីថាខ្ញុំមិនយកប្តី​ទៀតទេ គាត់ថាមិត្តឯងនៅរើសដល់ណាទៀត អានីមិនឆ្លើយថាយ៉ាងម៉េចទេ​គិតថាបើមិត្តអួនយកទៅសម្លាប់ក៏យកទៅ, ស្លាប់ទៅជាមួយកូនជាមួយប្តីប្រសើរជាង នៅរស់រងទុក្ខវេទនា​ដូចសព្វថ្ងៃ, ក្រោយមក​ទៀតមិត្តខុមមិនអស់ចិត្ត បានសូបនឹងអង្វរមិត្តនារីហឿន ឲ្យជួយនិយាយជាមួយ អានី ប្រហែលជាគាត់យល់ថាជាស្រីដូចគ្នា និងជាអនុប្រធានភូមិទៀតផង ប្រហែលជាអាចនិយាយត្រូវ គ្នាជាមួយអានី,ពេលចុះទៅស្ទូងស្រូវជិតអានី មិត្តហឿននិយាយថា មិត្តឯងនៅចាំអង្កាលទៀតល្មមហើយ ខុមស្រឡាញ់មិត្តឯងចង់ងាប់ហើយ គេមកអង្វរលន់តួខ្ញុំ ឲ្យជួយនិយាយមិត្តឯងម្ល៉ឹងៗ មិត្តឯងមិនអាណិត គេខ្លះទេហ្អី! គេថាបើស្រុកពី​ដើមបង្គាប់ផ្ទះប៉ុន្មានខ្នងក៏ដោយ គេធ្វើទាល់តែបានហ្នឹង យកមិត្តឯងទាល់តែ បានហ្នឹង​ អានីឆ្លើយខ្លីថាខ្ញុំឥតយកប្តីទៀតទេ ។​ ស្លេះត្រឹមនេះសិន និយាយពីរឿងខ្ញុំ.....

ខ្ញុំមានបំណងចង់ឆ្លងទន្លេ តែឥតចេះហែលទឹកទេ ចេះតែអុំទូក ព្រោះកាលនៅជាសង្ឃបួសនៅវត្តគរ ពេលទៅបិណ្ឌបាតនៅភូមិទេពនិមិត្ត ត្រូវជិះទូកតាមអូរ១ឆ្លងវាលស្រែ, វត្តគរមានទូក១សំរាប់លោកជិះ ឆ្លងទៅបិណ្ឌបាត ខ្ញុំក៏រៀនចេះអុំទូកតាំងពីពេលនោះមក ឥឡូវខ្ញុំចង់អុំទូកឆ្លងឲ្យចំភូមិពាមជីលាំង ព្រោះ អ្នកភូមិខ្ញុំធ្លាប់មកធ្វើប្រហុកផ្អក នៅភូមិពាមជីលាំងនេះ ខ្ញុំគិតថាច្បាស់ជាមានផ្លូវ ទៅភូមិខ្ញុំមិនខាន តែខ្ញុំ មិនដឹងថាភូមិពាមជីលាំងនោះ ស្ថិតនៅ​ត្រង់ណាទេ គ្រាន់តែដឹងថានៅត្រើយខាងកើតទន្លេ ខ្ញុំក៏សួរកូន ក្មេងដែលកំពុងដើរប្រសាចតាមមាត់ទន្លេ គេចង្អុល​ប្រាប់ហូរហែថា ទីនេះជាភូមិព្រែកបាក់ នៅត្រើយខាង កើតឈៀងខាងជើងជាកោះត្រែង ហើយនៅទល់មុខនេះជាភូមិ(ខ្ញុំភ្លេច) នៅត្រើយខាងកើតឈៀងខាង ត្បូងឆ្ងាយពីនេះប្រហែលជា៣គីឡូម៉ែត្រគឺជាភូមិពាមជីលាំងហើយ ដល់ពេលរៀបព្រលប់ព្រឹលៗខ្ញុំឃើញ ទូក១ចូលមកចតនៅគុម្ពឬស្សីដែលខ្ញុំបានទុកការុងអីវ៉ាន់ ។

លុះដល់ពេលយប់បន្តិច មានភ្លៀងធ្លាក់១មេយ៉ាងខ្លាំង ប្រហែលជា១ម៉ោង ខ្ញុំនៅជ្រកភ្លៀងក្នុងគុម្ពោត១ នៅក្បែរនោះ លុះមេឃរាំងភ្លៀងខ្ញុំដើរសំដៅទៅយកស្បោងអីវ៉ាន់ និងទៅរកមើលទូក ដែលគេទុកនៅ ក្បែរនោះដើរបាន៣-៤ម៉ែត្រក៏ឃើញឈើហ៊ុបអណ្តែតទឹក១ដើម ដែលគេចងទុកនៅមាត់ច្រាំង ខ្ញុំគិតថាបើ យកឈើហ៊ុបនេះ តោងហែលបណ្តែតតាមទឹកទៅភូមិពាមជីលាំង ក៏ម្យ៉ាងដែរមិនបាច់យកទូកគេទេកុំឲ្យ គេជេរ, ខ្ញុំក៏ស្រាយខ្សែចេញពីឈើហ៊ុបនោះ ហើយសាកជិះលមើល ក៏ស្រាប់តែលិចផ្លឹបក្នុងទឹក ទើបចង ឈើហ៊ុបនោះទុកឲ្យគេវិញ ហើយដើរសំដៅទៅយកអីវ៉ាន់និងទៅយកទូកទៅដល់ឃើញទូក តែឥតឃើញ ច្រវាទេ ខ្ញុំក៏ដើររាវរកតាមគុម្ពោតតូចៗ នៅក្បែរគុម្ពឬស្សីក៏ប្រទះឃើញច្រវា និងត្រឡោកសំរាប់បាចទឹក ខ្ញុំស្រាយខ្សែយកទូកដែលពេញទៅដោយទឹកភ្លៀង មិនហ៊ានបាចនៅក្បែរនោះទេខ្លាចគេឮ គ្រាន់តែផ្អៀង​ទូកឲ្យទឹកចេញបន្តិច​ ក៏អុំទៅដល់កណ្តាលទន្លេ ទើបបាចទឹកចេញពីទូកឲ្យអស់ ខ្ញុំអុំទូកសំដៅទៅទិស​ខាងត្បូងតាមបណ្តោយទឹក (ទឹកហូរពីជើងទៅត្បូង) ក្នុងគោលបំណងទៅភូមិពាមជីលាំង។ ពេលនោះ រាត្រីខែរនោច ព្រះច័ន្ទរះមួយ​ចំហៀងនៅទិសខាងលិច ចោលពន្លឺព្រឹមៗមកលើផ្ទៃទឹក ចាំងផ្លាតនឹងរលក ទឹកទន្លេឃើញពន្លឺពណ៌មាស ផ្លេកៗរត់ប្រដេញគ្នាពេញផ្ទៃទឹក ខ្ញុំខំសម្លឹងរកមើលភ្លើង ដែលធ្លាប់នាំខ្ញុំ ឃើញនៅ​ខ្ពស់ឆ្ងាយ ដូចជាផ្កាយព្រឹកអញ្ចឹងដែរ ខ្ញុំអុំទូកបានមួយសន្ទុះធំ ស្រាប់តែឮសម្លេងមនុស្សគេ និយាយគ្នានៅត្រើយខាង​កើតទន្លេ ខ្ទ័រតាមទឹកឮច្បាស់ចេស ខ្ញុំក៏ស្រែកសួរទៅពួកគេថា មិត្តអើយតើភូមិ ពាមជីលាំងនៅឯណា គេក៏​ឆ្លើយប្រាប់មកវិញថា នៅខាងត្បូងឆ្ងាយពីនេះទៅ ប្រហែល១គីឡូម៉ែត្រទៀត​ដល់ហើយ គេសួរថាមិត្តឯងទៅភូមិពាមជីលាំងធ្វើអី ខ្ញុំឆ្លើយថាដឹកអីវ៉ាន់យកជូនអង្គការ ។ លុះអុំទូកមួយ​សន្ទុះធំស្រាប់តែឃើញផ្លូវទឹកបែកជា២ ខ្ញុំសម្រេចចិត្ត ទៅខាងឆ្វេងដៃ គឺផ្លូវទឹកដែលជាប់នឹងត្រើយខាង កើតទន្លេ គ្រាន់តែអុំបាន២-៣ច្រវាស្រាប់តែឃើញភ្លើងហោះធ្លោមកពីមុខខ្ញុំ ហើយនាំខ្ញុំថយក្រោយទៅផ្លូវ ទឹកខាងស្តាំដៃ ពេលនោះខ្ញុំអល់អែកមិនជឿ ព្រោះគោលដៅចង់ទៅត្រើយទិសខាងកើត ហេតុអ្វីបានជា ភ្លើងនាំមកផ្លូវខាងស្តាំដៃទៅវិញ ខ្ញុំក៏បន្ត​អុំទូកទៅមុខទៀត បានប្រហែល៥០ម៉ែត្រក៏កឿងទូក ខ្ញុំចាក់ច្រវា ទៅក្នុងទឹកឮសូរព្រួកៗ ដូចជាមានគេត្រាំអី ក្នុងទឹកអញ្ចឹង ហើយនៅពីមុខ និងសងខាងទូកសុទ្ធតែព្រៃ ស្បាតក្រាស់ឃ្មឹករុំព័ទ្ធដោយវល្លិគ្រប់ប្រភេទ ខ្ញុំក៏យកច្រវាចាក់រុញទូកថយ​ក្រោយវិញ ។

ខ្ញុំអុំទូកបកមកក្រោយវិញ ឃើញភ្លើងកំពុងតែចាំខ្ញុំនៅផ្លូវបំបែក លុះខ្ញុំអុំទូកដល់ផ្លូវបំបែកស្រាប់តែភ្លើង ហោះធ្លោនាំមុខខ្ញុំ, ម្តងនេះខ្ញុំលែងសង្ស័យអល់អែកហើយ ក៏អុំតាមភ្លើងរហូត លុះអុំបានមួយសន្ទុះធំ ភ្លើង ក៏នាំខ្ញុំអុំទូកបញ្ឆិតទៅត្រើយខាងកើត ដើម្បីចូលអែបច្រាំងទន្លេ ពេលនោះខ្ញុំឮសម្លេងមនុស្ស និយាយខ្ទ័រ តាមទឹក ខ្ញុំក៏ស្រែកសួរគេថាមិត្តអើយទីនេះ​ភូមិពាមជីលាំងឬ? គេថាហ្នឹងហើយចូលមក ខ្ញុំអរផឺតក៏ប្រាប់ គេថាអរគុណ​ហើយ ខ្ញុំគ្រាន់តែចង់ដឹងទេ ខ្ញុំត្រូវធ្វើដំណើរទៅមុខទៀត ខ្ញុំនិយាយយ៉ាងនេះព្រោះចង់គេច ពីមនុស្សព្រោះអ្នកដែលនៅដល់ថ្មើរណេះគឺសុទ្ធតែពួកអង្គការហើយ, ខ្ញុំក៏អុំទូកតាមភ្លើង បញ្ឆិតចូលច្រាំង ទៅឲ្យឆ្ងាយបន្តិចពីសម្លេងមនុស្ស លុះដល់ច្រាំងហើយខ្ញុំក៏យកអីវ៉ាន់ចេញ ហើយដាក់ច្រវាលើទូករួចរុញ ទូកទៅក្នុងទន្លេវិញ ដោយនិយាយថាអរគុណហើយសម្លាញ់ សូមឯងទៅរកម្ចាស់ដើមវិញចុះ រួចហើយខ្ញុំ ក៏ដើរកាត់ច្រាំងឆ្ពោះទៅទិសខាងកើត តាមភ្លើងដែលកំពុងតែនាំមុខខ្ញុំ នៅរដូវវស្សាដើមឆ្នាំមានបន្លែ បង្ការជាច្រើនដែលគេដាំ នៅតាមមាត់ទន្លេដូចជា ពោត​ ល្ពៅ​ ត្រឡាច ស្រូវ ឪឡឹក ត្រសក់ស្រូវ ដោយ សារមេឃស្រឡះ ពន្លឺផ្កាយបានជះមកលើផ្ទៃដី ធ្វើឲ្យ​ខ្ញុំអាចមើលឃើញ ដំណាំទាំងនោះកំពុង​តែចេញ ក្តឹបព្រោងព្រាត ខ្ញុំបានបេះក្តឹបត្រឡាច និងត្រសក់ស្រូវហូបមួយឆ្អែត ហើយបេះមួយចំនួនទៀត ដាក់ក្នុង ការុងទុកហូបតាមផ្លូវ ពេលខ្ញុំកំពុងបេះបន្លែហូប ភ្លើងឥតទៅណាឆ្ងាយពីខ្ញុំទេ គ្រាន់តែនៅខ្ពស់មើលទៅ ដូចផ្កាយព្រឹក រូចហើយខ្ញុំក៏បន្ត​ដំណើរទៅមុខទៀត ភ្លើងបាននាំខ្ញុំដើរកាត់ ចំការបន្លែ ចំការស្រូវ ព្រៃឬស្សី ព្រៃល្បោះ ផ្នូរខ្មោច មកដល់កន្លែង១មានអូរហូរកាត់មុខខ្ញុំ នៅតាមផ្លូវសៀរមាត់អូរ ខ្ញុំក្រឡេកទៅត្បូង ឃើញមានស្ពានឆ្លងកាត់អូរ ខ្ញុំប្រុងឆ្លងកាត់អូរតាមស្ពាននោះ តែភ្លើងមិនព្រមនាំខ្ញុំទៅទេ ខ្ញុំចង់ដឹងក៏ដើរ ទៅមុខបន្តិចទៀត ភ្លើងឥតមកតាមខ្ញុំទេ ខ្ញុំសម្លឹងទៅស្ពានឃើញរោង១នៅមុខស្ពាន ខ្មៅស្ទុងៗ ខ្ញុំគិតថា ប្រហែលជាមានមនុស្សដេកចាំនៅទីនោះហើយ បានជាភ្លើងមិននាំខ្ញុំទៅ, ខ្ញុំបកក្រោយមករកភ្លើងវិញ ស្រាប់តែភ្លើងនាំខ្ញុំចុះអូរ ពុទ្ធោខ្ញុំឥតចេះហែលទឹកទេ ចេះតែអុំទូក ខ្ញុំសំឡឹងឆ្វេងស្តាំរកទូក ឬវត្ថុអ្វីដែល អាចតោងហែលឆ្លងកាត់ក៏ឥតមានដែរ ។ ស្លេះត្រឹមនេះសិន និយាយពីរឿងអានី.....

ក្រោយមកគេឲ្យអានីទៅលើកភ្លឺស្រែជិតព្រៃតាម៉ា យប់ត្រឡប់មកដេកផ្ទះខ្ទមខ្លួន ឯងវិញ មានពេលមួយ អានីកំពុងដើរតាមផ្លូវទៅលើកភ្លឺស្រែ បានជាងពាក់កណ្តាលផ្លូវកាត់ព្រៃល្បោះមួយ ស្រាប់តែឃើញមិត្តផា ចេញមកពីព្រៃល្បោះ មិនដឹងជាគាត់មកសម្ងំចាំតាំងពីអង្កាលទេ អានីភ្ញាក់ព្រឺត មិនមាត់ថាម៉េចទេ ខំដើរ​លឿនទៅមុខ គាត់ដើរតាមពីក្រោយហើយនិយាយថា ខ្ញុំបានជួបប្តីមិត្តឯងនៅព្រៃក្បែរភ្នំសន្ទុក ប្តីមិត្តឯង នៅរស់ទេផ្តាំថាឲ្យប្រាប់មិត្តឯងផង អានីថាពូផាចេះតែនិយាយហើយ! គាត់ថាមែនណា ប្តីមិត្តឯងជួបខ្ញុំ មែនខ្ញុំមិនកុហកទេខ្ញុំសុខចិត្តជូនមិត្តឯងទៅជួបប្តី ថ្ងៃខានស្អែកហូបបបរហើយពេល ព្រលប់មើលអីលែង ច្បាស់ដើរតាមផ្លូវរទេះមុខផ្ទះមិត្តឯងទៅដល់ផ្លូវជាតិជួបខ្ញុំហើយ ខ្ញុំនៅចាំទីនោះ មិត្តផាដូចជាខ្លាចខ្លួនដែរ មិនចង់ឲ្យអ្នកណាឃើញគាត់ដើរជាមួយអានីទេ​​ ព្រោះគាត់ធ្លាប់គេចងម្តងរួចហើយ កាលទៅឡើងផ្ទះអានី លើកមុន គាត់និយាយជាមួយអានីញាប់ស្មេរ បន្តទៀតថាទៅជួបខ្ញុំកុំខានណាខ្ញុំនៅចាំ! ពេលដើរផុតព្រៃ​ល្បោះមិត្តផាក៏គេចចេញទៅបាត់ អានីគិតក្នុងចិត្តថាប្តីអញទៅកំពង់ចាមទេ​​ មិត្តផានេះមកភរលើគោកកុំ សង្ឃឹមថាអញជឿការបោកប្រាស់ហ្អែងឲ្យសោះ ។​​​  

លុះលើកភ្លឺស្រែចប់ គេចាត់តាំងអានី និងអ្នកឯទៀត៨-៩នាក់ មានស្រីមានប្រុស ឲ្យទៅស្ទូងស្រូវនៅខាង ត្បូងភូមិស្វាយកាល់ ដេកលើផ្ទះចាស់ ឥតមានមនុស្សនៅ ប្រុសៗដេក១ផ្ទះ ស្រីៗដេក១ផ្ទះ ស្ទូងស្រូវនៅ​ទីនោះ ក្រុមអានីបានដកដំឡូងមីនៅក្បែរៗផ្ទះ យកមកបកលាងទឹកចិញ្ច្រាំធ្វើអង្ករវិចអន្សមបាន១ឆ្នាំងធំ ហើយដាក់ស្ងោរ ទុកឲ្យពួកប្រុសៗនៅថែភ្លើង ស្រីៗក៏ឡើងដេកអស់ទៅ, លុះថែភ្លើ​ងអន្សមជិតឆ្អិនហើយ ប្រុសៗងងុយក៏ឡើងដេកដែរដេកទាំងអស់គ្នា ឥតមានអ្នកណា ងើបមកមើលភ្លើង​អន្សមទៀតទេ ស្រាប់ តែភ្លឺឡើងបើកឆ្នាំងអន្សមមើល ឃើញនៅសល់អន្សម២-៣ក្នុងឆ្នាំង ក៏នាំគ្នាស្រែក​ឆោឡោឡើងសង្ស័យ និងចោទគ្នាទៅវិញទៅមកថាលួចហូប សម្រេចសម្រួលឥតដឹងថា អ្នកណាពិត​ប្រាកដជាអ្នកលួចហូបទេ រួចក៏ស្រង់អន្សមដែល​នៅសល់​ យកមកបកចែករបបគ្នា បានម្នាក់១កូនដុំហូប​ទៅ ។

លុះស្ទូងស្រូវនៅទីនោះរួចហើយ ក្រុមអានីស្រីៗ៤-៥នាក់ត្រូវបានចាត់តាំង ឲ្យទៅស្ទូងស្រូវបណ្តេញទឹក នៅខាងក្រោយភូមិស្វាយកាល់ ដែលមានមិត្តនារីខ្ញឹង ជាប្រធានកង អានីមានផ្លែសន្ទួចធ្វើបង្កៃបាន៣-៤ ដើរដាក់ក្នុងស្រែបានត្រី១-២ៗទុកយកមកផ្ទះ  ដាក់បាន២-៣ថ្ងៃមិត្តខ្ញឹងរករឿង និងស្តីឲ្យអានីថាមិត្តឯង ដើរក្នុងសន្ទូងខួចស្រូវអស់ហើយ អានីមិនមាត់ទេក៏ឈប់ដាក់បង្កៃទៅ, ស្រូវកំពុងតែបែកគុម្ព ស្រាប់តែរាំង ភ្លៀងប្រហែល៧-៨ថ្ងៃ ធ្វើឲ្យទឹកនៅក្នុងស្រែរីងនៅសល់បន្តិចបន្តួច ដក់នៅតាមរងសន្ទូង មានល្ងាចមួយ ពេលត្រឡប់​មកផ្ទះវិញ អានីដើរក្រោយគេជាមួយបងថាត​ ​ ឆ្លៀតបេះត្រកួនបេះច្រាច់បណ្តើរតាមផ្លូវមក ដល់កន្លែងមួយឃើញមិត្តខ្ញឹងកំពុងតែឱនងើបៗ បងថាតថាមើលមិត្តខ្ញឹងកំពុងធ្វើអីហ្នឹង? ក៏នាំគ្នាដើរទៅ មើលឃើញកំពុងតែចាប់ត្រីនៅតាមរងសន្ទូង មិត្តខ្ញឹងអៀនហើយព្រោះ ហាមគេមិនឲ្យរកត្រីក្នុងសន្ទូង ឥឡូវខ្លួនឯងរកដែរ ក៏ប្រាប់ពួកអានីថាមិត្តឯងចាប់ត្រីដែរទៅ ហើយប្រញាប់ទៅភូមិវិញកុំនៅយូរ អានីនិង បងថាត ក៏អង្គុយចាប់ត្រីនៅស្រែ១ទៀតឆ្ងាយពីមិត្តខ្ញឹង២-៣ស្រែ អានីចាប់ត្រីបាន១កូនស្បោងពេញ ហើយវិចនឹងជាយក្រមាបានមួយចំនួនទៀត យកត្រីក្នុងថង់ទុកនៅនឹងផ្ទះ ត្រីនៅជាយក្រមាយកទៅរោង បាយឲ្យមិត្តនារីនាងមេចុងភៅថ្មី​(ពេលនោះមិត្ត ហនគេឲ្យឈប់ធ្វើចុងភៅហើយ) មិត្តនាងអរណាស់តាំង​ពីថ្ងៃនោះមក ជ្រមុជវែកទៅក្រោមដូសបបរឲ្យ អានីខាប់ៗ និងច្រើនជាងធម្មតា ។

ច​ប់ពីស្ទូងស្រូវបណ្តេញទឹកមក គេឲ្យអានីនៅធ្វើការក្នុងភូមិមួយរយៈ​ ដូចជាជាន់អង្ករ កិនស្រូវ ជម្រះស្មៅ នៅរងដំឡូង កាប់ឆ្ការ ព្រៃនៅក្បែរៗភូមិ លុះដល់រដូវច្រូតកាត់ គេឲ្យទៅជួយច្រូតស្រូវនៅខាងក្រោយភូមិ ច្រូតអស់ហើយ ដល់រដូវប្រាំងគេចាត់តាំងអានី និងស្រីៗ៣-៤នាក់ទៀត ឲ្យទៅធ្វើត្រីនៅបឹងរៀល វាល ក្រោម, អ្នកមូលដ្ឋានប្រុសៗមួយចំនួនជាអ្នកចាប់ត្រី កាលណោះនៅវាលក្រោម​ត្រីសំបូរណាស់ ពិសេស នៅបឹងរៀល គេអូសអួនរកត្រីនៅកន្លែជ្រៅៗ នៅតាមកន្លែងរាក់ៗ គេទប់ទំនប់ហើយបាច គ្រាន់តែបាចរីង បានពាក់កណ្តាល ឃើញក្បាលត្រីធំៗឲ្យរងោក មិនចាំដល់រីងទឹកទេ គេចុះវ៉ៃក្បាលត្រីចាប់បោះឡើងលើ គោក ពួកគេមួយចំនួនចាប់ត្រីដាក់កញ្ឆេហើយសែងឡើងពីបឹង យកទៅចាក់ឲ្យស្រីៗធ្វើ ដល់រកបានត្រី​ច្រើនពេកធ្វើមិនឈ្នះ គេក៏ដឹកត្រីតាមរទេះយកមកធ្វើនៅភូមិវិញ ពួកអានីក៏មកធ្វើត្រីនៅភូមិវិញទៅ ក្នុង១ យប់ៗគេដឹកត្រី៥-៦រទេះឲ្យពួកអានី និងអ្នកភូមិធ្វើទើសៗភ្លឺគេធ្វើ ងៀត ផ្អក ហើយដឹកយកទៅឲ្យអង្គការ​ថ្នាក់លើ ចំណែកអ្នកធ្វើបានហូបតែក្បាលត្រីប៉ុណ្ណោះ ។

ក្រោយពីនោះមកទៀត,​ គេចាត់តាំងអានី ជាមួយស្រីៗ៦-៧នាក់ និងក្រុមកុមារ ឲ្យទៅជីកប្រឡាយធ្វើ ទំនប់រួមស្រុកឈ្មោះទំនប់៦មករា​ លើកទំនប់តពីទំនប់១មករា មានមិត្តធឿនជាប្រធានកង មិត្តធឿនបាន​ចាត់មិត្ត"រី" ក្មេងស្រីជំទង់ជាអ្នកមូលដ្ឋានដូចគាត់ដែរ ឲ្យជួយមើលពួកក្មេងៗ ។ ពេលនោះអ្នកនៅខេត្ត កំពង់ចាមក៏មកជីកដែរ ពួកគេជីកនៅកន្លែងជ្រៅ ខ្លះជំរៅ១០ម៉ែត្រទៅក្រោម​ ខាងក្រុមអានីជីកជម្រៅតែ ២-៣ម៉ែត្រទេ មិត្តធឿនឆ្លាតទៅវាស់ដីយកកន្លែងរាក់ៗ គេវាស់ដី១កង់ៗ ប្រវែងប្រហែល៥០ម៉ែត្រសំរាប់១ ភូមិៗ, ជីកចប់១កង់ទើបបាន ទៅជីក​បន្តគ្នា១កង់ទៀតនៅកន្លែងផ្សេង។ ក្រុមខ្លះជីកឥតមានធ្វើជំរេល សម្រាប់រែកដីឡើងទេ គឺជីកត្រង់ធ្លូទៅក្រោម រួចដាក់ជណ្តើររែកដីឡើងលើ កន្លែងខ្លះជំរៅប្រហែល១០ ម៉ែត្រ អានីឥតហ៊ានឆ្ងូកមើលទេខ្លាចណាស់ មិនដឹងជាស្លាប់​មនុស្សអស់ប៉ុន្មានអ្នកទេ, ​ក្រុមអានីលាន់មាត់​ថា​អូ!យើងជីកប៉ះកន្លែងរាក់សំណាងហើយ បើប៉ះចំកន្លែងជ្រៅដូចនេះ ងាប់អស់ហើយ, កងចល័តយុវជន យុវនារីគេឲ្យជីកកន្លែងជ្រៅ។
​​
មិត្តធឿនកំណត់ឲ្យជីក ក្នុងទំហំដី៣ម៉ែត្រគីប សំរាប់២នាក់ ទាំងជីកទាំងរែកឡើងលើ ឲ្យអស់ដី៣ម៉ែត្រ គីបក្នុង១ថ្ងៃ, តែមិត្តធឿនចេះអធ្យាស្រ័យដែរ ក្មេងៗជីកឥតហើយទេ ចំណែកចាស់ៗចេះតែប្រឹងទៅ ដីនៅខាងលើៗដំបូង៣ម៉ែត្រគីប ជីក១ថ្ងៃហើយ, ដល់ជីកជ្រៅទៅក្រោម ១ថ្ងៃជីកឥតហើយ៣ម៉ែត្រគីបទេ ជីកទុកដីធ្វើជំរេលដូចជណ្តើរប្រហែល២ម៉ែត្រ ដល់ពេលជីកហើយ ទើបរំលីងជំរេលឲ្យ​ទៅជាប្រឡាយ វិញដោយកាប់យកដីហុចបន្តគ្នា រំលីងជំរេលឲ្យស្មើដូចប្រឡាយ។​ ពួកអានី ងើបទៅជីកប្រឡាយតាំងពី ម៉ោង៤, មិត្តធឿនមាននាឡិកាដៃ, ជាញយដងភូមិខ្លះឥតមាននាឡិកា ពួកគេច្រឡំផ្លុំកញ្ចែដាស់គ្នាតាំង ពីម៉ោង១២យប់ ឲ្យងើបទៅជីកប្រឡាយ,​ មានម្តងនោះមិត្តធឿនឥតបានមើលម៉ោង ឮសូរសម្លេងកញ្ចែគេ ក៏ដាស់គ្នាឯងតាមគេដែរទៅដល់ប្រឡាយមើលម៉ោងទើបតែ១២យប់ ក៏នាំគ្នាដេកហាលវាលនៅប្រឡាយ លក់យ៉ាងយូរទើបភ្លឺ, ដល់ក្រោយមកមិត្តធឿនពិភាក្សាជាមួយគេថា យើងធ្វើអញ្ចឹងងាប់គេអស់ហើយ ដេកមិនឆ្អែតមានកំលាំងឯណាធ្វើការ ហើយពួកគេក៏ឯកភាពចាត់ឲ្យមិត្តធឿន ជាអ្នកផ្លុំកញ្ចែដាស់គ្រប់ រោងរួមខេត្តទាំងអស់ ព្រោះគាត់មាននាឡិកាដៃ សំរាប់មើលម៉ោង ។​ រោងដេកនៅការដ្ឋានជីកប្រឡាយ ៦មករាមាន៨-៩សល់ពីការដ្ឋាន១មករា មិត្តធឿនរើសយករោង២ រោង១ធំ ប្រវែងប្រហែល១០ម៉ែត្រមាន ផ្លូវដើរនៅកណ្តាល មានធ្នើរសំរាប់ដេកនៅសងខាង រោង១ទៀតតូចមានជញ្ជាំងជុំវិញ តែឥតមានទ្វារទេ រោងនេះប្រហែលជាគេធ្វើ សំរាប់អ្នកមានប្តីប្រពន្ធស្នាក់នៅ, រោងតូចមិត្តរី ដណ្តើមយកមុន ដេកជាមួយ​ក្មេងស្រីអ្នកថ្មីម្នាក់អាយុស្រករគ្នា, រោងធំដាក់ក្មេងៗឲ្យនៅ១ចំហៀង ចាស់ៗ១ចំហៀង មិត្តធឿនចង អង្រឹងដេកនៅធ្នើរខាងក្មេងៗ។ មិត្តធឿន​ឧស្សាហ៍ញ៉ោះលេងជាមួយស្រីៗណាស់ ស្ទើរតែរាល់យប់ជួន កាលកំពុងតែដេក គាត់មកប្រះដេកជាមួយនៅចន្លោះកណ្តាល ពួកអានីនាំគ្នាស្ទុះងើបឡើង គាត់សើចក៏ ក្អិចក្រោកចេញធ្វើមិនដឹង ជួនកាលមកដេក​កាត់ទទឹងជើងក៏មាន ពួកអានីចេះតែស្ទុះក្រោកចេញ ក្រោយ មកមិត្តធឿន ក៏បានទៅប្រះដេកកណ្តាលញ៉ោះក្មេងស្រីជំទង់នៅរោងតូចទៀត ដំបូងក្មេងទាំង២ស្ទុះងើប ចុះមកក្រោមអស់ ដល់ពេលមិត្តធឿនចុះមក ទើបពួកក្មេងទាំង២ ឡើងទៅដេកវិញ មិត្តធឿនចេះតែដើរ ញ៉ោះលេងដូច្នេះ ស្ទើររាល់យប់ជួនមកញ៉ោះស្រីៗនៅរោងធំ ជួនទៅញ៉ោះនៅរោង​តូច ស្រាប់តែយប់១ នោះ មិត្តធឿនទៅញ៉ោះទៀត ក្មេងស្រីអ្នកថ្មីស្ទុះចុះដីមកត្បុលដេកជាមួយក្មេងៗនៅរោងធំ ចំណែកមិត្តរី មិនចុះដីទៀតទេ​នៅសម្ងំឈឹងជាមួយមិត្តធឿន, ឃើញដូច្នោះពួកអានីនាំគ្នា និយាយថាកូនហ្នឹងមិនចុះដី​ ប្រហែលជាងុយដេកខ្លាំងហើយ តែបងថាតគាត់ចាស់ទុំដឹងសភាពការណ៍ក៏ថាហ្អ៊ឺ! តែប៉ុណ្ណឹងបានគ្នាបាត់​ទៅហើយ ។  ស្អែកឡើងមិត្តរី​ឥតទៅធ្វើការទេ នៅសម្ងំដេក មិត្តធឿនទៅធ្វើការមួយ ភ្លេតក៏ទៅរោងបាយ សុំអង្ករ និងត្រីប្រឡាក់ពីចុងភៅយកមក​ដាំបាយឲ្យមិត្តរីហូប ប្រាប់គេថាមិត្តរីឈឺដើរមិនរួចទេ ។ តាំងពី ពេលនោះមកមិត្តរីឧស្សាហ៍ធ្វើពុតឈឺណាស់ ហើយមិត្តធឿនពេលមិត្តរីឈឺ ក៏មិនសូវ នៅមើលពួកអានី ធ្វើការដែររវល់តែដើរទៅក្រវ៉ែលមិត្តរី,​ក្រោយមកបែកការគេបំបែកមិត្តរីឲ្យទៅធ្វើការ នៅភូមិព្នៅកងមាស បាត់​ទៅ ។​ ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

នៅពេលនេះគ្មានជម្រើសអ្វីក្រៅពីដើរចុះអូរទេ ខ្ញុំក៏ដាច់ចិត្តទៅតាមភ្លើង ទឹកអូរកំពុងហូរ ឮសូរឈូយ៉ាង ខ្លាំងកួចត្របាញ់ល្អក់ខ្វល់  ខ្ញុំឈានជើងចុះទឹកទាំងភ័យភិត ចុះបានបន្តិច ដល់ត្រឹមជង្គង់ បន្ទាប់មកដល់ ត្រឹមដើមទ្រូង ត្រឹមក ដល់ពាក់កណ្តាលអូរ ត្រឹមចង្កា ហើយក៏រាក់ម្តងបន្តិចៗ មកវិញរហូតឆ្លងផុត​មកដល់ ច្រាំង រូចហើយខ្ញុំដើរទៅមុខទៀតតាមភ្លើង ទាំងខោអាវទទឹកជោក ដើរកាត់ព្រៃល្បោះមួយសន្ទុះ ក៏មក ដល់ភូមិ១ ខ្ញុំមិនដឹងថាភូមិនោះឈ្មោះអីទេ ព្រោះមនុស្សម្នាដេកស្ងាត់ឈឹងអស់ ខ្ញុំដើរសៀរភូមិទៅមុខ ទៀតតាមភ្លើង ផុតពីភូមិបានបន្តិចមកដល់ស្រះ(បឹង)មួយ យ៉ាងធំមានដើមកំផ្លោកដុះពេញ ខ្ញុំដើរទៅខាង ជើងរកផ្លូវឆ្លង ស្រាប់តែភ្លើងនាំខ្ញុំដើរឆ្លងកាត់ស្រះនោះ ខ្ញុំក៏ទៅតាមភ្លើងដើរកាត់កំផ្លោកផុងត្រឹមៗជង្គង់ កន្លែងខ្លះផុងត្រឹមចង្កេះ ហើយក៏បានមកដល់ត្រើយខាងកើត រួចធ្វើដំណើរបន្តទៀតតាមភ្លើង ។

ខ្ញុំឥតដេកទេខំដើរយ៉ាងលឿន រហូតភ្លឹស្រាងៗមកដល់ភូមិ១ទៀត ពេលនោះខ្ញុំមើលភ្លើងលែងឃើញ ហើយ ក៏ព្យាយាមដើរទៅត្បូងរកផ្លូវទៅមុខទៀត ដោយមិនដើរកាត់ភូមិទេខ្លាចជួបអង្គការប៉ុលពតលុះមក ដល់ចុងភូមិ ខ្ញុំក៏ដើរសៀរភូមិទៅទិសខាងកើត ដើរបានមួយស្របក់ធំ ចូលដល់វាលស្រែ​ ឃើញក្មេងកំពុង តែដឹកគោ​យកទៅឃ្លាល ពេលនោះមានមនុស្សចាស់ម្នាក់ ស្រែកសួរខ្ញុំពីចម្ងាយថាមិត្តឯងទៅណា? ខ្ញុំមិន ឆ្លើយហើយខំប្រឹងដើរយ៉ាងលឿន គេក៏បន្ទោសក្មេងទាំងនោះថា មិត្តឯងម៉េចធ្វើអញ្ចឹង ឃើញមនុស្ស ចម្លែកដើរ ឥតមានរត់ទៅស្ទាក់សួរនាំអីទេ!, គេគ្រាន់តែបន្ទោសគ្នា តែគេមិនរត់ដេញខ្ញុំទេ ប្រហែលជាគេ គិតថា ខ្ញុំនេះជាមនុស្សមិនគួរឲ្យសង្ស័យ ព្រោះខ្ញុំមានពុនវល្លិ និងការុងនៅពីក្រោយខ្នង មើលទៅហាក់ ដូចជាអ្នកដើររកបោចវល្លិ ។ ខ្ញុំភ័យណាស់ដើរលឿនដូចគេរត់ ផុតពីវាលស្រែចូលព្រៃល្បោះ រូចចូលដល់ ចំការកៅស៊ូ ដើរក្នុងចំការកៅស៊ូយ៉ាងយូរ ពីព្រលឹមស្រាងៗរហូតដល់ថ្ងៃជិតត្រង់ ទើបបានមកដល់ភូមិ១ ឃើញយាយៗម៉ែៗ កំពុងដាំស្លនៅក្នុងរោងចុងភៅ ខ្ញុំក្រឡេកមើលឆ្វេងស្តាំគ្មានឃើញមនុស្សប្រុសទេ ខ្ញុំក៏ដាច់ចិត្តចូលសួរគាត់ថា ភូមិនេះឈ្មោះអី ពួកគាត់ឆ្លើយយ៉ាងប្រញាប់ថា ភូមិថ្មពូន ខ្ញុំអរផឺតគិតថាជិត​ដល់ភូមិខ្ញុំហើយ ព្រោះអ្នកភូមិខ្ញុំដែលទៅធ្វើប្រហុកផ្អកនៅភូមិពាមជីលាំង គឺឆ្លងកាត់ភូមិថ្មពូននេះ ខ្ញុំក៏​សួរគាត់ទៀតថា ផ្លូវណាទៅភូមិទេពនិមិត្ត គាត់ចង្អុលទៅផ្លូវហើយប្រាប់ថា ទៅតាមផ្លូវនេះត្រង់ទៅ​ប្រ​ហែលជាង១គីឡូម៉ែត្រ មានផ្លូវ១បត់ស្តាំ ដើរបត់ទៅស្តាំតាមផ្លូវនោះត្រង់ទៅត្បូង គឺដល់ភូមិទេពនិមិត្ត​ហើយ, ហេតុការណ៏នេះចម្លែកដែរ ពួកគាត់ឥតមានសួរនាំអ្វីទេ ខ្ញុំលាគាត់ហើយក៏ដើរតាមផ្លូវដែលពួក គាត់ប្រាប់ ដើរមួយសន្ទុះធំមកដល់វាលស្រែនឹកថាខ្ញុំវង្វេងហើយ ព្រោះឥតឃើញមានផ្លូវបត់ស្តាំសោះ

ខ្ញុំសម្លឹងមើលទៅកើតឆ្ងាយ ឃើញកំពូលព្រះវិហារវត្តគរ ដែលខ្ញុំធ្លាប់បួសរៀននៅទីនោះ ខ្ញុំគិតថាអុញ នោះដើរហួសផ្លូវចូលភូមិទេពនិមិត្ត ជិតដល់ភូមិរកាប្រាំហើយ ខ្ញុំក៏សម្រេចចិត្តដើរកាត់វាលស្រែមកទិស ខាងត្បូងដើម្បីចាក់ទៅ​លិចរកភូមិទេពនិមិត្ត, ពេលនោះប្រហែលជាមកពីអ្នកសច្ចំ​ នាំខ្ញុំបង្ហួសផ្លូវចូលភូមិ​ទេពនិមិត្តខ្លាចជួបអង្គការ​ប៉ុលពត, ខ្ញុំដើរឆ្លងកាត់បឹងកំពត មកដល់វាលស្រែមុខភូមិទេពនិមិត្ត អរណាស់ ហើយគិតថាដល់ភូមិខ្ញុំ​ហើយ, ពេលដើរមិនទាន់ដល់ភូមិ ខ្ញុំដើរលឿនដូចគេរត់ ពេលដឹងថាមកដល់ភូមិ ស្រាប់តែអស់កម្លាំង​ហឹងត្រចៀក ខ្ញុំក៏ឈប់សំរាកក្រោមដើមព្រីង១ដែលដុះលើភ្លឺស្រែ ពេលនោះថ្ងៃរាង ជ្រេរបន្តិចហើយ ប្រ​ហែលម៉ោង១ ខ្ញុំឃ្លាន​ក៏លូកយកក្តិបបន្លែ ពីក្នុងការុងមកហូប ហើយរកកន្លែងដេក គ្រាន់តែដាក់ខ្នងដល់ដី ក៏លក់វឹងរហូតដល់ថ្ងៃគងព្រៃទើបភ្ញាក់ដឹងខ្លួន ក្រឡេកមើលទៅត្បូងឃើញក្មេង ម្នាក់ ខ្ញុំក៏ដើរទៅសួរក្មេង​នោះចង់ដឹងថា ឪពុកម្តាយខ្ញុំនៅក្នុងភូមិទេពនិមិត្តនេះឬទេ ឬក៏អង្គការជន្លៀស ទៅណាបាត់ហើយ។ ជួបក្មេងនោះសួរថាប៉ាខ្ញុំឈ្មោះឡេង ម៉ែឈ្មោះយីម តើគាត់នៅក្នុងភូមិនេះឬទេ? ក្មេងនោះឆ្លើយថានៅ (មានប្តីប្រពន្ធឈ្មោះដូចឪពុកម្តាយខ្ញុំ គ្រាន់តែផ្ទុយគ្នាប្តីឈ្មោះយីម ប្រពន្ធឈ្មោះ ឡេងនៅក្នុងភូមិនេះ) ខ្ញុំអរ​ផឺតក៏ដើរសំដៅទៅភូមិ ដើរកាត់តាមព្រៃល្បោះមុខភូមិឆ្ពោះទៅផ្ទះខ្ញុំ។ ទៅដល់ ឃើញតែសំបកផ្ទះឥត​មានមនុស្សនៅសោះ ខ្ញុំឡើងលើផ្ទះឥតឃើញមានអីវ៉ាន់អ្វីទាល់តែសោះ ខ្ញុំក៏ចុះពី ផ្ទះហើយដើរសួរគេ​តាមផ្លូវ ក៏បានជួបនឹងពូជីដូនមួយឈ្មោះញ៉ក់ ខ្ញុំសួរគាត់ថា គូចុះប៉ាម៉ែខ្ញុំទៅណាអស់ ហើយគាត់ភាំង​មួយសន្ទុះក៏លាន់មាត់ថា អាហុងស៊្រុនក្មួយឯងមកពីណា ខ្ញុំប្រាប់គាត់ថាខ្ញុំនឹកប៉ាម៉ែខ្លាំង​ពេកក៏រត់ពីខេត្ត​កំពង់ធំមករកប៉ាម៉ែ! គាត់ប្រាប់ថាប៉ាម៉ែក្មួយឯង មិននៅក្នុងភូមិនេះទេ គាត់ទៅធ្វើការជា មួយអង្គការ​ហើយ, ពូញ៉ក់ក៏នាំខ្ញុំទៅជួបមីងគាន និងមីងគន់ជាម្តាយមីងជីដូនមួយខ្ញុំ និងញាតិមិត្តមួយ ចំនួនទៀត ពេលនោះអ៊ីគានក៏ប្រាប់ខ្ញុំថា ក្មួយឯងស្នាក់នៅផ្ទះនេះជាមួយអ៊ីទីនេះហើយ ។ ស្លេះត្រឹមនេះ សិនមើលរឿងអានី.....
ពួកប៉ុលពតនេះ ខូចគ្នាវីវក់ច្រើនណាស់ ​គ្រាន់តែភូមិស្វាយកាល់១ មានខូចគ្នា ៤-៥គូទៅហើយ ដូចករណី មិត្តនារីហន អនុប្រធានចុងភៅ ដេកស្នាក់នៅក្នុងរោងបាយមានកូនតូច២នាក់ ប្តីទៅមុខបាត់ មិនដែលមក ផ្ទះទេ កំពូលឆ្នះហើយមិត្តហ្នឹង ពេលហូបបបរ ប្រសិនបើគាត់ស្អប់អ្នកណា គាត់ក្រលែងវែកដួសបបរឲ្យ គេរាវៗ​ បើសុំថែមគាត់ស្តីឲ្យដូចបបរហ្នឹង ជារបស់គាត់តែម្នាក់ឯងអញ្ចឹង, ពេលនោះគាត់ស្អប់ និងធ្វើបាប មិត្តលន់ជាងគេ មិត្តលន់ជាក្មេងអ្នកថ្មី អាយុប្រហែល១៧ឆ្នាំ រាងខ្ពស់ស្គមកំប្រឹង ដើរខ្យល់បក់សឹងរលំ ពេលហូប​បបរម្តងៗមិត្តហន ក្រលែងវែកដួលបបររាវៗឲ្យ តែហ៊ានសុំថែមគាត់ស្តីឲ្យច្រះឆ្អេះ ។ ដោយ ឃើញមិត្តលន់ស្គមស្គាំងខ្លាំងពេក ហើយឧស្សាហ៍ឈី មិត្តអួនក៏ហៅឲ្យមកនៅរោងបាយ​ ជួយដងទឹក ជួយលាងបន្លែគេ, ដល់ឃើញមិត្តលន់ មកនៅធ្វើការជាមួយ មិត្តហនធ្វើបាបឲ្យ រែកទឹក ពុះឧស ឲ្យបាយ ជ្រូក គ្មានទំនេរទេ ពេលខ្លះរែកទឹកទន់ជង្គង់ដួលកំពុបទឹក មិត្តហនស្តីឲ្យត្រម៉ាំងត្រម៉ោក ដូចកាកិណី អញ្ចឹង, មិត្តលន់ហេវហត់ពេក ខ្ជិលដើរទៅដេកផ្ទះជាមួយម្តាយឪពុក ក៏ដេកនៅនឹងរោង លើតុបាយហាល វាលឥតមានមុងឥតមានភួយដណ្តប់ទេ នៅរោងបាយចេះតែមានក្តាំងបាយក្តាំងបប​រសម្លសល់  មិត្តលន់ ចេះតែហូបៗទៅ នៅបានប្រហែល៣-៤ខែ ស្រាប់តែឃើញមិត្តលន់មានកំលាំង មានសាច់ឈាមឡើងវិញ បញ្ចេញរាងសង្ហាស្អាត ពេលនោះមិនដឹងជាយ៉ាងម៉េច មិត្តហនស្រាប់តែស្លូត លែងជេរប្រទេចមិត្តលន់ ទៀតឲ្យមិត្តលន់ទៅដេក នៅក្នុងបន្ទប់១នៅក្បែរបន្ទប់គាត់ ឲ្យមុងឲ្យភួយដណ្តប់ ថ្នមមិត្តលន់ លែងប្រើច្រ ង៉ាប់ច្រង៉ិលទៀត​ហើយ បំប៉នមិត្តលន់ឲ្យហូបចុកមួយសេរី ឮថាលួចដាំបាយ និងអាំងត្រី ឲ្យមិត្តលន់ហូប ទៀតផង, ក្រោយមកបន្តិច មិត្តនារីហនក៏ធំពោះ ប្រធានសន្តិសុខ ​ហៅទាំង២នាក់ទៅសួរ រួចយកមក ដំណាលសើចលេងថា អាលន់ មិនរំលោភទេ គឺមិត្តហនទេដែលចាប់វាដាក់ពីលើ ហើយប្រាប់វាឲ្យអង្រួន ដល់បានម្តងញ៉ាម លើកក្រោយឡើងខ្លួនឯង មិនចាំបាច់ចាប់ដាក់ទៀតទេ។ ពួកប៉ុលពតនៅភូមិហ្នឹងក៏ ផ្សំផ្គុំមិត្តហឿន និងមិត្តលន់ឲ្យបានគ្នាជាប្តីប្រពន្ធទៅ ក្រោយមកបានបញ្ជូនឲ្យទៅនៅភូមិផ្សេង ។

មានរឿងខូចគ្នា១គូទៀតគឺ៖ មិត្តដន ជាស្មៀនភូមិ ថ្ងៃឡើងធ្វើស្មៀនសរសេរ និងកត់ត្រាបញ្ជីឲ្យមិត្តអួន យប់ឡើងគេឲ្យដេកចាំជង្រុក​ស្រូវ ពេលនោះមិត្តដន តែងតែយកអង្ករឲ្យមីងម្នាក់មេម៉ាយ នៅផ្ទះក្បែរ នោះដាំបាយហូបយប់ៗ ស្រាប់តែ១ខែក្រោយមក មីងនោះក្អួតចង្អោរវ៉កៗ ពេទ្យភូមិឆ្ងល់ហៅទៅពិនិត្យ សុខភាពទើបដឹងថាចាញ់កូន, មិត្តឈានប្រធានសន្តិសុខហៅទៅសួរ មីងហ្នឹងឆ្លើយត្រង់ថា​ ចាញ់កូនជា មួយមិត្តដន​ពួកប៉ុលពតពូកែឈ្លិចសួរណាស់ ហើយយកមកដំណាល ប្រាប់គ្នាសើចលេងថា ពេលហូប បាយរួចមិត្តដន សុំថ្នាំជក់ មីងហ្នឹងគាត់ថាមានតែថ្នាំចាស់ មិត្តដនថា នៅឯណា?​ មីងហ្នឹងថានៅត្រង់នេះ រួចក៏យកដៃចង្អុលថ្នក់សំពត់គាត់ មិត្តដនបានគេឲ្យដៃហើយ ក៏ទៅជក់ទៅស៊ី រហូតដល់មីងហ្នឹងចាញ់ កូនទៅ​ ។ ពួកប៉ុលពត ក៏ផ្សំផ្គុំអ្នក​មេម៉ាយកូន៣​ ជាមួយមិត្តដនកម្លោះចាស់ ឲ្យយកគ្នាជាប្តីប្រពន្ធទៅ ។
ងាកមកនិយាយពីរឿងជីកប្រឡាយឯណេះវិញ, នៅជិតរោងដេក ឥតមានទឹកទេ ទៅដងនៅអូរឆ្ងាយពេក មិត្តធឿនឲ្យជីកអណ្តូង  គាត់មើលដី១កន្លែងនៅក្បែររោង ក៏ថាពួកមិត្តឯងនាំគ្នាជីកអណ្តូងនៅត្រង់នេះ ទៅ គាត់ចាត់គ្នា៤នាក់រួមទាំងអានីឲ្យជីកអណ្តូង ជីកជ្រៅទៅៗឥតមានទឹក ប្រុងឈប់ជីកទៀតហើយ មិត្តធឿនថាជីកជំរៅ១ម៉ែត្រទៀតទៅ បើគ្មានទឹកទេចាំឈប់ ពួកអានីខំប្រឹងជីកទៀត បានជម្រៅទាំងអស់ ប្រមាណ៥ម៉ែត្រទើបចេញទឹក តែចេញតិចៗខំនាំគ្នាដងសម្រេងយូរណាស់ទើបបាន១ធុងៗ យកមកមិន ហ៊ានមុជច្រើនទេគ្រាន់តែយកមកលាបៗជួតៗខ្លួន​ ដល់យូរៗម្តងទៅមុជទឹកនៅអូរ​ ដោយសុំគេមកមុន ពេលសំរាកបន្តិច, ជីកអណ្តូងហើយ អានីងងឹតមាន់ មិត្តធឿនថាធ្វើពុធ ពេលទៀបភ្លឺ ប្រហែលម៉ោង៤ទៅ ជីកប្រឡាយ អានីដើរបុកគល់ដង្គត់ដូលច្រង៉ាប់ច្រង៉ិល ប៊ីសមុតចបកាប់ទៀតផង មិត្តធឿនដើរតាម ក្រោយថាមិត្តឯងដើរម៉េចមិនមើល អានីថាមើលអីមិនឃើញទេ គាត់ឃើញអញ្ចឹងប្រាប់ថា​មិត្តឯងទៅដេក នៅរោង​សិនទៅ គាត់ដឹកដៃមករោង ថាមិត្តឯងងងឹតមាន់ហើយចាំភ្លឺចាំទៅ,​ ល្ងាចនេះគេកាប់គោ នៅក្បែរ រោងបាយ មិត្តធឿនទៅសុំថ្លើមគោ អាំងបាន២ចង្កាក់ហាលទឹកសន្សើមលាក់លើដំបូលរោង ហើយទៅ ប្រាប់អានីថាមិត្តឯងស្អែកភ្លឺវិញហើយ ពួកអានីឥតដឹងថាមានថ្លើមគោអាំងទេ បើកូនក្មេងដឹងលួចហូប អស់ហើយ​ ដល់ម៉ោង៤ផ្លុំកញ្ចែ ដាស់គេឲ្យទៅ​ធ្វើការអស់​ហើយ មិត្តធឿនប្រាប់អានីថាមិត្តឯងកុំទៅ ​នៅ ដេកហ្នឹងហើយ ដល់គេទៅបាត់អស់ គាត់យកថ្លើម​គោមកឲ្យអានីហូប ហើយថាមិត្តឯងហូបហើយដេក ទៅ​ចាំព្រឹកឡើងចាំទៅធ្វើការ, ព្រឹកស្អែកឡើងភ្នែកអានី ភ្លឺចេសជាដូចគេបេះ ម៉ោង៤ឮគេផ្លុំកញ្ចែ អានី មើលឃើញផ្លូវក៏ដើរទៅធ្វើការ មិត្តធឿនថាថ្លើមគោពូកែមែន! មិនព្រមធ្វើពុតដេកនៅទល់ភ្លឺទេមិត្តហ្នឹង, មិត្តធឿនដើរបណ្តើរនិយាយបណ្តើរថា គ្មានអ្នកណាអាក្រក់ជាងមិត្តនីទេ ឯងទៅលបស្តាប់ក្រោមផ្ទះ ចាក់ ទឹកត្រជាក់ក៏មាន ចាក់ទឹកក្តៅក៏ឃើញ ដាក់លើក្បាលឯង ជួនកាលនោមដាក់ក្បាលឯងក៏មានដែរ, ពួក អានីសើចគិល, អានីថាអើ!ពីណាប្រើឲ្យទៅនៅក្រោមផ្ទះគេធើអី គាត់ថាខ្ញុំមិនមែនចង់ទៅទេ នេះមកពី មានបញ្ជាថ្នាក់លើបានទៅ ។ ក្រោយបន្តិចមក មិត្តអួនបានចាត់តាំងមិត្តនារី ម្នាក់មកពីភូមិ ស្វាយកាល់ឲ្យ ធ្វើ​ជាអនុប្រធានរបស់មិត្តធឿន ឈ្មោះមិត្តឃាង ។

ពេលបុណ្យចូលឆ្នាំ គេឲ្យអ្នកជីកប្រឡាយឡើងទៅសំរាកនៅភូមិអស់ គេទុក១រោង៣-៤នាក់ឲ្យនៅចាំ រោង មិត្តធឿនថាមីងឃាងឯងទៅភូមិក៏គ្មានបងប្អូនអីដែរ នៅចាំរោងចាំកន្លែង, មីងឃាងអង្វរសុំអានីឲ្យ នៅជាមួយ ពេលនោះ២នាក់នេះហូបដល់កហើយ​ គេផ្ញើចំណីមកពីភូមិមាន នំបញ្ចុក នំបាញ់ចានឿក ទ្រាបបាយ លត, មីងឃាង ទៅប្រាប់គេថាគ្នា១០-១៣នាក់ តាមពិតមានតែ២នាក់ហូបសល់ហាលទាំង អស់ ទាំងនំបញ្ចុក បាញ់ចានឿក ក៏ហាល​​ដែរ ស្រង់គ្រាប់ៗដាក់ហាល ទឹកស្ករកំដៅទុក ឥតតែលតទេ មិនដឹងហាលធ្វើម្តេចកើត អានីហាលទ្រាប​បាយលាក់ទុក មីងឃាងថាអើអានឹងទុកហូប២នាក់ ក្រៅពីនឹង ឲ្យពួកគេហូបទៅ លត ថ្ងៃចុងក្រោយយកទៅកំដៅទុក នំបញ្ចុក សម្លការីផង សម្លខ្មែរផង​ បាយក៏សល់ ច្រើន ដាក់ហាលទាំងអស់ អ្នកទៅពីភូមិវិញ​ដណ្តើមគ្នាហូបរញ៉ៃ ខ្លះថាដឹងអញ្ចឹងឥតទៅភូមិទេ នៅន្ហឹង ដេកស្រួលហូបស្រួល ទៅភូមិគេឲ្យធ្វើចំណីទាំងអស់ហ្នឹង​ ហើយឲ្យហូបតិតៗ​ បញ្ជូនមកមុខនេះអស់ ។ ​នៅលើកទំនប់៦មករា​កង់ទី២ បានជិតពាក់កណ្តាល រដូវភ្លៀងមកដល់ គេក៏រំសាយឲ្យទៅភូមិវិញអស់ ។​​

អានីនៅធ្វើការក្នុងភូមិបានមួយរយៈ ក្រោយមកត្រូវបានចាត់តាំងឲ្យទៅស្ទូងស្រូវ នៅខាងលិចភូមិស្វាយ កាល់ស្នាក់នៅក្នុងរោងក្បែរព្រៃតាម៉ា ​មានមិត្តសៅជាប្រធានកង មានចាស់ៗស្រីៗតែ៦​-៧នាក់ ក្រៅពីនេះ សុទ្ធតែក្មេងៗ(ក្រុមកុមារ)។ អានីដើរកាត់ទឹកស្អុយ កាត់ភក់យួរៗទៅ ក៏កើតដំបៅលិច នៅបាតជើង​វេទនា ពេលដើរស្មៅចាក់ឈឺខ្លាំងណាស់ ឈឺសឹងយំរុំក្រណាត់ហើយក៏នៅតែឈឺ ពូសៅឃើញដូច្នេះគាត់ប្រាប់ អានីថាដំបៅលិច ទាល់តែដុតហើយបានជា អានីថាទេមិនដុតទេ​ខ្លាចក្តៅណាស់, ល្ងាចមួយគាត់ឲ្យកូន ក្មេង២-៣នាក់ មកបបួលអានីនិយាយ​ កំពុងតែនិយាយ ឃើញពូសៅដើរមក​ជិត ពួកក្មេងៗក៏ចាប់អានី ផ្តួលសង្កត់ជាប់ ពូសៅក៏យកប៉ុយកោសបានពីធាងត្នោត មកញាត់ដំបៅលិចនោះហើយដុត  អានីក្តៅផង ឈឺផងខំរើបំរាស់យ៉ាងខ្លាំងតែរើមិនរួច ក៏បណ្តោយឲ្យគាត់ដុតទៅ ដុតអស់៣ប៉ុយ, ស្អែកឡើងឈឺរក ក្រណាត់រុំមិនបាន អានីដើរជំទើតជើង ពូសៅថាមិត្តឯងបើដើរឆ្ងាយមិនកើត នៅជួយដាំស្លចុងភៅទីនេះ​ហើយ ២ថ្ងៃក្រោយមកជ្រុះក្រម៉ឃើញសាច់ខ្ចី ប្រហែលជាង១សប្តាហ៍ទើបជា និងដុះសាច់ជិតវិញ។​
ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

ពេលនោះពូញ៉ក់ក៏បាននាំខ្ញុំទៅជួបប្រធានភូមិ ដែលជាអ្នកភូមិជាមួយគ្នាឈ្មោះគន់ដែរ តែមិនមែនជាមីង​ខ្ញុំទេ មិត្តនារីគន់ សួរនាំខ្ញុំយ៉ាងច្រើនជុំវិញរឿងរត់ពីកំពង់ធំ មកស្រុកកំណើតនេះ ខ្ញុំប្រាប់មិត្តនារីគន់ថា ខ្ញុំបានសុំអង្គការនៅខេត្តកំពង់ធំ២-៣ដង សុំមកនៅភូមិកំណើត តែអង្គការមិនឲ្យមកទេ គេថានៅទីណាក៏ ដូចទីណាដែរ អង្គការមានតែ១មើលថែប្រជាជនដូចគ្នា ហេតុនេះដោយសារតែ នឹកប៉ាម៉ែខ្លាំងពេកខ្ញុំក៏ ដាច់ចិត្តរត់មកភូមិកំណើតនេះ ។ ខ្ញុំឥតបានប្រាប់មិត្តគន់ថាគេយកទៅសម្លាប់ទើបរត់មក ដូចខ្ញុំបានប្រាប់ លោកតាសេកប៊ុត នៅភូមិស្រែវាលនោះទេ, រួចហើយមិត្តគន់សួរខ្ញុំថា ឥឡូវនេះមិត្តឯងចង់រស់នៅជាមួយ បងប្អូនណា? ខ្ញុំថាចង់នៅជាមួយអ៊ីគាន, ខ្ញុំនៅភូមិទេពនិមិត្តបាន​តែ១ថ្ងៃ ក៏ត្រូវបានប្រធានសង្កាត់ហៅ​ទៅសួរចម្លើយ អ៊ីគានរៀបចំអីវ៉ាន់ឲ្យខ្ញុំ ទាំងទឹកមុខក្រៀមស្រពោន ហើយប្រាប់ខ្ញុំថាបើគេសួរថាចង់នៅ ជាមួយអ្នកណា ក្មួយឯងប្រាប់ថាចង់នៅជាមួយអ៊ីណា! ខ្ញុំក៏ធ្វើដំណើរ តែម្នាក់ឯងទៅមន្ទីរសង្កាត់គរ ដែល ស្ថិតនៅភូមិក្បាលបឹងសេះ ឥតមានអ្នកណានាំទេ លុះទៅដល់មន្ទីរសង្កាត់ ជួបបងសេង ដែលពីដើមធ្លាប់ បួសនៅវត្តគរដែរ គាត់សួរខ្ញុំពីមូលហេតុដែលនាំឲ្យខ្ញុំរត់ពីកំពង់ធំ មកភូមិកំណើតនេះ ខ្ញុំប្រាប់គាត់ដូចអ្វី ដែលខ្ញុំបានប្រាប់មិត្តគន់ដូច្នោះដែរ គាត់សួរបញ្ជាក់ទៀតថា មិត្តឯងមានធ្វើទាហានឬទេ? ខ្ញុំបា្រប់ថាអត់ ទេខ្ញុំនៅបួសរហូត ពេលចុងក្រោយជិតដាច់លន់ណុលខ្ញុំទៅរៀននៅខេត្តកំពង់ធំ, លុះដល់ប្រធានសង្កាត់ មកពីមើលស្រែវិញបងសេងបានប្រាប់ពីអ្វីដែលគាត់ បានសួរខ្ញុំដល់ប្រធានសង្កាត់ ហើយប្រធានសង្កាត់ ក៏ប្រាប់បងសេងថា បើអញ្ចឹងឲ្យមិត្តហ្នឹង រស់នៅជាប្រជាជនផ្ញើសិនទៅ បងសេងក៏សួរខ្ញុំថា មិត្តឯងចង់ រស់នៅជាមួយអ្នកណា?  ខ្ញុំថាចង់នៅជាមួយមីងគាន និងពូដៀប ហើយគេក៏អនុញ្ញាតឲ្យខ្ញុំត្រឡប់មកភូមិ ទេពនិមិត្តវិញ ពេលមកដល់ភូមិ ខ្ញុំក៏ដើរសំដៅទៅរោងបាយ ព្រោះថ្ងៃជិតត្រង់ហើយ ពេលមកដល់រោង បាយស្រាប់តែអ្នកភូមិរត់ស្រ មកសួរខ្ញុំថាគេឥតមានធើអីមិត្តឯងទេហ្អី? ខ្ញុំថាឥតមានធើអីទេ គេជួយអរ ហើយចុងភៅក៏ដួសបាយសម្លឲ្យខ្ញុំហូប ហើយនិយាយថាមិត្តឯងសំណាងហើយ អ្នកដែលគេហៅទៅសួរ ចម្លើយកម្រមានអ្នកណាត្រឡប់មក​ភូមិវិញណាស់ ខ្ញុំមិនយល់ពាក្យនេះទេ! យប់ឡើងសួរអ៊ីគានគាត់ខ្សឹប ប្រាប់ថាអ្នកដែលគេហៅទៅ គេយកទៅវ៉ៃសួរចម្លើយ ដល់ពេលឈឺសាច់ចេះតែ​ឆ្លើយតាមគេសួរទៅ រួច ហើយគេយកទៅសម្លាប់, ខ្ញុំបុកពោះភឹបៗគិតថាបើដឹងមុន មិនដឹងជាភ័យរញីរញ័រប៉ុណ្ណាទេ! ហើយច្បាស់ ជាឆ្លើយរដាក់រដុបនាំឲ្យគេសង្ស័យមិនខាន ។

នៅភូមិទេពនិមិត្តគេហូបបាយ និងមានសាច់ជ្រូក សាច់ត្រី និងបន្លែធ្វើម្ហូប បើហូបបបរក៏បបរខាប់ដែរ ហើយហូបតែ១ខែមុនពេល​ច្រូតកាត់ប៉ុណ្ណោះ មិនដូចនៅភូមិស្វាយកាល់ទេ, ខ្ញុំរស់នៅជាមួយអ៊ីគានត្រូវ​បានអង្គការចាត់តាំងឲ្យដើរស្ទូងស្រូវចល័តក្នុងឃុំមួយរយៈធំ ក្រោយមកបានគេឲ្យមកនៅចាំចំការក្រូច ខាងលិចភូមិ នៅចំការក្រូចដំបូងពេលថ្ងៃកាប់រានដីដាំបន្លែ ទៅហូបបាយនៅរោងបាយ ពេលយប់ខ្ញុំទៅ ដេកនៅផ្ទះអ៊ីគានវិញ បន្ទាប់មកខ្ញុំបានធ្វើរោងមួយ ហើយដេកនៅចំការក្រូច រហូតដល់ដាច់ប៉ុលពតគេ​ឲ្យអង្ករ​ ឆ្នាំង ចាន មកដាំបាយហូបខ្លួនឯងនៅចំការក្រូច ចុងភៅបានផ្គត់ផ្គង់របបហូបចុកដល់ខ្ញុំ និងក្មេង​២នាក់ទៀត ដែលធ្វើការជាមួយខ្ញុំមិត្តអេង និងមិត្តរ៉ុង យ៉ាងគ្រប់គ្រាន់ ហូបបាយរហូតមិនដែលហូប​បបរទេ នៅទីនោះខ្ញុំបានដាំ អំពៅ បន្លែមាន ត្រប ស្ពៃ និងចិញ្ចឹម មាន់ ទា ផ្គត់ផ្គង់ដល់រោងបាយ និងដល់​ក្រុមធ្វើស្រែចល័តក្នុងឃុំ, នៅចំការក្រូចមាន ដើមខ្នុរប្រហែល១០ដើម ដើមក្រូចពោធិសាត់ប្រហែល៣០ ដើម មានដើមសាវម៉ាវធំ១ដើម មានស្រះ២ នៅទន្ទឹមគ្នា និងមានដូង២-៣ដើមនៅមាត់ស្រះ ក្រៅពីដាំបន្លែ ខ្ញុំមើលថែដំណាំហូបផ្លែ​ទាំងអស់នោះ ​ដល់ពេលបានផលបេះជញ្ជូនទៅរោងបាយចែកអ្នកភូមិហូប ។

ខ្ញុំរស់នៅក្នុងភូមិកំណើតទេពនិមិត្ត មានបងប្អូនច្រើនដែរ តែខ្ញុំហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះ មិនបានជួបឪពុកម្តាយបង្កើត មិនដឹងជាពួកគាត់មានសុខទុក្ខយ៉ាងណា! ហើយមិនដឹងជាផ្ញើដំណឹងទៅ ពួកគាត់តាមណាដែរ, មានថ្ងៃមួយបងប៊ន(បងជីដូនមួយខ្ញុំ)​ គាត់ឮដំណឹងថាខ្ញុំរត់ពីកំពង់ធំមកភូមិកំណើត គាត់បានជិះកង់ពីចំការកៅស៊ូ មកមើលខ្ញុំនៅចំការក្រូច គាត់សួរនាំខ្ញុំជាច្រើន ពីការរត់មកស្រុកនេះខ្ញុំបាន ប្រាប់គាត់ថារត់រួចដោយសារមានខ្មោចចិត្តល្អនាំផ្លូវ ហើយបានសួរគាត់វិញថា បងមានដឹងដំណឹងពីម៉ែប៉ា ខ្ញុំឬទេ គាត់នៅឯណា? ខ្ញុំនឹកគាត់ណាស់! បងប៊នថាម៉ែប៉ាហុងស្រ៊ុនឯង នៅភូមិក្រញូងឯណោះ, ហូប បាយរួចហើយ គាត់ក៏ទៅភូមិគាត់នៅឯចំការកៅស៊ូវិញ រំលងមកបាន២-៣ថ្ងៃគាត់មកលេងខ្ញុំម្តងទៀត ហើយប្រាប់ថាបងបានទៅប្រាប់ម៉ែប៉ាហ៊ុងស្រ៊ុនឯងហើយ អ៊ីនិងទ្រាគាត់ចង់មកដែរ តែឥឡូវមកមិនទាន់ បានទេ, ខ្ញុំដាំបាយហើយខសាច់ជ្រូក ជាមួយទំពាំងឬស្សីពីងពង់ជូនគាត់ពិសារ, តាំងពីពេលជួបខ្ញុំលើក ក្រោយនោះមកបាត់រូបគាត់រហូត (ដល់ដាច់ប៉ុលពតទើបដឹងថាគាត់ត្រូវគេសម្លាប់ហើយ)។ បន្ទាប់ពីនោះ ឃើញប្អូនប្រុសខ្ញុំ(ឡេងសុផុន)ដឹងដំណឹងតាមម៉ែប៉ាខ្ញុំប្រាប់, បានមកលេងខ្ញុំ២ដងដែរ និងឃើញបងប្រុស ខ្ញុំអ៊ាមស្រេង(វណ្ណា) មកលេងម្តងដែរ រួចហើយក៏បាត់ដំណឹងរហូត (ពេលខ្ញុំមកនៅភ្នំពេញទើបបានជួបតែ ប្អូនសុផុន ចំណែកបងអ៊ាមស្រេងត្រូវប៉ុលពតសម្លាប់ហើយ)។

ពេលដែលខ្ញុំសម្រាកនៅផ្ទះអ៊ីគាន, កុងតុញ និងអ៊ីគាន ចេះតែឈ្លិចសួរខ្ញុំថា តើមានប្រពន្ធកូនហើយ​ឬនៅហេតុអ្វីបានជារត់មកស្រុកវិញ សួរញយដងពេកទៅ ខ្ញុំក៏ជំរាបគាត់ទាំង២តាមត្រង់ថា ខ្ញុំមានប្រពន្ធ​ហើយមានទាំងកូនស្រី១ទៀតផង មូលហេតុដែលរត់ចោលប្រពន្ធ និងកូនមកពីគេយកទៅសម្លាប់ ហើយ​រត់រួចតាំងពីភូមិស្វាយកាល់ ស្រុកសន្ទុក ខេត្តកំពង់ធំ មកដល់ភូមិកំណើតនេះ ដោយសារមានខ្មោចចិត្ត​ល្អឬអ្នកសច្ចំនាំផ្លូវ ហើយខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់គាត់ ពីអ្វីដែលខ្ញុំបានជូបតាមផ្លូវ, ពេលនោះអ៊ីគានក៏ប្រាប់ខ្ញុំថា ក្មួយឯង កុំនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះ ហើយអាខ្មៅ (ប្អូនប្រុសគាត់ធ្វើអង្គការក្នុងភូមិ) ក៏ក្មួយ​ឯងកុំប្រាប់ដែរ វាធ្វើការអង្គការ ក្រែងវាធ្លោយមាត់ប្រាប់គេឯទៀត ។ ស្លេះត្រឹមនេះសិន មើលរឿងអានី.....

នៅទីនេះស្ទូងបានប្រហែល១០ថ្ងៃឮដំណឹងថា គេចាប់បានមិត្តផា ជាមួយស្រី៣នាក់ និងកូនម្នាក់ដែល ទៅពួនសម្ងំលាក់ខ្លួន ក្នុងល្អាងភ្នំសន្ទុក គេដំណាលប្រាប់គ្នាថាមិត្តផាទៅបបួលស្រី៣​នាក់ ២នាក់ឥតមាន​កូន និងម្នាក់ទៀតមានកូន​១ នៅឯភូមិជាយស្បៃ មិត្តផាប្រាប់ស្រីទាំងនោះថា ជួនទៅជួបប្តី ពួកនោះជឿ​ក៏ទៅតាមមិត្តផា តាមពិតមិត្តផាមានបានជួន ឲ្យទៅជួបប្តីឯណា គេយកធ្វើប្រពន្ធទាំង៣​នាក់ ដូចស្តេច​ត្រាញ់អញ្ចឹង គេឲ្យស្រីទាំងនោះនៅក្នុងល្អាងភ្នំ យប់ឡើងគេដើរទៅភូមិលួច ឆ្នាំងចាន ស្លាបព្រា លួចដក ដំឡូងមី​ ដំឡូងជ្វា ទៅលួចអង្ករកន្លែងចុងភៅ យកទៅបំប៉នប្រពន្ធគេទាំង៣នាក់ ថ្ងៃឡើងគេចាប់សត្វ ប្រចៀវក្នុងល្អាងភ្នំ ដាក់អន្ទាក់ ដាក់អង្គុបរកសត្វព្រៃ មានពេលមួយនោះ គេទៅលួចអន្សមដំឡូងដែល ពួកអានីស្ងោរទុកចោលនៅក្រោមផ្ទះ ខាងត្បូងភូមិស្វាយកាល់ លួចយកជិតអស់អន្សម១ឆ្នាំង ស្ពាយយក ទៅល្អាងភ្នំសន្ទុក ។​ ចំណែកប្រពន្ធគេទាំង៣នាក់នោះ ថ្ងៃឡើងដើរជីក ដំឡូងឈើ ដំឡូងទៀនយកមក ទុកហូប, ស្បៀងសល់ពីការហូបចុក ដូចជាដំឡូង សាច់សត្វព្រៃជាដើម គេស្តុកទុកក្នុងកន្លែង១នៃល្អាងភ្នំ ពួកគេនាំគ្នារស់នៅក្នុងល្អាងភ្នំ យ៉ាងសេរី ឯករាជ្យ គ្មានខ្វល់អ្វីទាំងអស់ ឮគេដំណាលថាដំបូងមិត្តផារាង លំអៀង​ស្រឡាញ់ស្រីក្មេង​ច្រើនជាងស្រីចាស់ (ស្រីទាំង៣នាក់នោះអ្នកចាស់ជាងគេ អាយុ ប្រហែល២៨ ឆ្នាំ) ធ្វើឲ្យស្រីៗទាំងនោះច្រណែនគ្នា ឈ្លោះគ្នាម្តង​ម្កាល ក្រោយមកមិត្តផាក៏ចែករបបឲ្យស្មើៗគ្នាទៅ ។

នៅភូមិស្វាយកាល់ឯណេះ កន្លងមកពួកប៉ុលពត ពិសេសមិត្តអួន មិនសូវយកចិត្តទុកដាក់នឹងមិត្តផាទេ ចង់មិត្តផាទៅធ្វើការ ឬមិនទៅធ្វើការស្រេចតែចិត្តគាត់ ថ្ងៃខ្លះនឹកឃើញគាត់ទៅធ្វើការ១ថ្ងៃទៅភាគច្រើន គាត់នៅផ្ទះ ឬដើរទៅណេះទៅណោះស្រេចតែគាត់ ព្រោះមិត្តផាជាកូនទោលតែមួយគត់ របស់យាយជី ម្នាក់នៅខ្ទមក្បែរ​ជើង​ភ្នំសន្ទុក ដែលត្រូវជាបងប្អូននឹងប្រពន្ធមិត្តអួន ដូច្នេះហើយបានជាមិត្តអួនចេះតែ ធ្មេចភ្នែក​ទៅ ហើយមិត្តផាហ្នឹង ក៏ស្អាតដែរ សង្ហា រាងខ្ពស់ស្រឡះ​ មុខមូលសាច់ឈាមថ្លា​ បញ្ជាក់ថាសំបូរ របស់ហូប គាត់ធ្លាប់ធ្វើទាហាន លន់ ណុល​ មួយរយៈដែរ ។ គិតទៅពួកប៉ុលពតពុករលួយ បក្សពួកខ្លាំង ណាស់ដែរ អ្នកណាមានកំហុស បើត្រូវជាបងប្អូនគេ​គឺរួចខ្លួន ឬបើអ្នកថ្មីណា មានអ្វីឲ្យពួកគេ​ដូចជាខោអាវ ថ្នាំពេទ្យ ថ្នាំជក់ បើមានកំហុសគឺរួចខ្លួន អ្នកថ្មីណាគ្មានអ្វីឲ្យពួកគេ​ ខុសតែបន្តិច គឺយកទៅសម្លាប់ចោល, អ្នកថ្មីមានសំណាង រួចខ្លួនពីស្លាប់ក៏មិនតិចដែរ ដូចជាមិត្តខុម ឬតាម្នាក់ចង់បានបងផនធ្វើជាប្រពន្ធជា ដើម គាត់មានមាសប្រាក់ ខោអាវច្រើន មានថ្នាំពេទ្យ ថ្នាំជក់ សល់តាមខ្លួនច្រើន ហើយគាត់ចេះអែបអប ប្រធានភូមិ​ សន្តិសុខភូមិ ឈ្លប, ឲ្យខោអាវឲ្យថ្នាំពេទ្យ ឲ្យថ្នាំជក់, គាត់យករបស់ទាំងនោះដើរដូរលួចលាក់ បាន អង្ករ ត្រីសាច់ ពីអ្នកមូលដ្ឋាន បានរស់ និងមានសុខភាពល្អ ជាងអ្នកមូលដ្ឋានទៅទៀត ប្រពន្ធស្លាប់ ភ្លាមរកប្រពន្ធមួយទៀតកំដរភ្លាម, ដល់ពេលគេរើសយកអ្នកថ្មីទៅសម្លាប់ពួកគាត់រួចខ្លួន ព្រោះមានខ្នង បង្អែកធ្លាប់យករបស់របរគាត់ រួចជាស្រេចទៅហើយ គ្រាន់តែទៅអង្វរបន្តិច និងឲ្យនេះឲ្យនោះថែមទៀត ទៅ បាននៅរស់រហូតដល់ដាច់ប៉ុលពត ។​

បាត់មិត្តផាជិត១ខែ​ រដ្ឋអំណាចភូមិឥតដឺងខ្យល់អីបន្តិច ក្រោយមកឮពីភូមិជាយស្បៃថា មានមនុស្សស្រី អ្នកថ្មីបាត់ខ្លួន៣នាក់ និងកូនម្នាក់ គេសួរមកភូមិស្វាយកាល់​ថាមានបាត់មនុស្សដែរឬអត់? ទើបពួកប៉ុល ពតនៅភូមិស្វាយកាល់ ភ្ញាក់ផ្អើលដើររាប់មនុស្សមើល ទើបដឹងថាបាត់មិត្តផា ពេលនោះពួកគេទាំង២ភូមិ សហការនាំគ្នាដើររក, គ្នាប្រមាណ៤-៥នាក់ កាំភ្លើងគ្រប់ដៃ ដើររកទាំងយប់ទាំងថ្ងៃ រកយូរណាស់ដែរ ជាង១សប្តាហ៍ទើបរកឃើញ គឺនៅយប់មួយ ពួកគេ​ដើររកនៅព្រៃជិតល្អាងភ្នំសន្ទុក បញ្ចាំងពិលទៅក្នុង ល្អាងឃើញមនុស្សស្រី២-៣នាក់រត់ចេញស្រ ​ស្រីម្នាក់និងកូនរត់គេហៅឥតឈប់ ពួកគេ​បាញ់ស្លាប់ទាំង ម៉ែទាំងកូន ហើយ២នាក់ទៀត រត់ដែរ​តែគេស្រែកឲ្យឈប់ គាត់ឈប់គេចាប់បាន ក្នុងចំណោម២នាក់នេះ មានម្នាក់រងរបួលធ្ងន់ ចំណែកមិត្តផា នៅពួនក្បែរនោះ គេរុករកបន្តទៀតឃើញ គាត់ប្រុងរត់គេស្រែក បា្រប់ថាកុំរត់ប្រយ័ត្នត្រូវគា្រប់កាំភ្លើង គាត់ក៏ឈប់ស្ងៀមឲ្យគេចាប់តាមសម្រួល ។ នាំមកដល់ភូមិ អ្នក ស្រុកស្មានថា មុខជាគេយកពួកទាំងនេះទៅសម្លាប់ហើយ ព្រោះល្មើសនឹងវិន័យ របស់អង្គការប៉ុលពត ប៉ុន្តែគេមិនសម្លាប់ទេ គេដឹកអ្នករបួសធ្ងន់យកទៅ ពេទ្យសង្កាត់នៅភូមិជាយស្បៃ  ស្ត្រីម្នាក់ទៀតដែលឥត មានរបួសគេឲ្យទៅនៅភូមិជាយស្បៃវិញ ហើយមិត្តផា គេឲ្យទៅនៅជាមួយប្រពន្ធដើម និងកូន៣នាក់វិញ ដែរ ។ ពេលនោះអ្នកភូមិស្វាយកាល់ និងភូមិជិតខាងនាំគ្នាទៅមើលប្រពន្ធចុងមិត្តផា នៅពេទ្យជាយស្បៃ មានអីស្អាតដែរតើ សម្បុរស្រអែមខ្ពស់ស្រឡះ ។ (លុះដាច់ប៉ុលពតហើយថ្មីៗ ​​ឃើញមិត្តផា នៅទីរួមខេត្ត កំពង់ធំ ជាមួយប្រពន្ធចុង ដែលរងរបួលនោះ)។​​​​

ពួកអានីដែលស្ទូងនៅក្បែរព្រៃតាម៉ានោះ នាំគ្នានិយាយដំណាលសើចថា អន្សម១ឆ្នាំដែលពួកយើងខំវិច ហើយស្ងោរ​ទាំងយប់នោះ ឯងខំតែស្មានថាពួកគ្នាឯងលួចហូប ដឹងអីល្បងផា លួចយកទៅឲ្យប្រពន្ធចុង ហូបសោះ​មិត្តពេជ្រថាអើ! គ្នានឹកឃើញហើយ មុនហ្នឹងប្រហែល១ខែកន្លះ ល្បងផាមកបបួលគ្នាឲ្យទៅ ជួបប្តីនៅព្រៃភ្នំសន្ទុកដែរ ហ្អូ!សំណាងហើយ ឯងមិនជឿ កុំអីបានធ្វើប្រពន្ធចុងល្បងផាហើយ ស្រាប់តែ មិត្តប៉ុន​ត្រូវជាបង​ស្រីបង្កើតរបស់មិត្តពេជ្រ នៅក្បែរនោះលាន់មាត់ថា អញ្ចឹងបងស្មានថា ល្បងផាមក បបួលតែបងទេដឹងអីបបួលអូនឯងដែរ បងលាក់រឿងនេះឥតប្រាប់អូនឯងទេ បើជឿគេហ្នឹង បានធ្វើប្រពន្ធ ចុងល្បងផាទាំងបង ទាំងប្អូនហើយ អានីនៅអង្គុយក្បែរនោះដែរ ក៏ថាគេមកបបួលខ្ញុំដែរតើ តែខ្ញុំមិនជឿ ពួកអានីក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយក៏ថា មិនដឹងជាល្បងផាបានទៅបបួលស្រីៗអ្នកថ្មី ឲ្យទៅជួបប្តី ប៉ុន្មានអ្នកទេ! យី! សម័យនេះនៅមានរឿងអញ្ចឹងដែរហ្ន! ។​​

ពេលនោះគេឲ្យហូបបាយលាយដំឡូងមី គ្រាន់បើជាងលាយត្រកួន បើលាយត្រកួនអង្ករចូលក្នុងត្រកួន អស់ពេលហូបបាយដូចហូបតែត្រកួនអញ្ចឹង ចង់ខ្វេះគ្រាប់បាយពីត្រកួនក៏ខ្វេះមិនចេញ​ ដូច្នេះខំហូបទាំង ត្រកួនទៅ បើលាយដំឡូងមីយើងអាចខ្វេះដំឡូងចេញសិន សល់តែបាយយើងហូបជាមួយសម្ល រួចហើយ ចាំហូបដំឡូងតាមក្រោយ។ កាលណោះមីងឃាងធ្វើចុងភៅ​ ឈប់ធ្វើអនុប្រធានទៀតហើយ គាត់នៅរោង បាយមាន បាយកក បាយក្តាំង គាត់ចេះតែហុចឲ្យអានី, សម្ល១កូនឆ្នាំងគេឲ្យហូប៥នាក់ ពេលសំរាកថ្ងៃ អានីដាក់បង្កៃត្រី២-៣ៗបានត្រី១-២ៗ អាំងហើយយកមកដាក់ក្នុងសម្ល,  ដំបូងមីងឃាង សុំប្រធានកងឲ្យ ចាត់តាំងពួកនោះ ម្តង២នាក់ៗទៅជួយដកដំឡូងមី យកមកលាយបាយ​ ប្រធានកងចាត់តាំង អ្នកនេះម្តង អ្នកនោះម្តងឲ្យទៅដកដំឡូងមីជាមួយតាម្នាក់នៅក្បែរពេទ្យ(ភ្លេចឈ្មោះ) ព្រឹកគាត់បររទេះទៅដកដំឡូងមី ល្ងាចគាត់ទៅដេកផ្ទះវិញមីងឃាងគាត់វាល់របប មិនឲ្យលើសទេ៣នាក់ទាំងតាហ្នឹង ឲ្យអង្ករ១កំប៉ុងកន្លះ ដល់ក្រោយមក មីងឃាងបានសុំប្រធានកងឲ្យអានីទៅដកដំឡូងម្តង ទៅតែម្នាក់ឯងជាមួយតានោះ អានី ទៅនិយាយលេងជាមួយមីងឃាងថា បើឲ្យខ្ញុំទៅដកដំឡូងខ្ញុំសុំហូបបាយសុទ្ធហើយ ទើបមានកំលាំង, មីងឃាងក៏វាល់អង្ករឲ្យ២កំប៉ុង និងឲ្យត្រីប្រឡាក់២-៣មកទៀត មិនដូចអ្នកមុន ៣នាក់ឲ្យអង្ករ១កំប៉ុងកន្លះ ហើយឲ្យតែប្រហុក, តានោះដល់ឃើញអញ្ចឹង ក៏សុំតែអានីឲ្យទៅជាមួយគាត់រហូត គាត់ថាថ្ងៃក្រោយមិត្ត ឯងមកជាមួយអុំទៀតណា! អានីថាចង់ខ្ជឹលទៅដកដំឡូងណាស់​ចង់ទៅស្ទូវវិញ គាត់ថា​មិត្តឯងមកជា មួយខ្ញុំមក កុំទៅស្ទូងអី ធ្វើការជាមួយមិត្តឯងបានបាយច្រើនហូបឆ្អែត ក្រៅពីមិត្តឯងចុងភៅឲ្យ​អង្ករតិចៗ, អានីហូបតិចទេ សល់បាយតានោះ គាត់សុំយកទៅឲ្យប្រពន្ធគាត់នៅផ្ទះ ជួនម្តងម្កាល អានីជួបក្មួយ ផល្លី និងផាន់ណា បានសុំបាយសល់នោះឲ្យវាហូប, តានោះ និងអានី ដកដំឡូងរើសយកអាល្អៗ​ធំៗ ម្នាក់៤-៥មើមរុំយកទៅទុកឲ្យអ្នកផ្ទះស្ងោរហូប ជារៀងរាល់ថ្ងៃដកដំឡូង ។ អ្នកទៅដកដំឡូងមីគេឲ្យ​របបបាយថ្ងៃ​១ពេល ល្ងាចហូបរួមជុំគ្នាវិញ ដកដំឡូងដែលនៅក្នុងភូមិ ជួនកាលដកនៅចំការ ដែលគេដាំរួមក្បែរៗនោះ  ដក១ថ្ងៃ​វាល់ល្ងាចបានដំឡូងមីជិត១រទេះ យកទៅលាយបាយជួនបាន២ថ្ងៃ ជួនបាន៣ថ្ងៃដូច្នេះ២-៣ថ្ងៃ ទើបទៅដកដំឡូងម្តង ពេលយប់អានីទៅជួយបកដំឡូងមីងឃាង​ ពេលមករោងដេកវិញ មីងឃាងឲ្យចន្លុះ​បំភ្លឺផ្លូវ ទៅដល់រោងហើយផ្លុំពន្លត់ចន្លុះរំទុក ឥតយកទៅឲ្យមីងឃាងវិញទេ យប់ស្អែកឡើងគាត់សួររក អានី​ថាចន្លុះសល់បន្តិចហ្នឹងឲ្យខ្ញុំសុំទុកអុជបំភ្លឺពេលដើរទៅបត់ជើង​ មីងឃាងក៏មិនមាត់​ថាម៉េចដែរ, អានី ទៅជួយបកដំឡូងគាត់បាន២-៣យប់ ស្រាប់តែក្រោយមកបន្តិច គាត់ងើបដាំបាយឲ្យអានី យកទៅ​ហូប ពេលដកដំឡូង និងដាក់ត្រីប្រឡាក់អាំងហើយស្រេចឲ្យ១កញ្ចប់ថែមទៀត អានីមិនបាច់ពិបាកដាំបាយ នៅ​ពេលដកដំឡូងទេ ស្រួលណាស់មីងឃាងជាមួយអានីពេលនោះ ។ ពេលភ្លៀងធ្លាក់ខ្លាំងម្តងៗពួកគេ ឆ្លុះកង្កែប អានីបានចន្លុះខ្លីៗពីមីងឃាងទុក​ឲ្យពួកហ្នឹងឆ្លុះកង្កែប, បងខុនថាហ្អែងមានចន្លុះហើយ មិនបាច់ រកកង្កែបទេទៅដេកទៅ។ ឆ្លុះកង្កែបជិតរោងបានតែកង្កែបអាចម៍គោ ប៉ិនៗមេដៃរកបានច្រើនណាស់យក មកពន្លាត់ចិញ្រ្ជាំធ្វើស្នូលអន្សម មីងខុនគាត់មានគ្រឿងគ្រៅសល់ពីមុនតាំងពី ប៊ីចេង ម្រេច ដាក់គ្រប់ គ្រឿង វេចជាមួយដំឡូងមីធ្វើអន្សមហូបឆ្ងាញ់ណាស់ ។ ស្លេះត្រឹមនេះសិន​ មើលរឿងខ្ញុំ.....

ខ្ញុំមកនៅបានប្រហែល៣-៤ខែ ឪពុកម្តាយខ្ញុំត្រូវបានអង្គការប៉ុលពត បញ្ជូនឲ្យមកនៅភូមិទេពនិមិត្តវិញ ដែរ, ឪពុកខ្ញុំធ្វើការនៅក្នុងរោងជាង មានភារកិច្ចតោន និងផ្សាធុងទឹក ធុងឡាន និងផ្សាសម្ភារៈផ្សេងៗ របស់អង្គភាពទ័ព ម្តាយខ្ញុំជាអ្នកជួយដាំស្លចុងភៅ នៅពេលប៉ុលពតបោសសំអាត​ទ័ព ដែលគេចោទថា ក្បត់នៅភូមិភាគបូព៌ា, ឪពុកម្តាយខ្ញុំដោយសារគ្មានកំហុសអី និងមិនពាក់ព័ន្ធ ខ្សែស្រឡាយជាមួយពួកទ័ព នៅទីនោះ ទើបគេបញ្ជូនមកមូលដ្ឋានដើមវិញ ​(កុំអីគេយកទៅសម្លាប់បាត់ទៅហើយ)។ ពួកគាត់មកនៅ បណ្តោះអាសន្នជាមួយមីងគាន ព្រោះផ្ទះគាត់​អង្គការបានឲ្យទៅគ្រួសារអ្នកថ្មី១គ្រួសារនៅហើយ ។​
ក្រោយមកពួកប៉ុលពតផ្លាស់ប្តូរចរនាសម្ព័ន្ធឃុំ តាមខ្ញុំចាំប្រធានភូមិគេហៅថាប្រធានកងតូច ឯពាក្យថាឃុំ គេហៅថាសង្កាត់វិញ, ពេលនោះពូខ្មៅ(ប្អូនប្រុសអ៊ីគាន) និងម្នាក់ទៀតមកពីភូមិក្បាលអូរ ត្រូវបានចាត់ តាំងឲ្យធ្វើជាប្រធាន និងអនុប្រធានកងតូច ជំនួសប្រធានភូមិចាស់មិត្តនារីគន់ និងពូគីម,​ មានម្តងនោះ រដូវភ្លៀងស្រូវកំពុងបែកគុម្ព ពួកប៉ុលពតនៅឃុំគរ​ បានចាត់តាំងពួកប្រុសៗ ឲ្យកាន់កាំបិតផ្គាក់ ទៅឈរ បណ្តាក់គ្នាយាមផ្លូវដែល តភ្ជាប់ពីភូមិទេពនិមិត្តទៅភូមិកណ្តាល ខ្ញុំក៏ត្រូវបានចាត់តាំងឲ្យទៅយាមដែរ ប្រធានកងតូចបានប្រាប់ថា ពួកយើងចាំឃ្លាំមើលឲ្យមែនទែន ព្រោះមានយួន១ក្រុម ចូលមកយកការណ៍ អាចនឹងឆ្លងកាត់ផ្លូវនេះ​ទៅភូមិរកាប្រាំ និងដំណាក់ពពេល យួនមិនដើរតាមភូមិទេ វាដើរកាត់វាលស្រែ ។ ពួកខ្ញុំយាម១យប់ទល់ភ្លឺ ខ្ញុំឡើងអង្គុយលើបង្គាបដើមពុទ្រាដែលដុះតាមចិញ្ចើមផ្លូវ ខំសម្លឹងមើលឆ្វេងស្តាំ និងមើលឆ្ងាយទៅមុខ ឥតមានឃើញយួនណាម្នាក់សោះ, ខ្ញុំឆ្ងល់ថា ពួកអ្នកភូមិមានតែកាំបិតផ្កាក់​ទៅ កាប់គេមានកាំភ្លើងឈ្នះដែរអី? ហើយវៀតណាមមកយកការណ៍ទីនេះធ្វើអី? បើនៅឆ្ងាយពីព្រំដែនម្លឹងៗ? តែមិនហ៊ានសួរពូខ្មៅទេ ។ ពេលនោះយូរៗម្តងឮស្នូរកាំភ្លើងធំល្វើយៗ ពីទិសខាងកើត នៅព្រំប្រទល់ កម្ពុជាវៀតណាម ។

មកនៅភូមិទេពនិមិត្តបានយូរដែរ មានពេលមួយខ្ញុំឃើញ កងទ័ពប៉ុលពត១ក្រុម មានកាំភ្លើងគ្រប់ដៃខ្លះលី អាបេ​ ខ្លះស្ពាយសេវិនធីណាយ​ មានម្នាក់ស្ពាយវិទ្យុទាក់ទង ដើរចូលចំការក្រូច ពីចំហៀងខាងត្បូងមក​ចំការបន្លែដែលខ្ញុំកំពុងតែចំរះស្មៅ​ ពួកគេសួរខ្ញុំថាមិត្តឯងមានបានឃើញពួកអាភឹមមកទីនេះឬទេ? ខ្ញុំថា​ឥតមានឃើញ ពីណាមកទីនេះទេ ពួកគេ​ខ្លះដើរអើតមើលតាមរងអំពៅ​ ខ្លះដើររុកព្រៃក្បែរៗនោះ មេគេ​អង្គុយនៅក្រោមដើមខ្នុរនិយាយវិទ្យុទាក់ទងគ្នា មួយសន្ទុះធំទើបគេ​ចេញពីទីនោះ មានគ្នាគេ​ម្នាក់សួរខ្ញុំ ទៀតថាមានឃើញពួកពេទ្យ១ក្រុមមកតាមនេះទេ?​ ខ្ញុំថាឥតឃើញទេ គេ​ថាពួកអាពេទ្យភ្លើ នៅកន្លែង សុខៗមិននៅទេ រត់តាមអាក្បត់ភឹម, ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាទាហានប៉ុលពត១ក្រុមនេះដើររកឈ្មោះភឹម ហើយភឹមនោះជា អ្នកណា?(ក្រោយមកទើបដឹងថាពួកប៉ុលពតថ្នាក់លើ​បានចាត់តាំងគ្នាគេនៅតំបន់ផ្សេង ឲ្យមកបោសសំអាត សម្លាប់​ពួកប៉ុលពតនៅភូមិភាគបូព៌ា(ភូមិភាគខាងកើត) ដែលដឹកនាំដោយលោក សោ យ៉ាន ហៅភឹម ។

បន្ទាប់ពីនោះមកបាន៣-៤ថ្ងៃពួកអង្គការថ្នាក់លើរបស់ប៉ុលពតបានមក ចាប់ចងកាប់សម្លាប់ ពួកប៉ុលពត ទាំងអស់នៅឃុំគរនេះ និងជ្រើសរើសប្រធានឃុំ និងប្រធានកងតូចថ្មី, មិត្តរ៉ុងកូនប្រសារអុំហ្ស៊ី និងមិត្ត ដាកដែលជាកូនប្រសារតា​ចាន់ ត្រូវបានចាត់តាំងឲ្យធ្វើប្រធាន និងអនុប្រធានកងតូច ជំនួសអ្នកចាស់ ដំបូងពួខ្មៅនិង អនុប្រធានរបស់គាត់បានរត់រួច ទៅសម្ងំពួនក្នុងព្រៃថេរខាងកើតភូមិក្បាលបឹងសេះ, ពួក ប៉ុលពតថ្មីយប់ឡើង គេមកលបឃ្លាំមើលផ្ទះអ៊ីគាន​ (គ្រួសារពូខ្មៅរស់នៅជាមួយអ៊ីគាន) ក្រែងពូខ្មៅមករក ជួបប្រពន្ធកូន ពួកគេឃ្លាំចាំ២-៣ថ្ងៃមិនឃើញអី ពេលយប់ទី៣គេ​មកហៅប្រពន្ធពូខ្មៅ(បងកាណុង)ឲ្យ ចុះដី ឲ្យយកទាំងកូនតូចអាយុប្រហែល២ឆ្នាំមកផង ពេលចុះដល់ដីគេ​ចង ហើយបណ្តើរយកទៅសម្លាប់ ទាំងម៉ែទាំងកូន វ៉ៃទម្លាក់ក្នុងអណ្តូងចាស់នៅក្បែរភូមិ, ខ្ញុំនៅចំការក្រូចឯណេះឮដំណឹងនេះភ័យរន្ធត់ និង សង្វេគអាណិតអាសូរខ្លាំងណាស់។ លុះក្រោយមករំលងបាន ប្រហែល៧-៨ថ្ងៃ នៅកណ្តាលយប់ជ្រៅខ្ញុំ កំពុងតែដេកនៅក្នុងចំការក្រូច ពូខ្មៅ និងគ្នាគាត់បានមកដាស់ខ្ញុំសុំបាយហូប ខ្ញុំក៏ដាំបាយ១ឆ្នាំងនិងអាំង សាច់ជ្រូកជូនគាត់ពិសារ ពេលកំពុងដាំបាយ គាត់មិនហ៊ាននៅទីនោះទេ គាត់ដើរពួនក្នុងកន្លែងងងឹតៗ ក្បែរៗនោះ ព្រោះខ្លាចគេឃើញ លុះពិសារបាយ រួចហើយខ្ញុំបា្រប់គាត់ពីរឿងគេយកប្រពន្ធ និងកូនគាត់ ទៅសម្លាប់ ហើយជំរាបគាត់ឲ្យរត់ទៅនៅក្នុងព្រៃទៅ គាត់ថាបានទៅនៅក្នុងព្រៃថេរហើយ តែដោយខ្វះ ស្បៀងមេគាត់ឲ្យមករកស្បៀងនៅភូមិ ហើយកំណត់ពេលឲ្យទៅវិញ គាត់នៅយូរលើសពេលកំណត់១ ថ្ងៃលុះទៅវិញឥតឃើញថ្នាក់លើគាត់ទេ គេលែងទុកចិត្តពួកគាត់ ហើយគេផ្តាច់ការទាក់ទង, ខ្ញុំលាក់រឿង នេះរហូតឥតបានប្រាប់អ្នកណាទេ ។ ស្លេះត្រឹមនេះសិន មើលរឿងអានី.....

នៅក្នុងកងអានីនេះ​ មានកូនចាមស្រីៗ២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា បងឈ្មោះមិត្តសះ អាយុប្រ ហែល១៨ឆ្នាំ ប្អូនឈ្មោះមិត្តយ៉ះអាយុប្រហែល១៦ឆ្នាំ នេះជាកូនចាមសល់ចុងក្រោយ ដើរធ្វើការតាមកង ការងារ ដែលពួកប៉ុលពតមិនទាន់យកទៅសម្លាប់, ពួកចាមទាំងអស់នៅក្នុងឃុំកកោះនេះ ត្រូវពួកប៉ុលពត សម្លាប់អស់ហើយ, កូនចាមទាំង២នាក់នេះស្លូត និងឧស្សាហ៍ណាស់ ជាពិសេសមិត្តសះ តែងតែនិយាយ លេងសើចកំប្លុកកំប្លែងច្រើន គេអាណិតស្រឡាញ់គ្រប់គ្នា មានល្ងាចមួយពេលហូបបាយរួចហើយមិត្តសះ មកជួយបកដំឡូងមី មានទឹកមុខស្រពោនក្រៀមក្រំ បកដំឡូងបណ្តើរ និយាយអួលដើមកបណ្តើរ ទឹកភ្នែក រលីងរលោងប្រាប់អានី និងមីងឃាងថា នៅមុនពេលហូបបាយ មានគេប្រាប់ឲ្យពួកនាងទាំង២នាក់រៀបចំ អីវ៉ាន់ទុកឲ្យហើយទៅ យប់នេះគេមកនាំទៅធ្វើការរួមសង្កាត់នៅកងថ្មី១ទៀត នាងមកជួយបកដំឡូងនេះ គឺឆ្លៀតមកសុំលាទៅកងថ្មីហើយ គួរឲ្យសង្វេគអាណិតអាសូរ ខ្លោចផ្សារខ្លាំងណាស់ ពេលកំពុងតែបក ដំឡូងស្រាប់តែមិត្តឌន អ្នកឡើងត្នោតនៅព្រៃតាម៉ានេះដែរ មកហៅមិត្តសះថាដល់ពេលត្រូវទៅហើយ នាងហាក់ដូចជាដឹងខ្លួនថា គេយកទៅសម្លាប់ ក៏ឱបអានីឱបមីងឃាង ​ហើយយំខ្សឹកខ្សួលនិយាយថា សូមលាបងលាមីងទាំង២នាក់ហើយ ឃើញដូច្នោះ មីងឃាងក៏យំតាមដែរ ចំណែកអានីមិនហ៊ាននៅទេ ក៏សុំមីងឃាងទៅរោងវិញ, រួចហើយមិត្តឌនក៏បណ្តើរនាងទៅរោងហើយហៅមិត្តយ៉ះឲ្យទៅជាមួយដែរ។ ព្រឹកឡើងស្រាប់តែឃើញសាក់កាដូអីវ៉ាន់ របស់​កូនចាមទាំង២នាក់នោះ នៅលើរោងដេករបស់មិត្តឌន, ពួកគេ​យកនាងទៅរំលោភហើយសម្លាប់ នៅជើងភ្នំសន្ទុក គឺសម្លាប់បំផុតពូជចាម ក្នុងឃុំកកោះត្រឹមនាង ២នាក់នេះ។ គិតទៅអង្គការប៉ុលពត គ្មានអ្នកណាទេ គឺភាគច្រើនសុទ្ធសឹងតែជាអ្នកភូមិ នៅក្នុងតំបន់ រំដោះស្ទើរតែទាំងអស់ ប៉ុលពតចាត់តាំងអ្នកមូលដ្ឋាន (អ្នកនៅក្នុងភូមិតាំងពីសង្គម​ចាស់យូរហើយ)​ ឲ្យធ្វើ ជាអង្គការ តាមដាន ចាប់ចង កាប់សម្លាប់ ខ្មែរអ្នកថ្មី ចាម យូន, ដូចករណីកូនចាម២នាក់ ចុងក្រោយនេះ គឺពួកមូលដ្ឋានហ្នឹងឯងជាអ្នកសម្លាប់ គឺមិត្តឌន អ្នកឡើងត្នោត, មិត្តរ៉េមប្រធាន​កង មិត្តឈានប្រធាន​សន្តិសុខ មិត្តសេងប្រធានកង សុទ្ធសឹងតែជាអ្នកភូមិ នៅភូមិស្វាយកាល់ហ្នឹងទាំងអស់ មិនមានអ្នកមក ពីក្រៅឯណាទេ បើពួកគេទុកក៏ចេះតែបានហើយ គ្មានអ្នកណាមកស្រាវជ្រាវរកទេ អាណិតអាសូរគ្នាធ្វើ មិនដឹងមិនឮទៅ គ្នាក៏បានរស់ដែរ គ្នាមានកំលាំងឯណាទៅច្បាំងជាមួយយើង? គ្នាសុំតែរស់ក៏មិនបាន ដែរ ពួកគេចង់អួតយកស្នាដៃ ថាជាអ្នកពូកែខាងសម្លាប់មនុស្ស គេចាត់ទុកជីវិតមនុស្ស មិនស្មើនឹងជីវិត សត្វផង ពួកគេតាំងពីលើដល់ក្រោម អ្នកណាក៏អាចសំលាប់មនុស្សបានដែរ ​រាប់តាំងពីកូនក្មេងឈ្លបឡើង ទៅ, តុលាការ និងច្បាប់នៅលើបបូរមាត់របស់ពួកគេ ចង់ឲ្យអ្នកណាស្លាប់អ្នកនោះគឺត្រូវតែ​ស្លាប់គ្មានការ ជំនុំជំរះរកខុសត្រូវអ្វីឡើយ, ពួកចោរហ៊ិនតាយុងទមិឡអន្តេរថី អប្រីយឥត​សាសនា ទាំងអស់នេះបើតុលា ការខ្មែរក្រហមយកទៅកាត់ទោសច្រើនណាស់ កាត់៥០ឆ្នាំក៏មិនអស់ផងហើយគ្មានគុកដាក់ទេ ទុកឲ្យពួក គេទទួលទោសជាតិក្រោយ ឲ្យយមរាជយកពួកហ្នឹងទៅ​បោះក្នុងខ្ទះខ្លាញ់ កំពុងពុះទាំងរស់ទៅចុះ, បន្ទាប់ ពីពួកគេយកកូនចាម ទៅសម្លាប់បំផុតពូជ ចេញពីឃុំកកោះរួចមក អានីនិង ស្រីៗអ្នកថ្មីទាំងអស់​នាំគ្នា ពិចារណាថា ថ្ងៃនេះគេយកកូនចាម ទៅសម្លាប់បំផុតពូជពីឃុំកកោះ ថ្ងៃក្រោយមុខជាដល់វេណយើង ហើយពួកគេ​នឹងសម្លាប់យើង បំផុតពួជអ្នកថ្មីក្នុងឃុំកកោះនេះដែរហើយ, កាលណោះស្រុកខ្មែរអ្នកចង្រៃ ជាងគេគឺពួកប៉ុលពតឃុំកកោះនេះឯង ។ ពេលនោះ អានី បងថាត និងមីងហ៊ឹប បានគិតជាមួយគ្នាថា បើពួកគេ​វ៉ៃសម្លាប់យើងនឹងខ្នងពូថៅ​ គឺឈឺណាស់ យើងត្រូវរកអីទុកផឹកឲ្យស្លាប់មុនគេវ៉ៃ​ ក៏នឹកឃើញ គ្រឿងពុលក៏ទៅស្ទោះសំបកកន្ទួតរៀងខ្លួន នៅជិតរោងបាយព្រៃតាម៉ា យកមកលួចលាក់ដាំរម្ងាស់ទីក៣ យកទឹក១ច្រកដបហើយរុំលាក់ទុកក្បែរក្បាលដំណេក, គិតថាបើពួកគេឲ្យយើងរៀបចំអីវ៉ាន​ ទៅធ្វើការនៅ កន្លែងថ្មីទាំងយប់យើងផឹកថ្នាំពុលនេះមុន កុំឲ្យគេសម្លាប់ទាន់ ។  មានយប់មួយ អានីឥតស្រួលខ្លួនចង់ គ្រុនព្រោះធ្វើការហេវហត់អស់កម្លាំង ណាមួយនឹកគិតដល់ប្តី ណាមួយនឹកអាណិតដល់កូន គិតយូរៗ ពិបាកក្នុងចិត្តចង់ស្លាប់ទៅទាំងអស់គ្នា ក៏ងើបឡើងយកដបទឹកថ្នាំពុល បំរុងផឹកសម្លាប់ខ្លួន ដកឆ្នុកដបថ្នាំ ចេញឮសូរដល់បងថាត ដែលដេកប្បែរគ្នាគាត់ឃើញអញ្ចឹង ក៏ស្រែកថាកុំឲ្យសោះ យើងមិនទាន់ដល់ ពេលគេយកទៅវ៉ៃចោលទេ មិនទាន់ដល់ដំណាក់កាលចុងក្រោយទេ អានីភ្ញាក់ខ្លួនហើយរុំដបថ្នាំនោះទុក ទៅវិញ។ ពួកគេនៅតែតាមដានអានីរហូត យូរណាស់ប្រហែលជាង១ឆ្នាំ ពេលនោះមានអ្នកថ្មីម្នាក់ឈ្មោះ ផេងដូចខ្ញុំដែរទៅលួចដកដំឡូងគេហូប នៅភូមិស្រយូវត្រូវគេទាន់ចាប់បាន យកទៅសម្លាប់ ដឹងដំណឹង នោះមកដល់ភូមិស្វាយកាល់ ទើបពួកគេ​រាងអន់តាមដានអានី, ​ដំណឹងថាប្តីស្លាប់នេះក៏ដឹងដល់ប៉ាអានី នៅភូមិវាំងដែរ គាត់ឆ្ងល់ថាផេងទៅកំពង់ចាមសោះ ហេតុអ្វីបានជាថាផេងទៅលួចដកដំឡូងគេ នៅឯភូមិ ស្រយូវទៅវិញ គាត់បានដើរពីភូមិវាំង ទៅដល់ភូមិស្រយូវ ទៅសួរគេក៏ដឹងថាម្នាក់ឈ្មោះផេង ដែលគេ សម្លាប់នោះមិនមែនជាខ្ញុំទេ​ គ្រាន់តែឈ្មោះដូចគ្នាជាកូនគេនៅភូមិ១ក្បែរភូមិស្រយូវនោះ, ពេលគាត់មក ពីភូមិស្រយូវវិញ ចូលភូមិស្វាយកាល់មកប្រាប់ អានីថាផេងនោះជាកូនគេអ្នកផ្សេងទេ មិនមែនជាប្តីកូន ឯងទេ ។​​ ដោយសារគេឮថាមានឈ្មោះផេងដូចខ្ញុំនេះត្រូវបានសម្លាប់ហើយ បានជាប្រពន្ធខ្ញុំនៅរស់នោះ កុំអីគេសម្លាប់បាត់ទៅហើយ ព្រោះពួកប៉ុលពតបើរកប្តីមិនឃើញ គេមិនទុកប្រពន្ធកូនឲ្យនៅរស់ទេ ។

នៅស្ទូងស្រូវក្បែរព្រៃតាម៉ានោះ យប់ឡើងគេចាត់ឲ្យអ្នកនៅទីនោះទាំងអស់យាម គេចែកជា៣ក្រុម ក្នុង១ ក្រុមៗមានគ្នា៥នាក់ ក្រុមមិត្តឌន(អ្នកឡើងត្នោតក៏គេឲ្យយាមដែរ)មានកាំភ្លើងវែង១ដើម ចំណែកក្រុមអានី មានកាំបិតផ្គាក់២សំរាប់គ្នា២នាក់ ហើយ៣នាក់ទៀតកាន់ដំបង ក្រុមទី៣មានសម្ភារៈសំរាប់យាមដូចក្រុម អានីដែរ​ ។ គេឲ្យដើរយាមជុំវិញរោងដេក និងរោងបាយ អានីឆ្ងល់ថាតើគេឲ្យយាមអ្វី សួរមីងឃាងគាត់ និយាយបង្វាងថាគេឲ្យយាម ក្រែងមានខ្លា ឬជ្រូកព្រៃ មកយាយីកន្លែងយើង (ក្រោយមកទើបដឹងថាគេឲ្យ យាមការពារខ្មាំង) ពេលដល់វេណយាមម្តងៗក្រុមអានី ខ្លាចមិនហ៊ានដើរជុំវិញរោងដេកទេ ព្រោះងងឹត ឈឹង នាំគ្នាអង្គុយយាមនៅក្បែរៗរោងបាយ ដែលមានភ្នក់ភ្លើងភ្លឺព្រឹលៗ មានពេលមួយបងពេជ្រធ្វើបាប ក្រុមមិត្តឌនដែលត្រូវយាមតាមក្រោយ ដោយលួចមួលនាឡិការោទ៍ ដែលគេដាក់ទុកមើលម៉ោងនៅរោង បាយ​ មួលដាក់ម៉ោង១២យប់ (តាមពិតម៉ោងទើបតែ៩យប់) រួចហើយក្រុមអានីក៏ឡើងទៅដេកបាត់ទៅ ព្រឹកឡើងមិត្តឌនរអ៊ូថា ឯងយាមយប់ម៉ិញយូរអើយយូរទំរាំភ្លឺ! ពួកនេះខូចលួចមួលម៉ោង ភ្លឺឡើងឯង​ទៅមើលឃើញម៉ោងទើបតែ២ ។

ស្ទូងនៅព្រៃតាម៉ាចប់ហើយ អានី​ និងស្រីៗចាស់ៗ៤-៥នាក់ទៀត គេឲ្យទៅស្ទូងស្រូវ នៅក្បែរភ្នំសន្ទុកទឹក ក្នុងស្រែឡើងព៌ណខៀវធំក្លិនស្អុយ ស្ទូងស្រូវស្ទើរមិនកើត ពេលឈឺជុះដើររុកទៅព្រៃក្បែរនោះ ស្រាប់តែ ឃើញអណ្តូង១​ទឹកឡើងពេញ​ អានីដើរទៅជិតឃើញខ្មោចមនុស្ស ហើមស្ពុលអណ្តែតពេញអណ្តូង ធំក្លិន ស្អុយង៉ោង នៅទីនេះហើយដែលពួកប៉ុលពតយកមនុស្សមកសម្លាប់ មួយចំនួនធំទម្លាក់ក្នុងអណ្តូង មួយ ចំនួនទៀត កប់នៅក្បែរៗនោះដូច្នេះហើយបានជាទឹកស្រែ ឡើងព៌ណខៀវធំក្លិនស្អុយ, លុះមកផ្ទះវិញបង ផនថា​អានីអូនឯងធំក្លិនស្អុយណាស់ គាត់ទៅយកផេះមកកូរជាមួយទឹក ហើយយកទឹកផេះនោះមកឲ្យ អានីបោកខោអាវ និងលាងខ្លួនព្រោះពេលនោះឥតមានសាប៊ូប្រើទេ ។​

ស្ទូងស្រូវនៅក្បែរភ្នំសន្ទុករួចហើយ អានីនិងស្រីៗ ៦-៧នាក់ ត្រូវបានចាត់តាំងឲ្យទៅស្ទូងស្រូវបន្តទៀត ជាមួយពូតាំងជាប្រធានកងទៅឆ្ងាយពីភូមិ នៅខាងកើតភ្នំសន្ទុក ​បររទេះគោតាំពីព្រឹករហូតទល់​ល្ងាច​ទើប ដល់ទីនោះពីដើមគេហៅភូមិចោរនៅកណ្តាលព្រៃ, ទីនោះគេមានរោងស្រាប់ចំនួន៣ (នៅក្នុងទឹក)​ខាង​ក្រោយរោងមាន បឹង និងស្រះ២-៣ មានរោងចុងភៅ១ និងមានមនុស្ស​៤-៥នាក់ នៅប្រចាំការ ដើររកចាប់ សត្វព្រៃផ្គត់ផ្គង់អង្គការប៉ុលពតថ្នាក់ខេត្ត ។ ការងារក្រុមអានីមិនសូវមមាញឹកទេ ពីព្រឹកដល់ថ្ងៃត្រង់ទើប ឃើញគេដឹក​សំណាប១រទេះមកដល់ ពួកអានីស្ទូងតែ១សន្ទុះធំអស់ហើយ, ពេលទំនេរអានីដើរស្ទូចត្រី​មីង ចុងភៅថារកត្រីអីកន្លែងហ្នឹងមានត្រីពីណាមក គ្នានៅទីនេះមិនដែលរកបានត្រី១ទេ ពួកអស់នេះឆ្កួតៗ មែន, អានីបោះសន្ទូចទៅក្នុងទឹកត្រង់នេះម្តងត្រង់នោះម្តង ក៏ស្រាប់តែស្ទូចបានត្រីអណ្តែង១​ប៉ុនកដៃ,​ មីងចុងភៅថាហ្អ៊ី ឯងថាឥតមានត្រីដល់វាមកស្ទូចបានត្រី យកមកចាំមីងអាំងឲ្យ មីងសុំហូបដែរហើយ វើយមីងនៅទីនេះយូរហើយហូបតែសាច់ជ្រូកព្រៃ, ពូតាំងថាគ្នាអែបជាមួយវាដែរហើយវើយ, ហូបបាយ ហើយអានីអផ្សុក​ដើររុកព្រៃជ្រៅទៅៗ ឃើញត្របែកផ្លែប៉ុនៗកំភួនដៃនៅ​ពេញដើម​ អានីបេះទូល១បង្វេច មកពូតាំងឃើញហើយថា រួចទៅទូលស្អីមកទៀតហើយមិត្តនេះ អានីថាផ្លែត្របែកពូឯងហូបហ្អី ឃើញ អានីហូបត្របែកមីងចុងភៅថាហ្អាក បានផ្លែត្របែកពីណាមកហូបទៀតហើយ អានីថានៅខាងណោះ គាត់ថាហ្អ៊ីមីងនៅទីនេះ តាំងពីយូរមកហើយ ឥតដែលដឹងថាមានដើមត្របែកទេ វាមកភ្លាមមករុកឃើញ ភ្លាម ។ ងាកទៅចង្ក្រាន អានីឃើញសាច់ជ្រូកព្រៃរំលីង មីងចុងភៅថាហ្អែងហូបហ្អី យកទៅហូបទៅដល់ ពេលឃើញច្រើនពេកទៅ អានីដូចជាឥតចង់ហូប, ហូបបាន២-៣ដុំក៏ឈប់ មីងចុងភៅថាប្រញាប់ឈប់ ម្ល៉េះយកហូបឲ្យច្រើនទៅ, ពេលមកផ្ទះវិញគាត់ឲ្យសាច់ជ្រូករំលីង ពូតាំង១កញ្ចប់ ឲ្យអានី១កញ្ចប់តូច ហើយដាំបាយឲ្យ១កូនឆ្នាំងទៀតផងទុកហូបតាមផ្លូវ។ ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

ក្រោយមកពូខ្មៅ និងគ្នាគាត់ទៅគោះទ្វារហៅចិកលឹមហេង ផ្ទះនៅចុងភូមិក្បែរព្រៃ មិនដឹងជាគាត់ចង់រកអី ទេចិកលឹមហេងឥតបើកទ្វារ ព្រលឹមឡើងរាយការណ៍ទៅមេកងតូចថ្មី ពួកនោះក៏ចាត់កម្លាំងឲ្យយាម ល្បាតក្នុងភូមិរហូត គាត់ដឹងខ្លួនលែងចូលភូមិទេពនិមិត្ត ក្រោយមកឮថាពេលគាត់ទៅរកបងប្អូនខាង ប្រពន្ធនៅភូមិគោលគេចាប់គាត់បានទាំង២នាក់ យកទៅសម្លាប់បាត់ហើយ ។ ចំណែកមេឃុំគរចាស់ក៏គេ ចាប់បានដែរ ហើយច្រកក្នុងបាវបោះទៅលើឡាន ដឹកយកទៅសួងបង្ហាញថ្នាក់លើ រួចហើយសម្លាប់នៅ ទីនោះ ​ចំណែកមិត្តសេង ដែលខ្ញុំបានជួបនៅមន្ទីរឃុំគរ បានរត់ទៅពួននៅផ្ទះខ្លួនឯង រួចក៏សម្លាប់ខ្លួនឯង ដោយលេបថ្នាំគីនីន អស់ជាច្រើនគ្រាប់ជាមួយទឹកដូង ។

ស្នូរកាំភ្លើងធំបានឮកាន់តែខ្លាំងឡើងៗ មានយុទ្ធជន៤នាក់​ ជាកូនអ្នកភូមិទេពនិមិត្ត បានរត់គេចពីការ សម្លាប់បោសសំអាតរបស់ប៉ុលពត, មកដល់ភូមិគឺ ១-ឈ្មោះស្រេង (ជាកូន អុំស៊្រឺ) ២-ឈ្មោះជា(កូនពូមិន) ៣-កូន ពូឃី ៤-កូនចុងភៅ ត្រូវពួកប៉ុលពតថ្មីឃុំគរ មកចាប់យកទៅបាញ់ចោល នៅក្នុងចំការដំឡូងខាង លិចភូមិ,  បន្ទាប់មកទៀតពួកគេ​ចាប់អ្នកភូមិទេពនិមិត្ត៣នាក់ គឺ១-បងកៃណាំ(បងជីទូតមួយខ្ញុំ) ២-បងខន (ប្តីចែស្រេង) និង៣-បងហ៊ន(កូនប្រសារកុងស៊ុន) យកទៅសម្លាប់ទៀតដែរ, តាមចំណាំ បើគេមកហៅ អ្នកណាទៅសួរចម្លើយនៅ​សង្កាត់ មិនដែលឃើញអ្នកនោះវិលត្រឡប់មកផ្ទះវិញទេ ព្រោះពួកគេ​វ៉ៃធ្វើបាប ទាល់តែឆ្លើយថាខុសមែន ទើបពួកគេ​ឈប់ធ្វើទារុណកម្ម បើនៅតែឆ្លើយថាទេ ពួកគេ​នៅតែវ៉ៃធ្វើបាបខ្លាំង ខ្លាលើសពីមុនទៅទៀត ដូច្នេះជនស្លូតត្រង់រងគ្រោះ ត្រូវតែឆ្លើយតម្រូវចិត្តគេ ដើម្បីកុំឲ្យឈឺសាច់តទៅ ទៀតទីបំផុតត្រូវតែស្លាប់ ព្រោះឆ្លើយថាខុសមែនរួចទៅហើយ ដូចករណីអ្នកទាំង៣ខាងលើអញ្ចឹង ខ្ញុំបាន ឮបងម្នាក់(ភ្លេចឈ្មោះ កូនប្រសារជាងថូ ធ្វើតុ-ទូរ នៅផ្ទះតៀមខាងជើងផ្ទះបងកៃណាំ និយាយថាពួកនេះ រឹងក្បាលណាស់ មិនព្រមសារភាពកំហុសទេ មានអីដល់ធាក់ផ្ទប់ជញ្ជាំង៥-៦ជើង និងដាក់៣ដំបងជិត​បាក់ឆ្អឹងជំនីរទើបសារភាព ។ អំពើនេះហើយ ដែលពិភពលោកគេស្អប់ខ្ពើម ហើយហាមធ្វើទារុណកម្មសួរ ចម្លើយ ព្រោះចម្លើយដែលបានមក គឺជាចម្លើយមិនពិត ជាចម្លើយតម្រូវចិត្តអ្នកសួរ គឺថាជាចម្លើយរបស់ អ្នកសួរឯណោះទៅវិញទេ ហើយអ្នកស្លូតត្រង់ត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ ។

នៅពាក់កណ្តាលឆ្នាំ១៩៧៨ អង្គការប៉ុលពតបានប្រកាសឲ្យយុវជន និងយុវនារីក្នុងឃុំរៀបអាពាហ៍ពិពាហ៍ តែមិនចាប់បង្ខំឲ្យត្រូវតែយកអ្នកនេះ ឬអ្នកនោះតាមការចាត់តាំង របស់អង្គការប៉ុលពតទេ គឺបើកសិទ្ធិឲ្យ ជ្រើសរើសដោយខ្លួនឯង កំលោះក្រមុំក្នុងឃុំគរ ជ្រួលច្របល់ដើររើសគូរៀងៗខ្លួន ខ្ញុំធ្វើហី (ព្រោះមាន ប្រពន្ធរួចហើយ) ពេលនោះអ៊ីគានសួរខ្ញុំថាក្មួយឯង ម៉េចក៏មិនរកគូស្រករនឹងគេទៅ? ខ្ញុំឆ្លើយថាមាន ប្រពន្ធហើយក្រែងថ្ងៃក្រោយជួបគ្នាវិញ គាត់ដកដង្ហើមធំ ហើយនិយាយថាមិនងាយនឹងជួបទេ ស្រុកទេស នៅតែដូច្នេះឯង មិនងាយនឹងផ្លាស់ប្តូរទេ បើគេក្តាប់តឹងណែនយ៉ាងនេះ, ទាន់ខ្លួននៅក្មេងរកប្រពន្ធទៅ ខ្ញុំគិតថាបើមិនយកប្រពន្ធទេ ច្បាស់ជាគេសង្ស័យថា ខ្ញុំមានប្រពន្ធរួចហើយ បានជាមិនយកប្រពន្ធទៀត ហើយប្រហែលជាមានរឿងអ្វីហើយ បានជារត់ចោលប្រពន្ធ, មនុស្សខ្មែរអាយុ២៩ឆ្នាំ កម្រមានអ្នកណានៅ លីវណាស់។ ពេលនោះមានបងស្រីម្នាក់ឈ្មោះភន ជាកូនចញ្ចឹមរបស់ធំស៊ុយ និងធំស៊ាន គាត់បានបបួល ខ្ញុំទៅមើលកូនគេនៅភូមិគោល ខ្ញុំក៏ទៅតាមគាត់ ឃើញកូនក្រមុំគេ២នាក់ម្នាក់ស និងម្នាក់ទៀតរាងខ្មៅ ខ្ញុំក៏ចាប់ចិត្តលើនាងស លុះត្រឡប់មកវិញចែភនសួរថា ម៉េចអូនឯងពេញចិត្តមួយណា ខ្ញុំថានាងសគាត់ ប្រាប់ថានាងសត្រូវជាប្អូនទេ ខ្ញុំថាចុះបើខ្ញុំស្រឡាញ់តែនាងស ចែឯងគិតយ៉ាងម៉េច? គាត់ថាអើចាំចែទៅ សួរម៉ែគេមើ! តើគេព្រមឲ្យកូនប្អូនយកប្តីមុខឬអត់? ទីបំផុតឪពុកម្តាយខាងស្រីក៏ព្រម ពួកយើងរៀបការ ចំនួន១៣គូ ពេលរៀបការបងប្អូនខាងខ្ញុំ​មានតែចែភនម្នាក់ និងឪពុកម្តាយខាងស្រីទៅមើល គេការនៅក្នុង រោងបាយភូមិគោល គេតម្រៀបតុជា២ជួរ ក្នុង១ជួរៗមានកៅអីទល់មុខគ្នា ស្រីអង្គុយម្ខាង ប្រុសអង្គុយម្ខាង ទល់មុខគ្នា រីឯបងប្អូនឪពុកម្តាយនៅឈរមើលពីខាងក្រៅ ពេលនោះប្រធានភូមិគាត់ឡើង ចាប់អារម្មណ៍ ជេរចក្រព័ត្រអាមេរិកកាំង មួយសន្ទុះបន្ទាប់មក ក៏ប្រាប់ទៅគូស្រករ ដែលអង្គុយទល់មុខគ្នាឲ្យចាប់ដៃគ្នា ហើយគាត់ឲ្យ​ពរ​ថាសូមមិត្តយុវជន និងយុវនារី ទាំងអស់ចាប់ដៃគ្នាជាគូស្វាមីភរិយា ខិតខំបង្កបង្កើតកូន ចៅឲ្យបានច្រើន ដើម្បីជួយជាកម្លាំងកសាងជាតិ មាតុភូមិ តាមទិសដៅមហាលោតផ្លោះ មហាអស្ចារ្យ របស់អង្គការ ។

ពួកយើងក៏បានចាប់រលាក់ដៃគ្នា ហើយនាំគ្នាហូបបបររៀងៗខ្លួន លុះត្រឡប់មកដល់ផ្ទះវិញ ម្តាយក្មេកខ្ញុំ គាត់យកធូប៣សរសៃ (គាត់ធ្វើទុកមុនដោយយកស្លឹកគរទុំៗទៅបុកឲ្យខ្ចេចម៉ត់ ហើយយកចម្រៀកឬស្សី ជ្រលក់ទឹកមកប្រនៀលលើកំទេចស្លឹកគរនោះកើតបានជាធូប) មកអុជ និងមានមាន់ស្ងោរ១ បាយ១ឆ្នាំង (បានមកពីដោះដូរខោអាវជាមួយគេ) សែនព្រេនជីដូនជីតា នៅសសរកន្លោងផុ្ទះ លុះដល់យប់ផ្សំដំណេក ខ្ញុំស្រក់ទឹកភ្នែកម្នាក់ឯងនឹកដល់ប្រពន្ធ និងកូននៅឯខេត្តកំពង់ធំ មើលទៅយើងអស់បានជួបគ្នាហើយ ឲ្យបងសុំទោស ធ្វើម្តេចបើស្រុកទេសគេអញ្ចឹង កំហុសទាំងនេះ សូមឲ្យពួកប៉ុលពត ទទួលយកជំនួសខ្ញុំ ផងចុះ! ។ ស្លេះត្រឹមនេះសិន មើលរឿងអានី.....

ស្ទូងយូរដែរទើបហើយ តាមពិតទៅស្រែតិចទេ វាយូរពីសំណាប ១ថ្ងៃដឹកបានតែ១រទេះ ស្ទូង១ភ្លេតអស់ ហើយ ជួនកាលយ៉ាងច្រើនបាន២រទេះ, ដល់ស្ទូងហើយដើរលុយទឹកមកវិញ ដាក់អីវ៉ាន់លើរទេះ អានី ដើរ ឥតចង់រួចទេ ពូតាំងដេញពួកមុខឲ្យដើរទៅឲ្យលឿន អានីយូរៗដើរទៅមុខឥតចង់រួច ពូតាំងថាមកជិះរទេះ មក ពួកគេដើរផងជិះរទេះផង តាំងពីព្រឹកទល់ល្ងាចទើបដល់ភូមិ ។ មកដល់ភូមិវិញយកបាយ និងសាច់ ជ្រូកព្រៃឲ្យបងផន, ក្មួយអានី ផល្លី, ផាន់ណា ឃើញអរចង់ងាប់ហើយ បានបាយ និងសាច់ជ្រូក១ដុំម្នាក់ នាំគ្នាអង្កៀម​យ៉ាងឆ្ងាញ់​ ។​​

មកដល់ផ្ទះវិញបំបែកគ្នា ធ្វើការនៅភូមិរៀងខ្លួនបាន៤-៥ថ្ងៃ អានី​ ក៏រើជម្ងឺគ្រុនញាក់ឡើងវិញ ញាក់ទាំង ព្រឹកអានីគិតថាចាំស្វាងពីញ៉ាក់ចាំទៅសុំច្បាប់គេ ​ដេកគ្រលំភួយញាក់រង្គើផ្ទះ ផាន់ណាក្មួយអានី សួរថាតូវ នីឯងធ្វើអី អានីថាគ្រុនញាក់ហើយឲ្យវាឡើងជិះ ពូតាំងមិនឃើញអានីទៅធ្វើការក៏ដើររក​ មកដល់ឃើញ សួរ​ថាអាផាន់ណាហ្អែងធ្វើអីនឹង វាថាតូវនីឈឺហើយគាត់ញាក់ ពូតាំងឡើងមកមើល ឃើញយ៉ាងនេះក៏ ប្រាប់ឲ្យទៅពេទ្យ អានីឥតមាត់ថាម៉េច ដល់ស្វាងប្រឹងងើបអង្គុយ គាត់ថាមិត្តឯងដើររួចទេ? អានីថាដើរ មិនដល់ពេទ្យទេ បើស្វាងងើបមិនចង់រួចផង ល្ងាចម៉ិញហូបបបរឥតកើតល្វីងមាត់ណាស់ គាត់ថាបើ អញ្ចឹងចាំឲ្យរទេះដឹកទៅពេទ្យជាយស្បៃ ពេទ្យរួមសង្កាត់ក្រែងមានថ្នាំល្អឆាប់ជា, កាលនោះមីងរឿនដែល ស្គាល់មិត្តខុម គាត់សុំទៅពេទ្យជាមួយដែរ ទៅរកសុំថ្នាំគេក្រែងបានថ្នាំល្អ ជិះរទេះទៅជិតផ្លូវបត់ចូលពេទ្យ ជាយស្បៃ​ ចៃដន្យពេលនោះ ឃើញមិត្តខុម ដើរច្រាស់គ្នាជាមួយរទេះ គាត់ឃើញមីងរឿនធ្លាប់ស្គាល់គ្នា ក៏សួរថាមីងទៅណា មីងរឿនថាអើ អញជូនវាទៅពេទ្យ មិត្តខុមសួរថាឈឹអី? មីងរឿន​ថាមិត្តនីគ្រុនញាក់ អញជូនវាទៅពេទ្យជាយស្បៃ មីងរឿនទៅដល់ពេទ្យសុំថ្នាំគេបាន ក៏ជិះរទេះត្រឡប់មកភូមិវិញ, ដេកពេទ្យ យប់ដំបូង អានីដើរទៅជុះលុះដើរមកវិញ ​ងងឹតមុខសន្លប់ដួលដេកនៅនឹងគល់ស្វាយ១យប់ អង្រ្កងខាំ ពេញខ្លួន ជិតភ្លឺទើបដឹងខ្លួន ដើរទ្រាបៗមករោង ជួបពេទ្យសួរថា​មិត្តឯងមកពីណា? អានីថាមកពីបត់ជើង គេថាមិត្តឯងដើរអីក៏ឆ្ងាយម៉េះ, មកដល់រោងវិញគ្រុនសន្ធំ ពេទ្យដួសបបរឲ្យហូប អានីហូបឥតកើត​ទេ ល្វីងមាត់​ណាស់ គេបង្ខំពេកហូបបាន២មាត់ក៏ក្អូតអស់ អានីនៅតែគ្រុនសន្ធំគិតថា ពេលនេះស្លាប់ហើយ, ស្អែកព្រឹកឡើងពេទ្យយកថ្នាំ១គ្រាប់មកឲ្យលេប មិន​ដឹងថ្នាំអីទេ គ្រាន់តែដឹងថាជាថ្នាំបារាំង មិនមែនថ្នាំ អាចម៍ទន្សាយទេ  រួចហើយពេទ្យយកសារាង10 CC បូមទឹកដូងដែលដាក់ក្បែរនោះ យកមកចាក់បញ្ចូល តាមសរសៃឈាមឲ្យអានី ដំបូងអានីគិតថាគេចាក់ទឹកដូង សម្លាប់ហើយ​ រាងអល់អែកមិនចង់ឲ្យគេចាក់ ពេទ្យហ្នឹងនៅក្មេងអាយុប្រហែល១៩ឆ្នាំ ​គាត់ថាមិត្តឯងបានខ្ញុំចាក់ទឹកដូងឲ្យសំណាងហើយ ទឹកដូងនេះ មិនធម្មតាទេខ្ញុំឡើងបេះខ្លួនឯង ហើយពាំនឹងមាត់មក មិនហ៊ានទំលាក់មកដីខ្លាចក្រឡកទឹក ចាក់ទៅវា មិនស្លាប់ទេ, ចាក់រួចកូនពេទ្យហ្នឹងប្រាប់ថា ល្ងាចនេះមិត្តឯងឃ្លានបាយហើយ, ព្រឹកហ្នឹងអានីហូបអីឥត​ទាន់កើតទេហូបបបរបាន២-៣ម៉ាត់ប៉ុណ្ណោះ ដល់​ពេលព្រលប់ស្រាប់តែឃើញពេទ្យហ្នឹងយក​បាយ និង​មាន់ស្ងោរ១ភ្លៅមកឲ្យអានីលាក់ៗ ​មិនឲ្យគេឃើញ ហើយបា្រប់ថាមិត្តឯងហូបទៅ ឥឡូវនឹងហូបបាន​ហើយប៉ុណ្ណឹងជាហើយ, អានីហូបបាយជាមួយសាច់មាន់ ហុតទឹកមាន់ស្ងោរ ឆ្ងាញ់ណាស់ ហូបអស់បាយ​១កាតូ និងសម្លមាន់ស្ងោរ១ភ្លៅ, ហូបបាយហើយស្វាងចេស ជាដូចគេបេះអញ្ចឹង,នៅដេកពេទ្យបាន១យប់​ទៀត អានីសុំគេចេញទៅផ្ទះវិញពេទ្យហ្នឹងថាមិត្តឯងនៅបន្តិចទៀតទៅ​ អានីថាឥតនៅទេ ជាហើយសុំទៅ​ផុ្ទះវិញហើយ,​ ដើរមកផ្ទះតាមផ្លូវជួបប្រពន្ធលោក ផុន ធ្វើគ្រូអភិវឌ្ឍដែរគាត់សួរថាមិត្តឯងមកធ្វើអី អានីថា​ចេញពីពេទ្យគាត់ថាហ្អាកមកដេកពេទ្យនឹងដែរ,​ ​អានីសួរថាបងឯងដែលឈឺអីដែរ? គាត់ថាឥតទេមិន ដែលឈឺអីទេ ដើរបណ្តើរ និយាយបណ្តើរ ជួនដំណើរអានីមកដល់ផ្លូវជាតិ ទើបគាត់ត្រឡប់ទៅភូមិវិញ ។ ​ក្រោយមកទើបអានីដឹងតាមមីងរឿនថាថ្នាំពេទ្យ (គីនីន) និងមាន់ស្ងោរ គឺមិត្តខុម ជាអ្នកយកទៅឲ្យអានី ដោយយកអាវ និងថ្នាំពេទ្យបារាំងទៅសូបពេទ្យ, អានីបានផ្តាំតាមមីងរឿនថា សូមអរគុណហើយដែល បានជួយខ្ញុំ សូមកុំឲ្យខ្ញុំមានបាបកម្មអី ខ្ញុំមិនយកប្តីទៀតទេ ។

មានថ្ងៃមួយពេលព្រលប់ ពួកប៉ុលពតដើរហៅអ្នកភូមិតាមផ្ទះទាំងអស់ ឲ្យនាំគ្នាទៅរែកទឹកស្រោចលាង ថ្នល់​ជាតិនៅមុខភូមិស្វាយកាល់ ពួកគេប្រាប់ថាស្អែកនេះ ឡានដឹកគណប្រតិភូមចិន មកទស្សនាខេត្ត កំពង់ធំ ដូច្នេះអង្គការដាក់ទិសឲ្យអ្នកភូមិនៅជាប់ថ្នល់ជាតិទាំងអស់ ត្រូវបោសសំអាត និងលាងជម្រះ ផ្លូវជាតិដែលនៅជាប់ភូមិរៀងៗខ្លួន ហើយថ្ងៃស្អែកនេះដែរ អង្កការក៏តម្រូវឲ្យ មិត្តយើងធ្វើការនៅក្បែរដង ផ្លូវឲ្យបានច្រើន និងស្លៀកពាក់ខោអាវខ្មៅទាំងអស់គ្នា ដើម្បីឲ្យគណប្រតិភូចិន​បានឃើញពីសកម្មភាព ការងាររបស់យើង, រួចហើយពួកគេបានប្រាប់កន្លែង ដែលនឹងត្រូវធ្វើការនោះដល់អ្នកភូមិ  និងបានចាត់ តាំងអ្នកមូលដ្ឋានណាដែលមានខោអាវខ្មៅថ្មី និងក្រមាក្រហមថ្មីឲ្យមកធ្វើការនៅតាមដងផ្លូវជាតិ ដូចជា ស្ទូងស្រូវ ដាំដំឡូង ដាំបន្លែ ជាដើម ហើយអ្នកថ្មីគេមិនអនុញ្ញាតឲ្យមកធ្វើការក្បែផ្លូវថ្នល់ឡើយ ។ អ្នកភូមិ ខ្លះពិសេសពួកអ្នកមូលដ្ឋាន រអ៊ូក្រោយខ្នងពួកប៉ុលពតភូមិនេះថា វាមិនដែលម៉ែឪអាណារែកទឹកស្រោច លាងផ្លូវថ្នល់ដូច្នេះទេ អីក៏លើកតម្កើងចិនខ្លាំងម្ល៉េះ, ថាចេះតែថា ធ្វើក៏នៅតែធ្វើ ម្នាក់ៗមិនហ៊ានឈប់ទេ, ដល់យប់ជ្រៅទើបលាងហើយ ។​​

ពេលជិតដាច់ ពួកប៉ុលពតជន្លៀសអ្នកកំពង់ចាម ឲ្យមកនៅកំពង់ធំច្រើនណាស់ ដំបូងគេ​ឲ្យទៅនៅក្នុងវត្ត តាំងក្រសាំង កាលហ្នឹងប៉ាអានីទៅមើលក្រែង ឃើញប្តីអានីមកដែរ ទៅមើលក្នុងវត្ត ម៉ែក៏ទៅដែរ ដើរទៅ អើតមើលក្រែងប្រទះឃើញខ្ញុំ(ផេង), អ្នកមកពីកំពង់ចាមសំបូរប្រុសៗណាស់ ប្រហែលជាប៉ុលពតមិនសូវ សម្លាប់ប្រុសៗច្រើនដូចស្រុកនេះទេ, ​នៅបានបន្តិចពួកគេ​ក៏ជន្លៀសអ្នកកំពង់ចាម ចេញពីវត្តតាំងក្រសាំង បន្តទៀត ឲ្យទៅនៅតាមភូមិនានាជាប់ផ្លូវជាតិ  ហើយមួយចំនួនបានយកមកដាក់ ឲ្យនៅស្វាយកាល់នេះ តែពួកគេឥតឲ្យនៅ​ក្នុងភូមិទេ ឲ្យទៅនៅតាមមាត់ព្រៃជិតព្រៃតាម៉ា ឥតមានធ្វើរោងឲ្យនៅទេ នៅតាម យថាកម្មទៅ អ្នកខ្លះមានកន្ទេល ឬមានសំពត់តង់ ក៏ឆ្លៀតធ្វើរោងខ្លួនឯងនៅ អ្នកខ្លះទៀតឥតមានអ្វី ក៏ដេកនឹងដីហាលខ្យល់ហាលសន្សើម ចាស់ៗឥត​អីហូបឈឺស្លាប់ អស់ច្រើនណាស់ ពួកគេបើកអង្កររបប ឲ្យបន្តិចៗ, ពួកអ្នកកំពង់ចាមនាំគ្នាដៀលពួកប៉ុលពតនៅទីនោះថាស្រុកគេហូបសុទ្ធតែបាយ បើហូបបបរ ក៏បបរខាប់ដែរ ហើយហូបបបរតែ១-២ខែ មុនរដូវច្រូតកាត់តែប៉ុណ្ណោះ, មិនដែលអត់ដូចស្រុកនេះអញ្ចឹង ទេ, ពួកប៉ុលពតឮយកទៅសម្លាប់អស់ច្រើនណាស់, ពេលនោះរដូវច្រូតកាត់ អ្នកកំពង់ចាមច្រើនពេកពួក គេគ្រប់គ្រងមិនឈ្នះក៏ឲ្យពួកអានីអ្នក​ថ្មីទៅជួយមើល គេរៀបជាក្រុមៗ ក្នុង១ក្រុមមាន១៥នាក់​ ឲ្យពួកអានី ធ្វើប្រធានក្រុម ម្នាក់១ក្រុមៗ ចាំមើលពួកហ្នឹងច្រូតស្រូវ,  អ្នកកំពង់ចាមច្រូតបណ្តើរ  លួចបូតស្រូវបណ្តើរ លាក់ទុកនៅនឹងចង្កេះសំពត់ ឬវិចនឹងជាយក្រមា ដំបូងអានីប្រាប់ថាកុំបូតអី តែគេឃើញគេស្តីឲ្យខ្ញុំងាប់ ហើយ ពួកគាត់ថាមីអូនណើយ នៅរោង​កូនផង ម៉ែផង ឪផង ឥតមានអីហូបទេ គេបើករបបឲ្យតិចៗ​ ២ថ្ងៃ ទើបបើកម្តងហូបអីគ្រាន់? នៅស្រុកខ្ញុំមិនខ្វះអីហូបទេអីក៏​មានដែរ, ដល់ឮអញ្ចឹងមិនដឹងធ្វើម៉េចទេ អានីក៏ ដើរឲ្យឆ្ងាយចេញពីពូកហ្នឹងធ្វើដូចមិនឃើញទុកឲ្យគេបូតខ្លះៗទៅ, កាលនោះបងថាត​ធ្វើប្រធានក្រុមដែរ នៅជិតក្រុមអានី គាត់ថាណ្ហើយហ្អែងធ្មេចភ្នែកខ្លះទៅ ឲ្យគេបូតខ្លះទៅ គេមានម៉ែឪចាស់ជរា មានកូនចាំ ហូបនៅឯផ្ទះ បងបិទភ្នែកខ្លះហើយ ធ្វើម៉េចលួច​បានលួចទៅកុំឲ្យតែគេទាន់ ។ ពួកអ្នកកំពង់ចាមឮសូរតែ ស្លាប់១ថ្ងៃ ​៣-៤នាក់ៗ រាល់ថ្ងៃព្រោះឈឺអត់មានអីហូប ហើយកន្លែងដេកក៏មិនមានត្រឹមត្រូវដែរ ភាគច្រើន ដេកហាលវាល ហាលសន្សើម ខ្លះឥតអីហូបទៅលួចឡើងយកទឹកត្នោតផឹប គេឃើញ​ទាន់គេសម្លាប់ ចោលទុកសាកសពនៅនឹងដើមត្នោត គួរឲ្យរន្ធត់​ និង អាណិតអាសូរខ្លាំងណាស់។ ពួកអ្នកកំពង់ចាមនៅ ទីនោះបានប្រហែលកន្លះខែ ពួកប៉ុលពតជន្លៀសឲ្យទៅមុខទៀត មិនដឹងទៅដល់​ណាទេ។ ដល់ពេលដាច់ ប៉ុលពតហើយ ពួកគេទៅកំពង់ចាមវិញ ខ្លះលីផ្កាក់ ខ្លះលីពូថៅ រែកកូនរែកចៅ សែងឪពុកម្តាយចាស់ជរា ដល់ផ្ទះអ្នកមូលដ្ឋានណា ឡើងលើផ្ទះហ្នឹង កកាយរើរករបស់ហូប, លុះមកដល់ភូមិស្វាយកាល់ ឡើងលើ ផ្ទះរកមិត្តអួន ​ ពួកគេខឹងណាស់ បើឃើញគេនឹងកាប់ចិញ្រ្ជាំឲ្យខ្ទេចតែម្តង ព្រោះពួកគេស្លាប់បងប្អូនស្ទើរ តែអស់ដោយសារមិត្តអួន, ពេលនោះអ្នកភូមិស្វាយកាល់ ទាំងអ្នក​ចាស់ទាំងអ្នកថ្មីភ័យខ្លាំងណាស់ហើយ មិនហ៊ានចេញទៅថ្នល់ជាតិទេ ទាល់តែពួកហ្នឹងទៅផុតអស់ បានហ៊ាន ចេញទៅថ្នល់ ។ (ពេលដាច់ហើយ មិត្តអួនត្រូវបានវៀតណាម ចាប់យកទៅឲ្យរៀនសូត្រ នៅសួងជាមួយមេៗ ប៉ុលពតផ្សេងទៀត រួចហើយ បញ្ជូនឲ្យមកនៅស្រុកកំណើតវិញ ពេលចុះពីលើឡាននៅទីរួមខេត្តកំពង់ធំ ពួកអ្នកថ្មីឃើញ ក៏ទៅស្ទាក់​កាប់សម្លាប់នៅពាក់កណ្តាលផ្លូវទៅផ្ទះ ) ។ ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

នៅដេកផ្ទះភូមិគោលបាន១យប់ ស្អែកឡើងនាំប្តីប្រពន្ធមកស្នាក់នៅជាមួយអ៊ីគាន ឯភូមិទេពនិមិត្តវិញមក ដល់ភូមិស្នាក់នៅជុំគ្នា បានតែ៥ថ្ងៃប៉ុណ្ណោះ ប្រពន្ធខ្ញុំត្រូវអង្គការបំបែកឲ្យដើរស្ទូងស្រូវចល័តក្នុងឃុំយូរៗ បានមកដេកផ្ទះម្តង ឯខ្ញុំមកនៅចំការក្រូចដូចធម្មតា ឥតបាននៅជួបជុំគ្នា ខិតខំបង្កបង្កើតកូន ដូចដែល អង្គការបានឲ្យពរនោះទេ! នេះជាពាក្យអង្គការ និយាយឲ្យតែរួចពីមាត់របស់គេ ស្តាប់ទៅហាក់ដូចជា អង្គការយកចិត្តទុកដាក់រឿងគូស្រករនេះខ្លាំងណាស់, ចង់បង្កើនប្រជាជនខ្លាំងណាស់ តែសម្រេចសម្រួល ឲ្យនៅបែកគ្នាដដែល ដូចកាលពេលឥតទាន់រៀបការអញ្ចឹង! ។​

ក្រោយមកបន្តិចប្អូនស្រីរបស់ខ្ញុំ ​"អាលាងវួច" បានរត់ជាមួយក្រុមកងចល័ត (នាងធ្វើជាកងផលិតតំបន់) ពីស្រុកមេមត់  ចូលព្រៃដំបែរ ដើរក្នុងព្រៃមកដល់ព្រៃថេរ នៅជិតភូមិក្បាលបឹងសេះ ក៏បំបែកហ្វូងគ្នាដើរ​ចូលភូមិរៀងៗខ្លួន នាងក៏ដើរម្នាក់ឯងមកភូមិទេពនិមិត្ត ពេលនោះខ្ញុំភ័យខ្លាំងណាស់ ខ្លាចគេយកប្អូនទៅ​សម្លាប់ដូច៤នាក់នោះដែរ តែសំណាងល្អពួកគេមិនសម្លាប់ទេ ប្រហែលជាពួកគេគិតថាជាស្រ្តីមិនធ្វើការ អ្វីធំដុំ ឬប្រហែលជាមិត្តរ៉ុង​សុំគេទុកក៏មិនដឹង ព្រោះម្តាយក្មេកមិត្តរ៉ុងត្រូវជាបងប្អូននឹងម្តាយខ្ញុំ។ គ្រួសារខ្ញុំ ១ពូជនេះ គឺសុទ្ធតែជាអ្នកធ្វើការនៅសម័យខ្មែរក្រហមទាំងអស់ តាមបងប្រុសរបស់ខ្ញុំ លើកលែងតែរូបខ្ញុំ​ម្នាក់គត់, ដំបូងបងខ្ញុំឈ្មោះអ៊ាមស្រេង(វណ្ណា) ចូលព្រៃតាំងពីឆ្នាំ១៩៧០ ក្រោយមកបន្តិចគាត់មកបបួល ប្អូនប្រុសខ្ញុំឈ្មោះហុងស្រ៊ាង និងប្អូនស្រីឈ្មោះលាងហ៊ង ឲ្យទៅចូលព្រៃដែរ ហើយនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៣(តាមពាក្យប្អូនឡេងសុផុន) គាត់មកយកប៉ាម៉ែ និងប្អូនខ្ញុំ២នាក់ទៀត ប្រុសឈ្មោះឡេងសុផុន​ (សព្វថ្ងៃជាឧត្តមសេនីយផ្កាយ២ធ្វើការនៅDN)​ និងស្រីឈ្មោះ លាងវួច ឲ្យទៅធ្វើការជាមួយខ្មែរក្រហម ទៀតដែរ ​។​​

នៅចុងឆ្នាំ១៩៧៨ អង្គការប៉ុលពតបានកៀរអ្នកភូមិនៅត្រើយខាងកើត ឲ្យទៅនៅត្រើយខាងលិចទន្លេ មេគង្គ ដោយសារតែពួកគេចោទថា ភូមិជាច្រើននៅឯត្រើយខាងកើតទន្លេ មានខ្មាំងក្បាលយួនខ្លួនខ្មែរ នៅបង្កប់ចាំយកការណ៍ឲ្យវៀតណាម ដំបូងគេ​កៀរអ្នកភូមិនៅក្បែរៗព្រៃមុនគេ, នៅក្នុងឃុំគរនេះ ពួកគេ បានកៀរអ្នកភូមិគរជាភូមិចាម ភូមិកណ្តាល ភូមិក្បាលបឹងសេះ ភូមិល្វា ឲ្យទៅនៅត្រើយខាងលិច ទន្លេមេគង្គបណ្តើរៗហើយ នៅសល់តែ២ថ្ងៃទៀតទេពួកគេនឹងកៀរមកដល់ភូមិទេពនិមិត្តហើយ, អ្នកភូមិ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លះបានប្រុងប្រៀបរៀបចំអីវ៉ាន់មុន ខ្ញុំគិតថាបើពួកគេកៀរទៅត្រើយខាង លិចទន្លេមេគង្គ មុខជាបញ្ជូនទៅតាមខេត្តកំពង់ធំ ព្រោះផ្លូវជាតិពុំមានបែកទៅទិសខាងត្បូងទេ មានតែ បែកទៅទិសខាងជើង គឺថ្នល់បំបែកត្រើង និងថ្នល់បំបែកស្គន់ បើទៅត្រង់មានតែទៅភ្នំពេញ និងទៅ បាត់ដំបង (គេមិនបញ្ជូនទៅតាមផ្លូវនេះទេ) បើទៅតាមខេត្តកំពង់ធំ មុខជាត្រូវកាត់តាមភូមិស្វាយកាល់ ឃុំកកោះ មិនខាន ពេលនោះខ្ញុំមុខជាជួបពួកប៉ុលពតនៅភូមិស្វាយកាល់ គេមុខតែចាប់ខ្ញុំយកទៅសម្លាប់ មិនខាន ។​​​ នៅចុងឆ្នាំ១៩៧៨ដដែល ខែ១២ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកង ទ័ពវៀតណាម បានវាយរុញច្រានពួកប៉ុលពត ហើយរំដោះទឹកដី ត្រើយខាងកើតទន្លេមេគង្គជាបន្តបន្ទាប់ ហើយភូមិ​ទេពនិមិត្ត ត្រូវបានរំដោះពីក្រញាំបីសាច ប៉ុលពតនៅ ខែធ្នូឆ្នាំនោះ​ដែរ ក្រោយមករំដោះភ្នំពេញ​បាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។​

ពេលស្រុកទេសត្រូវបានរំដោះថ្មីៗ ខ្ញុំនិងប្រពន្ធចុងបានបែកពី ឪពុកម្តាយទៅនៅភូមិចំការកៅស៊ូឈ្មោះ ២១៧ ក្នុងគោលបំណងធ្វើជាកម្មករ ចំការកៅស៊ូនៅទីនោះ ពេលនោះមានមនុស្សចូលទៅនៅក្នុងភូមិនេះ បណ្តើរៗហើយ មាន​ប្រធានភូមិ ក៏ដូចជាប្រធានក្រុម បានចាត់តាំងកម្លាំងដើរកាប់ឆ្ការព្រៃ សំអាតចំការ កៅស៊ូជាបណ្តើរៗ ហើយពួកអ្នកចូលចំការកៅស៊ូទាំងអស់ ពុំទាន់មានប្រាក់បំណាច់ ឬការឧបត្ថម្ភអ្វីទាំង អស់ម្នាក់ៗធ្វើការដោយស្ម័គ្រចិត្ត ខ្ញុំ និងប្រពន្ធក្រោយ បានចូលក្នុងក្រុម បានធ្វើការដូចគេឯង ហើយបាន កាប់ឆ្ការដី នៅខាងក្រោយផ្ទះដាំពោត និងសណ្តែកបាយ ពេលថ្ងៃទំនេរខ្ញុំទៅខ្វាត្រីឆ្លូញ នៅអូរគគីខាង ក្រោយភូមិ ខ្ញុំបានជួយអ្នកភូមិ២១៧ ធ្វើដែកខ្វាត្រីឆ្លូញស្ទើរគ្រប់គ្នា។ មកនៅចំការកៅស៊ូបាន១ខែប្រពន្ធ ខ្ញុំមានទម្ងន់ចាញ់កូន ខ្ញុំបានថ្នាក់ថ្មមនាង មិនឲ្យធ្វើការងារធ្ងន់ទេ មានយប់១នោះភ្លៀងធ្លាក់១មេយ៉ាងធំ ព្រឹកឡើងប្រពន្ធខ្ញុំដើរ ទៅក្នុងចំការកៅស៊ូ រកបេះបន្លែយកមកស្ល តែជាអកុសល ក៏ស្រាប់តែរអិលជើង ដួលដោយសារភ្លៀងទើបនឹងរាំងថ្មីៗ ធ្វើឲ្យដីក្រហមស្អិតជាប់ជើង ដកជើងពីកន្លែងស្អិត មកជាន់លើដី ដែលមានទឹកដក់តិចៗ ក៏រអិលដួលទាំងជំហរ ធ្វើឲ្យរលូតកូននៅពេលនោះទៅ! ជាសំណាងល្អពេលនោះ ប្អូនស្រីជីដូនមួយខ្ញុំឈ្មោះស្រ៊ន ចេះពេទ្យសម័យប៉ុលពតក៏នៅភូមិនោះដែរ បានមកជួយកៀរយកឈាម ចេញពីស្បូន ហើយដាក់ឲ្យដេកលើគ្រែដុតភ្លើងពីក្រោម ដើម្បីសម្រន់ការឈឺចាប់ តាមរបៀបឆ្មបបូរាណ (ឆ្អើរភ្លើង) ។ ស្លេះត្រឹមនេះសិន មើលរឿងអានី.....

ពេលប្រទេសជិតត្រូវបានរំដោះ ពួកគេប្រើឲ្យទៅច្រូតស្រូវ នៅពាក់កណ្តាលផ្លូវទៅវាលក្រោម សំរាកនៅ ក្រោម​ដើមពោធិ៍មានគ្នាគេ៣នាក់ទៅត្រួតត្រាពួកអានី ប្រធានកង(ភ្លេចឈ្មោះ) ពួកគេដេកជាប់នឹង​គល់​ពោធិ៍ឲ្យពួកអានីដេក​ឆ្ងាយពីដើមពោធិ៍បន្តិច គឺដេកព័ទ្ធជុំវិញពួកគេ, ស្រូវទុំនៅជិតភូមិគេមិនឲ្យច្រូតឲ្យទៅ​ច្រូតស្រូវសុទ្ធតែស្មៅ ដើរសន្សំឯណេះ១ដើម ឯណោះ១ដើម គ្នាប្រមាណ២០នាក់លាយក្មេងៗខ្លះផង ​ទំរាំដល់ល្ងាច ច្រូតបានស្រូវប្រហែល៣០កណ្តាប់ ដឹកមិនបាន១រទេះផង ។ ទៅដេកច្រូតស្រូវបាន៥-៦យប់ ឃើញពួកគេឆ្លេឆ្លាៗ បាន Radio មួយ គេនាំគ្នាស្តាប់ខ្សឹបខ្សៀវគ្នា ​លែងមកមើលពួកអានីច្រូតស្រូវ, យប់ឡើងឃើញពួកគេ មកពីភូមិ៣-៤ នាក់ទៀត រួមទាំងមិត្តអួន(ប្រធានភូមិ)ផង គេ​បើក Radio ស្តាប់នៅ គល់ពោធិ៍ ឮវ៉ែៗស្តាប់បានខ្លះ មិនបានខ្លះ ស្តាប់ព័ត៌មានពីភ្នំពេញ ពេលនោះ ខែងងឹតពួកអានីម្នាក់គឺបង ពេជ្រ បានលូនទៅជិតពួកគេ ស្តាប់ Radio ឮថាភ្នំពេញត្រូវបានរំដោះ ពីបនប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផនហើយ ។ ព្រឹកឡើងនាំគ្នាទៅច្រូតស្រូវ ពួកអានីឈរនិយាយគ្នា ពីរឿងស្តាប់វិទ្យុយប់ ម៉ិញ ភ្នំពេញដាច់ហើយ ចាំមើលពួក​អស់ហ្នឹងគេរត់ទៅណាខ្លះ! ពួកគេ​ក្រឡេកមកឃើញ ពួកអានីឈរ និយាយគ្នាឥត​ច្រូតស្រូវ មានម្នាក់រត់មកស្តីឲ្យពួកអានីថា ម៉េចមិនច្រូតស្រូវនៅឈរធ្វើអី មិត្តឯងទាំង អស់គ្នាហ្នឹង ចង់ប្រឆាំងអង្គការឬ! ពួកអានីឥតមានអ្នកណា តមាត់ជាមួយគេ​ទេ ក៏នាំគ្នាដើរច្រូតស្រូវ សន្សំត្រង់នេះ១ដើម ត្រង់នោះ១កួរ ដូចមុនទៀតទៅ ។ លុះព្រឹកស្អែកឡើង តាម្នាក់ដែលមាន ភារកិច្ចដឹក កណ្តាប់ស្រូវយកទៅបញ្ជាន់នៅភូមិ បានមកដល់ កន្លែងច្រូត ក៏ស្រែកប្រាប់ពួកអានីថា នៅច្រូតស្រូវដល់ ណាទៀត គេនាំគ្នាដណ្តើមស្រូវអង្ករពេញភូមិហ្អក! មួយរំពេចនោះ ឃើញកូនក្មេងឈ្លបម្នាក់ជិះសេះមកពី ភូមិស្រែកថា ទៅតឹ! ឲ្យយួនវាអារកងាប់អស់ទៅ! តានោះ (អ្នកមូលដ្ឋានដែរ តែដូចជាអត់ត្រូវគ្នាជាមួយ ពួកគេ) ​គាត់ក៏ចាប់គោទឹមរទេះ (ពេលយប់ គោនិងរទេះ ពួកគេឲ្យទុកនៅកន្លែងច្រូតស្រូវ ដើរទៅដេកនៅ ផ្ទះវិញតែខ្លួនទទេ) រួចហើយស្រែកថា អ្នកណាមិនទៅហីទៅ គ្នាទៅហើយវើយ​ អ្នកណាចាប់យកទៅណា ក៏យកទៅចុះ!, បងពេជ្រក៏ថាទៅដែរហើយ បំណាច់នឹងស្លាប់ ទៅឲ្យដល់ផ្ទះសិន ឮអញ្ចឹងពួកអានីក៏នាំគ្នា រត់ស្រ ទៅប្រមូលសាក់កាដូអីវ៉ាន់យកទៅផ្ទះវិញ, ពួកគេឥតឃាត់ទេគេកំពុងតែភ័យខ្លួនគេ​ដែរ ហើយមិន ដឹងថាត្រូវចូលភូមិវិញ ឬត្រូវរត់ទៅណាទេ​ ។​​​

ដើរមកតាមផ្លូវឃើញគោ១ក្រោល បងពេជ្រថាអញចូលចាប់គោ២ដឹកយកទៅឥឡូវហើយ​ បងថាតថាអើ ចាប់ទៅប្រយ័ត្នដល់ផ្ទះ​ មិនទាន់ដាច់គេយកទៅវ៉ៃចោល មិនហ៊ានចាប់ក៏នាំគ្នាដើរ ទៅជិតដល់ភូមិឃើញ គេនាំគ្នារត់ប្រសាច មករកច្រូតស្រូវនៅវាល ព្រោះស្រូវក្នុងជង្រុកគេដណ្តើមគ្នាអស់ហើយ បងថ្លៃអានីបង ផង និងមិត្តយ៉ែនប្អូនគាត់ ដណ្តើមស្រូវបាន២-៣កញ្ជើ​ដែរ, ដល់យប់បងផនបបួលទៅ ចាប់កណ្តាប់ដែល គេច្រូតគរទុក នៅស្រែខាងក្រោយភូមិ ពូតាំងថាទៅប្រយ័ត្នគេប្រមូលយក ឲ្យទៅនៅព្រៃទៀតទៅ! ឮ​អញ្ចឹង ឥតហ៊ានទៅខ្លាចគេកៀរចូលទៅព្រៃចោរ នៅខាងក្រោយភូមិ,(ហួសព្រៃតាម៉ាទៅមុខឆ្ងាយមានព្រៃ និងមានភូមិ១គេហៅភូមិចោរ) យប់នេះគេនាំគ្នាទៅចាប់ជ្រូកចិញ្ចឹមរួម ដណ្តើមគ្នាប្រញ៉ាយ ធ្វើឲ្យជ្រូករួច ពីទ្រុង ទាំងអានីទាំងគេ នាំគ្នាដេញចាប់ ជ្រូករត់កាត់រងដំឡូងតែប​ន្តិចវាហត់ បងផនគាត់ធ្លាប់ចិញ្ចឹមជ្រូក គាត់ចូលទៅចាប់ជើងវាបានជ្រូក១​នាំគ្នាធ្វើហូបទាំងយប់ ដោយឃ្លានខ្លាំងពេកអត់យូរហើយ គ្នាប្រមាណ -៧នាក់ហូបជិតអស់ជ្រូក១ ព្រលឹមឡើងរាកអាចម៍រត់ចូលព្រៃសឹងមិនទាន់ ។ អានី និងក្រុមគ្រួសារបង ផន នាំគ្នាទៅច្រូតស្រូវនៅស្រែខាងក្រោយភូមិជាមួយ គ្រួសារពូតាំង រួចដឹកទៅភូមិស្រយូវ ជាភូមិកំណើត ពូតាំង ហើយកិនបានអង្ករ គាត់ចែកឲ្យ២បាវដឹកមកផ្ទះចែកគ្នាជាមួយបងផន, អានីបានជិត១បាវដែរ ។

ពេលដាច់ហើយអានី និងបងផន មកឈរនៅផ្លូវជាតិ ចាំមើលផ្លូវប៉ាម៉ែមកពីតាំងក្រសាំង, កំពុងតែឈរ មើល​ស្រាប់​តែឃើញលោកខុម និងបងស្រីអូសរទេះកង់កាត់មុខ ដឹកអីវ៉ាន់រកេករកាក ធ្វើដំណើរទៅនៅ ស្រុកគាត់វិញ បងស្រីនោះឃើញអានី ក៏រត់មកអោបហើយនិយាយថា ឥឡូវនេះបើសិនជាអូនឯងព្រម យកប្អូនខ្ញុំ ទោះបីនៅកំពង់ធំហ្នឹង ក៏វាព្រមនៅដែរ មិនទៅស្រុកវិញទេ នៅជាមួយអូនឯងទីនេះហើយ អានីថាខ្ញុំមិនយកប្តីទៀតទេ ធ្វើម៉េចទេយើងឥតមាននិស័្សយ​នឹងគ្នា, ក្រឡេកទៅលោកខុម ឃើញកំពុង សំឡឹងមកអានីធ្វើភ្នែកម៉ក់ៗ គួរឲ្យអាណិតដែរ អានីមិនហ៊ានមើលមុខគេយូរទេ ក៏បែរមុខចេញ ពួកគេក៏ អូសរទេះកង់សន្សឹមៗ ចេញពីទីនោះទាំងអាឡោះអាឡៃទៅ, នេះជាគ្រាចុងក្រោយដែលគេមកអង្វរអានី ក៏ដូចជាលាគ្នាចុងក្រោយដែរ ។​​

ប៉ាម៉ែអានី និងបងប្រុស ព្រមទាំងប្អូនស្រី បានមកជួបគ្នានៅភូមិស្វាយកាល់​ ពួកអានីក៏ចេញដំណើរទៅ រស់នៅភូមិបញ្ញាជី ជាទីកន្លែងដែលអានីធ្លាប់រស់នៅតាំងពីតូចមក ទៅដល់ភូមិបញ្ញាជី គេឲ្យទៅនៅចុង ភូមិ​មិនឲ្យនៅកន្លែងចាស់ទេ បងផនប្រពន្ធបងឃាងនៅផ្ទះ១ គ្រួសារអានីនៅផ្ទះ១ នៅមិនបានប៉ន្មានផ្ទះ អានីទ្រេតជិតរំលុំ គាប់ជួនពេលនោះ បងគ្រុយត្រូវជា បងជីដូនមួយអានី​ ទៅឃើញក៏បបួលមកនៅភូមិ ស្រយូវជាមួយគាត់ គ្រួសារទាំង២ក៏មកនៅ ជាមួយបងគ្រុយ, នៅទីនេះក្នុងខ្ទមជាមួយបងគ្រុយ ​ដោយ ខណ្ឌខ្ទមជា៣កង់ គ្រួសារបងគ្រុយ នៅចំហៀងខាងត្បូង គ្រួសារអានីនៅចំហៀងខាងជើង គ្រួសារបង ផននៅកណ្តាល នៅបានប្រហែល១ខែ បងផនគាត់ស៊ើបរកម្តាយឪពុក ដឹងថានៅរស់ក៏ទៅនៅជាមួយ ម្តាយឯភូមិសាន់គរ ស្រុកកំពង់ស្វាយ។ នៅជាមួយប៉ាម៉ែដំបូង បានអង្ករអានីនឹងហើយគ្រាន់ហូប គាត់នាំ គ្នាដាំបបរខាប់ៗហូបមិនហ៊ានដាំបាយទេ គាត់មានអួនកណ្តាច១កំណាត់ ប្រវែងប្រហែល៥ម៉ែត្រ ដែល បងផនឲ្យ (ពេលទៅដណ្តើម សូ្រវនៅជង្រុករួម គាត់ឃើញអួនក៏ដណ្តើមគេបាន១០ម៉ែត្រ ហើយកាត់ឲ្យ អានីពាក់កណ្តាល) ​ ទៅរកត្រីជាមួយបងគ្រុយនៅស្ទឹងសែន ទល់មុខភូមិស្រយូវ ពេលនោះត្រីសម្បូរ ណាស់ ព្រោះជាង៣ឆ្នាំពួកប៉ុលពតមិនសូវរកត្រីទេ ធ្វើឲ្យត្រីនៅកក​កុញស្ទើរគ្រប់ ស្ទឹង បឹង​ ត្រពាំង រដូវ ត្រីត្រូវទៅរកត្រីដំបូងដើរទៅស្ទឹងសែនដើរ រកកន្លែងអូសអួន ដើររកយូរទំរាំ រកន្លែងស្រូលចុះអូសទៅដល់ កន្លែង១​ឃើញក្មេងកំពុងបោះបង្គោលម្នាក់១ៗ ចុះរាវចាប់ត្រី បងគ្រុយក៏ថាអើយើងចុះអូសអួននៅកន្លែង នេះហើយ ក៏នាំគ្នាចុះអូសអួនទីនោះ អូសបានត្រី១​បាវក៏នាំគ្នាមកផ្ទះវិញ ពេលដើរមកផ្ទះអានី និងបង គ្រុយសែងត្រីហើយកូនគាត់ និងប្អូនស្រីអានីសែងអួនមកផ្ទះវិញ ដើរយូរៗទៅអានីអស់កម្លាំងទន់ជង្គង់ ដើរលែងចង់រួច បងគ្រុយដេញកូនប្រុសគាត់ដែលទៅជាមួយ​ដែរ ឲ្យរត់ទៅប្រាប់ប្រពន្ធគាត់ ឲ្យរកគ្នាមក ជួយសែងត្រី ប្រពន្ធគាត់ក៏មកជាមួយក្មួយប្រុសគាត់ម្នាក់ទៀត មកជួយសែងត្រី​ បងគ្រុយសែងត្រីជា មួយក្មួយគាត់ ប្រពន្ធគាត់ជួយទូលអួន អានីនិង៣នាក់ក្មេងៗដើរខ្លួនទទេ ពួកគេដើរស្ទើរតែមិនដល់ផ្ទះ, ស្អែកឡើងឈប់ដើរហើយ បងគ្រុយបររទេះទៅអូសត្រី នៅកន្លែង​ដដែល ក្មួយបងគ្រុយម្នាក់, ចិកសេង និងក្មួយគាត់ ម្នាក់មកពីបារាយណ៍ ក៏ទៅជួយអូសអួនដែរ ចិកសេងបង្កាត់ភ្លើងចាំដុតត្រី អូសបានត្រីធំៗ បោះឲ្យចិកសេងគាត់ដុត អូសបណ្តើរដុតត្រីហូបបណ្តើរ ​ ប្រុសៗ២នាក់នោះអូសអួន អានីនិងស្រីៗ២­-៣នាក់ជញ្ជូនត្រីឡើងលើដាក់រទេះ បងគ្រុយជួយអូសអួនបានមួយសន្ទុះ គាត់ឡើងទៅដុតត្រីជាមួយ​ចិកសេងដែរ ថ្ងៃនេះរកបានត្រីពេញរទេះ ដឹកមកដល់ផ្ទះ ចែកញាតិ ឯណេះ១កញ្ចើ ឯណោះ១កញ្ជើ រួច ហើយវាល់ចែកគ្នា ជាមួយបងគ្រុយ ម៉ែធ្វើប្រហុកបាន១ធុងធំទុកដូរអង្ករ ដល់ផុតរដូវត្រីត្រូវនៅស្ទឹង សែន បងគ្រុយបររទេះនាំអានីទៅរកត្រីនៅវាលក្រោម អូសអួន១ព្រឹកនៅបឹងវាលក្រោម បានត្រីទាំងធំទាំងតូច ជិតពេញរទេះ, នៅវាលក្រោមកុំនិយាយអ្វីខុសមាត់ឲ្យសោះ ប្រយ័ត្នរកត្រីឥតបាន នៅទីនោះមានលោក តាអ្នកសច្ចំ វត្ថុសក្តិសិទ្ធ នៅថែរក្សា​ មានម្តងនោះបងគ្រុយ បររទេះចេញពីផ្ទះ ទៅបានពាក់កណ្តាលផ្លូវ ក៏និយាយថា​ហ្អ៊ីថ្ងៃ​នេះគិតទៅបឹងរៀលម្តង ក្រែងបានត្រីធំៗ៤-៥ធ្វើងៀត លុះទៅដល់បឹងរៀល ត្រីធំៗ លោតមើលទៅឃើញឲ្យ​សសំព្រុស ដល់ពេលចុះអួសអួនចាប់បានត្រីធំៗតែ៤-៥ប៉ុណ្ណោះ ត្រីលោកផ្លោត ទៅលិច ផ្លោតទៅកើតតែឥតមានចូលអួនសោះ ជួនកាលចូលអួនហើយដល់លូកចាប់ វាលោតពីដៃចូល បឹងវិញបាត់ អ្នករកត្រី​ដូចគ្នានៅក្បែរហ្នឹង គេចាប់ត្រីធំៗបានច្រើនគ្រប់គ្នា នេះមកពីបងគ្រុយខុសមាត់ថា៖ ក្រែងបានត្រីធំ៤-៥ ឥឡូវបានដូចមាត់គាត់ថាមែន ។ ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

ក្រោយមកដោយពុំទាន់មានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអ្វីសោះនោះ ប្រធានភូមិ និងប្រធានក្រុមក៏មិនតឹង តែងដែរបណ្តោយអ្នកភូមិឲ្យដើររកស៊ីរៀងខ្លួន អ្នកខ្លះក៏ចេញពីភូមិទៅរកស៊ីនៅកន្លែងដទៃទៀត អ្នកខ្លះក៏ នៅក្នុងភូមិនេះដដែល តែដើររកស៊ីរៀងៗខ្លួន អ្នកភូមិបែកគំនិត ទៅទិញអីវ៉ាន់ពីប្រទេសវៀតណាមយក មកលក់នៅស្រុកខ្មែរ ឃើញគេរកស៊ីបានខ្ញុំក៏ទៅជួញជាមួយគេដែរ ខ្ញុំដើររើសគ្រឿងកង់ចាស់ៗក្នុងភូមិ មកផ្សំផ្គុំបានកង់មួយ ហើយយកក្រវឹលប្រពន្ធ២ជី ធ្វើជាដើមទុន ទៅវៀតណាមទិញអីវ៉ាន់យកមកលក់ ពេលនោះទំនិញ ត្រូវប៉ាន់មានតែខ្ទឹមស និងចានឆ្នាំង ខ្ញុំទិញខ្ទឹមស យកមកដើរលក់រហូតដល់ផ្លូវបំបែក ស្គន់ ដើម្បីស៊ើបដំណឹងថាតើអាចទៅកំពង់ធំបានឬនៅ? ពេលទៅដល់ស្គន់ ខ្ញុំឃើញគេលក់ត្រីងៀត ខ្ញុំសួរគេថាត្រីនេះយកមកពីណា? គេថាយកមកពីកំពង់ធំ ត្រីវាលក្រោម ពេលនោះខ្ញុំដឹងថា អាចទៅ កំពង់ធំបានហើយ ។​

រកស៊ីរបរជួញដូរនេះបានចំណេញគ្រាន់ចញ្ចឹមក្រពះដែរ ទៅវៀតណាមបាន៤ដង លើកចុងក្រោយត្រូវ ចោរប្លន់អស់រលីងពីខ្លួន ប៊ិសនឹងស្លាប់ទៀតផង, ពេលនោះខ្ញុំមានគំនិតមួយចង់ទៅកំពង់ធំ ស៊ើបសួរគេ មើលក្រែងប្រពន្ធ និងកូននៅរស់, ពេលនោះវៀតណាមបានដឹកអង្ករជាច្រើន យកមកស្តុកទុកនៅឃ្លាំង ទន្លេបិត ហើយមានអ្នកភូមិ២១៧ ទៅស៊ីឈ្នួលលីអង្ករនៅទីនោះដែរ ដោយដូរថ្នូរជាអង្ករ ខ្ញុំបានលួង លោមប្រពន្ធក្រោយថា បងចង់ទៅលីអង្ករនឹងគេ ព្រោះយើងឥតមានដើមរកស៊ីទៀតទេ មានតែកម្លាំង, គាត់ក៏យល់ព្រម, កង់ខ្លួនឯងត្រូវចោរប្លន់យកបាត់, ខ្ញុំបានខ្ចីកង់បងថ្លៃជីដូនមួយ(ប្រពន្ធបងប៊ន) ប្រាប់​គាត់ថាទៅស៊ីឈ្នួលលីអង្ករនៅទន្លេបិត គាត់ថាកង់ហ្នឹងវាចេះតែធ្លាក់ច្រវ៉ាក់ ហុងស្រ៊ុន ឯងមើលទៅបើ​អាចជិះកើតយកទៅ, ខ្ញុំយកកង់នោះមករឹតច្រវាក់ ហើយជិះសាកលមើល ជិះបានយូរដែរទំរាំធ្លាក់ច្រវាក់​ម្តងៗខ្ញុំក៏ខ្ចីកង់គាត់រួមទាំងស្នប់ និងម៉ាលេតសំរាប់រឹតច្រវាក់ផង, ខ្ញុំសម្រេចចិត្តថា ទៅថ្ងៃស្អែកហើយ ពេលល្ងាចខ្ញុំដើរកាច់ពោតទើបតែពងក្អុកដែលដាំនៅខាងក្រោយផ្ទះ យកមកស្ងោរហូប ដើម្បីជាកិច្ចលា គ្នាចុងក្រោយ, យប់ឡើងខ្ញុំនិយាយពាក្យប្រផ្នូល ជាច្រើនប្រាប់ប្រពន្ធចុង បើបងទៅយូរមិនឃើញមកវិញ អូនឯងយកប្តីទៀតចុះជាដើម..., គាត់យកដៃខ្ទប់មាត់ខ្ញុំ កុំឲ្យនិយាយប្រផ្នូលចំឡែកយ៉ាងនេះធ្វើអី! កាល ទើបនឹងការបានគ្នា​ដំបូង ប្រពន្ធខ្ញុំចេះតែសួរជជីកខ្ញុំថា គាត់នេះចាស់អាយុ២៩បានយកប្រពន្ធ ប្រហែល ជាពីមុនធ្លាប់មានប្រពន្ធហើយទេដឹង? ខ្ញុំចេះតែប្រកែកជារឿយៗថាឥតមានទេ! ក្រោយៗមកទៀតគាត់ ចេះតែជជីកសួរដដែលៗ ខ្ញុំក៏ប្រាប់គាត់តាមត្រង់ថាបងមានប្រពន្ធរួចហើយមែននាងឈ្មោះ ហៀក វួចនី ព្រមទាំងមានកូនស្រី១ឈ្មោះ សុភា ទៀតផង, ដល់ប្រាប់ត្រង់គាត់ឥតជឿខ្ញុំ តាំងពីពេលនោះមកគាត់ លែងសួរខ្ញុំពីរឿងមានប្រពន្ធជារៀងរហូត ។

ព្រលឹមឡើងប្រពន្ធ​ខ្ញុំដាំបាយវិចខ្ចប់ រៀបចំប្រដាប់ប្រដារឲ្យខ្ញុំ, ខ្ញុំស្រវាឱបប្រពន្ធថើបយ៉ាងយូរជាការលា គ្នាចុងក្រោយ គាត់ក៏ថើបខ្ញុំវិញដែរ, ខ្ញុំនឹកអាណិតប្រពន្ធចុងជាអនេកពន់ពេក ហើយគិតក្នុងចិត្តថា បើបង មិន​ជួបប្រពន្ធដើមទេ បងនឹងវិលមករកអូនវិញ ។ ខ្ញុំធ្វើដំណើរធាក់កង់មួយៗ លុះដល់ចុងភូមិក៏ងាកមើល ក្រោយឃើញប្រពន្ធដែលជូនដំណើរ កំពុងតែឈរគ្រវីដៃជាសញ្ញាលាគ្នា ខ្ញុំទន់ជង្គង់ធាក់កង់ស្ទើរតែមិន កើតខំប្រឹងប្រមូលអារម្មណ៍ឡើងវិញ ហើយធាក់កង់សន្សឹមៗទៅមុខ, មកដល់ទន្លេបិតខ្ញុំមិនទៅឃ្លាំង អង្ករទេគឺឆ្លងទូកដរ ហើយធ្វើដំណើរសំដៅទៅត្រើង ដល់ត្រើងក៏ជិះកង់បត់ស្តាំដៃ តម្រង់ទៅចំការលើ ជិះពីថ្ងៃត្រង់ដល់ល្ងាច បានទៅដល់ចំការលើ ហើយសុំផ្ទះអ្នកភូមិសំរាក ព្រឹកឡើងបន្តដំណើរទៅកំពង់ធំ បានមកដល់តាំងក្រសាំង ខ្ញុំឆ្លៀតចូលភូមិវាំង ក្នុងគោលបំណងរកឪពុកម្តាយក្មេក, បានទៅដល់កន្លែង ដែលពួកគាត់ធ្លាប់រស់នៅ ឃើញតែដីទទេឥតឃើញផ្ទះទេ ខ្ញុំសួរអ្នកភូមិដែលរស់នៅក្បែរនោះ គេប្រាប់ថា ពួកគាត់រើផ្ទះទៅនៅភូមិស្រយូវហើយ, ក្នុងចំណោមអ្នកភូមិមានយាយម្នាក់ឈ្មោះយឺន គាត់ស្ទុះមកសួរខ្ញុំ ថាអូហ្នឹងឬ កូនប្រសារយាយយន ដែលថាគេយកទៅសម្លាប់ហើយរត់រួចនោះ? ខ្ញុំឆ្លើយថាបាទគឺខ្ញុំហ្នឹង ហើយ, គាត់ថាឱក្មួយអាយុថ្លៃណាស់! យាយយន យកថ្នាំជក់មកដូរអង្ករខ្ញុំទាំងយប់ ប្រាប់ត្រង់ថាកូនប្រ សាររត់គេចពីការសម្លាប់ ខ្ញុំក៏ឲ្យអង្ករគាត់មិនយកថ្នូរអីទេ រួចហើយយាយនោះក៏ដកដំឡូងមីបានមួយ ការុងឲ្យខ្ញុំយកទៅជូនម៉ែក្មេក ខ្ញុំអរគុណគាត់ហើយក៏លាគាត់ធ្វើដំណើរបន្តទៅទៀត លុះជិះកង់មកដល់ ភូមិស្វាយកាល់ ជួបអ្នកដែលយកខ្ញុំទៅសម្លាប់ ជិះកង់បញ្ច្រាសទិសគ្នាគឺមិត្តរ៉េម ឃើញខ្ញុំក៏លាន់មាត់ថា អូហ្នឹងផេង ខ្ញុំថាហ្នឹងហើយយកគ្នាទៅវ៉ៃចោល​ហើយធ្វើមិនស្គាល់! ។ ជិះកង់បន្តមកទៀតជួបពូសៅគាត់ បានហៅខ្ញុំទៅលេងផ្ទះ ខ្ញុំថាប្រញាប់ណាស់ មិនបានចូលទេចាំថ្ងៃក្រោយចុះ ។ ស្លេះត្រឹមនេះសិន មើល រឿងអានី.....

រកត្រីបាន ម៉ែធ្វើ ប្រហុក ផ្អក យកទៅដូរស្រូវ ពេលនោះគ្រួសារអានី លែងហូបបបរទៀតហើយ ហូប បាយ​ម្តង ក្រោយមកម៉ែឲ្យអានីទៅដូរស្រូវ ជាមួយបងគ្រុយនៅភូមិលើ, ផ្អក១គីឡូដូរបានស្រូវ១ថាំងដូរ បានស្រូវ​រួចសុំត្បាល់គេកិនជាអង្ករសំរូបៗយកមកផ្ទះវិញ កំពុងតែទូលផ្អកដើរដូរស្រូវ  អ្នកភូមិឃើញអានី គេប្រាប់​បងគ្រុយ​ថាកុំបណ្តោយ ឲ្យប្អូនក្រមុំស្អាតដើរដូរអញ្ចឹង ប្រយ័ត្នគេធើ្វអំពើ ឬដាក់ស្នេហ៍, បងគ្រុយ ឮអញ្ចឹង លែងឲ្យអានី​ទៅណាឲ្យនៅចាំរទេះ គាត់ទៅដូរជំនួសអានី គាត់ថាយកវាមកតាម នាំវេទនាអញ តើក្រោយមកម៉ែចង់ឲ្យអានីទៅជាមួយគាត់ទៀត បងគ្រុយថាកូវកុំឲ្យវាទៅជាមួយខ្ញុំទៀតខ្ញុំខ្លាចណាស់ ។

នៅជាមួយបងគ្រុយ ប្រហែលជា៣-៤ខែ ពេលយកត្រីប្រឡាក់ និងប្រហុកទៅដូរអង្ករ នៅភូមិបញ្ញាជីមាន គេប្រាប់ម្តាយអានីថា យាយយឺននៅចុងភូមិ មានគ្រូចូលទាយឆុតណាស់ មានគេមករកទាយរាល់ថ្ងៃ ម៉ែឮអញ្ចឹង ស្អែកឡើងគាត់យកអង្ករ២កំប៉ុងទឹកដោះគោ ទៅរកគ្រូហ្នឹងមើលពីជម្ងឺបងឃុនដែលឈឺដើរ បានតិចៗទៅណាមិនរួចទេ ហើយដល់ពេលត្រឡប់មកវិញ គាត់ប្រាប់បងគ្រុយ, ពេលនោះប៉ា និងអានី នៅទីនោះដែរ គាត់ថាគ្រូហ្នឹងថាត្រូវណាស់មីងទៅដល់ស្តីឲ្យមីងថា យាយឯងឥតទៀងឥតត្រង់ទេចេញ មកពីផ្ទះថាមើលពីកូនកំបាក់កំពុក ឥឡូវមកមើលពីកូនបាត់ឯណោះទៅវិញ ម៉ែបន្តទៀតថាមែនហ្នឹង មីងថាទៅមើលពីអាឃុនទេ ទៅ​ដល់ហ្នឹងមិនដឹង​ជាយ៉ាងម៉េច នឹកឃើញផេង ក៏ឲ្យមើលពីផេងមុនទៅ គ្រូ ចូលរូប​ហ្នឹងគេថាផេងសព្វថ្ងៃកំពុងតែទន្ទឹងគិត ចង់មករកប្រពន្ធកូនហើយ ប្រាប់ទាំងថ្ងៃខែថា ថ្ងៃនេះខែ នេះថ្ងៃប៉ុន្មានរោចទេ (អានីមិនចាំ) ​ដល់ថ្ងៃនោះផេងមកហើយ គូព្រេងគេហើយ កូនហ្នឹងមិនស្លាប់ទេ បង គ្រុយក៏ថាកូវហ្អើយកូវ បើវានៅរស់មែននោះវាមកហើយ មិនបាត់យូរអញ្ចឹងទេ កុំទៅជឿគ្រូទាយនោះប៉ា ថាអើកូវហ្អែងមិនបានបង្ហិនអង្ករនៅមិនសុខទេ ​ម៉ែថាគេទាយត្រូវគ្រប់គ្នា​ណា!  ហើយក៏និយាយពីបងឃុន ថាជម្ងឺហ្នឹងមើលយ៉ាណាក៏មិនជាដែរ មានកម្មពីជាតិមុនត្រូវរងទុក្ខអញ្ចឹង ។

២ថ្ងៃមុនពេលខ្ញុំ(ផេង)ទៅដល់ អានីកំពុងតែគ្រុននៅដេកនឹងកន្ទេល ប៉ាបានយល់សប្តិឃើញថា មានដើម ត្របែក១ដើមមានមែក​២សាខា ស្លឹកគ្របលើដំបូលផ្ទះរញេរញ៉ៃ គាត់យកកាំបិតកាប់លួសស្លឹកចេញខ្លះ ឲ្យវារាងស្រឡះបន្តិច ហើយឃើញបងឃាងឈរនៅក្បែរនោះ គាត់ក៏ប្រាប់បងឃាង ឲ្យហុចខ្សែឲ្យគាត់ យកទៅចង​មែកត្របែក២នោះ​ផ្អោបគ្នា ពេលគាត់លូកដៃយកខ្សែ ស្រាប់តែបាត់បងឃាង ឃើញខ្ញុំ(ផេង) ហុចខ្សែឲ្យគាត់ទៅវិញ គាត់ចងហើយភ្ញាក់​ទាំងកណ្តាលយប់​ ដាស់ម៉ែ ដាស់អានី ដាស់ទាំងបងគ្រុយ ប្រាប់ថាផេងនៅរស់ទេ អញយល់សប្តិឃើញច្បាស់ណាស់ ​​វាហុយខ្សែឲ្យអញចងមែកត្របែកផ្អោបគ្នា បានន័យថាវាមកជួបជុំគ្នាវិញហើយ លែងបែកគ្នាទៀតហើយ គាត់ប្រាប់ម៉ែថាគ្រូដែលឯងទៅទាយនោះ គឺទាយត្រូវហើយ ម៉ែរាប់ដៃមើល ហើយក៏ថាអើជិតដល់ថ្ងៃផេងមកមែន បងគ្រុយ​គាត់មិនសូវជឿការ​យល់សប្តិគាត់ថាហ្អ៊ឺមើលទ្រា​ គាត់យល់សប្តិសោះ និយាយដូចមែនទែនអញ្ចឹង ប៉ានៅតែ​ថាវាមកហើយ វានៅរស់ទេ, ប៉ាគាត់អរយប់ហ្នឹងគាត់ឥតសំរាន្តវិញទេនៅទើសភ្លឺ ហើយងើបទៅដាំបបរ​ ដាំទឹកថ្នាំឲ្យអានី ញ៉ាំ ។ ស្លេះត្រឹមនេះសិន មើលរឿងខ្ញុំ.....

ខ្ញុំបន្តដំណើរទៅដល់ភូមិស្រយូវ ចូលទៅជួបប្រពន្ធបងគ្រុយមុនគេ ក៏សួររកឪពុកម្តាយក្មេក និងប្រពន្ធខ្ញុំ គាត់ចង្អុលទៅប្រពន្ធខ្ញុំ ដែលកំពុងដេកឈឺលើកន្ទេល ហើយប្រាប់ថានោះប្រពន្ធផេងឯង, គាត់ថាឪពុក ម្តាយក្មេកផេងឯងព្រមទាំងកូនៗទាំងអស់ នៅជាមួយមីងទីនេះ ខ្ញុំក្រឡេកទៅជើង ឃើញប្រពន្ធសម្លឹង មកខ្ញុំធ្វើភ្នែកស្លឺ, ខ្ញុំស្រែកថាអានី! បងមកវិញហើយឯណាកូនស្រីយើង? ប្រពន្ធខ្ញុំឮសម្លេងខ្ញុំក៏ស្ទុះក្រោក ពីកន្ទេលមករកខ្ញុំហើយបា្រប់ថាកូនយើងស្លាប់ហើយ ខ្ញុំក៏បានជួបជុំប្រពន្ធវិញនៅពេលនោះទៅ, ពេល នោះអ្នកដែលអរជាងគេគឺឪពុកក្មេកខ្ញុំ គាត់អរខ្លាំងណាស់ ហើយបានយកកង់ខ្ញុំជិះទៅប្រាប់ម៉ែក្មេកខ្ញុំ ដែលទៅកំពង់ធំតាំងពីព្រឹក និងប្រាប់ដល់បងប្អូននៅទីរួមខេត្តកំពង់ធំ ។ ពេលមកដល់ជុំគ្នា បងគ្រុយក៏ថា ហ្អ៊ីទ្រាយល់សប្តិត្រូវតើ! ហើយងាកមករកម៉ែក៏ថា អើកូវ! គ្រូចូលរូបហ្នឹងទាយត្រូវមែន​! ។ ​មានថ្ងៃមួយខ្ញុំ និងប្រពន្ធបានទៅទីរួមខេត្តកំពង់ធំ ទៅដល់ស្ពានជិតកំពង់ធំ បានជួបស្រ្តី២នាក់ម្នាក់ឈ្មោះពេជ្រ ម្នាក់ ទៀតឈ្មោះប៉ុន ជាបងប្អូនបង្កើតនឹងគ្នា បានរត់មកមើលខ្ញុំ ហើយយំសសឹកអួលដើមក និយាយថាប្តីគេ អីក៏សំណាងម៉្លេះ បានរត់រួចហើយនៅរស់ ចំណែកប្តីឯងអភ័ព្វ ឥតដឹងរត់ទៅណាគេសម្លាប់បាត់, ពួក ប្រុសៗអ្នកថ្មីទាំងអស់ក្នុងភូមិស្វាយកាល់ត្រូវ​គេសម្លាប់អស់ សល់តែខ្ញុំម្នាក់គត់ប៉ុណ្ណោះ ។

នៅជាមួយឪពុកម្តាយក្មេក ដែលពេលនោះ គាត់ក៏មិនមានទ្រព្យសម្បត្តិអ្វីទេ ត្រូវខ្ទេចទ្ទាំក្នុងរបបប៉ុលពត អស់ទៅហើយ យប់ឡើងខ្ញុំទៅដេកចងសន្ទូចនៅភូមិបញ្ញាជី តែរកត្រីមិនកាក់កបសោះ ក្នុងមួយយប់ រកត្រីបានតែ១ឬ២គីឡូប៉ុណ្ណោះ ក្រោយមកឪពុកម្តាយក្មេកខ្ញុំ ខ្ចីលុយគេបានបន្តិចបន្តួច ឲ្យខ្ញុំយកទៅរក ស៊ីទិញអីវ៉ាន់ពីថ្នល់បំបែកចំការលើ យកទៅលក់នៅទីរួមខេត្តកំពង់ធំ ពេលមកដល់ផ្លូវបំបែកចំការលើ ម្តងៗ ខ្ញុំនឹកឃើញប្រពន្ធចុងនឹកអាណិតនាង ចិត្តរារែកចង់បត់ទៅចំការលើជួបប្រពន្ធចុងវិញ តែមានចិត្ត មួយអាណិតប្រពន្ធដើមច្រើនជាងគេ ហើយក៏សម្រេចចិត្តថា មិនអាចបោះបង់ប្រពន្ធដើមបានទេ ព្រោះ ធ្លាប់កម្សត់កម្រ ស៊ីអត់ស៊ីឃ្លានជាមួយគ្នាតាំងពីយូរមកហើយ គេបង្ខំឲ្យយកប្តីយ៉ាងណាក៏មិនព្រមយក នៅរង់ចាំខ្ញុំរហូត ។ ការរកស៊ីមិនបានផលប៉ុន្មានទេ ព្រោះខ្ញុំធ្លាប់បួសរៀន មិនដែលរកស៊ីម្តងណាសោះ ក្រោយមកពូសៃ (បងថ្លៃប្រពន្ធខ្ញុំ) បានទៅពីភ្នំពេញហើយបានប្រាប់ខ្ញុំថានៅភ្នំពេញ មានគេរើសមនុស្ស ធ្វើគយខ្ញុំក៏សម្រេចចិត្តទៅភ្នំពេញជួប និងស្នាក់នៅផ្ទះលោក ទូច ទុំ ប្រពន្ធគាត់ ត្រូវជា​ក្មួយរបស់ម្តាយ ក្មេកខ្ញុំ នៅបានមួយរយៈមិនឮគេថារើសគយឡើយ ពេលនោះអ៊ីណៃស្រ៊ន ប្រពន្ធបងទុំ បានប្រាប់ខ្ញុំឲ្យ​ចូលធ្វើការជាមួយប្តីគាត់ ធ្វើជាកូនចៅប្តីគាត់ នៅក្រុមហ៊ុនស្បៀងមជ្ឈឹមទៅ ខ្ញុំក៏ចូលធ្វើការនៅទីនោះ ក្នុងខែកក្កដា ឆ្នាំ១៩៧៩ ក្រោយបន្តិចមក ខ្ញុំក៏បានទៅយកប្រពន្ធ​មកនៅជាមួយ ហើយប្រពន្ធខ្ញុំក៏បាន ចូលធ្វើការនៅស្បៀងមជ្ឈឹមដែរ, នៅចុងឆ្នាំ ១៩៧៩ ខ្ញុំត្រូវបានចាត់តាំង ឲ្យទៅធ្វើជាអនុប្រធាន និង ក្រោយមកធ្វើជាប្រធានសាខា​ស្បៀងមជ្ឈឹម នៅក្រុងកំពង់សោម (ក្រុងព្រះសីហនុ) ។

កាលខ្ញុំនៅភ្នំពេញ មិនទាន់យកប្រពន្ធដើមទៅនៅជាមួយ មានល្ខាចថ្ងៃមួយ ខ្ញុំដើរទៅផ្សារចាស់រកទិញ អីវ៉ាន់ស្រាប់តែជួបអ្នកភូមិកណ្តាលម្នាក់ឈ្មោះ ហេង​ ធ្លាប់រៀនសាលាវត្តជាមួយគ្នាតាំងពីក្មេង ខ្ញុំឃើញពី ចម្ងាយចង់គេចដែរ តែរកគេចមិនបានសោះ ព្រោះមានមនុស្សច្រើន ដើរប្រជ្រៀតគ្នា មិនអាចងាកចេញ ពីផ្លូវដ៏តូចចង្អៀតនោះបានក៏ជួបគ្នាដោយចៃដន្យទៅ លោកហេង​សួរខ្ញុំថា ចុមហុងស្រ៊ុនឯងនៅរស់សោះ! អ្នកភូមិទេពនិមិត្តគេថា ហុងស្រ៊ុនឯងស្លាប់គ្រប់គ្នា ហើយប្រពន្ធហុងស្រ៊ុនឯង ចាំមើលផ្លូវរាល់ថ្ងៃចាំ យូរណាស់ទំរាំដាច់ចិត្តត្រឡប់ទៅ​នៅជាមួយឪពុកម្តាយគេវិញ ។ ហើយលោកហេងក៏សួរខ្ញុំថា ឥឡូវនេះ តើហុងស្រ៊ុន ឯងនៅឯណា? ខ្ញុំក៏ឆ្លើយបង្វាងថានៅចាក់អង្រែ តាមពិតខ្ញុំធ្វើការនៅឯផ្សារថ្មីសោះ។ ស្រាប់ តែកន្លងមកបានប្រហែល២សប្តាហ៍ ខ្ញុំបានជួបមីងម្នាក់ធ្លាប់ស្គាល់គ្នា កាលសម័យប៉ុលពត គេជន្លៀស គាត់ទៅនៅភូមិទេពនិមិត្តដែរ គាត់សួរខ្ញុំថាក្មួយឯងមានបានជួបប្រពន្ធឬអត់? ថ្ងៃមុនមីងឃើញប្រពន្ធ ហុងស៊្រុនឯង​ និងម៉ែគាត់ដើរជួបមីងនៅតាមផ្លូវ ឃាត់ឲ្យនៅដេកក៏មិនព្រមដែរ ថាប្រញាប់ទៅជួបប្តីនៅ ចាក់អង្រែ។ រឿងដែលគេដឹងថាខ្ញុំនៅរស់នេះ គឺមកពីលោកហេង យកទៅផ្សាយ​ពេញភូមិទេពនិមិត្ត និង​ភូមិកណ្តាល ធ្វើឲ្យដំណឹងនេះលេចឮទៅដល់ប្រពន្ធចុងខ្ញុំនៅឯស្រុកកំណើត ។ ពេលជួបលោកហេង​ ខ្ញុំចេះនឹកឃើញឆ្លើយបង្វាង កុំអីពិបាកដោះស្រាយហើយខ្ញុំ, នាងខុនមកភ្នំពេញ ឃើញខ្ញុំនៅតែម្នាក់ឯង ច្បាស់ជានៅជាមួយប្តីហើយ មិនវិលទៅស្រុកវិញទេ ។

នៅដើមខែឧសភា ឆ្នាំ១៩៨០ ខ្ញុំបានទៅលេងស្រុកកំណើត ជាលើកដំបូងជាមួយប្រពន្ធដើមខ្ញុំ ជិះឡាន ស្បៀងមជ្ឈឹម ទៅដល់ស្រុកកំណើត ស្រាប់តែអ្នកភូមិរត់ស្រ មកមើលខ្ញុំ និងប្រពន្ធ មានអ្នកខ្លះលាន់មាត់ ថាចុមមើលអា ហុងស្រ៊ុន មានប្រពន្ធចុងផង, យីអានេះប្រពន្ធដើមនៅជ្រងោ ចាំមើលផ្លូវរាល់ថ្ងៃ ឥតមាន នឹកអាណិតអាសូរអីសោះ ចេះធ្វើអញ្ចឹងទៅកើត! ខ្ញុំបានប្រាប់គេហូរហែ ពីដំណើរដើមទង ពីដើមដល់ចប់ មានអ្នកខ្លះជឿ អ្នកខ្លះក៏មិនជឿ មានតែអ៊ីគាន និងកុងតុញទេ ដែលជឿថាខ្ញុំមានប្រពន្ធនៅ​ខេត្តកំពង់ធំ នោះ, ព្រោះខ្ញុំបានជំរាបគាត់ តាំងពីពេលខ្ញុំមិនទាន់យកនាងខុន ធ្វើប្រពន្ធសម័យប៉ុលពតម្ល៉េះ, ពេលនោះ ខ្ញុំបានទុកចិញ្ចៀនមាស២ជី១វង់ និងក្រណាត់សំពត ព្រមទាំងសារុងផ្ញើម្តាយឪពុកខ្ញុំទុកឲ្យនាងខុន អតីត ប្រពន្ធចុងព្រោះពេលនោះ នាងបានទៅនៅជាមួយឪពុកម្តាយ ឯស្រុកកំណើតទៅហើយ, អ្នកភូមិគេ និយាយប្រាប់ខ្ញុំថា នាងខុន មុនដំបូងមិនព្រមទៅនៅ​ជាមួយឪពុកម្តាយទេ នៅរង់ចាំមើលផ្លូវខ្ញុំរាល់ថ្ងៃ ល្ងាចឡើងទៅឈរសម្រក់ទឹកភ្នែកយំខ្សឹកខ្សួល ចាំមើលផ្លូវខ្ញុំ​នៅចុងភូមិ២១៧ខាងត្បូង ជាប់ផ្លូវពីចំការ កៅស៊ូទៅសួង ហើយពោតដែលខ្ញុំ និងគាត់ដាំរួមគ្នា នៅខាងក្រោយផ្ទះ ក៏នាងមិនព្រមកាច់ដែរ ទុកឲ្យនៅ ទំដើមរង់ចាំខ្ញុំទៅវិញ យើងកាច់ទាំងអស់គ្នា, ហើយឲ្យតែឮថាមានគ្រូទាយនៅឯណា គាត់វិចអង្ករទៅរក គ្រូនោះភ្លាម គ្រូស្ទើរតែទាំង​អស់ទាយថាខ្ញុំស្លាប់ហើយ, មានគ្រូតែម្នាក់គត់ទាយថាខ្ញុំនៅរស់ ឥឡូវទៅនៅ ជាមួយប្រពន្ធដើមគេវិញហើយ នាងក៏ខឹងឆេវ​ឥតឲ្យអង្ករថ្លៃទាយ ដល់គ្រូក្រោយនេះទេ, នាងនៅចាំខ្ញុំ យូរប្រហែល៤ខែ ពេលនោះឪពុកម្តាយនាង មកអង្វរសុំឲ្យទៅនៅជាមួយគ្នា ហើយសន្យាថាបើប្តីត្រឡប់ មកវិញ គាត់នឹងជូន​មកជូបប្តីវិញ, ដោយហេតុនេះហើយ ទើបនាងខុនព្រមទៅនៅជាមួយឪពុកម្តាយ ។

ពេលត្រឡប់មកដល់ភ្នំពេញវិញ មានយប់មួយនោះ អ្នកនៅផ្ទះជាប់គ្នាឈ្មោះ អឿន ប្រពន្ធបងនួនបាន យល់សប្តិឃើញប្រពន្ធចុងមករកខ្ញុំ គាត់ប្រាប់ប្រពន្ធដើមខ្ញុំហើយសើចសប្បាយ ព្រោះមិនដឹងថាខ្ញុំមាន ប្រពន្ធចុងទេ ខ្ញុំឮដូច្នោះគិតថា នេះជាប្រផ្នូលហើយ​ មានអ្នកសច្ចំមកប្រាប់ខ្ញុំទៀតហើយ ខ្ញុំក៏សរសេរ សំបុត្រ១ច្បាប់​ ទុកនៅនឹងប្រពន្ធដើម ប្រាប់ថាបើនាងខុន មករកមែន ឲ្យយកសំបុត្រនេះ ទៅជូនបង​ទូច ទុំ ប្រធានស្បៀងមជ្ឈឹម ដើម្បីគាត់បានជ្រាប ពីរឿងរ៉ាវរបស់ខ្ញុំកន្លងមក ចំណុចសំខាន់ក្នុងសំបុត្រនោះ ខ្ញុំបានជំរាបគាត់ថា​​ ខ្ញុំមិនអាចយកប្រពន្ធទាំង២ក្នុងពេលតែ១បានទេ ស្មា១មិនអាចរែកអំរែក២បានទេ, រួចហើយខ្ញុំក៏បានត្រឡប់ទៅធ្វើការនៅកំពង់សោមវិញទៅ, មែនដូចបងអឿនយល់សប្តិមែន រំលងមកបាន​ប្រហែល៥ថ្ងៃ ស្រាប់តែនាងខុនមករកខ្ញុំ ដល់ទីចាត់ការក្រុមហ៊ុនស្បៀងមជ្ឈឹមភ្នំពេញ ពេលនោះអ្នកធ្វើ ការនៅក្រុមហ៊ុនស្បៀងមជ្ឈឹមស្ទើរតែទាំងអស់ មានការភ្ញាក់ផ្អើល រត់ឈូឆរមកមើល ប្រពន្ធចុងខ្ញុំ​​ពេញ មុខទីចាត់ការ អ្នកខ្លះគិតថានេះជាប្រពន្ធដើម ឯប្រពន្ធសព្វថ្ងៃជាប្រពន្ធចុងទេ កោតតែលោក ផេង ដាច់ ចិត្តលែងទៅកើត! ស្អាតប៉ុណ្ណឹងដែរ! នេះមកពីនាង​វួចនី​ ត្រូវជាប្អូនប្រពន្ធលោកប្រធាន ទូច ទុំ បានជា សុខចិត្តលែងប្រពន្ធដើមយ៉ាងនេះ ។ ពេលនោះ ប្រពន្ធដើមខ្ញុំ អាយុ១៩ឆ្នាំ ចំណែកអតីតប្រពន្ធចុងអាយុ ២០ឆ្នាំ ខ្ញុំអាយុ២៩ឆ្នាំ ។

ពេលនោះក្មួយជីដូនមួយ របស់ប្រពន្ធខ្ញុំម្នាក់ឈ្មោះ ធារា​ បានជិះកង់ពីប៊ុយរ៉ូ ទៅដល់ឃ្លាំងស្បៀងគីឡូ លេខ៦ ជាទីដែលប្រពន្ធខ្ញុំធ្វើជាប្រធានឃ្លាំងលេខ៦នៅទីនោះ ធារា ប្រាប់ប្រពន្ធខ្ញុំ​ថា មីង!ប្រពន្ធដើមពួ មករកពូ នៅប៊ុយរ៉ូ ឡូឡាពេញហ្នឹងថាគាត់ជាប្រពន្ធដើម មីងឯងជាប្រពន្ធចុង, ពេលនោះប្រពន្ធដើមខ្ញុំ សើចហើយប្រាប់ថាចាំល្ងាចចាំមីងទៅជួបបង​​ទុំ, ក្មួយធារា​ ក៏នឹកឆ្ងល់ហេតុអីបានជាមីងនី មិនភ័យភិតអី បន្តិចសោះអញ្ចឹង?  នៅម៉ោងប្រហែល២ល្ងាចដដែលនោះ កូនបងទុំឈ្មោះប្រុស ក៏បានទៅប្រាប់ប្រពន្ធខ្ញុំ ដែរថាប្រពន្ធដើមពូទៅប្តឹងប៉ាដល់ផ្ទះថាមិនសុខចិត្តទេ ​បើពូមិនព្រមជួបជុំគ្នាវិញនោះ គាត់មិនទៅស្រុក វិញទេ, លុះល្ងាចឡើងប្រពន្ធខ្ញុំក៏ជិះកង់ទៅផ្ទះបងទុំ ហើយជូនសំបុត្រដែលខ្ញុំសរសេរទុកពីថ្ងៃមុនទៅ គាត់ មើលហើយគាត់និយាយលេងថាមានមាស៥ជីទេ? បើមិនបានគេយកប្តីទៅវិញហើយ! ប្រពន្ធខ្ញុំ ឆ្លើយថា ចង់យកទៅណាយកទៅ ខ្ញុំគ្មានមាសឯណា៥ជីទេ!, រឿងនេះល្បីពេញការិយាល័យស្បៀងមជ្ឈឹម និងឃ្លាំងគីឡូលេខ៦, ពេលឃើញប្រពន្ធខ្ញុំ គេនាំគ្នាមើលមុខ ខ្លះលួចសើច​ ខ្លះថាស្អាតយ៉ាងនេះ រឿងអី លោក ផេង មិនលែងប្រពន្ធដើម? ប្រពន្ធខ្ញុំក្រោយមកនឹកខ្មាស់គេខ្លាំងពេក ក៏យករូបថតការ ពីសម័យ លន់ណុល ទៅបង្ហាញគេ នៅឃ្លាំងកន្លែងដែលគាត់ធ្វើការ ហើយសរសេរសំបុត្រផ្ញើតាមឡានទៅប្រាប់ខ្ញុំ នៅឯកំពង់សោម សុំឲ្យខ្ញុំឡើងមកភ្នំពេញដោះស្រាយរឿងនេះ ជាមួយប្រពន្ធចុងគឺនាងខុន ឲ្យបានដាច់ ស្រេច។ ខ្ញុំមកដល់ភ្នំពេញមិនទាន់ឡើងផ្ទះទេ បង្ហួសទៅការិយាល័យសិន ស្រាប់តែពេលដែលខ្ញុំទៅដល់ មុខទីចាត់ការស្បៀងមជ្ឈឹម ឃើញបុគ្គលិកជាច្រើននាក់ចេញមកមើលមុខខ្ញុំ ពួកគេនាំគ្នាសើចគិល ខ្ញុំក៏ សើចតាមដែរ ចំណែកនារីភាព អនុប្រធានចាត់តាំងប្រាប់ខ្ញុំថា លោកផេងឯងកុំសើចស្រស់ពេក ណក ប្រពន្ធចុងមករកហ្អក!, ខ្ញុំគិតថាចាំស្អែកទៅជួបនាងខុន​សុំទោសគាត់​ពីបញ្ហានេះ, ព្រឹកឡើងទៅរកជួប ស្រាប់តែមានគេប្រាប់ខ្ញុំថានាង​ខុន និងម្តាយ បានជិះឡានទៅស្រុកវិញ តាំងពីព្រលឹមម្ល៉េះ! ខ្ញុំយល់ថានេះ ប្រហែលជា​នាងខុន និងម្តាយ បានដឹងរឿងខ្ញុំពីបងទុំ ថាខ្ញុំមានប្រពន្ធ តាំងពីសម័យលន់ណុលម្ល៉េះ, ដូចអ្វី ដែលខ្ញុំបាននិយាយជាប្រផ្នូលប្រាប់គាត់ហើយមើលទៅ បានជាគាត់មិននៅចាំដល់ជួបខ្ញុំ សូមអរគុណ ហើយដែលបានយោគយល់អធ្យាស្រ័យ​ សូមឲ្យប៉ុលពតទទួលយកកម្មផលទាំងអស់នេះ ជំនួសខ្ញុំទៅ ចុះ!!! ។​ 
ចប់ END

រក្សាសិទ្ធិគ្រប់យ៉ាងដោយ@គួន-ផេង

Copyright-by@Kuon-Pheng